ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ផល​វិបាក​ក្នុង​ការ​ធ្វើ​ជា​សារ​ព័ត៌មាន​សហគមន៍


នៅ​​ឯ​ការជួបជុំ​មួយ ​ស្តី​អំពី​អ្នកសរសេរ​ប្លុក​នៅ​ប្រទេស​កម្ពុជា នៅ​លើ​កញ្ចក់​កុំព្យូទ័រ​នេះ បង្ហាញ​សារ​មួយ​ដែល​ផ្សព្វផ្សាយ​ដើម្បី​ឲ្យ​មាន​ការយល់​ដឹង​អំពី​គេហទំព័រ​ប្លុក (blog) ដែល​អ្នក​សរសេរ​ប្លុក​នេះ អាចចាត់ជាអ្នក​សារព័ត៌មាន​ពលរដ្ឋ​។
នៅ​​ឯ​ការជួបជុំ​មួយ ​ស្តី​អំពី​អ្នកសរសេរ​ប្លុក​នៅ​ប្រទេស​កម្ពុជា នៅ​លើ​កញ្ចក់​កុំព្យូទ័រ​នេះ បង្ហាញ​សារ​មួយ​ដែល​ផ្សព្វផ្សាយ​ដើម្បី​ឲ្យ​មាន​ការយល់​ដឹង​អំពី​គេហទំព័រ​ប្លុក (blog) ដែល​អ្នក​សរសេរ​ប្លុក​នេះ អាចចាត់ជាអ្នក​សារព័ត៌មាន​ពលរដ្ឋ​។

អ្ន​ក​សារព័ត៌មានសហគមន៍ ​ឬ​អ្នក​សារ​ព័ត៌​មាន​ប្រជាជន​ក្នុង​ប្រទេស​កម្ពុជាមាន​ការកើន​ឡើង​ច្រើន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ក្រោយ​ពេល​ដែល​បណ្តាញ​ព័ត៌មាន​សង្គម​ ដូច​ជា​ហ្វេកប៉ុក ឬ ​ធ្វីតទឺ​មាន​ការ​ពេញ​និយម។ ​អ្នកសារព័ត៌មាន​ទាំង​នោះ​ ភាគ​ច្រើន​បាន​ប្រើ​ប្រាស់​គណនី​ផ្ទាល់​ខ្លួន​ ឬ​ក៏ ​Page ​ដើម្បី​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ដែល​ខ្លួន​បាន​ដឹង។​

ជាក់​ស្តែង ​លោក​ហេង​ ម៉េងហុង​ អាយុ​២២​ឆ្នាំ​ ជា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ធ្វើ​ជា​អ្នក​កាសែត​សហគមន៍​នេះ ​ប្រមាណ​ជាង​១​ឆ្នាំ​ហើយ។ ​ជា​យុវជន​ដែល​មាន​ស្រុក​កំណើត​នៅ​ឯ​ខេត្ត​កំពង់​ចាម​ ម៉េងហុង ​បាន​ប្រាប់​ឲ្យ​ដឹង​ថា៖​

«ខ្ញុំ​ធ្វើ​ជា​អ្នក​កាសែត​សហគមន៍​ ព្រោះ​តែ​ខ្ញុំ​ចង់​ផ្លាស់​ប្តូរ​សង្គម។​ កន្លង​មក​ ខ្ញុំ​មាន​ បង្កើត​ Page​ ផ្ទាល់​ខ្លួន​មួយ​សម្រាប់​ផ្សាយ​នូវ​ព័ត៌មាន​ដែល​ខ្ញុំ​បាន​ធ្វើ»។​

យ៉ាង​ណា​មិញ ​ព័ត៌​មាន​ដែល​បាន​មក​ពី​ហ្វេកប៉ុក​ភាគ​ច្រើន​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​ព័ត៌មាន​បំផុស​បំផុល​ ប៉ុន្តែ​មួយ​ចំនួន​ទៀត​ បែរ​ជា​មាន​ប្រយោជន៍​សម្រាប់​ផ្តល់​ដំណឹង​ឲ្យ​អ្នក​សារ​ព័ត៌មាន​អាជីព។​

កញ្ញា ​ហ៊ុន​ ស៊ីនួន​ ដែល​ធ្វើ​ការ​នៅ​អង្គការយុវសន្តិភាព​ បាន​ប្រាប់​ឲ្យ​ដឹង​ថា ​កន្លង​មក​ កញ្ញា​បាន​ចែក​រំលែក​ព័ត៌មានតាម​បណ្តាញ​ព័ត៌មាន​សង្គម​ ដូច​ជា​អត្ថបទ ​រូបថត ​ឬ​ក៏​វីដេអូ។ ​ស្ថិត​ក្នុង​វ័យ​២៤​ឆ្នាំ ​ស៊ីនួន​បាន​និយាយ​ថា៖​

«ខ្ញុំ​ធ្លាប់​បាន​ចែក​រំលែក​ព័ត៌មាន​ ដែល​ទាក់​ទង​នឹងសិទ្ធិ​មនុស្ស ​ជម្លោះ​ដីធ្លី ​តស៊ូ​មតិ​ជា​ដើម»។​

ស៊ីនួន​ ចេះ​របៀប​យក​ព័ត៌មាននេះ​ ព្រោះ​កញ្ញា​ធ្លាប់​បាន​ចូល​រួម​បណ្តុះ​បណ្តាល​ពី​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ ​(CLEC) ​ជា​ដើម។ ​ស៊ីនួន​បាន​ប្រាប់​នូវ​សារៈ​សំខាន់ក្នុង​ការ​ធ្វើ​ជា​អ្នក​សារ​ព័ត៌មាន​ប្រជា​ពលរដ្ឋ​ថា៖​

«ផល​ប្រយោជន៍​ យល់​ដឹង​ពី​បញ្ហា​សង្គម​បាន​ច្រើន ​និង​របៀប​សរសេរ​ព័ត៌មាន។ ​វា​ជា​ផ្នែក​មួយ​នៃ​ការ​ផ្លាស់​ប្តូរ​សង្គម​ ព្រោះ​ខ្ញុំ​អាច​ចែក​រំលែក​ព័ត៌មាន​ទៅ​តាម​បណ្តាញ​ព័ត៌​មាន​សង្គម»។​

ថ្វី​បើ​យ៉ាង​នេះ​ក្តី ​ស៊ីនួន​មាន​ការ​ខ្វល់​ខ្វាយ​ថា៖​

«ផល​លំបាក​គឺ​ខ្ញុំ​ជា​មនុស្ស​ស្រី​ ហើយការ​យក​ព័ត៌មាន​ពេល​យប់​គឺមិន​សូវ​មាន​សុវត្ថិភាព​ តែ​ដើម្បី​សង្គម​ ខ្ញុំ​អាច​ធ្វើ​បាន»។​

ស្រប​នឹង​គ្នា​នេះ​ដែរ ​តេជព្រះគុណ យ៉ុម​ ហឿន ​ដែល​ជាសន្តិភាព​បុគ្គលតេជ​ព្រះគុណ ​មិន​ដែល​ស្គាល់​អ្នក​កាសែត​សហគមន៍​ជា​អ្វី​ទេ​ តែ​បន្ទាប់​ពី​បាន​ចូល​រួម​ក្នុង​ការ​តស៊ូ​មតិ​ជា​មួយ​ប្រជា​ពល​រដ្ឋ ​ដូច​ជាបាតុ​កម្ម​ ទើប​តេជព្រះគុណ​ដឹង​ថា ​អ្នក​កាសែត​សហគមន៍​មាន​សារៈ​សំ​ខាន់​យ៉ាង​មិច​ចំពោះ​ការ​ផ្តល់​ព័ត៌មាន​ ដំណឹង​ទាក់​ទង​នឹង​បញ្ហា​សិទ្ធិ​មនុស្ស។​ ស្ថិត​ក្នុង​ព្រះ​ជន្ម​២៥​វស្សា​ ​ព្រះតេជ​ព្រះគុណ​បាន​ប្រាប់​ឲ្យ​ដឹង​ថា៖​

«មាន​ផល​លំបាក​ច្រើន។​ វា​ប្រឈម​ជាមួយ​ច្បាប់ និង​ធម្មវិន័យ។ ​តែ​សម្រាប់​អាត្មា​យល់​ថា ​ទុក្ខ​របស់​ញាតិ​ញម​ជា​ទុក្ខ​របស់​ព្រះ​សង្ឃ ​ទើប​អាត្មាចូល​រួម។​ អាត្មាធ្លាប់​មាន​បញ្ហា ​ប្រាកដ​ជា​ប្រឈម​ជា​មួយ​អាជ្ញាធរ​ ដូច​ជា​ពួក​គាត់​ហាម​ឃាត់ ​ដោយ​ការ​ជេរប្រមាថ ​ឬ​ក៏​ដក​ហូតទូរស័ព្ទ»។​

យ៉ាង​ណា​ក៏​ដោយ ​កញ្ញាស៊ីនួន​សំណូមពរ​ឲ្យ​មា​ន​ការ​លើក​ទឹក​ចិត្ត​ក្នុងការ​បង្កើត​អ្នក​សារ​ព័ត៌មាន​សហគមន៍​នេះ​ឲ្យ​បាន​ច្រើន ​ព្រោះ​ពួក​គាត់​អាច​ផ្សាយ​ព័ត៌មាន​ពី​សហគមន៍​ដែល​គាត់​រស់​នៅ ​ទៅ​ឲ្យ​អ្នក​ក្រៅ​បាន​ដឹង ​និង​សូម​ឲ្យ​រដ្ឋាភិ​បាល​គួរ​តែ​ឲ្យ​ពួក​គាត់​មាន​មេធាវី​ជួយ​ផ្លូវ​ច្បាប់​ផង​ដែរ៕

XS
SM
MD
LG