មានបាតុករស្លាប់ជាច្រើននាក់ក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីសប្តាហ៍ទីពីរនៃខែមីនា។ ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានបញ្ជាក់ថា កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានប្រើគ្រាប់កាំភ្លើងពិតបាញ់សម្លាប់បាតុករ ១១ នាក់ កាលពីថ្ងៃចន្ទ និងបាតុករ ៥៧ នាក់ កាលពីចុងសប្តាហ៍កន្លងទៅនេះ។
ចាប់តាំងពីថ្ងៃទី ១ ខែកុម្ភៈ ដែលជាពេលដែលយោធាមីយ៉ាន់ម៉ាបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់អ្នកស្រី Aung San Suu Kyi មក ទីភ្នាក់ងារសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានបញ្ជាក់ថា យ៉ាងហោចណាស់មានមនុស្ស ១៤៩ នាក់ ត្រូវបានសម្លាប់ទោះបីជាទីភ្នាក់ងារនេះបានថ្លែងថា ខ្លួនជឿថា ចំនួនមនុស្សបាត់បង់ជីវិតអាចមានច្រើនជាងនេះក៏ដោយ។
អ្នកស្រី Ravina Shamdasani អ្នកនាំពាក្យទីភ្នាក់ងារសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បាននិយាយថា ទីភ្នាក់ងាររបស់អ្នកស្រីនៅតែបន្តទទួលបានរបាយការណ៍គួរឲ្យព្រួយបារម្ភអំពីមនុស្សដែលត្រូវបានគេចាប់ខ្លួនតាមអំពើចិត្ត ត្រូវបានបាត់ខ្លួនដោយបង្ខំ និងត្រូវបានវាយដំនិងរងទារុណកម្មយ៉ាងឃោរឃៅនៅពេលជាប់ឃុំឃាំង។ អ្នកស្រីបានថ្លែងថា មនុស្សជាង ២.០៨៤ នាក់ នៅតែស្ថិតក្នុងការឃុំឃាំងតាមអំពើចិត្តនៅឡើយ។
អ្នកស្រីបញ្ជាក់ដូច្នេះថា៖ «មានអ្នកកាសែតយ៉ាងហោចណាស់ ៣៧ នាក់ត្រូវបានចាប់ខ្លួន ហើយក្នុងចំណោមនោះ មាន ១៩ នាក់ នៅស្ថិតក្នុងការឃុំឃាំងតាមអំពើចិត្ត។ យ៉ាងហោចណាស់ មានមនុស្ស ៥ នាក់ បានស្លាប់នៅពេលកំពុងជាប់ឃុំឃាំងនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ហើយសាកសពជនរងគ្រោះយ៉ាងតិច ២ នាក់ មានសញ្ញាបង្ហាញឲ្យឃើញអំពីការវាយដំធ្ងន់ធ្ងរលើរាងកាយ ដែលអាចបញ្ជាក់ឲ្យឃើញថា ពួកគេត្រូវបានគេធ្វើទារុណកម្ម»។
ក្នុងពេលមួយថ្ងៃក្រោយមក បន្ទាប់ពីមានការបង្ក្រាបដ៏ប្រល័យកាលពីថ្ងៃអាទិត្យលើក្រុមបាតុករ អាជ្ញាធរយោធាមីយ៉ាន់ម៉ាបានប្រកាសប្រើច្បាប់អាជ្ញាសឹកនៅក្នុងឃុំមួយចំនួននៅក្នុងនិងជុំវិញទីក្រុងរ៉ង់ហ្គូន និងទីក្រុង Mandalay។
ករណីនេះមានន័យថា នៅពេលនេះច្បាប់យោធានឹងត្រូវអនុវត្តលើជនស៊ីវិល ដោយអ្នកប្រព្រឹត្តល្មើសត្រូវកាត់ទោសដោយតុលាការយោធា ហើយពួកគេគ្មានសិទ្ធិតវ៉ាឡើងតុលាការឧទ្ធរណ៍ឡើយ។
ប្រទេសនិងសកម្មជនសិទ្ធិមនុស្សជាច្រើនបានអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនិងបម្រាមមិនឲ្យមានការលក់ឬផ្តល់អាវុធឲ្យក្រុមមេដឹកនាំរដ្ឋប្រហារយោធាមីយ៉ាន់ម៉ា។
អ្នកស្រី Shamdasani បានច្រានចោលការអះអាងរបស់អាជ្ញាធរមីយ៉ាន់ម៉ាដែលថា នៅក្រោមច្បាប់អន្តរជាតិ ប្រទេសនានាគ្មានសិទ្ធិជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួននោះ។ អ្នកស្រីបាននិយាយថា នេះគឺជាការអះអាងដែលជារឿយៗលើកឡើងដោយប្រទេសដែលមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
អ្នកស្រីថ្លែងដូច្នេះថា៖ «នៅទីណាដែលរដ្ឋាភិបាលបរាជ័យនៅក្នុងការការពារសិទ្ធិមនុស្ស ឬក៏នៅទីណាដែលរដ្ឋាភិបាលអនុវត្តការរំលោភសិទ្ធិមនុស្សប្រឆាំងនឹងប្រជាពលរដ្ឋរបស់ខ្លួន វាគឺជាកាតព្វកិច្ចរបស់សហគមន៍អន្តរជាតិនៅក្នុងការចាត់វិធានការដើម្បីបញ្ចប់អំពើហិង្សា និងធានាយ៉ាងណាឲ្យមានការទទួលខុសត្រូវ។ អ្នកមិនអាចយកការមិនជ្រៀតជ្រែកនៅក្នុងកិច្ចការផ្ទៃក្នុងមកអះអាងជាហេតុផលនោះទេ នៅពេលដែលអ្នកបាញ់សម្លាប់ប្រជាពលរដ្ឋខ្លួនឯងនោះ»។
មន្ត្រីសិទ្ធិមនុស្សនានាបានអំពាវនាវដល់យោធាមីយ៉ាន់ម៉ាឲ្យបញ្ឈប់ការសម្លាប់និងការឃុំឃាំងបាតុករ។ អ្នកស្រី Michele Bachelet អគ្គស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានអំពាវនាវដល់អ្នកដែលមានឥទ្ធិពលទាំងអស់ឲ្យចាត់វិធានការដើម្បីបញ្ចប់អំពើហិង្សារបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាដែលធ្វើលើប្រជាពលរដ្ឋរបស់ខ្លួន៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ