ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​សហជីព​រំឭក​ខួប​ទី​១៥ឆ្នាំ​​នៃ​ការ​បាញ់​សម្លាប់​លោក​ ជា វិជ្ជា​​ និង​ជំរុញ​ឱ្យ​អាជ្ញាធរ​ផ្តល់​យុត្តិធម៌


កម្រង​ផ្កាដែល​អ្នក​ចូលរួម​ដាក់​នៅ​ខាង​មុខ​រូប​សំណាក​របស់​លោក ជា វិជ្ជា ក្នុង​ពិធី​​គោរព​វិញ្ញាណ​ក្ខន្ធ​លោក ក្បែរ​វិមាន​ឯករាជ្យ​ នៅ​រាជធានី​ភ្នំពេញ ​នា​ថ្ងៃ​ទី២២​ ខែ​មករា​ ឆ្នាំ២០១៨។ (កាន់​ វិច្ឆិកា/VOA)​

ថ្ងៃ​អង្គារ​នេះ​​គឺ​ជា​ខួប​១៥​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក ​ជា វិជ្ជា​ ​អតីត​ប្រធាន​សហជីព​សេរី​កម្មករ។​ ​ក្នុង​ខួប​១៥ឆ្នាំ​នេះ​ ​ក្រុម​សហជីព​ប្រមាណ​ជា​១០០​នាក់​​បាន​ជួប​ជុំ​គ្នា​មុខ​រូប​សំណាក​របស់​លោក​ក្បែរ​វិមាន​ឯករាជ្យ​ ​ដោយ​បាន​ថ្លែង​អំពី​វីរភាព​របស់​លោក​​ជា វិជ្ជា​ ​និង​បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​ពន្លឿន​ការ​វែកមុខ​រក​ឃាតក​រពិត​ដើម្បី​ផ្តល់​យុត្តិធម៌​ឲ្យ​លោក។

ក្រុម​សហជីព​ប្រមាណ​ជា​១០០​នាក់​ ​នៅ​ថ្ងៃអង្គារ​នេះ បាន​ជួប​ជុំ​គ្នា​គោរព​វិញ្ញាណក្ខន្ធ​លោក​ ជា វិជ្ជា ​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​ ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​កាល​ពី​១៥​ឆ្នាំ​មុន ​ដោយពួក​គេ​បាន​បង្ហាញ​ការ​ខកចិត្ត​ចំពោះ​ភាព​យឺតយ៉ាវក្នុង​ការ​ស៊ើប​អង្កេតវែក​មុខ​រក​ឃាតក។​

ថ្ងៃទី​២២ខែ​មករាឆ្នាំ​២០១៩​នេះ​គឺជា​ខួប​១៥​ឆ្នាំ​នៃ​ការបាញ់​សម្លាប់​លោក​ ជា វិជ្ជា​ ​មេ​សហជីព​ល្បី​ល្បាញ​មួយ​រូប​ក្នុង​ការ​ស្វែង​រក​សិទ្ធិ​សេរីភាព​ឲ្យ​កម្មករ។​ ​ក្រុម​សហជីព​និង​សាច់​ញាតិ​របស់​លោក ​ជា វិជ្ជា​ ប្រមាណ​ជា​១០០​នាក់​ ​បាន​ជួប​ជុំ​គ្នា​មុខ​រូប​សំណាក​របស់​លោក​ក្បែរ​វិមាន​ឯករាជ្យ​ ​ដោយ​បាន​ថ្លែង​អំពី​វីរភាព​របស់​លោក​ជា វិជ្ជា​ព្រមទាំង​បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​ពន្លឿន​ការ​វែកមុខ​ឃាតក​ពិត​ ​ដើម្បី​ផ្តល់​យុត្តិធម៌​ឲ្យ​លោក។​

លោក​ រ៉ុង ឈុន​ ​ប្រធាន​សហភាព​សហជីព​កម្ពុជា​ដែល​បាន​ចូល​រួម​ក្នុង​ពិធី​រំឭក​វិញ្ញាណ​ក្ខន្ធ​លោក​ជា វិជ្ជា​ ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ​ថ្លែង​ថា ​ ​លោក​ ជា វិជ្ជា គឺជា​ប្រធាន​សហជីព​មួយ​រូប​ដែល​សកម្ម​ក្នុង​ការ​តវ៉ា​ទាមទារសិទ្ធិ​ ​និង​លក្ខខណ្ឌ​ការងារ​សម្រាប់​កម្មករ។​ ​លោក​បន្ថែម​ថា​ ​ការ​អូស​បន្លាយ​ការ​វែក​រក​មុខ​ឃាត​ក​ពិត​ក្នុង​សំណុំ​រឿង​ឃាតកម្ម​លើ​លោក​ ជា វិជ្ជា គឺ​ដោយសារ​មាន​ជាប់ពាក់​ព័ន្ធ​នឹង​អ្នក​មាន​អំណាច​ ដែល​នៅ​ពីក្រោយ។​ ​យ៉ាងណាក្តី​ ​លោក ​រ៉ុង ឈុន ​នៅ​តែ​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ស្វែង​រក​យុត្តិធម៌​សម្រាប់លោក ​ជា វិជ្ជា។​

លោក​មាន​ប្រសាសន៍​ថា៖​

«ដើម្បី​ជម្រះ​មន្ទិល​សង្ស័យ​ ​ក៏​ដូចជា​បង្ហាញ​ភាព​ស្អាត​ស្អំ​របស់​រដ្ឋាភិបាល​ ​អ៊ីចឹងរដ្ឋាភិបាល​ត្រូវ​តែ​ពន្លឿន​សំណុំ​រឿង​នេះ​ ​វែក​មុខ​រក​ឃាតក ​អ្នក​ដែល​សម្លាប់​លោក​ជា វិជ្ជា​ និង​អ្នក​នៅ​ក្រោយ​ខ្នង​ឃាតក​ ដើម្បីយក​មក​ផ្តន្ទាទោស​ទៅ​តាម​ច្បាប់»។​

លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​លោក ជា ប៉ូច អតីត​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង កំពុង​អុជធូប និង​គោរព​វិញ្ញាណ​ក្ខន្ធ​ លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរីកម្មករ​ ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​កាល​ពី​១៥​ឆ្នាំ​មុន នៅ​ខាងមុខ​រូប​សំណាក​របស់​លោក។ (កាន់ វិច្ឆិកា/VOA)
លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​លោក ជា ប៉ូច អតីត​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង កំពុង​អុជធូប និង​គោរព​វិញ្ញាណ​ក្ខន្ធ​ លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរីកម្មករ​ ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​កាល​ពី​១៥​ឆ្នាំ​មុន នៅ​ខាងមុខ​រូប​សំណាក​របស់​លោក។ (កាន់ វិច្ឆិកា/VOA)

​ចំណែក​អ្នកស្រី យ៉ាង សោភ័ណ្ឌ​ ​ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​ ​ក៏​បាន​លើក​ឡើង​ដែរ​ថា​ ​ការ​ដែល​រដ្ឋា​ភិបាល​មិន​អាច​ស្វែង​រក​ឃាតក​ពិត​ក្នុង​សំណុំ​រឿង​ឃាតកម្ម​លើ​លោក​ជា វិជ្ជានឹង​ធ្វើ​ឲ្យ​សហជីព​ផ្សេងៗ​ទៀត ​ធ្វើការ​ដោយ​រង​នូវ​សម្ពាធ​ ​និង​ការ​ភ័យ​ខ្លាច។​ ​អ្នកស្រី​ក៏​បាន​អំពាវនាវ​ឲ្យ​សហជីព ​និង​កម្មករ​ទាំង​អស់​យក​គំរូ​នៃ​ភាព​ក្លាហាន​របស់​លោក​ ជា វិជ្ជា​ ​ក្នុង​ការទាមទារ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​របស់​កម្មករ។​

អ្នកស្រី​បញ្ជាក់​ថា៖​

«សូម​មាន​ភាព​រឹងមាំ​ឡើង​ ​តស៊ូ​ឡើង​ ​ប្រយុទ្ធ​ឡើង​ ​ប្រឆាំង​ឡើង​ដើម្បី​ទាមទារ​យក​សិទ្ធិ​សេរីភាព​របស់​ពួក​យើង​ ​ទៅ​តាម​កេរ​ដំណែល​របស់​លោក ​ជា វិជ្ជា ដែល​គាត់​បាន​បង្ហាត់​បង្រៀន​យើង​ ​ដែល​ជា​ស្នាដៃ​របស់​គាត់»។​

ក្នុង​ពិធី​ប្រារព្ធ​ខួប​នៃ​ការ​សម្លាប់​លោក​ ជា វិជ្ជា​ ​សាលា​រាជធានី​បាន​ចេញ​លិខិត​អនុញ្ញាត​ឲ្យ​សហជីព​ប្រារព្ធ​ពិធី​ ​តែ​ហាម​មិន​ឲ្យ​មន្រ្តី​គណបក្ស​ប្រឆាំង​ចំនួន​១១៨​រូប​ដែល​ត្រូវ​បាន​តុលាការ​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​ចូលរួម​ក្នុង​ពិធី​នោះ។​ ​យ៉ាងណា​ក្តី​នៅ​ព្រឹក​នេះ​គេឃើញ​លោក​ជា ប៉ូច​ ​អតីត​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ដែល​ជា​បុគ្គល​មួយ​រូប​ត្រូវ​បាន​តុលាការ​ព្យួរ​សិទ្ធិ​មិន​ឲ្យ​ធ្វើ​នយោបាយ​ ​បាន​ចូលរួម​អុជធូប​ ​និង​គោរព​វិញ្ញាណ​ក្ខន្ធ​លោក​ជា វិជ្ជា​ផង​ដែរ ​តែ​មិន​មាន​ការ​ហាម​ឃាត់​ទេ។​

លោក ​ជា វិជ្ជា​ ​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​ដ៏​ល្បីល្បាញ​ ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២​ខែ​មករា​ឆ្នាំ​២០០៤​ ​ខណៈ​លោក​ចូល​ទិញ​កាសែត​នៅ​ក្បែរ​វត្ត​លង្ការ​ក្នុង​ក្រុង​ភ្នំពេញ។​ ​មួយ​សប្តាហ៍​ក្រោយ​មក​ ​ជន​សង្ស័យ​ពីរ​រូប​ដែល​ក្រុម​សង្គម​ស៊ីវិល​ហៅ​ថា ជា​ឃាតក​សិប្ប​និមិ្មត​គឺ​លោក​ ប៊ន សំណាង​ ​និង​លោក ​សុខ សំអឿន ត្រូវ​បាន​ចាប់​ខ្លួន។​ ​ក្រោយ​ការ​ឃុំ​ខ្លួន​អស់​ជា​ច្រើន​ឆ្នាំ​ ​លោក​ប៊ន សំណាង​ ​និង​លោក ​សុខ សំអឿន ​ត្រូវ​បាន​រក​ឃើញ​ថា​គ្មាន​ទោស​កំហុស​ ​និង​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព វិញ​ តាម​ដីកា​សម្រេច​របស់​តុលាការ​កំពូល​នៅ​ចុង​ឆ្នាំ​២០១៣។

លោក​ អំ សំអាត​ ​មន្រ្តី​ជាន់ខ្ពស់​ផ្នែក​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​ដែល​បាន​ចូលរួម​ឃ្លាំ​មើល​ការ​ប្រារព្ធ​ខួប​១៥​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក​ជា វិជ្ជា​ ​នៅ​ព្រឹក​នេះ​ ​លើក​ឡើង​ថា​ ​ករណី​ឃាត​កម្ម​លើ​លោក​ជា វិជ្ជា​នឹង​រក​ឃើញ​យុត្តិធម៌​ ​ប្រសិន​បើ​រដ្ឋាភិបាល​មាន​ឆន្ទៈ​ក្នុង​ការ​ស្វែង​រក​ចាប់ឃាត​ក​ពិត​មក​ផ្តន្ទាទោស។

លោក​បញ្ជាក់​ថា៖​

«ករណី​លោក​ជា វិជ្ជានេះ​ ​យើង​ឃើញ​តាំង​ពី​មុន​ដែល​គាត់​ត្រូវ​បាន​គេ​បាញ់​សម្លាប់​គឺ​វា​មាន​ភស្តុតាង​ជា​បណ្តើរៗ​ហើយ​ទាក់ទង​នឹង​ការ​ផ្ញើរ​សារ​គំរាម​សម្លាប់​ ការ​អី ​ហើយ​រហូត​ទៅ​ដល់​គាត់​ប្តឹង​ទៅ​ដល់​សមត្ថកិច្ច ​ហើយ​សមត្ថកិច្ច​មិន​ហ៊ាន​រក​ជន​ដែល​គំរាម​គាត់​ហ្នឹង​ទៅ​ទៀត​ហ្នឹង។​ អាហ្នឹង​គឺវា​មាន​សញ្ញាណ​ជា​បណ្តើរៗ​ក្នុងការ​ស៊ើប​អង្កេត​ក្នុង​ការ​ស្រាវជ្រាវ​ហើយ។​ អ៊ីចឹងអ្វី​ដែល​ពិត​ប្រាកដ​គឺ​ឆន្ទៈ​ទេ!​ ​តើ​មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​ជូន​លោក​ជា វិជ្ជា​ទេ? ​ឆន្ទៈ​ពិត​ប្រាកដក្នុង​ការ​ស្វែង​រក​ជនដៃ​ដល់​ និង​អ្នក​នៅ​ពី​ក្រោយ​ដែរ​ ​ឬ​ក៏​អត់​ទេ?»​

VOA ​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថា​ធិប្បាយ​ពី​លោក​ខៀវ សុភ័គ​ ​អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​បាន​ទេ​រហូត​ដល់​ល្ងាច​ថ្ងៃអង្គារ​នេះ។​

យ៉ាង​ណា​ក្តី​ ​កាលពី​សប្តាហ៍​មុន​ ​លោក​ខៀវ សុភ័គប្រាប់​ ​VOA​ ​ថា​ សមត្ថ​កិច្ច​កំពុង​បន្ត​ការ​ស៊ើប​អង្កេត​ករណី​ឃាត​កម្ម​លើ​លោក​ជា វិជ្ជា​ ​ប៉ុន្តែ​លោក​ថា​ ​ករណី​ឃាតកម្ម​នេះ​ពិបាក​រក​តម្រុយ​ដោយ​សារមិន​មាន​ការ​សហការ​ពី​សាក្សី។​

ក្រៅ​ពី​ឃាតកម្ម​លើ​លោក​ជា វិជ្ជា​ ​ដែល​ជា​ប្រធាន​សហជីពដ៏​សកម្ម​ ​និង​ល្បី​ក្នុង​ការ​ទាមទារ​សិទ្ធិ​ឲ្យ​កម្មករ​នោះ​ ​ ក៏​នៅ​មាន​ករណី​នៃ​ការ​បាញ់​សម្លាប់​ធំៗ​មួយ​ចំនួន​ទៀត ដែល​កើត​មាន​ជា​បន្ត​បន្ទាប់។​

កាលពី​ថ្ងៃ​ទី​១០​ខែ​កក្កដា​ឆ្នាំ​២០១៦​ ​លោក​បណ្ឌិតកែម ឡី​ ​អ្នក​វិភាគ​ឯក​រាជ្យ​ ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​ចំនួន​ពីរ​គ្រាប់ ​បណ្ដាល​ឲ្យ​ស្លាប់​ភា្លមៗ​នៅហាង​លក់​ទំនិញ​មួយ​កន្លែង​ ​ក្នុង​ស្ថានីយ៍​ប្រេង​ឥន្ធនៈ​មួយ​ក្នុង​ខណ្ឌ​ចំការមន​ ​រាជធានី​ភ្នំពេញ។​

ចំណែក​លោក​ ឈុត វុទ្ធី​ ​អតីត​សកម្មជន​ការ​ពារ​បរិស្ថាន​ដ៏​សកម្ម​មួយ​រូប ​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ក្នុង​ខេត្ត​កោះកុង ​កាល​ពី​ខែ​មេសា​ឆ្នាំ​២០១២។​

ក្នុង​រយៈ​ពេល​ជិត​២០​ឆ្នាំ​កន្លង​មក​នេះ​ ​មាន​សកម្ម​ជន​គណបក្ស​នយោ​បាយ​ ​សកម្ម​ជន​បរិស្ថាន​ អ្នក​វិភាគ​ ​ព្រះសង្ឃ​ ​សហជីព​ ​និង​អ្នក​កាសែត​ជា​ច្រើន​រូបត្រូវ​បាន​ឃាតក​បាញ់​សម្លាប់។​ ​ក្រុម​អ្នក​រិះ​គន់​បាន​និយាយ​ថា​ មិន​មាន​ឃាតក​ពិត​ប្រាកដ​ណា​ម្នាក់​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​យក​មក​កាត់​ទោស​តាម​ច្បាប់​នៅ​ឡើយ៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG