ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​មត្តេយ្យ​ចល័ត​ជួយ​កុមារ​ជនជាតិ​ដើម​ភាគ​តិច​​នៅ​ខេត្ត​រតនគិរីទទួល​ការ​អប់រំ


«​សាលា​មត្តេយ្យ​​សហគមន៍​ចល័ត​»​ ដែល​ផ្តូចផ្តើម​គំនិត​ដោយ​អង្គការ​​ភ្លែន​អន្តរជាតិ​កម្ពុជា​ ដើម្បី​លើក​កម្ពស់​ការ​អប់រំ​កុមារ​តូច​នៅ​តំបន់​ដាច់​ស្រយាល នៅ​ខេត្ត​រតនគិរី។​ (រូបភាព​ផ្តល់​ឲ្យ​ដោយ​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា)
«​សាលា​មត្តេយ្យ​​សហគមន៍​ចល័ត​»​ ដែល​ផ្តូចផ្តើម​គំនិត​ដោយ​អង្គការ​​ភ្លែន​អន្តរជាតិ​កម្ពុជា​ ដើម្បី​លើក​កម្ពស់​ការ​អប់រំ​កុមារ​តូច​នៅ​តំបន់​ដាច់​ស្រយាល នៅ​ខេត្ត​រតនគិរី។​ (រូបភាព​ផ្តល់​ឲ្យ​ដោយ​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា)

ខុស​ពី​កុមារ​ក្នុង​ទី​រួម​ខេត្ត​ ឬ​ទី​ប្រជុំ​ជន​ កុមារ​ក្រីក្រ​កម្ពុជា​ដែល​រស់នៅ​ក្នុង​តំបន់​ដាច់​ស្រយាល​នៃ​ខេត្ត​រតនគិរី​ មាន​ឱកាស​តិចតួច​ក្នុង​ការ​ទទួល​បាន​ការ​សិក្សា។

កុមារ​តូចៗ​ជនជាតិ​ដើម​ភាគ​តិច​ដូចជា គ្រឹង​ ទំពូន​ និង​ចារាយ​ជា​ដើម​ ត្រូវ​ផ្អាក​ការ​សិក្សា​របស់​ខ្លួន​រយៈពេល​វែង​ នៅ​ពេល​ដែល​ឪពុក​ម្តាយ​របស់​ពួកគេ​ផ្លាស់​ប្តូរ​ទី​លំនៅ​ពី​ក្នុង​ភូមិ​ទៅ​ចម្ការ​ដើម្បី​ប្រមូល​ផល។ ក៏ប៉ុន្តែ ​កម្មវិធី​«មត្តេយ្យសហគមន៍​ចល័ត»​ ត្រូវ​បាន​ផ្តួចផ្តើម​ឡើង​ដោយ​អង្គការ​ភ្លែន​អន្តរជាតិ (Plan International Cambodia) ​កម្ពុជា​ ដើម្បី​ជួយ​ឲ្យ​កុមារ​ជនជាតិ​ដើម​នៅ​តំបន់​ដាច់​ស្រយាល​ទាំង​នោះ មាន​លទ្ធភាព​ទទួល​បាន​ការ​អប់រំ​ដូច​កុមារ​ក្នុង​ទី​ប្រជុំ​ជន​ និង​អាច​ធានា​បាន​ថា ​បរិយាកាស​សិក្សា​របស់​ពួកគេ​មាន​សុវត្ថិភាព។

ខុស​ពី​កុមារ​ក្នុង​ទី​រួម​ខេត្ត​ ឬ​ទី​ប្រជុំ​ជន​ កុមារ​ក្រីក្រ​កម្ពុជា​ដែល​រស់នៅ​ក្នុង​តំបន់​ដាច់​ស្រយាល​នៃ​ខេត្ត​រតនគិរី​ មាន​ឱកាស​តិចតួច​ក្នុង​ការ​ទទួល​បាន​ការ​សិក្សា។ កុមារ​តូចៗ​ជនជាតិ​ដើម​ភាគ​តិច​ទាំង​នោះ​ រួម​មាន​មាន​ជនជាតិ​ដើម​គ្រឹង​ ទំពូន​ ចារាយ​ជាដើម​ ត្រូវ​ផ្អាក​ការ​សិក្សា​របស់​ខ្លួន​រយៈពេល​វែង​ នៅ​ពេល​ដែល​ឪពុក​ម្តាយ​របស់​ពួកគេ​ផ្លាស់​ប្តូរ​ទី​លំនៅ​ពី​ក្នុង​ភូមិ​ទៅ​ចម្ការ​ដើម្បី​ប្រមូល​ផល។

«​សាលា​មត្តេយ្យសហគមន៍​ចល័ត​»​ ដែល​ផ្តួចផ្តើម​គំនិត​ដោយ​អង្គការភ្លែន​អន្តរជាតិ​កម្ពុជា​ ដើម្បី​លើក​កម្ពស់​ការ​អប់រំ​កុមារ​តូច​នៅ​តំបន់​ដាច់​ស្រយាល នៅ​ខេត្ត​រតនគិរី។​ (រូបភាព​ផ្តល់​ឲ្យ​ដោយ​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា)
«​សាលា​មត្តេយ្យសហគមន៍​ចល័ត​»​ ដែល​ផ្តួចផ្តើម​គំនិត​ដោយ​អង្គការភ្លែន​អន្តរជាតិ​កម្ពុជា​ ដើម្បី​លើក​កម្ពស់​ការ​អប់រំ​កុមារ​តូច​នៅ​តំបន់​ដាច់​ស្រយាល នៅ​ខេត្ត​រតនគិរី។​ (រូបភាព​ផ្តល់​ឲ្យ​ដោយ​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា)

បើ​មិន​មាន​វត្តមាន​ «សាលា​មត្តេយ្យសហគមន៍​ចល័ត»​ ដែល​ផ្តួចផ្តើម​គំនិត​ ដោយ​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា​ (Plan International Cambodia) និង​ដៃ​គូ​ពាក់​ព័ន្ធ​ទេ​ កុមារ​តូចៗ​នៅ​តំបន់​ភូមិភាគ​ឦសាន​ទាំង​នោះ ​ពុំ​មាន​លទ្ធភាព​បាន​ចូល​រៀន​ឡើយ។

ការ​សិក្សា​របស់​អង្គការ​យូណេស្គូ​បង្ហាញ​ថា​ បញ្ហា​ប្រឈម​សំខាន់​មួយ​របស់​ការ​អប់រំ​នៅ​កម្ពុជា​ គឺ​កង្វះ​ការ​ត្រៀម​ខ្លួន​ដើម្បី​ចូល​រៀន​របស់​កុមារ​តូច។ អង្គការ​យូណេស្គូ​រក​ឃើញ​ថា​ បើ​ទោះ​ជា​ការ​សិក្សា​ថ្នាក់​មត្តេយ្យ​មាន​សារៈសំខាន់​ក្នុង​ការ​អភិវឌ្ឍ​សមត្ថភាព​ខួរក្បាល​កុមារ​យ៉ាង​ណា​ក្តី​ ក៏​ប៉ុន្តែ​នៅ​កម្ពុជា​មាន​កុមារ​ត្រឹម​អាយុ​ចន្លោះ​ពី​៣​ទៅ​៥​ឆ្នាំ​ ត្រឹម​តែ​៣៥%​ប៉ុណ្ណោះ​ ដែល​បាន​ចូលរៀន​ថ្នាក់​មត្តេយ្យ។

លោក ​ផែន ​ប៊ុនធឿន​ ប្រធាន​ប្រតិបត្តិ​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា​ប្រចាំ​ខេត្ត​រតនគិរី ​បាន​ឲ្យ​ដឹង​ថា​ «មត្តេយ្យ​សហគមន៍​ចល័ត»​ បាន​ជួយ​ឲ្យ​កុមារ​តូចៗ​នៅ​តំបន់​ដាច់​ស្រយាល​ទាំង​នោះ​ឲ្យ​មាន​លទ្ធភាព​ទទួល​បាន​ការ​អប់រំ​ ដូច​កុមារ​ក្នុង​ទី​ប្រជុំជន​ និង​អាច​ធានា​បាន​ថា​ បរិយាកាស​សិក្សា​របស់​ពួកគេ​មាន​សុវត្ថិភាព។

លោក ​ផែន ​ប៊ុនធឿន ពន្យល់​ប្រាប់ VOA ថា៖

«ពី​ព្រោះ​កុមារ​ទៅ​ចម្ការ​ កាល​ណា​ចម្ការ​ទៅ​ឆ្ងាយ​បន្តិច​ វា​មាន​ព្រៃ​ មាន​អី។ យើង​អត់​អាច​អនុញ្ញាត​ឲ្យ​កុមារ​ដើរ​មក​រៀន​ឆ្ងាយ​ ដែល​វា​អាច​ប្រឈម​នឹង​បញ្ហា​ផ្សេងៗ​ដែល​យើង​អត់​អាច​មើល​ឃើញ​ ដូច​ជា​ការ​រំលោភបំពាន។​ ចឹង​យើង​ត្រូវ​ចល័ត​សាលា​របស់​យើង​ពី​ទីតាំង​មួយ​ទៅ​ទីតាំង​មួយ​ ដើម្បី​ធានា​ថា​ ពួក​គាត់​មាន​សុវត្ថិភាព​ ហើយ​គាត់​អាច​មក​រៀន​បាន​នៅ​ចម្ការ​របស់​គាត់»។

«មត្តេយ្យ​សហគមន៍​ចល័ត»​ គឺ​ជា​សាលា​ដែល​ផ្លាស់​ប្តូរ​ទៅ​តាម​ការ​ផ្លាស់​ទី​របស់​ប្រជា​ពលរដ្ឋ​នៅ​តាម​តំបន់​ដាច់​ស្រយាល​ក្នុង​ខេត្ត​រតនគិរី ជា​ពិសេស​នៅ​ពេល​ដែល​ពួក​គេ​ផ្លាស់​ប្តូរ​កន្លែង​រស់​នៅ​រយៈពេល​វែង​ក្នុង​រដូវ​ប្រមូល​ផល​ស្រូវ​ចម្ការ​ ដែល​ចាប់​ផ្តើម​ចេញ​ពី​ខែ​មិថុនា​ ដល់​ខែ​ធ្នូ​រៀង​រាល់​ឆ្នាំ។

លោក​ ផែន ​ប៊ុនធឿន​ រៀបរាប់​អំពី​មតេ្តយ្យ​ចល័ត​យ៉ាង​ដូច្នេះ​ថា៖

«ចឹង​មតេ្តយ្យ​ចល័ត​ហ្នឹង​ គឺ​យើង​មាន​ជា​កង់ មាន​ជា​កផា​សម្រាប់​ដាក់​សម្ភារៈ​រៀន​ និង​បង្រៀន​របស់​គាត់។ ហើយ​យើង​ប្រើ​តង់​មួយ​តូច​ យើង​ប្រើ​តង់ ហើយ​និង​ខ្សែ​ ដល់​ពេល​យើង​ទៅ​ដល់​ក្រោម​ដើម​ឈើ​ ឬ​សំយាប​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ យើង​លា​តែ​តង់​ទៅ​ យើង​អាច​បង្រៀន​បាន​ហើយ»។

បច្ចុប្បន្ន​នេះ ​មតេ្តយ្យ​សហគមន៍​ចល័ត​នេះ​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ស្រុក​ចំនួន​៣​ក្នុង​ខេត្ត​រតនគិរី ដែល​មាន​ចម្ងាយ​ប្រមាណ​៧០​គីឡូម៉ែត​ពី​ទីរួម​ខេត្ត។ ស្រុក​ទាំង​នោះ​គឺ​ស្រុក​វើនសៃ​ ស្រុក​តាវែង​ និង​ស្រុក​អណ្តូង​មាស។ មតេ្តយ្យ​ចល័ត​ចំនួន​៦​ដែល​ផ្តួច​ផ្តើម​ដោយ​អង្គការ​ភ្លែន​អន្តរជាតិ​នេះ​បាន​ផ្តល់​ឱកាស​ឲ្យ​កុមារ​ជនជាតិ​ដើម​ភាគ​តិច​ប្រមាណ​១០០​នាក់​ទទួល​បាន​ការ​អប់រំ។

លោក ​ផែន ​ប៊ុនធឿន​ ប្រធាន​ប្រតិបត្តិ​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា​ប្រចាំ​ខេត្ត​រតនគិរី ​នៅ​ខេត្តរតនគិរី​ ​កាល​ពី​ថ្ងៃច័ន្ទ ​ទី១២ ​ខែ​ធ្នូ​ ឆ្នាំ​២០១៦។ (ហ៊ាន សុជាតា/VOA)
លោក ​ផែន ​ប៊ុនធឿន​ ប្រធាន​ប្រតិបត្តិ​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា​ប្រចាំ​ខេត្ត​រតនគិរី ​នៅ​ខេត្តរតនគិរី​ ​កាល​ពី​ថ្ងៃច័ន្ទ ​ទី១២ ​ខែ​ធ្នូ​ ឆ្នាំ​២០១៦។ (ហ៊ាន សុជាតា/VOA)

លោក ​ផែន ​ប៊ុនធឿន ពន្យល់​ពី​គំនិត​ផ្តួច​ផ្តើម​បង្កើត​សាលា​«មត្តេយ្យ​ចល័ត​សហគមន៍»​នេះ។​

«នៅ​ពេល​ដែល​ម្តាយ​នៅ​ផ្ទះ​ គឺ​គាត់​ឲ្យ​រៀន​មត្តេយ្យ​នៅ​ភូមិ​ តែ​ពេល​គាត់​ទៅ​ចម្ការ​ គាត់​ត្រូវ​យក​កូន​គាត់​ទៅ​ដែរ។​ ហើយ​គាត់​ទៅ​មិន​មែន​វិល​ល្ងាច​ទេ​ គឺ​រយៈពេល​៥ខែ​ ឬ​៦​ខែ។​ នៅ​ពេល​ដែល​ប្រជា​ពលរដ្ឋ​ប្រមូល​ផ្តុំ​នៅ​ចម្ការ​របស់​គាត់​ ឃើញ​២៥​ឬ​៣០​គ្រួសារ​ ហើយ​ឃើញ​សិស្ស​ត្រូវ​ចូល​រៀន​ដល់​១០ ឬ​២០​នាក់​អី​ចឹង​ទៅ​។ ចឹង​យើង​ត្រូវ​សាងសង់ ឬ​បង្កើត​មត្តេយ្យ​ចល័ត​នៅ​ទី​នោះ​មួយ​ទៀត»។

លោក​ ប៊ុនធឿន​ លើក​ឡើង​ថា ​ការ​ដែល​អង្គការ​ភ្លែន​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​ចំពោះ​កុមារ​ក្នុង​ខេត្ត​រតនគិរី រហូត​ឈាន​ដល់​ការ​បង្កើត​ឲ្យ​មាន​មតេ្តយ្យ​ចល័ត​នេះ​ ដោយសារ​តែក្នុង​ខេត្ត​រតនគិរី​ មិន​សូវ​មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ធ្វើ​ការ​ដើម្បី​លើក​កម្ពស់​ការ​អប់រំ​កុមារ​ក្នុង​ខេត្ត​នេះ។ ការណ៍​នេះ​ បាន​ធ្វើ​ឲ្យ​កុមារ​ក្នុង​ខេត្ត​នេះ​ មាន​លទ្ធភាព​តិចតួច​ក្នុង​ការ​ទទួល​បាន​ការ​អប់រំ​និង​អភិវឌ្ឍ​ខ្លួន។

គម្រោង​សាលា​មតេ្តយ្យ​សហគមន៍​ចល័ត​នេះ​ គឺ​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​គាំពារ​ និង​ការ​អភិវឌ្ឍ​កុមារ​តូច​ក្រោម​អាយុ​៥ឆ្នាំ​នៃ​ផែនការ​យុទ្ធសាស្ត្រ​ប្រចាំ​ឆ្នាំ​របស់​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា។

លោក​ ប៊ុនធឿន បន្ថែម​ថា​ កុមារ​មាន​ការ​អភិវឌ្ឍ​ច្រើន​ក្រោយ​ទទួល​បាន​ការ​អប់រំ​ពី​ថ្នាក់​មត្តេយ្យ​នោះ​ ជា​ពិសេស​ផ្នែក​សុជីវធម៌​ សីលធម៌​ ការ​ទំនាក់ទំនង​ និង​ភាព​ក្លាហាន។

«ការ​វិវត្ត​របស់​ក្មេង​ពី​៣ឆ្នាំ​ទៅ​៥ឆ្នាំ​នេះ​ គឺ​វិវត្តន៍​ខ្លាំ​ង​មែន​ទែន​ ទៅ​លើ​ការ​អប់រំ​ ការ​សិក្សា​ ក្មេង​ចាប់​បាន​ច្រើន​ណាស់។​ គឺ​ទៅ​លើ​ការ​ច្រៀង​រាំ​ ការ​គូរ​រូប​ ការ​គិត​ពី​ពណ៌​ បន្សាំ​គាត់​ឲ្យ​ស្គាល់​មិត្តភក្តិ​ ឲ្យ​ស្គាល់​គ្រូ​ ឲ្យ​គាត់​យក​ចិត្ត​ទុកដាក់​ទៅ​លើ​ការ​សិក្សា​កុមារ​ដឹង​ថា​ ត្រូវ​ក្រោក​ម៉ោង​៧​ ព្រោះ​ម៉ោង​៧​កន្លះ​គាត់​ត្រូវ​ចូល​សាលា​ បង្កើត​កុមារ​ឲ្យ​មាន​ការ​ទទួល​ខុសត្រូវ។ ចឹង​គាត់​ត្រៀម​រួច​រាល់​ស្រេច​(ដូច​កីឡាករ)​ដើម្បី​ឡើង​លើ​រិញ»។

បើ​តាម​លោក ​ផែន ​ប៊ុនធឿន​ ការ​សិក្សា​ជា​សាកល​បង្ហាញ​ថា ​កុមារ​ដែល​បាន​ចូលរៀន​ថ្នាក់​មតេ្តយ្យ​ ជា​ទូទៅ​អាច​ចាប់​បាន​ចំណេះ​ដឹង​នៅ​ថ្នាក់​បឋមសិក្សា​ច្រើន​ជាង​កុមារ​ដែល​មិន​បាន​ឆ្លង​កាត់​ថ្នាក់​មតេ្តយ្យ។​ មួយ​វិញ​ទៀត​ ​មតេ្តយ្យសិក្សា​ក៏​រួម​ចំណែក​កាត់​បន្ថយ​អត្រា​បោះបង់​ការ​សិក្សា​របស់​កុមារ​ផង​ដែរ។

អ្នកស្រី​ ចាន់​ ខាំឃឿ​ ប្រធាន​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ខេត្ត​រតនគិរី ​ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​ នៅ​ខេត្ត​រតនគិរី​ កាល​ពី​ថ្ងៃច័ន្ទ ទី​១២ ខែ​ធ្នូ​ ឆ្នាំ​២០១៦។ (ហ៊ាន សុជាតា​/VOA)
អ្នកស្រី​ ចាន់​ ខាំឃឿ​ ប្រធាន​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ខេត្ត​រតនគិរី ​ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​ នៅ​ខេត្ត​រតនគិរី​ កាល​ពី​ថ្ងៃច័ន្ទ ទី​១២ ខែ​ធ្នូ​ ឆ្នាំ​២០១៦។ (ហ៊ាន សុជាតា​/VOA)

អ្នកស្រី​ ចាន់​ ខាំឃឿ​ ប្រធាន​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ខេត្ត​រតនគិរី ​បាន​បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​វត្ត​មាន​នៃ​មតេ្តយ្យ​សហគមន៍​ចល័ត​នេះ។ អ្នក​ស្រី​លើក​ឡើង​ថា​មតេ្តយ្យ​សហគមន៍​ចល័ត​បាន​ឆ្លើយ​តប​ទៅនឹង​តម្រូវការ​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​ខេត្ត​រតនគិរី។

«គម្រោង​នេះ​ វា​មាន​អត្ថ​ប្រយោជន៍​សម្រាប់​បងប្អូន​នៅ​តំបន់​ខ្ពង់រាប​ ​ដែល​គាត់​ធ្វើ​ស្រែ​ ធ្វើ​ចម្ការ​ឆ្ងាយ​ពី​ផ្ទះ​របស់​គាត់។ ចឹង​មតេ្តយ្យ​ចល័ត​ហ្នឹង​ គឺ​បាន​ចល័ត​ទៅ​ដល់​ក្រុម​ដែល​គាត់​នៅ​ចម្ការ​ជិតៗ​គ្នា​ហ្នឹង​ ក្រុម​ធ្វើស្រែ​នៅ​ជិតៗ​គ្នា​ហ្នឹង​បាន​រៀន។​ នៅ​ទី​នេះ​ រដូវ​ធ្វើ​ស្រែ​ចម្ការ​ គាត់​ទៅ​នៅ​ស្រែ​ចម្ការ​ ដល់​រដូវ​ប្រមូល​ផល​រួច​ បាន​គាត់​ចូល​ភូមិ។ ចឹង​មតេ្តយ្យ​ត្រូវ​បាន​ចល័ត​ទៅ​តាម​គាត់»។

​នៅ​ក្នុង​របាយការណ៍​របស់​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ខេត្ត​រតនគិរី ​បង្ហាញ​ថា​ ខេត្ត​រតនគិរី​មាន​មត្តេយ្យ​រដ្ឋ​ចំនួន​៤៦​ មត្តេយ្យ​សហគមន៍​ចំនួន​៩១ និង​មត្តេយ្យ​ឯកជន​ចំនួន​៥​កន្លែង។​ យ៉ាង​ណា​ក៏​ដោយ​ ខេត្ត​នេះ​នៅ​តែ​ប្រឈម​នឹង​បញ្ហា​ខ្វះ​ខាត​អគារ​សិក្សា បណ្ណាល័យ​ និង​គ្រូបង្រៀន​នៅ​តំបន់​ដាច់​ស្រយាល៕

XS
SM
MD
LG