សមាគមព្រះសង្ឃដ៏មានអំណាចបំផុតរបស់មីយ៉ាន់ម៉ា បានអំពាវនាវឲ្យមេដឹកនាំយោធាបញ្ចប់អំពើហិង្សាប្រឆាំងនឹងក្រុមបាតុករ ហើយបានចោទប្រកាន់ «ក្រុមប្រដាប់អាវុធភាគតិច» មួយពីការធ្វើទណ្ឌកម្មនិងសម្លាប់ជនស៊ីវិលស្លូតត្រង់ចាប់តាំងពីរដ្ឋប្រហារកាលពីខែមុនមក។ នេះតាមការរាយការណ៍របស់បណ្តាញព័ត៌មានក្នុងនៅថ្ងៃពុធនេះ ហើយត្រូវដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន Reuters។
នៅក្នុងការថ្កោលទោសត្រង់ៗបំផុតដល់ការបង្ក្រាបដ៏បង្ហូរឈាមរបស់យោធាទៅលើបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យ អង្គការដែលតែងតាំងដោយរដ្ឋាភិបាលនេះ ក៏បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា សមាជិករបស់ខ្លួនមានបំណងបញ្ឈប់ការងារទាំងអស់ ដែលនេះទំនងជាការតវ៉ាប្រឆាំង។
គណៈកម្មាធិការរដ្ឋមហានាយកពុទ្ធសាសនា (State Sangha Maha Nayaka Committee) គ្រោងបញ្ចេញសេចក្តីថ្លែងការណ៍លើកទី១របស់ខ្លួនបន្ទាប់ពីពិគ្រោះជាមួយរដ្ឋមន្ត្រីក្រសួងកិច្ចការសាសនានៅថ្ងៃព្រហស្បតិ៍ស្អែកនេះ នេះបើតាមសារព័ត៌មានក្នុងស្រុក Myanmar Now ដោយបានយោងដល់ព្រះសង្ឃមួយអង្គដែលបានចូលរួមកិច្ចប្រជុំរបស់គណៈកម្មាធិការនេះ។
ព្រះសង្ឃមានប្រវត្តិដ៏សកម្មជាយូរយារណាស់មកហើយ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយបានស្ថិតនៅជួរមុខនៃ «បដិវត្តន៍ស្បង់ចីពរ» ឆ្នាំ ២០០៧ ប្រឆាំងនឹងការគ្រប់គ្រងរបស់យោធា ដែលជាការបះបោរមួយដែលបានជួយឲ្យមានការធ្វើកំណែទម្រង់លទ្ធិប្រជាធិបតេយ្យ។
សមាគមជួយអ្នកទោសនយោបាយបានបញ្ជាក់ថា មកទល់ពេលនេះមានបាតុករជាង ១៨០នាក់ បានត្រូវសម្លាប់ក្នុងការបង្ក្រាប៕