ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ស្តូប​ជា​និមិត្តរូប​សំណង​សមូហភាព​សម្ពោធ​នៅ​អតីត​គុក​ទួលស្លែង

  • គង់ សុឋានរិទ្ធិ

បូជនីយដ្ឋាន​រំឭក​វិញ្ញាណ​ក្ខន្ធ​ជន​រងគ្រោះ​​ក្នុង​គុក​ទួលស្លែង (រូប​ថត​ផ្តល់​ឲ្យ​ដោយ​សាលាក្តី​ខ្មែរ​ក្រហម)

លោក ​សុខ អាន ​តំណាង​រដ្ឋាភិបាល​កម្ពុជា​ លោក​ Joachim Baron von Marschall ​ឯកអគ្គ​រដ្ឋទូត​សហព័ន្ធ​អាល្លឺម៉ង់​ប្រចាំ​ប្រទេស​កម្ពុជា​ និង​តំណាង​សាលាក្តី​ខ្មែរក្រហម​បានសម្ពោធបូជនីយ​ដ្ឋាន​នៃ​ការ​ចងចាំមួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​នៅ​អតីត​គុក​ទួលស្លែង។​

អ្នក​ទោស​នៅ​ទី​នេះ​ ​យ៉ាង​ហោចណាស់​ចំនួន​១២៣៨០​នាក់​ត្រូវ​បាន​ធ្វើ​ទារុណ​កម្ម​យ៉ាង​ឃោរឃៅ​ និង​សម្លាប់​ចោល​ដោយ​ពួក​ខ្មែរក្រហម។

បូជនីយដ្ឋាន​នេះ​ធ្វើ​ឡើង​សម្រាប់​រំឭក​វិញ្ញាណ​ក្ខន្ធ​ជន​រង​គ្រោះ​ទាំង​នេះ​ និង​ជា​ផ្នែក​មួយ​នៃ​សំណងជា​និមិត្ត​រូប​ផ្នែក​ផ្លូវ​ចិត្ត ​និង​ជា​សមូហ​ភាព​ដល់​ជន​រង​គ្រោះ​ និង​គ្រួសារ​របស់​ពួក​គេ។ ​ឈ្មោះ​ជន​រង​គ្រោះ​ត្រូវ​ឆ្លាក់​លើ​ថ្ម​ម៉ាប​ពណ៌​ខ្មៅ​ ដែល​គេ​សង់​លើ​ដី​ជា​រាង​ក្តារ​មឈូស​ដែល​តំណាង​ឲ្យ​ផ្នូរ​របស់​ជន​រងគ្រោះ។​ ហើយ​ថ្ម​ម៉ាប​ពណ៌​ខ្មៅ​នេះ​ត្រូវ​គេ​សង់​ព័ទ្ធ​ជុំវិញ​ស្តូបរាង​បួន​ជ្រុង ​កម្ពស់៦​ម៉ែត្រ​ និង​មាន​ដំបូល​ក្បាច់​រចនា​ដូច​ជា​ក្បាច់​ប្រាសាទ​ខ្មែរ។ ​នៅ​លើ​ជញ្ជាំង​នៃ​ស្តូប​បូជនីយកិច្ច​នេះ​មាន​សរសេរ​អក្សរ​ជា​បី​ភាសា​គឺ​ខ្មែរ​ បារាំង ​និង​អង់គ្លេស​ ដែល​មាន​ន័យ​ថា​«ចងចាំ​គ្មាន​ថ្ងៃ​ភ្លេច​នូវ​ឧក្រិដ្ឋ​កម្ម​ក្នុងរបប​កម្ពុជា​ប្រជាធិបតេយ្យ»។​

ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់និង​លោក​ឧបនាយករដ្ឋមន្ត្រី​ សុខ អាន ចូល​រួម​នៅ​ក្នុង​ពិធី​សម្ពោធ​បូជនីយដ្ឋាន​ថ្មី​មួយ​នៅ​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួល​ស្លែង​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៥។ (ប៉ូច រាសី/VOA)
ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់និង​លោក​ឧបនាយករដ្ឋមន្ត្រី​ សុខ អាន ចូល​រួម​នៅ​ក្នុង​ពិធី​សម្ពោធ​បូជនីយដ្ឋាន​ថ្មី​មួយ​នៅ​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួល​ស្លែង​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៥។ (ប៉ូច រាសី/VOA)

លោក​សុខ​ អាន​ ​រដ្ឋ​មន្ត្រីទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី ​និង​ជា​ប្រធាន​ក្រុម​ការងារ​របស់​រដ្ឋាភិបាល​ទទួល​បន្ទុក​កិច្ចការ​សាលាក្តី​ខ្មែរក្រហម​ បាន​ថ្លែង​ទៅ​កាន់​អ្នក​រាយ​ការណ៍​ព័ត៌មាន​ក្រោយ​ពីលោក​បាន​ទាញ​ខ្សែ​បូរ​បើក​សម្ពោធ​បូជនីយដ្ឋាន​រំឭក​វិញ្ញាណ​ក្ខន្ធនេះ។​

«ដើម្បី​រំឭក​ ដើម្បី​បញ្ជាក់​ថែម​ទៀត​នូវ​ការ​ចងចាំ​អំពី​ឧក្រិដ្ឋ​កម្ម​ អំពី​អំពើ​ឃោរឃៅ​សព្វ​បែប​យ៉ាង ​ដែលប្រព្រឹត្ត​ក្នុង​អំឡុង​ពេលនៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩»។​

លោក​សុខ អាន​បន្ថែម​ថា​ បូជនីយដ្ឋាន​នេះ​នឹង​ប្រើ​ជា​កន្លែង​អប់រំ​សម្រាប់​យុវជន​ជំនាន់​ក្រោយ​ដើម្បី​ឲ្យ​គេ​ចង​ចាំ​ និង​បញ្ចៀស​កុំ​ឲ្យ​មានរបប​ឃោរឃៅ​បែប​ខ្មែរក្រហម​កើត​មាន​សារ​ជាថ្មី​នៅ​កម្ពុជា។​

ទួល​ស្លែង​គឺ​ជា​អតីត​វិទ្យាល័យ​ ហើយ​ត្រូវ​ពួក​ខ្មែរក្រហម​ប្រែ​ក្លាយ​ទៅ​ជា​មន្ទីរ​ឃុំឃាំង ​និង​សម្លាប់​មនុស្ស​ ក្រោយ​ពី​ពួក​គេ​ឡើង​កាន់​អំណាច​នៅ​ថ្ងៃ​ទី​១៧​ខែ​មេសា​ឆ្នាំ​១៩៧៥។​ គុក​នេះ​ហៅ​ជា​ផ្លូវ​ការ​ដោយ​ពួក​ខ្មែរក្រហម​ថា ជា​មន្ទីរ​សន្តិសុខ​ស-២១។​

អតីត​ប្រធាន​គុក​ទួល​ស្លែង​ឈ្មោះ​កាំង ហ្គិចអ៊ាវ​ ហៅ​ឌុច ​ត្រូវ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ក្នុង​ការ​កាត់​ទោស​សំណុំ​រឿង​០០១។​

បូជនីយដ្ឋាន ​និង​កន្លែង​រំឭក​វិញ្ញាណ​ក្ខន្ធនេះ​ផ្តល់​មូលនិធិ​សាងសង់​ដោយ​រដ្ឋាភិបាល​ប្រទេស​អាល្លឺម៉ង់។​

ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​បូជនីយដ្ឋាន​ថ្មី​មួយ​នៅ​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួល​ស្លែង​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៥។ (ប៉ូច រាសី/VOA)
ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​បូជនីយដ្ឋាន​ថ្មី​មួយ​នៅ​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួល​ស្លែង​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៥។ (ប៉ូច រាសី/VOA)

លោក​ Joachim Baron von Marschall​ ឯក​អគ្គ​រដ្ឋទូត​ប្រទេស​អាល្លឺម៉ង់​ប្រចាំ​ប្រទេស​កម្ពុជា ​បាន​រំឭក​ថា​ ស្តូប​រំឭក​វិញ្ញាណ​ក្ខន្ធ​ជន​រង​គ្រោះ​ដោយ​របប​ខ្មែរក្រហម​នេះគឺ​ជា​កន្លែង​មេរៀន​ និង​ក្តី​សង្ឃឹម​សម្រាប់​ពលរដ្ឋ​កម្ពុជា។​

«ស្តូប​ដែល​យើង​សម្ពោធនៅ​ថ្ងៃ​នេះ​នឹង​ក្លាយ​ជា​និមិត្តរូប​សម្រាប់​ការ​ផ្សះ​ផ្សារ​រវាង​ការ​ភ័យ​រន្ធត់​នៃ​អតីត​កាល​ និង​អនាគត​ដ៏​រីករាយ ​និង​ភ្លឺ​ស្វាង​សម្រាប់​ពល​រដ្ឋ​កម្ពុជា​គ្រប់​រូប។​ វា​មិន​គ្រាន់​តែ​ជា​ទី​កន្លែងនៃ​វិប្បដិសារី ​និង​ទុក្ខសោក​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ជា​កន្លែង​ដែល​ប្រជា​ពល​រដ្ឋ​អាចនឹក​គិត​ពី​ក្តី​សង្ឃឹម​សម្រាប់​អនាគត​ពួក​គេ​និង​អនាគត​នៃ​កូនៗ​របស់​ពួកគេ»។​

ក្នុង​ចំណោម​ជន​រង​គ្រោះនៅ​ក្នុង​គុក​ទួលស្លែង​ជាង​១២០០០​នាក់​នោះ​ ​មានតែ​អតីត​អ្នក​ទោស​មិន​ដល់​ដប់​នាក់​ទេ​ដែល​នៅ​រស់​រាន​មាន​ជីវិត។​

លោក​នង ចាន់ផល ​អតីត​អ្នក​ទោស​កុមារ​នៅ​ទួលស្លែង ​ដែល​ឪពុក​ម្តាយ​របស់​លោក​ត្រូវ​សម្លាប់​នៅ​ទី​នេះ ​លោក​ជុំ ម៉ី និង​លោក​ប៊ូ ម៉េង ​អតីត​អ្នក​ទោស​នៅ​ទីនេះ​ដែរ មាន​វត្តមាន​នៅ​ក្នុ​ងពិធី​សម្ពោធ​បូជនីយដ្ឋាន​នៅ​ថ្ងៃនេះ​ជាមួយ​សមាជិក​គ្រួសារ​នៃ​អ្នកទោស​ដែល​ត្រូវ​សម្លាប់​មួយ​ចំនួន​ទៀត។​

លោក​ជុំ ម៉ី​បាន​លើក​ឡើង​ថា ​ជន​រងគ្រោះ​មាន​ក្តី​រីករាយ​នឹង​ទទួល​យក​ស្តូប​និមិត្តរូបសម្រាប់​ជា​យុត្តិធម៌​របស់​ខ្លួន៕

XS
SM
MD
LG