មានមនុស្សយ៉ាងតិចណាស់៨នាក់បានស្លាប់និងជាង១២នាក់ទៀតបានត្រូវរបួសកាលពីថ្ងៃអង្គារ នៅពេលបុរសម្នាក់បានបើកទ្បានដឹកទំនិញជួលមួយគ្រឿងចូលទៅក្នុងកន្លែងជិះកង់មួយក្នុងបូរីញូវយ៉ក។
លោក Bill de Blasio អភិបាលក្រុងញូវយ៉កបានមានប្រសាសន៍នៅក្នុងសន្និសីទកាសែតមួយថា៖ «ផ្អែកលើព័ត៌មានដែលយើងមាននៅពេលនេះ ការណ៍នេះជាសកម្មភាពភេរវកម្មមួយហើយជាសកម្មភាពភេរវកម្មដ៏កំសាកមួយដែលយកពួកជនស៊ីវិលស្លូតត្រង់គ្មានទោសពៃរ៍ជាទីដៅនៃការវាយប្រហារ»។
លោក Andrew Cuomo អភិបាលរដ្ឋញូវយ៉ក បានហៅការវាយប្រហារនេះថាជាការវាយប្រហារ«ធ្វើឡើងដោយមនុស្សតែម្នាក់»ដោយលោកបានមានប្រសាសន៍ថា គ្មានភ័ស្តុតាងបង្ហាញថា វាជាផ្នែកមួយនៃការគ្រោងប្រព្រឹត្តអំពើ
ទុច្ចរិតធំដុំណាមួយទេ។ ឧប្បត្តិហេតុនេះបានកើតមានឡើងនៅជិតកន្លែងអនុស្សាវរីយ៍មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកនៅក្នុងផ្នែកខាងត្បូងនៃសង្កាត់ Manhattan។
លោក James O'Neill ស្នងការប៉ូលិសបូរីញូវយ៉កបាននិយាយថា នៅប្រមាណម៉ោង៣និង៥នាទីរសៀល បុរសម្នាក់បានបើកឡានកាមីញុងជួលមួយគ្រឿងចូលក្នុងកន្លែងជិះកង់ដោយបានបុកពួកអ្នកជិះកង់និងពួកថ្មើរជើង។ រថយន្តកាមីញុង នោះក៏បានបុកឡានដឹកសិស្សសាលាមួយគ្រឿងដែរបណ្តាលឱ្យមនុស្សពេញវ័យពីរនាក់និងកុមារពីរនាក់ត្រូវរបួស។
លោក O'Neill បានថ្លែងថាបន្ទាប់មកបុរសនេះ «បានចេញពីឡានកាមីញុង នោះដោយបានគ្រវីកាំភ្លើងខ្លីពីរដើម។ ពួកប៉លិសបានបាញ់បុរសនេះត្រូវពោះហើយគាត់ក៏បានត្រូវចាប់ខ្លួន»។
បុរសនេះបានទទួលការវះកាត់ហើយត្រូវរំពឹងថានឹងនៅរស់។
ក្រសួងការបរទេសអាហ្សង់ទីន បាននិយាយថា ពលរដ្ឋខ្លួន៥នាក់បានស្លាប់។
លោក Didier Reynders ឧបនាយករដ្ឋមន្ត្រីនៃប្រទេសប៊ែលហ្ស៊ិក បានមានប្រសាសន៍ថា ជនជាតិរបស់ខ្លួនម្នាក់បានត្រូវសម្លាប់នៅក្នុងការវាយប្រហារនោះ៕