សាក្សីជាច្រើនក្នុងចំណោម៨នាក់ ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កោះហៅឲ្យចូលខ្លួនចាប់ពីខែមិថុនាខាងមុខ ដើម្បីបំភ្លឺសំណុំរឿងក្បត់ជាតិរបស់មេដឹកនាំគណបក្សប្រឆំាងគឺលោក កឹម សុខា បានឲ្យដឹងព្រមៗគ្នាថា ពួកគេមិនបានដឹងទាល់តែអំពីដីកាកោះហៅចេញដោយលោកចៅក្រម គី ឫទ្ធី ដែលបានផ្សាយតាមអង្គភាព Freshnews កាលពីសប្តាហ៍មុន។
លោក សៀ ភារម្យ ប្រធានអង្គការក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន បានប្រាប់ VOA ពីសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃច័ន្ទនេះ ពោលគឺម៉ោងនៅប្រទេសកម្ពុជាថា លោកមិនបានដឹងអំពីដីកាកោះនោះទេ។ លោកបានបញ្ជាក់ថា លោកមិនចាប់អារម្មណ៍ចំពោះដីការបស់តុលាការតេឡេនៃរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះឡើយ។
«បាទខ្ញុំអត់ចាប់អារម្មណ៍ទេបាទ ពីព្រោះយើងទាំងអស់គ្នា ប្រជាពលរដ្ឋខ្មែរ នៅក្នុងប្រទេសកម្ពុជា គេធ្លាប់ធ្វើប្រជាមតិហើយគឺថា សឹងតែ៩០ភាគរយ គេមិនមានជំនឿអីលើប្រព័ន្ធតុលាការសព្វថ្ងៃហ្នឹងទេ ពីព្រោះគាត់ធ្វើអីតាមតែតេឡេបញ្ជាពីលោកហ៊ុន សែនទេ។ [យើង] យល់ទាំងអស់គ្នាហើយបាទ។ ដូច្នេះ ខ្ញុំ ហើយបើសិនចង់ឲ្យខ្ញុំឆ្លើយ ខ្ញុំអាចឆ្លើយតាមរយៈ teleconference, video conference ពីក្រៅនេះទៅ ហើយឲ្យខ្ញុំចំណាយលុយថ្លៃយន្តហោះទៅ ឆ្លើយបំភ្លឺសាក្សីអី ខ្ញុំគិតថា ជារឿងដែលអត់បានប្រយោជន៍អីទេ ហើយវាមិនពាក់ព័ន្ធអីហ្នឹងខ្ញុំទេ ដោយសារខ្ញុំមិនបានកើតនៅក្នុងព្រឹត្តិការណ៍ហ្នឹង»។
លោកមានប្រសាសន៍ថា អ្វីដែលតុលាការក្រុងភ្នំពេញកំពុងធ្វើនេះគឺការបង្កើតព្រឹត្តិការណ៍ថ្មីទៀត ដើម្បីទាញការចាប់អារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរពីចលនាសង្គ្រោះជាតិ ដែលបានអំពាវនាវឲ្យប្រជាពលរដ្ឋពហិការការបោះឆ្នោតនាពេលដ៏ខ្លីខាងមុខនេះ។
«ខ្ញុំគិតថា ល្ខោនដែលគាត់និពន្ធ គាត់សម្តែង លេង វាអត់មានអី អត់មានអីដែលហៅថា គំនិតវែងឆ្ងាយទេ គឺថា គំនិតដែលមនុស្ស ដែលថា មិនបានមានការចេះដឹងអីៗទេ។ គឺថា យើងអាចមើលឃើញថា វាគ្រាន់តែជាការធ្វើឲ្យត្រឡប់ស្ថានការណ៍នៃយុទ្ធនាការរបស់ចលនាសង្គ្រោះជាតិ ដែលគេខំអំពាវនាវឲ្យប្រជាពលរដ្ឋធ្វើពហិការមិនទៅបោះឆ្នោត ឬក៏អីហ្នឹង។ គាត់ធ្វើអីចឹងទៅដើម្បីឲ្យមានការចាប់អារម្មណ៍ទៅលើ អីចឹងបាទ។ ដូច្នេះ ខ្ញុំគិតថា វាអត់មានអីដែល ជារឿងអីដែល ដែលប្លែកអីទេបាទ គឺថា នយោបាយ៣០ឆ្នាំរបស់គាត់ហ្នឹងគឺថា មានតែធ្វើបាប តែខ្មែរ មានតែអីហ្នឹង មិនបានធ្វើឲ្យខ្មែរហ្នឹងរស់នៅដោយសុខស្រួលទេ បាទ»។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានគេរំលាយចោល ត្រូវបានចាប់ខ្លួនទាំងយប់កណ្តាលអធ្រាត្រនៅក្នុងគេហដ្ឋានរបស់លោកក្នុងរាជធានីភ្នំពេញ នាដើមខែកញ្ញាឆ្នាំ២០១៧ បន្ទាប់ពីលោកត្រូវបានដាក់ការសង្ស័យមកលើលោកថា បានឃុបឃឹតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់របស់លោក ហ៊ុន សែន ដែលស្មើនឹងការប្រព្រឹត្តអំពើក្បត់ជាតិ។
ក្រោយការឃុំខ្លួនលោក កឹម សុខាជាង៨ខែនៅពន្ធនាគារប្រពាំងផ្លុង តុលាការរាជធានីភ្នំពេញបានចម្រេចកោះហៅសាក្សីយ៉ាងហោចណាស់៨នាក់ផ្សេងទៀតដើម្បីបំភ្លឺករណីនេះ។
ដីកាកោះរបស់លោកចៅក្រមស៊ើបសួរ គឺលោក គី ឫទ្ធី ដែលធ្វើនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ បានបញ្ជាក់ឲ្យដឹងថា លោក សៀ ភារម្យ ជាសាក្សី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញអញ្ជើញឲ្យចូលខ្លួននៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៨ និង៣០នាទីព្រឹក «ដើម្បីបំភ្លឺពីដំណើររឿងព្រហ្មទណ្ឌលេខ៥៦៤២ ចុះថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ (ដែលមានជនត្រូវចោទឈ្មោះ កឹម សុខា ភេទប្រុសអាយុ៦៤ឆ្នាំ ជាប់ចោទពីបទសន្ទិដ្ឋិភាពជាមួយបរទេស)»។
ចំណែកឯសាក្សីមួយរូបទៀត ដែលត្រូវបានលោកចៅក្រមស៊ើបសួរ គឺលោកគី ឫទ្ធីអញ្ជើញដែរនោះ គឺអ្នកស្រី ចក់ សុភាព ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលត្រូវបានបង្កើតឡើងដោយលោកកឹម សុខា កាលពីឆ្នាំ២០០២ បានសរសេរក្នុងគណនីហ្វេសប៊ុករបស់អ្នកស្រីកាលពីថ្ងៃសៅរ៍ថា អ្នកស្រីត្រូវបានគេជម្រាបឲ្យដឹងតាមអត្ថបទចេញផ្សាយដោយ Freshnews ថា តុលាការសាលាដំបូងរាជធានីភ្នំពេញ បានកោះហៅអ្នកស្រី និងបុគ្គល៧រូបផ្សេង ដើម្បីសាកសួរក្នុងនាមជាសាក្សីក្នុងករណីលោក កឹម សុខា។
ក្នុងការបញ្ជាក់ពីការតាំងចិត្តថា នឹងចូលខ្លួននៅតុលាការនោះ អ្នកស្រីបានសរសេរក្នុងន័យដើមថា៖
«បច្ចុប្បន្ននេះ ខ្ញុំកំពុងមានបេសកកម្មការងារនៅក្រៅប្រទេស ហើយតាមអ្វីដែលខ្ញុំដឹងរហូតមកដល់ពេលនេះ គឺការកោះអញ្ជើញនានា មិនត្រូវបានធ្វើឡើងនៅឯផ្ទះ និងការិយាល័យរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ តបទៅតាមការកោះអញ្ជើញ ដែលអនុលោមតាមនីតិវិធីជាធរមាន ខ្ញុំនឹងទៅចូលរួមក្នុងសវនាការ និងចូលខ្លួនដើម្បីការសាកសួរ»។
ប្រធានអង្គការសិទ្ធិមនុស្សរូបនេះអះអាងថា ស្ថាប័នអ្នកស្រីបានផ្លាស់ប្តូរការដឹកនាំចំនួនពីរដងចាប់តាំងពីការចាកចេញរបស់លោក កឹម សុខា នៅឆ្នាំ២០០៧។ អ្នកស្រីបានបង្ហាញពីមោទនភាពនៃគោលការណ៍អព្យាក្រឹត្យតឹងរ៉ឹងរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលបានបំពេញតួនាទីដោយមិនលម្អៀង និងមិនជាប់ពាក់ព័ន្ធជាមួយនឹងគណបក្សនយោបាយ ដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្សនៅកម្ពុជា។
ដំណឹងនៃដីកាកោះហៅរបស់លោកចៅក្រមស៊ើបសួរគី ឫទ្ធីកើតមានឡើងតែជាងមួយសប្តាហ៍ បន្ទាប់ពីក្រុមសមាជិកសភាអាមេរិកាំងបានអនុម័តសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្មលើរដ្ឋាភិបាល និងមន្ត្រីកម្ពុជាទាក់ទងនឹងការធ្វើឲ្យធ្លាក់ចុះដំណើរការប្រជាធិបតេយ្យ។ សេចក្តីស្នើច្បាប់នោះគឺ Cambodia Democracy Act លេខ H.R. 5754។ សេចក្តីស្នើច្បាប់ដដែលនេះត្រូវបានអនុម័តដោយក្រុមសមាជិកសភាអាមេរិកាំង ជាមួយវិសោធនកម្មបន្ថែមមួយទៀត ដែលមានគោលដៅដាក់ទណ្ឌកម្មប្រឆាំងនឹងរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងក្រុមមន្ត្រីកម្ពុជាដែលមានជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់ថា បានបំផ្លាញលទ្ធិប្រជាធិបតេយ្យនិងរំលោភសិទ្ធិមនុស្សនៅកម្ពុជា។ ទណ្ឌកម្មទាំងនោះរួមមាន ដូចជាការបង្កកទ្រព្យសម្បត្តិ ការមិនផ្តល់ទិដ្ឋាការ ការដាក់ពិន័យតាមច្បាប់ស្តីពីអំណាចសេដ្ឋកិច្ច គ្រាមានអាសន្នអន្តរជាតិ ឬហៅថា International Emergency Economic Powers Act។
សេចក្តីស្នើច្បាប់ដដែលនេះត្រូវបានធ្វើឡើង ខណៈដែលក្រុមមេដឹកនាំគណបក្សប្រឆាំងនៅកម្ពុជាមិនត្រូវគេអនុញ្ញាតឲ្យមានសិទ្ធិចូលរួមក្នុងការបោះឆ្នោត ហើយបន្តនិរទេសខ្លួននៅក្រៅប្រទេស រីឯមេដឹកនាំដែលរងការចោទប្រកាន់ពីបទក្បត់ជាតិគឺលោកកឹម សុខាមិនត្រូវបានដោះលែង ខណៈក្រុមអង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មាន មិនត្រូវគេផ្តល់សិទ្ធិសេរីភាពឡើងវិញ នៅមុនការបោះឆ្នោត ក្រោយពីមានការបង្ក្រាបដោយរដ្ឋាភិបាល។
VOA មិនទាន់អាចសុំការអធិប្បាយពីលោកចៅក្រមស៊ើបសួរ គី ឫទ្ធី បានទេ តាំងពីថ្ងៃអាទិត្យ រហូតមកដល់រសៀលថ្ងៃច័ន្ទនេះ។
លោក ហេង ពិសិដ្ឋ ដែលជាអតីតអ្នកថតរូប និងជាសាក្សី ដែលត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញកោះហៅឲ្យចួលខ្លួននៅថ្ងៃទី១៣ ខែមិថុនា បានប្រាប់ VOA កាលពីថ្ងៃអាទិត្យថា លោកមិនបានឃើញដីកាកោះដ៏ភ្ញាក់ផ្អើលនោះឡើយ ហើយថា លោកចាំបាច់ត្រូវពិគ្រោះយោបល់ជាមួយស្មាក្តី មុននឹងសម្រេចចិត្តថា នឹងចួលខ្លួន ឬក៏យ៉ាងណានោះ។
«ខ្ញុំរង់ចាំការប្រឹក្សាយោបល់សិន ហើយបើតាមជំហរខ្ញុំក៏ មិនជាបញ្ហា ព្រោះខ្ញុំអត់មានបានធ្វើអីផង»។
សាក្សីម្នាក់ទៀត ដែលបានបញ្ជាក់ថា ជាមន្ត្រីទទួលបន្ទុកជាប្រធានការិយាល័យព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ លោក កែវ រតនា មានប្រសាសន៍ថា លោកមិនទាន់ទទួលបានដីកាកោះនោះទេ ហើយអ្វីដែលលោកបានដឹងពីការកោះហៅនេះគឺតាមប្រព័ន្ធផ្សព្វផ្សាយ។ លោក កែវ រតនា ក៏មិនទាន់បញ្ជាក់បានថា លោកនឹងចូលខ្លួនបំភ្លឺនោះដែរ។
«ខ្ញុំនឹងពិចារណាជាមួយនឹងខាងមេធាវី ហើយយើងនឹងជួបជាមួយអង្គការសង្គមស៊ីវិលដើម្បីធ្វើកិច្ចការងារហ្នឹង ហើយយើងមិនទាន់សម្រេចចិត្តថា យ៉ាងម៉េចទេ។ អីចឹងខ្ញុំសុំមិនទាន់ជម្រាបជូនថា យើងត្រូវចូល ឬក៏មិនត្រូវចូលយ៉ាងម៉េចទេ។ សុំទោស»។
បន្ទាប់ពីអាជ្ញាធរកម្ពុជាបានចាប់ខ្លួនលោក កឹម សុខា កាលពីឆ្នាំមុននោះ អតីតអនុប្រធានទីមួយនៃរដ្ឋសភានេះត្រូវបានបញ្ជូនទៅឃុំនៅពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ដែលជាខេត្តមានព្រំប្រទល់ជាប់នឹងប្រទេសវៀតណាម។
រហូតមកដល់ពេលនេះ លោកត្រូវបានឃុំខ្លួនអស់រយៈពេលជិត៩ខែ ដោយមិនត្រូវបានអនុញ្ញាតឲ្យមានការចូលសួរសុខទុក្ខ ក្រៅពីមេធាវី និងក្រុមគ្រួសាររបស់លោកនោះទេ។ តាមការបញ្ជាក់របស់មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជាបានឲ្យដឹងថា លោកកឹម សុខា កំពុងមានបញ្ហាសុខភាពដែលតម្រូវឲ្យមានការព្យាបាលដិតដល់។
ក្រុមមេធាវីរបស់លោកបានខិតខំ បើកការតស៊ូខាងច្បាប់តាំងពីតុលាការជាន់ទាបដល់តុលាការកំពូលដើម្បីឲ្យលោកបាននៅក្រៅឃុំ ទទួលការព្យាបាលជំងឺ តែតុលាការបដិសេធដាច់អហង្កាមិនអនុញ្ញាតឲ្យលោក កឹម សុខាបានស្ថិតនៅក្រៅឃុំទេ។ តុលាការអះអាងកាលពីពេលកន្លងមកថា មន្ត្រីពន្ធនាគារនឹងធ្វើតាមលទ្ធភាពដែលខ្លួនមាន ដើម្បីឆ្លើយតបទៅនឹងអាការៈជំងឺរបស់លោក កឹម សុខា ហើយបានច្រានចោលសំណើសុំបញ្ជូនលោក កឹម សុខាទៅព្យាបាលនៅបរទេសផងដែរ៕