ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី​អន្តោប្រវេសន៍​៨នាក់​ត្រូវ​បណ្តេញ​ចេញ​ពី​ក្របខណ្ឌ ក្រោយ​រក​ឃើញ​សារធាតុ​ញៀន


រូបឯកសារ៖ អាជ្ញាធរ​បង្ហាញថ្នាំញៀនដែលត្រូវដុត​បំផ្លាញ​ចោល​ក្នុង​ទិវា​ប្រយុទ្ធប្រឆាំង​នឹង​ការ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ នៅ​រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨។
រូបឯកសារ៖ អាជ្ញាធរ​បង្ហាញថ្នាំញៀនដែលត្រូវដុត​បំផ្លាញ​ចោល​ក្នុង​ទិវា​ប្រយុទ្ធប្រឆាំង​នឹង​ការ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ នៅ​រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨។

មន្រ្តី​នគរបាល​៨​នាក់​នៃ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ក្រប​ខណ្ឌ​នគរបាល​និង​ដក​មុខ​តំណែង ក្រោយ​ពិនិត្យឃើញ​មាន​សារធាតុ​ញៀន ដែល​ជា​អំពើ​ល្មើស​នឹង​វិន័យ​នគរបាល។ នេះ​បើ​តាម​អ្នកនាំពាក្យ​របស់​ក្រសួង​មហាផ្ទៃ និង​សេចក្តី​ប្រកាស​ស្តី​ពី​ការ​បណ្តេញ​ចេញ​ពី​ក្របខណ្ឌ​មន្រ្តី​នគរបាល​ជាតិ​ចុះ​ថ្ងៃ​ទី​ ១ ខែមីនា ឆ្នាំ​ ២០២៤។

បើ​តាម​ប្រកាស​បណ្តេញ​ចេញ​ពី​ការងារ មន្រ្តី​ទាំង​ ៨ នាក់​នោះ​មក​ពី​ស្ថាប័ន​ផ្សេងៗ​គ្នា ហើយ​អ្នក​ខ្លះ​ជា​មន្រ្តី​នៃ​ការិយាល័យ​អនុវត្ត​នីតិវិធី និង​គ្រប់គ្រង​កន្លែង​ត្រៀម​បណ្តេញ​ចេញ មក​ពី​ផ្នែក​គ្រប់គ្រង​ពលករ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​និង​ជា​នាយរង​ប៉ុស្តិ៍​នគរ​បាល​ច្រក​ទ្វារ​ព្រំដែន​ជា​ដើម។

ជុំវិញ​បញ្ហា​នេះ លោក ទូច​ សុខៈ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ អ្នក​ទាំង​ ៨ ​នាក់​នេះ​ត្រូវ​បាន​រក​ឃើញ​ថា ​ប្រើប្រាស់​សារធាតុ​ញៀន ទើប​ពួកគេ​ត្រូវ​បាន​បណ្តេញ​ចេញ។

អ្នក​នាំ​ពាក្យ​រូប​នេះ​បន្ថែម​ថា​ បច្ចុប្បន្ន​នេះ លោក ស សុខា រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួង​មហាផ្ទៃ​បាន​ដាក់​បទបញ្ជា​ទៅ​កាន់​រដ្ឋបាល​រាជធានី​ខេត្ត​ឱ្យ​ចាប់​ផ្តើម​រៀបចំ និង​ចេញ​យុទ្ធនាការ​ធ្វើ​តេស្ត​រក​សារធាតុ​ញៀន​ក្នុង​ចំណោម​មន្រ្តី​រាជការ​ស៊ីវិល​នីមួយៗ។

បើ​តាម​អ្នកនាំ​ពាក្យ​ក្រសួង​មហាផ្ទៃ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ក្រសួង​មហាផ្ទៃ​បាន​បណ្តេញ​មន្ត្រី​នគរ​បាល​ប្រមាណ ​១០០ ​នាក់​ចេញ​ពី​ក្រប​ខណ្ឌ​នគរបាល ក្រោយ​រក​ឃើញ​ថា​ ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​សារធាតុ​ញៀន៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG