មេដឹកនាំប្រទេសមីយ៉ាន់ម៉ាលោកស្រី អង់សាន ស៊ូជី បានលុបចោលគម្រោងចូលរួមនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិក្នុងខែនេះ ស្របពេលដែលមានការកើនឡើងនូវការរិះគន់ពីអន្តរជាតិទៅលើការដោះស្រាយរបស់លោកស្រីជាមួយនឹងអំពើហិង្សានៅក្នុងតំបន់ភាគខាងលិចប្រទេសមីយ៉ាន់ម៉ា។ អំពើហិង្សានេះបានបង្ខំជាតិសាសន៍រ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាម ប្រហែល ៣ សែន ៧ ម៉ឺននាក់ ឲ្យរត់គេចឆ្លងព្រំដែនទៅកាន់ប្រទេសបង់ក្លាដែស។
អ្នកនាំពាក្យរដ្ឋាភិបាលមីយ៉ាន់ម៉ាលោក Zaw Htay បាននិយាយនៅថ្ងៃពុធនេះថា លោកស្រី អង់សាន ស៊ូជី ដែលជាអ្នកជ័យលាភីពានរង្វាន់ណូបែលសន្តិភាព នឹងស្ថិតនៅក្នុងប្រទេសមីយ៉ាន់ម៉ាដើម្បីដោះស្រាយជាមួយស្ថានការណ៍សន្តិសុខដែលកំពុងតែបន្តកើតឡើង។
លោកស្រី អង់សាន ស៊ូជី ត្រូវបានគេចាត់ទុកថាជានិមិត្តរូបនៃលទ្ធិប្រជាធិបតេយ្យ ដោយសារតែលោកស្រីត្រូវបានអតីតមេដឹកនាំយោធាមីយ៉ាន់ម៉ាឃុំខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍។ ប៉ុន្តែ ការណ៍ដែលលោកស្រីច្រានចោលសេចក្ដីរាយការណ៍នានាអំពីស្ថានការណ៍យ៉ាប់យ៉ឺនរបស់ជាតិសាសន៍រ៉ូហ៊ីងយ៉ានៅក្នុងរដ្ឋ Rakhine ថាជា «ព័ត៌មានប្រឌិត» ដែលធ្វើឡើងដើម្បីគាំទ្រផលប្រយោជន៍របស់ «ពួកភេរវជន» នោះ បានទទួលរងការរិះគន់ពីសំណាក់រដ្ឋាភិបាល និងសកម្មជនសិទ្ធិមនុស្សនានា ដែលក្នុងនោះរួមទាំងអ្នកជ័យលាភីពានរង្វាន់ណូបែលសន្តិភាពដូចលោកស្រីផងដែរ។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគ្រោងនឹងបើកកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃពុធនេះ ដើម្បីពិភាក្សាអំពីបញ្ហាអំពើហិង្សា និងវិបត្តិមនុស្សធម៌ជាបន្តបន្ទាប់នៅក្នុងរដ្ឋ Rakhine។ កិច្ចប្រជុំនេះត្រូវបានស្នើឡើងដោយចក្រភពអង់គ្លេស និងប្រទេសស៊ុយអែតកាលពីថ្ងៃចន្ទកន្លងទៅនេះ បន្ទាប់ពីប្រធានឧត្ដមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិលោក Zeid Ra'ad al-Hussein បានហៅទង្វើដែលធ្វើទៅលើជាតិសាសន៍រ៉ូហ៊ីងយ៉ាថាជា «ឧទាហរណ៍នៃការបោសសម្អាតជាតិសាសន៍»៕