ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​ឃ្លាំ​មើល​សាលាក្តី​ខ្មែរក្រហម​ទាមទារ​ឲ្យ​អ.ស.ប.​បង្ហាញ​ជំហរ​រឹងប៉ឹង

  • សុខ ខេមរា

រូបឯកសារ៖ អ្នក​ស្រី​ អ៊ឹម ចែម អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​មួយ​រូប (ស្តាំ) ​នៅ​ផ្ទះ​របស់​គាត់​ក្នុង​ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរមាន​ជ័យ។

សាលាក្តី​ខ្មែរក្រហម​ខកខាន​ក្នុង​ការ​នាំខ្លួន​ជន​សង្ស័យ​ពីរ​នាក់​ក្នុង​សំណុំ​រឿង​ខ្មែរក្រហម​ ០០៣ ​និង​០០៤​ ក្រោយ​ពី​សហ​ចៅក្រម​ស៊ើប​អង្កេត​ភាគី​អ.ស.ប.​បាន​ធ្វើការ​ចោទ​ប្រកាន់។​ ការ​ខក​ខាន​នេះ​ត្រូវ​អង្គការ​អន្តរជាតិ​ខ្លះ​ចោទ​ប្រកាន់​ថា ជា​ការ​មិន​សហការ​និង​ជា​ការ​រារាំង​យុត្តិធម៌​ ដោយ​រដ្ឋាភិបាល​កម្ពុជា។

ក្រុម​អ្នក​ឃ្លាំមើល​សាលាក្តី​ខ្មែរក្រហម​ក្នុង​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា​ ជន​សង្ស័យ​ទាំងពីរ ​ដែលធ្លាប់​ធ្វើ​ជា​អភិបាល​ស្រុក ​និង​មេ​បញ្ជាការ​កងទ័ព​នោះ​គឺ​អ្នកស្រី​អ៊ឹម ចែម ​ជន​សង្ស័យ​នៃ​សំណុំ​រឿង​០០៤ ​និង​លោក​មាស មុត ​ជន​សង្ស័យ​ក្នុង​សំណុំ​រឿង​០០៣​ គួរ​ត្រូវ​គេ​នាំ​ខ្លួន​មក​កាន់​តុលាការ​ក្រោយពី​សហ​ចៅក្រម​ស៊ើប​អង្កេត​អ.ស.ប.​គឺលោក​ម៉ាក ​ហាមែន ​(Mark Harmon)​ បានធ្វើ​ការចោទ​ប្រកាន់​កាលពី​ដើមខែ​មីនា​ពាក់​ព័ន្ធ​នឹង​ឧក្រិដ្ឋ​កម្ម​សម័យ​ខ្មែរក្រហម ​ហើយ​ដីកា នោះ​គួរ​ត្រូវ​គេ​បញ្ជូន​ទៅ​ឲ្យ​ប៉ូលិស​ដើម្បី​អនុវត្ត​ក្នុង​ការ​ចាប់​ខ្លួន​ ឬ​នាំ​ខ្លួន។​ តែ​ក្រុម​អ្នក​ឃ្លាំមើល​បន្ថែម​ថា ​អ.ស.ប.មិន​ត្រូវ​ព្រងើយ​ទេ​ក្នុងពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​មិន​សហការ​រឿង​នេះ។​

លោក​បណ្ឌិត​ ចន ស៊ីយ៉ូស៊ីយ៉ារី​ (John Ciorciari)​ សាស្ត្រាចារ្យ​ផ្នែក​គោល​នយោបាយ​សាធារណៈ​នៃសាកល​វិទ្យាល័យ​ Michigan​ និង​ជា​សហ​អ្នក​និពន្ធ​សៀវភៅអំពី​សាលាក្តី​ខ្មែរក្រហម​គឺ ​Hybrid Court ​បានថ្លែង​ថា៖​

«អ.ស.ប.គួរតែ​បង្ហាញ​ជំហរ​ជា​សាធារណៈ​ខ្លាំង​ជាង​មុនប្រឆាំងការ​ជ្រៀត​ជ្រែក​ផ្នែក​នយោបាយ​យូរ​មក​ហើយ ​ហើយ​ចំពោះ​ការ​រារាំង​របស់​រដ្ឋាភិបាល​ក្នុង​សំណុំ​រឿង​០០៣ ​និង​០០៤​គ្មាន​អ្វី​ថ្មី​ទេ»។​

លោក ​ចន ស៊ីយ៉ូស៊ីយ៉ារី​បាន​អះអាង​ថា​ ចំណាប់​អារម្មណ៍​របស់​ក្រុម​ប្រទេស​ម្ចាស់​ជំនួយ​សម្រាប់​សាលាក្តី​ខ្មែរក្រហម​ដែល​កំពុង​ខ្វះ​ថវិកា​នោះ នឹង​ថមថយ​ទៅ​ ប្រសិន​បើ​រដ្ឋាភិបាល​នៅតែ​មាន​ចេតនា​បង្អាក់​ការ​ជំនុំ​ជម្រះ​ទោស​ទៅមុខ​ទៀត ​ហើយលោក​អះអាង​ថា​ បញ្ហា​ខ្វែងគំនិត​គ្នា​មិន​អាច​ដោះស្រាយ​តាម​យន្តការ​ផ្ទៃ​ក្នុង​បាន​នោះ​ទេ។​

«យន្តការ​ផ្ទៃ​ក្នុង​របស់​តុលាការ​នេះគ្មាន​ការ​រៀបចំ​ត្រឹមត្រូវ​ដើម្បី​ដោះស្រាយ​ការ​ប្រឈម​មុខ​ប្រភេទ​នេះ​ទេ។​ បញ្ហា​ចម្បង​ឋិត​នៅ​លើ​កម្រិត​នយោបាយ​ ហើយ​នេះ​ជា​កន្លែង​ដែល​ចាំ​បាច់​ត្រូវ​ដោះស្រាយ»។​

អង្គការ​ឃ្លាំមើល​សាលាក្តីហៅ​ថា ​Open Society ​Justice​ Initiative (OSJI )​របស់​ស.រ.អា.​និយាយ​ក្នុងសេចក្តី​ប្រកាស​ព័ត៌មាន​របស់ខ្លួន​កាលពី​ថ្ងៃច័ន្ទ​ថា​មន្ត្រី​សាលាក្តី​ខ្មែរក្រហម​ភាគី​អ.ស.ប.ត្រូវតែ​ទទួល​ស្គាល់ជា​សាធារណៈ​ថា​រដ្ឋាភិបាល​កម្ពុជា​ពិត​ជា​រារាំង​ដល់​កិច្ចការ​តុលាការ​មែន​ បើ​ពុំ​ដូច្នោះ​ទេសាលាក្តី​ខ្មែរក្រហម​នឹង​ប្រថុយ​នឹង​ការ​បាត់បង់ ​សុច្ចរិតភាព​ និង​កេរ្តិ៍ឈ្មោះ​តុលាការ។​ សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បញ្ជាក់​តាម​ខ្លឹមសារ​ដើម​ថា៖​

«ការ​បដិសេធ​មិន​ធ្វើ​តាម​បទ​បញ្ញត្តិ​ស្របច្បាប់​របស់​តុលាការ​ខ្មែរក្រហម​គឺ​ជា​បញ្ហា​រំខាន​ ហើយ​ការ​ដែលអ.ស.ប. និងក្រុម​មន្ត្រី​អន្តរជាតិ​នៃ​តុលាការ​នេះ​ មិន​ដោះស្រាយ ​ឬ​ថែម​ទាំង​មិន​ទទួល​ស្គាល់​ពេញលេញ​អំពី​ការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ​នោះ​ គឺជា​រឿង​កាន់​តែ​រន្ធត់​ទៅ​ទៀត»។​

អង្គការ​ OSJI ​បន្ថែម​ថា​ ​ការ​មិន​បង្ហាញ​ហេតុការណ៍​ពាក់ព័ន្ធ​នឹង​ការ​មិន​ចាប់​ខ្លួន​អ្នកស្រី​អ៊ឹម ចែម ​និង​លោក​មាស ម៊ុតគឺ​ជា​ការ​អន្តរាយ​ដល់​សុច្ចរិត​ភាព និង​កេរ្តិ៍​ឈ្មោះ​តុលាការ​នេះ​ទាំងស្រុង​ ហើយ​វា​បង្ហាញ​យ៉ាង​ច្បាស់​ក្រឡែត​ថា​ តុលាការ​ក្នុងស្រុក​មាន​ការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ​ និង​បង្ហាញ​ថា ​អ.ស.ប.មិន​បាន​ប្តេជ្ញា​និង​មិន​អាច​ធ្វើតាម​គោល​ការណ៍​ឯករាជ្យ​របស់​តុលាការ ​និង​មិន​អាច​កែ​ទម្រង់​ច្បាប់​ និងនីតិរដ្ឋ​បាន​ទេ។​

រូបឯកសារ៖ មាស មុត ជា​អតីត​មេបញ្ជាការ​កងពល​១៦៤​ទទួល​បន្ទុក​ទាហាន​ជើងទឹក​នៅ​ខេត្ត​ព្រះសីហនុ​និង​កំពត​ក្នុង​សម័យ​ខ្មែរ​ក្រហម។
រូបឯកសារ៖ មាស មុត ជា​អតីត​មេបញ្ជាការ​កងពល​១៦៤​ទទួល​បន្ទុក​ទាហាន​ជើងទឹក​នៅ​ខេត្ត​ព្រះសីហនុ​និង​កំពត​ក្នុង​សម័យ​ខ្មែរ​ក្រហម។

​អង្គការ ​Human Rights ​Watch​ ដែល​មាន​មូលដ្ឋាន​នៅ​ស.រ.អា.​ចោទ​ប្រកាន់​ថា ​ចៅក្រម​ភាគី​កម្ពុជា​ធ្វើតាម​គោល​នយោបាយ​មិន​សហការ​ ដោយ​មិន​បញ្ជូន​ដីការ​ទៅ​ឲ្យ​ប៉ូលិស​លើ​ករណី​ទាំង​នេះ ​ដែល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​គឺ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ធ្លាប់​បាន​ប្រកាស​ទាំង​កំហឹង​ជា​ច្រើន​លើក​ថា ​មិន​ឲ្យ​ចាត់​ការ​នោះ។ ​អង្គការ​នេះ​និយាយ​ថា​ ​បើ​សិនជា​អាជ្ញាធរ​កម្ពុជា​មិន​អាច​នាំខ្លួន​ជន​សង្ស័យ​ពីរនាក់​គឺ​អ្នកស្រី​អ៊ឹម ចែម​ ​និង​លោក​មាស មុតមក​តុលាការ​ទេ ​វាជា​ពេល​វេលា​ដែល​អ.ស.ប.ត្រូវ​ដក​ខ្លួន​ចេញ​ ហើយ​ម្ចាស់​ជំនួយ​មិន​ត្រូវ​ផ្តល់​ការ​គាំទ្រ​ជា​ថវិកា​ដល់​សាលាក្តី​ទៀត​ទេ។​

ប្រតិកម្មតប​ទៅ​នឹង​ការ​រិះគន់​របស់​អង្គការ​សិទ្ធិ​មនុស្ស​ Human Rights​ Watch​ និង​អង្គការ​មួយ​ចំនួន​ទៀត​ដែល​ថា ​រដ្ឋាភិបាល​រារាំង​យុត្តិធម៌​ក្នុង​សំណុំ​រឿង​ខ្មែរក្រហម​០០៣ ​និង​០០៤​ ​ជាពិសេស​លើការ​មិន​នាំ​ខ្លួន​ជន​សង្ស័យ​ពីរ​រូប​មក​តុលាការ​នោះ​ លោក​ឧបនាយក​រដ្ឋមន្ត្រី​សុខ​ អាន​ រដ្ឋមន្ត្រី​នៃ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី ​និង​ជា​ប្រធាន​ក្រុម​ការងារ​ពិសេស​ចរចា​រឿង​តុលាការ​ខ្មែរក្រហម ​បាន​ថ្លែង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា​ រដ្ឋាភិបាល​មិន​អាច​បង្គាប់​តុលាការ​បាន​ទេ។​

«អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ហ្នឹង​គាត់​តែងតែ​ទិតៀន​រដ្ឋាភិបាល​ ​ ហើយ​លើក​នេះ​គាត់​មិនមែន​គ្រាន់​តែ​ទិតៀន​តែ​រដ្ឋាភិបាល​ទេ​ គាត់​ទិតៀន​អ.ស.ប.ដែរ។ ​អញ្ចឹង​នេះ​ជា​ចម្រៀង​ចាស់​ទេ។​ វា​អត់​មាន​អី​ថ្មី​ទេ។​ យើង​មិន​អាច​ទៅ​សង្កត់​ ទៅ​ចង្អុល​ប្រាប់​ចៅក្រម​ថា​ ត្រូវ​ធ្វើ​អញ្ចេះ​ ធ្វើ​អញ្ចុះ​ទេ។បើ​យើង​ចង្អុល​អញ្ចឹង ​វា​ជា​ការ​គាប​សង្កត់​តុលាការ​ ហើយ​វា​ជា​ការ​ខុស​ឆ្គង ​ជា​កំហុស​មួយ​យ៉ាងពិត​ប្រាកដ»។​

លោក​ថ្លែង​បន្ត​ថា​ រឿង​នេះ​គេ​ត្រូវ​រង់ចាំ​ការ​ដោះ​ស្រាយ​រវាង​សហ​ចៅក្រម​អ.ស.ប.និង​សហ​ចៅក្រម​កម្ពុជា​ជា​មុនសិន ​ហើយ​រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​សហការ​ល្អ​ជាមួយអ.ស.ប.។​

ថ្លែង​ប្រាប់​វីអូអេ​ផ្នែក​ខេមរភាសា​ពី​បូរីញូយ៉ក​ អ្នក​នាំពាក្យរង​របស់​អ.ស.ប.​ ​នាង ​Eri Kanako ​បាន​ថ្លែង​ថា ​អ.ស.ប.គាំទ្រ​ការ​តាំង​ចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​នឹង​សាលាក្តី​ខ្មែរក្រហម។​

«អ.ស.ប.​សូម​ស្វាគមន៍​ចំពោះ​អត្ថាធិប្បាយ​អំពី​ការ​តាំង​ចិត្ត​នយោបាយ​របស់​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​ចំពោះ​ដំណើរការ​ឯករាជ្យ​នៃ​សាលាក្តី​ខ្មែរក្រហម​ក្នុង​រង្វង់​មូលដ្ឋាន​នៃ​កិច្ចព្រម​ព្រៀង​រវាង​កម្ពុជា​និង​អ.ស.ប.ស្តីពី​ការ​បង្កើត​តុលាការ​ខ្មែរក្រហម​ហៅ​ថា ​ECCC»។​

លោកស្រី​ថ្លែង​យ៉ាង​ដូច្នេះ​ដោយ​យោង​ថា​ អ្នក​ជំនាញ​ការ​ពិសេស​របស់​លោក​អគ្គ​លេខាធិការ​អ.ស.ប.ទទួល​បន្ទុក​កិច្ចការ​តុលាការ​ខ្មែរក្រហម​គឺ​លោក ​David Scheffer​ បាន​ជួប​ពិភាក្សា​ជាមួយ​លោក​ឧប​នាយក​រដ្ឋមន្ត្រី​ សុខ អាន​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ពុធ​អំពី​បញ្ហា​នានា​ពាក់​ព័ន្ធ​នឹង​ក្តី​បារម្ភ​រៀងៗ​ខ្លួន​ទៅវិញ​ទៅ​មក។​

«នៅ​ទីបញ្ចប់​នៃ​កិច្ច​ប្រជុំ​របស់​ពួក​អស់​លោក​ លោក​ឧប​នាយក​រដ្ឋមន្ត្រី​និង​អ្នក​ជំនាញ​ការ​ពិសេស​អ.ស.ប.បាន​ថ្លែង​ថា​ ពួក​អស់​លោក​បាន​សម្តែង​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ជាបន្ត​ទៀត​ចំពោះ​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​ការ​អនុវត្ត​តាម​មាត្រា​ច្បាប់​ទាំងអស់​របស់​តុលាការ​ខ្មែរក្រហម​ និង​កិច្ច​ព្រមព្រៀង​ដើម្បី​គោរព​តាម​បទ​បញ្ញតិ​ច្បាប់​និង​នីតិវិធី​របស់​សាលាក្តី​ខ្មែរក្រហម ​ECCC»។​

ភាគី​ទាំងពីរ​ពុំ​បាន​បញ្ជាក់​ថា​ ការ​ជួប​ប្រជុំ​នោះពិភាក្សា​រឿង​អ្វី​ទេ ​តែ​ការ​ជួប​ប្រជុំ​រវាង​ភាគី​ទាំងពីរ​នេះ​គឺ​អ.ស.ប.និង​កម្ពុជា​នេះ​គឺ​កើតឡើង​ ក្រោយ​ពេលមាន​ការ​រិះគន់​ពី​អង្គការ​អន្តរជាតិ​ និង​អ្នក​ឃ្លាំមើល​ទាក់ទង​នឹង​ការ​រារាំង​យុត្តិធម៌ ​ហើយនឹង​ការ​ទាមទារ​ឲ្យ​អ.ស.ប.ដក​ខ្លួន​ចេញ​ពី​ដំណើរការ​សាលាក្តី​នេះ។​

ប្រទេស​កម្ពុជា​និង​អ.ស.ប.ធ្លាប់​មាន​ការខ្វែង​គំនិត​គ្នា​លើ​បញ្ហា​កិច្ច​សហការ​ជា​ច្រើន​លើក​មក​ហើយ​ ហើយ​ចៅក្រម​អន្តរជាតិ​ខ្លះ​បាន​លា​ឈប់​ពីការងារ​ហើយ​ម្ចាស់​ជំនួយ​ខ្លះ​ត្រូវ​គេ​ដឹង​ថា ​ធ្លាប់​មាន​ការ​រារែក​ក្នុង​ការ​ផ្តល់​ជំនួយ​ខ្លះ​ នៅ​ពេល​ប្រទេស​កម្ពុជា​បង្ហាញ​ការ​មិន​សហការ​ជាមួយ​ភាគី​អ.ស.ប.កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​លើរឿង​ចោទ​ប្រកាន់​ជន​សង្ស័យ​សំណុំ​រឿង​បន្ថែម​ គឺ​សំណុំ​រឿង​០០៣ ​និង​០០៤​ ដែល​មាន​ជន​សង្ស័យ​៥នាក់ ​តែ​ជន​សង្ស័យ​ម្នាក់​គឺ​លោក​ស៊ូ ម៉េត​បាន​ស្លាប់​ទៅ​ហើយ។​

តាម​វិធាន​ផ្ទៃ​ក្នុង​ និង​ច្បាប់​កាត់ទោស​ខ្មែរក្រហម​ ប្រសិន​បើ​សហ​ចៅក្រម​មាន​ការ​ខ្វែង​គំនិត​គ្នា​ទាក់ទង​នឹង​រឿង​មួយ​ចំនួន​ រាប់ទាំង​ការ​ចោទ​ប្រកាន់​ឬ​ការ​នាំ​ខ្លួន​ផង​នោះ​ នីតិ​វិធី​មិន​អាច​ស្ទះ​ទេ ​ហើយ​នឹង​នៅតែ​ដំណើរការ​ទៅ​មុខ​ ​ដោយ​ដោះស្រាយ​តាម​ច្បាប់​ដែល​ចៅក្រម​ខ្មែរ​មាន​ប្រៀប​គ្រប់​អង្គ​ជំនុំ​ជម្រះ។ ​បើ​ដីការ​មាន​ហត្ថលេខា​តែ​ភាគី​ម្ខាង​ ដោយ​គ្មាន​ការចូលរួម​ពី​ចៅក្រម​ភាគី​កម្ពុជា​ទេ​នោះ​ ពេល​នោះ​អាជ្ញាធរ​កម្ពុជា​នឹង​មិន​អនុវត្ត​ការ​ចាប់​ខ្លួន​ ឬ​នាំ​ខ្លួន​ឡើយ។​

យ៉ាងណា​ក៏ដោយ ​ថ្លែង​ប្រាប់​វីអូអេ​ផ្នែក​ខេមរ​ភាសា​ លោក​ភីធ័រ​ ម៉ាកខ្វៃយ៍ ​(Peter Maguire) ​ជាសាស្ត្រា​ចារ្យ​ច្បាប់​នៃ​សាកល​វិទ្យាល័យ​អាមេរិកាំង​បាន​ថ្លែង​ថា​ ដល់ពេលភាគី​អ.ស.ប.ក្នុងតុលាការ​នេះ​បញ្ចប់​បេសក​កម្ម​របស់​ខ្លួន​ហើយ​ បើ​ភាគី​នេះមិន​មាន​អំណាច​អ្វី​ក្នុង​តុលាការ​ខ្មែរក្រហម។​ លោក​ភីធ័រ​ ម៉ាកខ្វៃយ៍ ​(Peter Maguire)​ ​ជា​អ្នក​និពន្ធ​សៀវភៅ​អំពី​ខ្មែរក្រហម​«ប្រឈម​មុខ​នឹង​ការ​ស្លាប់​នៅ​កម្ពុជា» ​ឬ ​Facing​ Death ​in ​Cambodia។​

«អ.ស.ប.គ្មាន​ជម្រើស​ក្រៅពី​ការ​ដកខ្លួន​ចេញពី​តុលាការ​ខ្មែរក្រហម​ទេ។​ លោក​ហ៊ុន សែន​មិន​បាន​គោរព​ជា​ចំហរ​ និង​ជា​សាធារណៈ​នៅ​ឡើយ​ចំពោះ​មន្ត្រី​អ.ស.ប.​មួយ​ជំនាន់​ទៀត។​ ការ​មិន​គិត​ពី​គោល​ការណ៍​សិទ្ធិ​មនុស្ស​នោះ​នឹង​ធ្វើ​ឲ្យ​រឿង​យុត្តិធម៌​នេះ​ទៅ​ជា​រឿង​នយោបាយ​នៅ​ទី​បំផុត។​ ​បើ​ទោះណា​ជាច្បាប់​អន្តរជាតិ​គឺ​ជា​កត្តាមួយ​ តែ​កត្តា​អំណាច​មាន​ឥទ្ធិពលដូច​គ្នា​ដែរ​។​ តើអ.ស.ប.មាន​អំណាច​ដើម្បី​ជំរុញ​ឲ្យ​ដល់​រដ្ឋាភិបាល​កម្ពុជា​ចាប់​ខ្លួន ​ហើយ​កាត់​ទោស​ជន​ជាប់​ចោទ​ជា​បន្ត​បន្ទាប់​ទេ?​ ពិត​ជា​គ្មាន​ទេ។​ វា​ជា​ពេល​ដែល​សៀក​រហ័ស​កម្ម​របស់​សាលាក្តី​ខ្មែរក្រហម​ត្រូវ​បញ្ចប់​កិច្ចការ​របស់ខ្លួន ហើយ​ចាក​ចេញពី​កម្ពុជា​ហើយ»។​

សាលាក្តី​ខ្មែរក្រហម​កំពុង​ដំណើរការ​កាត់ទោស​សំណុំ​រឿង​០០២ ​វគ្គទី​២ ​ដែល​មាន​អតីត​មេ​ដឹកនាំ​ខ្មែរក្រហមកំពូលៗ​ ចំណាស់ៗ​ពីរ​រូប ​គឺ​នួន​ជា​បងធំ​ទី២ ​និង​ខៀវ សំផន​ ប្រមុខ​រដ្ឋ ​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​អន្តរជាតិ​សំខាន់​ជា​ច្រើន​គឺឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ ឧក្រិដ្ឋកម្ម​សង្គ្រាម​ ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជសាសន៍​ជាដើម​ ដែល​សង្ស័យ​ថា​ ពាក់​ព័ន្ធ​នឹង​ការ​កាប់​សម្លាប់​ពលរដ្ឋ​ជាង​១​លាន​៧សែន​នាក់​ ចន្លោះ​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩៕​

XS
SM
MD
LG