តុលាការប្រទេសអេហ្ស៊ីបបានកាត់ទោសដាក់គុកលោក អតីតប្រធានាធិបតីកាន់សាសនាឥស្លាម គឺលោក Mohammed Morsi និងមនុស្សចំនួន១៩នាក់ទៀតឲ្យជាប់គុក៣ឆ្នាំ ពីបទធ្វើសេចក្តីថ្លែងការណ៍ប្រមាថដល់ប្រព័ន្ធយុត្តិធម៌។
ក្រុមជនជាប់ចោទទាំងអស់ត្រូវផាកពិន័យតាមចំនួនទឹកប្រាក់ផ្សេងៗគ្នា។
មេធាវីរបស់លោក Morsi បាននិយាយថាកូនក្តីលោកទំនងជាដាក់ពាក្យប្តឹងទៅ ឧទ្ធរណ៍ប្រឆាំងនឹងការកាត់ក្តីរបស់សាលាដំបូង។ លោកអតីតប្រធានាធិបតីបាន ប្រឈម នឹងការចោទប្រកាន់ជាច្រើនចាប់តាំងពីលោកត្រូវបានគេបណ្តេញចេញពីមុខតំណែង ហើយក៏បានទទួលការផ្តន្ទាទោសរយៈពេល៤៥ឆ្នាំក្នុងគុករួចហើយដែរ។
លោក Morsi ត្រូវគេចាប់ខ្លួនបន្ទាប់ពីលោកត្រូវក្រុមយោធាប្រទេសអេហ្ស៊ីបបាន បណ្តេញលោកចេញពីមុខតំណែងកាលពីខែមិថុនាឆ្នាំ២០១៣។ លោកត្រូវគេឃុំ ខ្លួន បន្ទាប់ពីលោកបដិសេធការដាក់ឳសានវាទឲ្យធ្វើការបោះឆ្នោតប្រជាមតិចំពោះការគ្រប់គ្រងអំណាចរបស់លោក ដែលក្រោយមកបង្កទៅជាបាតុកម្មតវ៉ាយ៉ាងធំនោះ។ក្រុមអ្នកកាន់សាសនាឥស្លាមជាច្រើនពាន់នាក់ត្រូវគេចាប់ខ្លួននិងកាត់ទោសបន្ទាប់ពីមានការបណ្តេញលោក Morsi ពីមុខតំណែងនោះ៕