ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

និស្សិត​ខ្មែរ​ធ្វើ​ឧបករណ៍​ទូរ​បញ្ជា​តាម​ទូរស័ព្ទដៃ


និស្សិត​ខ្មែរ​ យឹម ប៊ុនឆាត
និស្សិត​ខ្មែរ​ យឹម ប៊ុនឆាត
ដោយ៖ គុណ ចិន្តា​
​ភ្នំពេញ​៖ និស្សិត​ខាង​បច្ចេកវិទ្យា​មួយ​ក្រុមនិយាយ​ថា ​បច្ចុប្បន្ន​នេះ ​ពួកគេ​អាច​បង្កើត​ឧបករណ៍​សម្រាប់​បញ្ជា​តុក្កតា​យន្ត ​និង​គ្រឿង​អគ្គិសនី​ក្នុង​ផ្ទះ​ ដោយ​ប្រើ​ទូរស័ព្ទ​ដៃ​បាន។ ​
ឥឡូវ​នេះ​ អ្នក​អាច​បញ្ជា​តុក្កតា​យន្ត​និងគ្រឿង​អគ្គិសនី​នៅក្នុង​ផ្ទះរបស់​អ្នក​ ដោយ​ប្រើ​ទូរស័ព្ទដៃ​បាន។​

នេះ​គឺ​ជា​គំនិត​ច្នៃ​ប្រឌិត​ថ្មី​របស់​និស្សិត​ខ្មែរ​មួយ​ក្រុម​នៅក្នុងទីក្រុង​ភ្នំពេញ។​
ទេព សុផាត់ត្រា គឺ​ជា​និស្សិត​ម្នាក់​នៅក្នុង​ក្រុម​នេះ។

«ប្រសិន​បើ​យើង​មាន​ទូរស័ព្ទ​ដៃ​មួយ​ដែល​ប្រើ​Android យើង​អាច​បិទ​ បើក​ភ្លើង​ឬ​ក៏​គ្រឿង​ដែល​ប្រើ​អគ្គិសនី​ទាំង​អស់​នៅក្នុង​ផ្ទះ​បាន​ ដោយ​មិន​ចាំបាច់​ចំណាយ​ពេល​ច្រើន»។​
អ្នក​ចូលចិត្ត​ខាង​បច្ចេកវិទ្យា​ទាំង​នេះ​បាន​មក​ជួបជុំ​គ្នា​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ​នៅក្នុង​ព្រឹត្តិការណ៍​ចែក​រំលែក​ចំណេះ​ដឹង​ទាក់​ទង​នឹង​បច្ចេក​វិទ្យា​មួយដែល​គេ​ហៅ​ថា BarCamp ។​

ក្រុម​និស្សិតទាំង​នេះ ​ដែល​មក​ពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ​និយាយ​ថា តុក្កតា​យន្ត​និង​គ្រឿង​អគ្គិសនី​ដែល​បញ្ជា​ដោយ​ទូរស័ព្ទ​ដៃ​នេះ ​ដំណើរ​ការ​ទៅ​បាន​តាម​រយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​ប៊្លូធូស។ ​

យឹម ប៊ុនឆាត គឺ​ប្រធាន​ក្រុម​និស្សិត​ទាំង​នេះ។

«បាន​ជា​យើង​ត្រូវ​ការ​បង្កើត​អាហ្នឹង ​ព្រោះ​ថា ​សព្វថ្ងៃ​នេះ ​បច្ចេកវិទ្យា​ទូរស័ព្ទ​ កំពុង​តែ​រីក​ចម្រើន​ ហើយ​មនុស្ស​ស្ទើរ​គ្រប់គ្នា​មាន​កាន់​ទូរស័ព្ទ​អស់​ហើយ​ អញ្ចឹង​គេ​ត្រូវការ​តែ​Robot តែ​មួយ​មក​ ហើយ​នឹង​ទូរស័ព្ទ ​គេ​អាច​ធ្វើការ​ជាមួយ​នឹង​Robot​នោះ​បាន​ហើយ»។​

ប្រទេស​កម្ពុជា​ត្រូវ​គេ​មើល​ឃើញ​ថា ​ស្ថិត​នៅ​ក្រោយ​ឆ្ងាយ​ពី​ប្រទេស​ជិតខាង​របស់​ខ្លួន​ទៅ​ទៀត ​ខាង​វិស័យ​បច្ចេក​វិទ្យា​នេះ។ ​ប៉ុន្តែ​ក្រុម​និស្សិត​ដែល​ចូល​ចិត្ត​ខាង​វិស័យ​នេះ​រំពឹង​ថា​ ពួកគេ​នឹង​អាច​ជួយ​កែប្រែ​ស្ថានភាព​នេះ។ ​

យឹម ប៊ុនឆាតនិយាយថា៖
«កាលណា​ប្រទេស​យើង​អត់​មាន​បច្ចេកវិទ្យា​អី​សោះ ​យើង​ដូច​ជា​រស់​នៅ​ក្នុង​សម័យ​កាល​មួយ​ដែល​មនុស្ស​អត់​ទាន់​ចេះ​អី​សោះ​ នៅក្នុង​សម័យ​កាល​មួយ​ដែល​រក​តែ​ភ្លើង​ប្រើ​មិន​បាន​ផង។​ អញ្ចឹង​តើ​យើង​អាច​ទៅ​តាម​ទាន់​គេ​ដែល​គេ​ទៅ​ដល់​មេឃ​ ដល់​ផ្កាយ ​ទៅ​ដល់ភព​ព្រះច័ន្ទ​អីអស់​ទៅ​ហើយ​ ម៉ិចនឹង​កើត? ​អញ្ចឹង​យើង​គិត​ថា ​Technology (បច្ចេកវិទ្យា) ​ហ្នឹង​នឹង​អាច​ជួយ​ពង្រឹង​ប្រទេស​យើង ​អាច​នាំ​មុខមាត់​ជូន​ប្រទេស​យើង​ទៅ​មុខ​ទៀត​ដែរ»។​
ក្រុម​និស្សិត​ទាំង​នេះ​និយាយ​ថា ​ចាប់​ពី​ពេល​នេះ​ទៅ ​ពិភព​លោក​នឹង​មើល​ឃើញ​ថា ​ប្រជាជន​កម្ពុជា​ក៏​មាន​សមត្ថភាព​បង្កើត​អ្វី​ថ្មីៗ​ដោយ​ខ្លួន​ឯង​បាន​ដែរ៕​
XS
SM
MD
LG