ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំនួន​គណ​បក្ស​ចូល​រួម​បោះ​ឆ្នោត​បន្ត​កើន​ឡើង ខណៈ​មាន​ការ​អំពាវនាវ​ឱ្យ​ធ្វើ​ពហិការ


រូបឯកសារ៖ លោក ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និង​ជា​អ្នក​នាំពាក្យ​បង្ហាញ​តារាង​គណបក្ស​នយោបាយ​ដែល​បាន​ដាក់​ពាក្យ​ចូល​រួម​ការ​បោះ​ឆ្នោត។
រូបឯកសារ៖ លោក ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និង​ជា​អ្នក​នាំពាក្យ​បង្ហាញ​តារាង​គណបក្ស​នយោបាយ​ដែល​បាន​ដាក់​ពាក្យ​ចូល​រួម​ការ​បោះ​ឆ្នោត។

ខណៈ​ដែល​វិបត្តិ​នយោបាយ​កម្ពុជា​នៅ​បន្ត​អូសបន្លាយ​ ក្រោយ​ពេលការ​ចុះបញ្ជី​គណបក្ស​នយោបាយ​ដោយ​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បា​នរំលាយ​នោះ ​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​ជាតិ​បាន​បន្ត​ទទួល​ស្គាល់​គណបក្ស​នយោបាយ​ផ្សេងៗ​ជាច្រើន​ទៀត​ឲ្យ​ចូល​រួម​ការ​បោះ​ឆ្នោត​ខែ​កក្កដា។ ក្រុម​អ្នក​រិះគន់ អង្គការ​សហប្រជាជាតិ​ និង​បណ្ដា​បស្ចិម​ប្រទេស​ទាមទារ​ឱ្យមាន​ការបោះ​ឆ្នោត​សេរី​និងយុត្តិធម៌​ដែល​មាន​ការ​ចូលរួ​មពី​គណបក្ស​សង្គ្រោះ​ជាតិ។

បើ​ទោះ​បី​ជារងការ​រិះគន់​ពី​សំណាក់​អ្នក​នយោបាយ​ជំទាស់ បណ្ដា​ប្រទេស​បស្ចិម​លោក និង​ប្រេសិត​អង្គការ​សហប្រជា​ជាតិ ជុំ​វិញ​អ​វត្ត​មាន​នៃ​គណ​បក្ស​ជំទាស់​ដ៏​ធំ​ពី​ដំណើរ​ការ​បោះ​ឆ្នោត​ក៏ដោយ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) បាន​ទទួល​ស្គាល់​គណ​បក្ស​នយោបាយ​ចំនួន​៨​ផ្សេង​ទៀត ធ្វើ​ឲ្យ​ចំនួន​គណ​បក្ស​នយោបាយ​ដែល​ត្រូវ​ចូល​រួម​ការ​បោះ​ឆ្នោត​រដ្ឋសភាខែ​កក្កដា​ខាង​មុខ បាន​ឡើង​ដល់​១៣ បើ​គិត​មក​ត្រឹម​ថ្ងៃ​សៅរ៍​កន្លង​ទៅ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់ គ.ជ.ប.។

សេចក្តី​ប្រកាស​របស់​ គ.ជ.ប.​ ធ្វើ​ឡើង​កាលពី​ថ្ងៃ​សុក្រ ត្រូវ​បាន​សរសេរ​ថា​តាម​ន័យ​ដើម​ថា៖ «នៅ​ថ្ងៃ​ទី១៨ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ គ.ជ.ប. បាន​ទទួល​ស្គាល់​គណ​បក្ស​នយោបាយ​ចំនួន​១១គណ​បក្ស​រួច​ហើយ»។

គ.ជ.ប. បាន​បញ្ជា​ក់​ឲ្យ​ដឹង​ទៀត​ថា មាន​គណ​បក្ស​នយោបាយ​ចំនួន​៩​ផ្សេង​ទៀត​កំពុង​ស្ថិត​ក្នុង​ការ​ពិនិត្យ​ដើម្បីចុះ​បញ្ជី។ ក្នុង​ចំណោម​គណ​បក្ស​៩​នោះ​គឺ មាន​គណ​បក្ស​ចំនួនពីរដែល​ធ្លាប់​បើក​ការ​វាយ​ប្រហារ​មកលើ​អតីត​មេ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី គឺ គណ​បក្ស​ឆន្ទៈ​ខ្មែរ របស់​លោក​គង់ មុនីកា កូន​ប្រុស​ពៅ​បង្កើត​របស់​លោក​គង់ គាំ ជា​អតីត​សមាជិក​ព្រឹទ្ធសភា​វ័យ​ចំ​ណាស់​របស់​បក្ស​ប្រឆាំង និង​គណ​បក្ស​មាតុ​ភូមិ​យើង ដែល​គេ​មិន​ធ្លាប់​ស្គាល់។

លោក សម រង្ស៊ី ដែល​រងការ​រិះគន់​ពី​កូន​ប្រុស​លោក​គង់ គាំ និង​ជាមេ​ដឹក​នាំចល នា​សង្គ្រោះ​ជាតិ​ផង​នោះ និង​ក្រុម​មន្ត្រី​របស់​លោក​បាន​ប្រតិកម្ម​ពី​ខាង​ក្រៅ​ប្រ ទេស​មកជា​បន្ត​បន្ទាប់ ដោយ​បាន​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋខ្មែរ​ធ្វើ​ពហិការ​បោះ​ឆ្នោត​ដែល​ពួក​គេ​យល់​ថា​ជាការ​បោះ​ឆ្នោត​ក្លែង​ក្លាយ​នោះ ។

ក្រុម​មន្ត្រី​បក្ស​ប្រឆាំង​ក៏​បាន​ថ្កោលទោស​រដ្ឋាភិបាល​លោក​ហ៊ុន សែន​និង គ.ជ.ប. ថា​បាន​ដក​ចេញ​នូវ​ជម្រើស​របស់​ប្រជា​រាស្រ្តខ្មែរ ពោល​គឺ​មិន​ឲ្យ​បក្ស​ប្រឆាំង​ដ៏​ធំ​នេះ អាច​ចូល​រួម​ប្រកួត​ប្រជែង​យក​អំណាចដឹក​នាំ​រដ្ឋ ក្រោយ​ពី​ត្រូវ​បាន​រំលាយ​ដោយតុលា​ការ​កំពូល​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

បន្ទាប់​ពី​មាន​ការ​អំពាវនាវ​ពី​ក្រុម​មេ​ដឹក​នាំ​និង​សមាជិក​គណ​បក្ស​សង្គ្រោះ​ជាតិ ដោយ​ស្នើ​ឲ្យ​ពលរដ្ឋ​ធ្វើពហិការ​បោះ​ឆ្នោត​នោះ អ្នក​នាំ​ពាក្យ​របស់ គ.ជ.ប. គឺ​លោក​ហង្ស ពុទ្ធា​បាន​ប្រាប់​ ក្រុម​កាសែត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ក្នុង​សនិ្នសីទ​ព័ត៌មាន​មួយ​ថា គ.ជ.ប និង​ក្រសួង​មហា​ផ្ទៃ កំពុង​សិក្សា​ខាង​ច្បាប់ដើម្បីចាត់​វិធានការ​ប្រឆាំង​នឹង​សំឡេង​ឃោសនា​មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត ដែល​គ.ជ.ប អះអាង​ថា ជា​កាយវិការ​ផ្ទុយ​ច្បាប់​និង​បញ្ច្រាស​ពី​តថភាព​របស់​សង្គម​កម្ពុជា​ជាក់​ស្តែង។

ក៏​ប៉ុន្តែ​លោក សម រង្ស៊ី ដែល​ជា​ស្ថាបនិក​គណ​បក្ស​សង្គ្រោះ​ជាតិ បាន​ឆ្លើយតប​នឹង​ការ​វិធានការ​របស់ គ.ជ.ប. ក៏​ដូចជា​ក្រសួង​មហា​ផ្ទៃ តាម​សារ​នយោបាយ​របស់​លោកដែលបាន​បង្ហោះលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោកកាលពី​ថ្ងៃ​សុក្រ ពីទី​ក្រុង​សាន់ហ្វ្រាន់​ស៊ី​ស្កូ (San Francisco) រដ្ឋ​កាលីហ្វញ៉ា សហរដ្ឋ​អាមេរិក តាម​ន័យ​ដើម​ថា៖

«ចំពោះ​មន្ត្រី​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​គូកន​ទាំង​អស់ ដែល​កំពុង ឬ​មាន​បំណង​ប្តឹង​ខ្ញុំ បន្ទាប់​ពី​ការ​អំពាវនាវ​របស់​ខ្ញុំ សូម​ឲ្យ​ប្រជា​ពលរដ្ឋ​ធ្វើ​ពហិការមិន​ចូល​រួម​ការ​បោះ​ឆ្នោត ថ្ងៃ ២៩ កក្កដា ខាង​មុខ ខ្ញុំ​សូម​រម្លឹកថា ការ​ចូល​រួម​បោះ​ឆ្នោត ជា​សិទ្ធិ​របស់​ពលរដ្ឋ​គ្រប់រូប តែការ​មិន​ចូល​រួម​បោះ​ឆ្នោត ក៏​ជា​សិទ្ធិ​របស់​ពលរដ្ឋ​គ្រប់រូប​ដែរ។ ករណី​នេះ រឹតតែ​ច្បាស់​ថែម​ទៀត នៅ​ពេល​ដែល យើង​ដឹងថា គេ​អំពាវនាវ​ឲ្យ​យើង​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​ក្លែង​ក្លាយ​មួយ ដែល​មិន​ផ្តល់​ជម្រើស​ពិត​ប្រាកដ​ជូន​ប្រជា​ពលរដ្ឋ​ ហើយ​ដែល​ធ្វើ​ឡើង​គ្រាន់​តែ​ដើម្បី​បំភ្លៃឆន្ទៈ​ប្រជា​ពលរដ្ឋ​ ក្នុង​គោល​បំណង​តែ​មួយ​គត់ គឺ​ផ្តល់​ភាពស្រប​ច្បាប់ ឲ្យ​របប​ផ្តាច់​ការ ដែល​ប្រជា​ពលរដ្ឋ​ភាគ​ច្រើន​ស្អប់ខ្ពើម»។

លោក សម រង្ស៊ី បាន​សរសេរ​បន្ថែម​ថា៖ «ខ្ញុំ​គោរព​សិទ្ធិ​គូបដិបក្ខ​របស់​ខ្ញុំ ក្នុង​ការ​មាន​យោបល់ និង​សម្តែង​មតិរបស់​ពួក​គេ។ ខ្ញុំ​សូម​ឲ្យ​គេ​គោរពសិទ្ធិ​របស់​ខ្ញុំ​ផង​ដែរ ក្នុង​ការ​មាន​យោបល់ និង​សម្តែង​មតិ របស់​ខ្ញុំ។ ខ្ញុំ​មិន​មាន​មធ្យោបាយ និង​បំណង​ថោក​ទាប ទៅ​រារាំង​ពលរដ្ឋ​ណា មិន​ឲ្យ​គេ​ទៅ​បោះ​ឆ្នោត បើគេ​មាន​ចិត្ត​ចង់​ទៅ​បោះ​ឆ្នោត។​មាន​តែរបប​ផ្តាច់​ការទេ ដែល​មាន​មធ្យោ​បាយ និង​បំណង​ថោក​ទាប បង្ខំ​ឲ្យ​ពលរដ្ឋ​ជា​ច្រើន​លើស​លប់​ទៅ​បោះ​ឆ្នោត​ទោះ​បីជា​ពួក​គេ​មិន​មាន​ចិត្ត​ចង់​ទៅ​បោះ​ឆ្នោត​ក៏​ដោយ ពី​ព្រោះពួក​គេ​យល់​ឃើញ​ថាវា​ជាការ​បោះ​ឆ្នោត​ក្លែង​ក្លាយ ដូច​អង្គការ​សហប្រជា​ជាតិ​បាន​បញ្ជា​ក់ គឺ​ជាការ​បោះ​ឆ្នោត​ដើម្បីគ្រាន់​តែប្រថាប់ត្រា​ឲ្យ​របប​ផ្តាច់​ការតែ​ប៉ុណ្ណោះ»។

​ដំណើរនៃការ​រៀបចំ​បោះ​ឆ្នោត​ខែ​កក្កដា ឆ្នាំ​២០១៨​ខាង​មុខ ត្រូវ​គេ​សង្កេត​ឃើញ​ថា មាន​ភាពប្រទាំង​ប្រទើសចម្រូងចម្រាស​នៅ​ក្រោយ​ការ​ចាប់​ខ្លួន​លោក កឹម សុខា មេ​ដឹក​នាំ​គណ​បក្ស​សង្គ្រោះ​ជាតិ ដែល​រងការ​ចោទ​ប្រកាន់​របស់​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ថា បាន​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ ដោយ​ការ​ឃុប​ឃិតជា​មួយ​បរទេស​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​របស់​កម្ពុជា។

បន្ទាប់​ពី​ការ​ចាប់​ខ្លួន​លោក កឹម សុខា អាជ្ញាធរ​កម្ពុជា​បាន​ប្រើ​វិធានការណ៍​ច្បាប់​ចាត់​ការបណ្ដា​ញ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដែល​មិន​ចំណុះ​ឥស្សរជន​នយោបាយ​ក្នុង​អំណាច និងចាប់ក្រុម​អ្នក​ដែល​បញ្ចេញ​មតិ​រិះគន់​ថ្នាក​ដឹក​នាំរដ្ឋាភិបាល​បច្ចុប្បន្ន​ជា​បន្ត​បន្ទាប់​ដាក់​ក្នុង​ពន្ធនាគារ។ លើស​ពី​នេះ​ទៀត​នោះ ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ក៏​បាន​រអ៊ូរទាំ​អំពី លំហរ​សិទ្ធិ​សេរីភាព ដែល​ត្រូវ​គេ​ឃើញថាបាន​ថយ​ចុះ នៅ​ស្ទើរ​តែ​ពេញ​មួយ​ឆ្នាំ​២០១៧ ហើយ​បន្ត​មកឆ្នាំ​២០១៨​នេះ​ទៀត។ ការណ៍​នេះ​បាន​បង្កក្តី​បារម្ភ​ដល់​បណ្ដា​ប្រទេស​បស្ចិម​លោក​នានា និង​ស្ថាប័ន​មួយ​ចំនួន​នៃ​អង្គការ​សហប្រជា​ជាតិ​ផង​ដែរ។

អ្នក​ស្រី Rhona Smith ប្រេសិត​ពិសេស​របស់ អ.ស.ប. ទទួល​បន្ទុក​រាយការណ៍​ពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ក៏​បាន​និយាយ​កាលពី​ពេល​កន្លង​មកថា ការ​បោះ​ឆ្នោត​ខែ​កក្កដា នឹង​មិន​អាច​ជាការ​បោះ​ឆ្នោត​ពិត​ប្រាកដ​នោះ​ឡើយ ប្រសិន​បើ គណ​បក្ស​ប្រឆាំង​ធំ​មួយ​មិន​ត្រូវ​បាន​គេ​អនុញ្ញា​ត​ឲ្យ​ចូល​រួម​ឈរ​ឈ្មោះ។ មន្ត្រី​ឯក រាជ្យ​របស់ អ.ស.ប. រូប​នោះ ក៏​អំពាវនាវ​ដល់​រដ្ឋាភិបាល​ទី​ក្រុង​ភ្នំពេញ​ ទម្លាក់​ចោល​បម្រាម​ដែល​ហាម​ក្រុម​មន្ត្រី​របស់​គណ​បក្ស​ប្រឆាំង​ចំនួន​១១៨រូប មិន​ឲ្យ​ធ្វើ​នយោបាយ​ផង​ដែរ។

នៅសហរដ្ឋ​អាមេរិក​ឯណោះ​វិញ រដ្ឋាភិបាល​លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏​បាន​បង្ហាញ​ការ​«សោកស្ដាយ​យ៉ាង​ខ្លាំង» ចំពោះ​ការ​សម្រេច​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​មិន​អនុញ្ញា​ត​ឲ្យ​គណ​បក្ស​សង្គ្រោះ​ជាតិ ចូល​រួម​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ខែ​កក្កដា ឆ្នាំ ២០១៨ ខាង​មុខ​នេះ។នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌ មាន​របស់​ការិយាល័យ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍។

លោក​ស្រី Heather Nauert អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស បាន​បញ្ជា​ក់​បន្ថែម​ក្នុង​សេចក្ដី​ប្រ​កាស​ព័ត៌មាន​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ទី១៧ ខែ​ឧសភា​នេះ​ថា៖ «ការ​សម្រេច​របស់​រដ្ឋាភិបាល​កម្ពុជា​នេះ បាន​រារាំង​សិទ្ធិ​ប្រជាធិបតេយ្យ​របស់​ប្រជា​ពលរដ្ឋខ្មែរ​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​រាប់លាន​នាក់ មិន​ឲ្យ​មាន​លទ្ធ ភាព​បោះ​ឆ្នោត​ឲ្យ​បេក្ខជន​ដែល​ខ្លួន​ពេញ​ចិត្ត និង​ធ្វើ​ឲ្យ​មាន​មន្ទិលសង្ស័យ​ចំពោះ​សុចរិតភាព​នៃ​ដំណើរ​ការ​បោះ​ឆ្នោត»។

ចំណែក​ក្រុម​សមាជិក​សភា​អាមេរិកាំង​ក្នុង​គណៈ​កម្មការ​ការ​បរទេស ក៏​បាន​ធ្វើ​សេចក្តី​ស្នើ​ច្បាប់​ស្ដីពី​លទ្ធិ​ប្រជាធិបតេយ្យ​កម្ពុជា ឬ ហៅ​ថា H.R. 5754, Cambodia Democracy Act រួម​នឹង​វិ​សោធន​កម្ម​ផង​ដែរ​កាលពីថ្ងៃ​ព្រហស្បតិ៍ ដោយ​ផ្តោត​ទៅ​លើការ​ដាក់​ទណ្ឌកម្ម​នានា​ប្រឆាំង​នឹង​រដ្ឋាភិបាល​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន និង​ក្រុម​មន្ត្រី ដែល​មាន​ជាប់​ពាក់​ព័ន្ធនឹង​ការ​ចោទ​ប្រកាន់​ថា បាន​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

សេចក្តី​ស្នើ​ច្បាប់ Cambodia Democracy Act លេខ H.R. 5754 និង​វិ​សោធន​កម្ម បន្ថែម​មួយ​ទៀត​កាលពី​ថ្ងៃ​ទី១៤ ខែ​ឧសភា ដែល​VOA​ទទួល​បាន​នោះ បាន​រៀបរាប់​លម្អិតពីការ​ដាក់​ទណ្ឌកម្ម​លើ​បុគ្គល​ជា​យោធា មន្ត្រី​សន្តិសុខ មន្ត្រី​រដ្ឋាភិ​បាល ដែល​មាន​ការ​ពាក់​ព័ន្ធនឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​លទ្ធិ​ប្រជាធិប​តេយ្យ។ ទណ្ឌកម្ម​ទាំង​នោះ​មាន​ដូច​ជាការ​បង្កក​ទ្រព្យ​សម្បត្តិ ការ​មិន​ផ្តល់​ទិដ្ឋា​ការ ការ​ដាក់​ពិន័យ​តាម ច្បាប់​ស្តីពី​អំណាច​សេដ្ឋកិច្ច​អន្តរជាតិ​ក្នុង​គ្រា​មាន​អាសន្ន ឬ​ហៅ​ថា International Emergency Economic Powers Act ។

សេចក្តី​ស្នើ​ច្បាប់​នេះ​ត្រូវ​បានដឹក​នាំ​តាក់​តែង​ដោយ លោក Ted Yoho សមាជិក​សភា​ខាង​គណ​បក្ស​សាធារណរដ្ឋ មកពី​រដ្ឋ Florida ជា​ប្រធាន​អនុ​គណៈកម្មាធិ ការ​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​ប៉ា​ស៊ី​ហ្វិក នៃ​គណៈ​កម្មការ​ការ​បរទេសនៅ​សភា​ជាន់​ទាប​សហរដ្ឋ​អាមេរិក។

លោក Ted Yoho បាន​ថ្លែង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ថ្មីៗ​នេះ​ថា សេចក្តី​ស្នើ​ច្បាប់​នេះ​នឹង​ជួយ​ដល់​ពលរដ្ឋ​កម្ពុជា​ទទួល​បាន​លទ្ធិ​ប្រជាធិបតេយ្យ ដោយ​ទប់ស្កាត់ មិន​អនុញ្ញា​ត​ឲ្យ​លោក ហ៊ុន សែន ពង្រឹង​អំណាច​ត​ទៅ​ទៀត។ លោក មាន​ប្រសាសន៍​ថា៖

«ពលរដ្ឋ​កម្ពុជា​កំពុង​ស្រេកឃ្លាន​ខ្លាំង​នូវ​លទ្ធិ​ប្រជាធិបតេយ្យ។លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ជា​បុរស​ខ្លាំង​កម្ពុជា បាន​ក្តោបក្តាប់​អំណាច​ជា​ច្រើន​ទសវត្សរ៍​ ហើយ​គ្មានបំណង​បន្ថយ​ការ​ច្បាម​អំណាច​ដោយ​កណ្តាប់​ដៃ​ដែក​របស់​គាត់​ក្នុង​ប្រទេស​កម្ពុជា​ទេ។ដោយ​សារ​សំឡេង​គាំទ្រ​ចំពោះ​គណ​បក្ស​ប្រឆាំង​កាន់​តែ​រឹងមាំ​ឡើង​ក្នុង​រយៈ​ពេលប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ លោក ហ៊ុន សែន បាន​សម្រេច​ថាបើ​គាត់​មិន​កាន់​អំណាច​ត​ទៅ ទៀត​តាម​រយៈ​ប្រព័ន្ធបោះ​ឆ្នោត​ក្លែង បន្លំទេ គាត់​នឹង​បន្ត​កាន់​អំណាច​តាម​រយៈ​កម្លាំង»។

លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ គ.ជ.ប. បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ថា សម្ពាធ​ពី​ក្រៅ​ប្រទេស​មិន​អាចបង្អាក់ការ​រៀបចំ​បោះ​ឆ្នោត​នៅ​កម្ពុជា​បាន​ទេ ហើយ​ក៏​គ្មាន​សេណារីយ៉ូ នៃ​ការ​បោះ​ឆ្នោត​ឡើង​វិញ​ផង​ដែរ។

រីឯ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ប្រធាន​គណ​បក្ស​ប្រជាជន​កម្ពុជា និង​បណ្ដា​អ្នក​មុខ​អ្នក​ការ សហការី អ្នក​គាំទ្រ​ការ​ដឹក​នាំរបស់​លោក តាម​រយៈយុទ្ធនា​ការ លើ​ប្រព័ន្ធ​អ៊ីនធឺណែត និង​ការ​ចេញ​ទៅ​ផ្ទាល់​ដល់​មូលដ្ឋាន ក៏​បាន​អំពាវនាវ​ជា​បន្ត​បន្ទាប់​ដល់​ប្រជា​ពលរដ្ឋដែល​ពេញ​សិទ្ធិ​បោះ​ឆ្នោត​ទាំង​អស់ ទៅ​បោះ​ឆ្នោត​ជូន​រូប​លោក និង​គណ​បក្ស​កាន់​អំណាច​ជា​បន្ត​ទៀត ដោយ​លោក​បាន​ប្រកាស​ជា​បន្ត​បន្ទាប់​អំពី​ការ​កាន់​អំណាច​ជា​នាយក​រដ្ឋ​មន្ត្រី យ៉ាង​ហោចដប់ឆ្នាំ​ទៅ​មុខ​ទៀត៕

XS
SM
MD
LG