ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ករណី​ជំងឺ​អ៊ីបូឡា​កើន​ឡើង​សារជាថ្មី​ក្នុង​តំបន់​អាហ្រ្វិក​ខាងលិច


បុគ្គលិក​សុខភាព​​ចាក់ថា្នំ​ការពារ​ជំងឺ​អ៊ីបូឡា​លើ​ស្រ្តី​ម្នាក់​ ក្នុង​ការ​សាកល្បង​មួយ​នៅ​ក្នុង​ទីក្រុង​ Monrovia នៃ​ប្រទេស​លីបេរីយ៉ា កាលពីថ្ងៃទី​២ ខែ​កុម្ភៈ ឆ្នាំ២០១៥។
បុគ្គលិក​សុខភាព​​ចាក់ថា្នំ​ការពារ​ជំងឺ​អ៊ីបូឡា​លើ​ស្រ្តី​ម្នាក់​ ក្នុង​ការ​សាកល្បង​មួយ​នៅ​ក្នុង​ទីក្រុង​ Monrovia នៃ​ប្រទេស​លីបេរីយ៉ា កាលពីថ្ងៃទី​២ ខែ​កុម្ភៈ ឆ្នាំ២០១៥។

ចំនួន​ករណី​នៃ​ជំងឺ​អ៊ី​បូឡា(Ebola) ​ដែល​បាន​រាយការណ៍បាន​កើន​ឡើង​ជាលើក​ទី​មួយនៅ​ក្នុង​ឆ្នាំ​នេះ​នៅ​ក្នុង​ប្រទេស​៣​ក្នុង​តំបន់​អាហ្វ្រិក​ខាង​លិច​ដែល​នៅ​ទី​នោះ​ ការ​ឆ្លង​ជំងឺ​នេះនៅ​មាន​សកម្ម​ភាពនៅ​ឡើយ។

អង្គការ​សុខ​ភាព​ពិភពលោក ​(WHO)​ និយាយ​ថា ​ករណី​ថ្មី​ចំនួន​១២៤ ត្រូវ​បាន​រាយការណ៍​ក្នុង​រយៈ​ពេល​មួយ​សប្តាហ៍​ដែល​គិត​ត្រឹម​ថ្ងៃ​ទី​១ ​ខែ​កុម្ភៈ ​ដោយ​មានករណី​ថ្មី​ចំនួន​៨០​នៅ​ក្នុង​ប្រទេស​សៀរ៉ាឡេអូន (Sierra Leone) ​៣៩​ករណី​នៅ​ក្នុង​ប្រទេស​ហ្គីណេ (Guinea) និង​៥​ករណី​នៅ​ក្នុង​ប្រទេស​លីបេរីយ៉ា​ (Liberia)។

នៅ​ក្នុង​ព័ត៌មាន​ថ្មី​ៗ​បំផុត ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ ​អង្គការ​សុខ​ភាព​ពិភពលោក​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​មាន​ភាព​ចាំបាច់​ជា​បន្ទាន់​ដើម្បី​បញ្ចប់​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​នោះ​មុន​ពេល​រដូវ​សើម​ចាប់​ផ្តើម ដែល​ធ្វើ​ឲ្យការ​ចេញ​ចូល​ក្នុង​តំបន់​ដាច់​ស្រយាលមានការ​លំបាក​ខ្លាំង​ឡើង។

ចាប់​តាំង​ពីការផ្ទុះ​ឡើង​ ​មាន​ករណី​ជំងឺ​អ៊ីបូឡា​ជិត​២ម៉ឺន​២ពាន់​៥រយករណី​ត្រូវបាន​រាយការណ៍​នៅ​ក្នុង​ប្រទេស​៣ ​ហើយ​មនុស្សជិត​៩​ពាន់​នាក់​បាន​ស្លាប់។ ចំនួន​ករណី​ថ្មី​បាន​ធ្លាក់​ចុះ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ជាប់​ៗ​គ្នា​នេះ​ ដែល​កំពុង​បង្កើន​សេចក្តី​សង្ឃឹមថា ​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​នោះ​បាន​បញ្ចប់។

​អ្នក​ជំនាញ​ការ​ខាង​សុខភាព ​ព្រមាន​កុំ​ឲ្យ​តំបន់​អាហ្វ្រិក​ខាង​លិច​ធ្វេស​ប្រ​ហែសអំពី​ជំ​ងឺ​នេះ។ អង្គការ​សុខ​ភាព​ពិភពលោកប្រាប់​ឲ្យ​ដឹង​ថា ​ការ​កប់​សព​គ្មាន​សុវត្ថិភាព​កាល​ពី​ខែ​មុននៅ​ក្នុង​ស្រុក​ Lola ​នៃ​ប្រទេស​ហ្គីណេ (​Guinea) ​បាន​បណ្តាល​ឲ្យ​មាន​ការ​ឆ្លង​ជំងឺ​អ៊ី​បូឡា​ចំនួន១១​ករណី។

មេរោគ​អ៊ីបូឡា​អាច​ឆ្លង​ពី​មនុស្ស​ដែល​សម្លាប់​ដោយ​មេរោគនោះ​ បើសិន​ជា​ការ​បញ្ចុះ​សព​មិន​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​បុគ្គលិកដែល​មាន​ពាក់​ប្រដាប់​ការ​ពារ។

ការ​ចាក់​ថ្នាំការពារ​ជំងឺ​អ៊ី​បូឡា​ក្នុង​ទ្រង់​ទ្រាយ​ធំមួយ ​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ច័ន្ទ​នៅ​ក្នុង​ប្រទេស​លីបេរីយ៉ា​ (Liberia)។ ​អ្នក​ចាត់​ចែង​នៃ​ការ​សិក្សា​នេះ​ ​ដឹក​នាំ​ដោយ​វិទ្យាស្ថាន​សុខភាព​ជាតិ​របស់​សហរដ្ឋ​អាមេរិក​ ​ដែលបាន​សាកល្បង​បុរស​និង​ស្រ្តី​ដែល​មាន​សុខភាព​ល្អ​ចំនួន​២ម៉ឺន​៧​ពាន់​នាក់៕

XS
SM
MD
LG