ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មនុស្ស៧៧នាក់បានស្លាប់ក្នុងគ្រោះរញ្ជួយផែនដីនៅអេក្វាដ័រ


មនុស្ស៧៧នាក់បានស្លាប់ក្នុងគ្រោះរញ្ជួយផែនដីនៅប្រទេសអេក្វាដ័រ ហើយមនុស្ស​រាប់​រយ​នាក់​ទៀតបាន​រង​របួស។

ចំនួន​មនុស្ស​ស្លាប់​ពីគ្រោះរញ្ជួយផែនដី​ដ៏​ខ្លាំង​មួយ​នៅ​ក្នុង​ប្រទេស​អេក្វាដ័រ ​បាន​ឡើង​ទៅ​ដល់​៧៧នាក់​។ មនុស្ស​រាប់​រយ​នាក់​ទៀត ​បាន​រង​របួស។

លោក Jorge Glas អនុ​ប្រធានា​ធិបតី ​មាន​ប្រសាសន៍​ថា ​ចំនួន​មនុស្ស​ស្លាប់ ​ទំនង​ជា​នឹង​កើន​ឡើង​នៅពេល​ដែលសេចក្តី​រាយការណ៍​ពី​ជុំវិញ​ប្រទេសបន្ត​ហូរចូល។

ក្រុម​ជួយ​សង្គ្រោះ ​កំពុង​ខិត​ខំ​ឲ្យ​ទៅ​ដល់​កំពង់ផែ​នេសាទដែល​មាន​មនុស្ស​រស់​នៅ​ដុំៗ និង​ឆ្នេរសមុទ្រ​សម្រាប់​ទេសចរណ៍ ដែល​នៅ​ទី​នោះ​គ្រោះរញ្ជួយ​ផែនដី​កាល​ពី​យប់​ថ្ងៃ​សៅរ៍។

លោក Glas បាន​និយាយ​ថា ​«វា ​ជាការសំខាន់​ណាស់​ដែល​ប្រជា​ពលរដ្ឋ​អេក្វាដ័រ​នៅ​រក្សា​ភាព​ស្ងប់​ស្ងាត់​ក្នុង​អំឡុង​ពេល​មានភាព​អាសន្ននេះ‍»។

ការសិក្សា​ភូគុព្ភសាស្រ្ត​សហរដ្ឋ​អាមេរិក​ ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​គ្រោះរញ្ជួយផែនដី​ដែល​មាន​កម្លាំង៧,៨ បាន​កើត​មាន​ឡើង​កាល​ពី​យប់​ថ្ងៃ​សៅរ៍​នៅ​តាម​បណ្តោយ​ឆ្នេរសមុទ្រ​នៃ​ប្រទេសក្នុង​តំបន់​អាមេរិក​ខាង​ត្បូង​នេះ។

គ្រោះរញ្ជួយផែនដី​នេះ ​ស្ថិត​នៅ​ចម្ងាយ១៧០គីឡូម៉ែត្រពី​រដ្ឋ​ធានីគីតូ (Quito) ​ដែល​នៅ​ទី​នោះ​គ្រោះរញ្ជួយ​ផែនដី​នោះ ​បានកាត់​ផ្តាត់​ចរន្ត​អគ្គីសនី ​ហើយ​នឹង​ទូរស័ព្ទចល័ត​នៅ​ក្នុង​សង្កាត់​មួយ​ចំនួន។ អាគារ​នៅរដ្ឋធានីគីតូ​បាន​យោល​ផ្អៀង​ប្រហែល​៤០​វិនាទី ​ដែល​បណ្តាល​ឲ្យ​មនុស្ស​រត់​ចេញ​មកតាម​ផ្លូវ។

ស្ពាន​មួយ​បាន​បាក់​នៅ​ក្នុង​ទីក្រុង​កំពង់ផែ Guayaquil។

អាកាសយានដ្ឋាន​នៅ​ក្នុង​ទីក្រុងម៉ង់តា​បាន​បិទ​បន្ទាប់​ពីកន្លែង​ត្រួតពិនិត្យ ​បាន​ខូច​ខាត។

លោក Glas មាន​ប្រសាសន៍​ទៀត​ថា ​ឆ្មាំ​ការពារ​ជាតិ ​បាន​ត្រុវ​ដាក់​ពង្រាយ​ដើម្បី​រក្សា​សណ្តាប់​ធ្នាប់​សាធារណៈ។

មាន​ការ​ចេញការ​ព្រមាន​ពី​រលក​យក្ស​ស៊ូណាមិ ក៏ប៉ុន្តែ ​មិនមាន​សេចក្តី​រាយការណ៍​ភ្លាម​ៗ​ពី​រលក​នោះ​ទេ។

ប្រធានា​ធិបតី Rafael Correa មិន​បាន​ស្ថិត​នៅ​ក្នុង​ប្រទេស​អេក្វាដ័រ​នៅ​ពេល​រញ្ជួយផែនដី​នោះ​ទេ។​លោក ​បាន​ស្ថិត​នៅ​ក្នុង​ទីក្រុង​រ៉ូម​បន្ទាប់​ពី​ចូល​រួម​សន្និសិទ​នៅ​វិមាន​វ៉ាទីកង់ (Vatican) កាល​ពី​ថ្ងៃ​សុក្រ។​លោក​ប្រធានា​ធិបតី ​បាន​និយាយ​កាល​ពី​ដំបូង​ថា ពេល​វេលា​លឿន​បំផុត​ដែល​លោក​អាច​នឹង​វិលត្រឡប់​ទៅ​កាន់​ប្រទេស​អេក្វាដ័រ​វិញ​នៅ​រសៀល​ថ្ងៃ​អាទិត្យ​នេះ៕

XS
SM
MD
LG