ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សង្គម​ស៊ីវិល៖​ការ​ប្រកាស​លទ្ធផល​ដោយ​គ.ជ.ប.​មុន​មាន​ដំណោះ​ស្រាយ​អាច​នាំ​ឲ្យ​មាន​ការ​រំជើប​រំជួល

  • សុខ ខេមរា

លោក​ទេព នីថា(អង្គុយកណ្តាល) អគ្គលេខា​ធិការ​គ.ជ.ប.​ថ្លែង​ក្នុងសន្និសីទ​​សារព័ត៌មាន។​​
ក្រុម​អង្គការ​សង្គម​ស៊ីវិល​ខកចិត្ត​នឹង​ការ​ប្រកាសលទ្ធផល​ឆ្នោត​របស់​គ.ជ.ប.​ដោយ​បារម្ភ​អំពី​ភាព​រំជើប​រំជួល​ដោយសារ​តែ​គ្មាន​ដំណោះ​ស្រាយ​រវាង​ភាគី​ទាំង​ពីរ​ទាក់ទង​នឹងភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត។​ ពី​រដ្ឋ​ធានី​វ៉ាស៊ីនតោន ​លោក​សុខ ខេមរា​នៃ​វីអូអេ​រាយ​ការណ៍​ថា​ ក្រុម​សង្គម​ស៊ីវិល​និង​អ្នក​សង្កេត​ការណ៍ឯករាជ្យ​លើក​ឡើង​ថា​ នៅ​ពេល​ការ​ចរចាកំពុង​ដំណើរ​ការ​មិន​គួរ​មាន​ការ​ប្រកាស​លទ្ធផល​បោះឆ្នោត​ដំបូង​ដែល​នាំ​ឲ្យ​មាន​ភាព​តាន​តឹង​នយោបាយ​ទេ។​

មន្ត្រី​សង្គម​ស៊ីវិល​និង​អ្នក​ឃ្លាំមើល​ការ​បោះឆ្នោត​អះអាង​ថា ​ការ​ប្រកាស​លទ្ធផល​បោះឆ្នោត​ជាផ្លូវការ​ដំបូង​របស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប.)នឹងនាំ​ឲ្យមាន​កំដៅ​នយោបាយ​កាន់​តែ​រីកឡើង​ក្នុង​ចំណោម​អ្នក​មិន​បាន​បោះឆ្នោត​ នៅ​ពេល​ដែល​បញ្ហា​ស៊ើបអង្កេត​អំពីភាព​មិនប្រក្រតី​មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ ​ហើយ​ការ​ចរចា​បង្កើត​គណៈ​កម្មការ​ឯករាជ្យ​មួយ​កំពុង​ដំណើរការ​ទៅ​មុខ មិន​ទាន់​សម្រេច​បាន​នៅ​ឡើយ។​

គ.ជ.ប.​បាន​ប្រកាស​លទ្ធផល​ការ​បោះឆ្នោត​នៅ​ថ្ងៃនេះ​ដែល​ថា​ ​គណ​បក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ឈ្នះ​ប្រផិត​ប្រផើយ​ដោយ​ទទួល​បាន​សន្លឹក​ឆ្នោត​ជាង​៣លាន​២​សែន​ តែ​អាច​មាន​សំឡេង​បង្កើត​រដ្ឋាភិបាល​ម្នាក់​ឯង​បាន ​ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ក្នុង​លំដាប់​ទី២​គឺ​ទទួល​បាន​សំឡេង​ឆ្នោត​ជាង​២​លាន​៩សែន​៥ម៉ឺន​សន្លឹក។ គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​នេះ​ទេ ​ដោយ​អះអាង​ថា ​ខ្លួនជា​អ្នកឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា។ ​ទោះជា​យ៉ាងណា​ក៏​ដោយ​ ប្រសិន​បើ​គ្មាន​ការ​ប្រែប្រួល​អ្វី​ទេ​ គណបក្ស​ប្រជាជន​នឹង​ទទួល​បាន​អាសនៈ​ចំនួន​៦៨​ដូច​ការ​ប្រកាស​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ភ្លាមៗ​ក្រោយ​ការ​បោះឆ្នោត​ថ្ងៃ​ទី២៨​ខែ​កក្កដា​ឆ្នាំ​២០១៣​ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​៥៥​អាសនៈ។​

គណបក្ស​សង្គ្រោះ​ជាតិ​និង​ក្រុម​មន្ត្រី​សង្គម​ស៊ីវិល​បាន​អះអាង​ថា​ គ.ជ.ប.​ត្រូវ​បង្ហាញ​ឯកសារ​មួយ​ចំនួន​ ដូចជា​បញ្ជី​ឈ្មោះ​បោះឆ្នោត​រួច​ និង​កំណត់​ហេតុ​សន្លឹក​ឆ្នោត​ ទម្រង់​១១០២ ​ឬ១១០៤​ ​ដើម្បី​ឲ្យ​បាន​ដឹង ​ថាតើ​គណបក្ស​ប្រជាជន​កម្ពុជា​ពិត​ជា​ឈ្នះ​ដោយ​យុត្តិធម៌​មែនឬ​យ៉ាងណា​ ហើយ​នឹង​ការ​បង្កើតឲ្យ​មាន​ស្ថាប័ន​ឯករាជ្យ​មួយ​ដើម្បី​ស្រាវជ្រាវ​អំពី​រឿង​នេះ។​

លោក​ធន់ សារ៉ាយ ​នាយក​គណៈ​អភិបាល​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត COMFREL​ ​បាន​អះអាង​ថា​ ការ​ប្រកាស​លទ្ធផល​នៃ​ការ​បោះឆ្នោត​ដ៏​ប្រញាប់​ប្រញាល់​ពេក​នេះ​ធ្វើឲ្យ​មាន​ភាព​តាន​តឹង​ផ្នែក​នយោបាយ​ និង​ការ​វិល​ថយ​ក្រោយ​នៃ​ការ​រីក​ចម្រើន​នៃ​កិច្ច​ចរចា។​

លោក​និយាយថា៖​ «អញ្ចឹង​លទ្ធផល​ពីរ​ដែល​ផ្ទុយ​គ្នា​អញ្ចឹង​គួរ​តែ​គ.ជ.ប.​ហ្នឹង​ ផ្ទៀង​ផ្ទាត់​មើល​ទាំង​សង​ខាងសិន​ ថា​តើទម្រង់​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ហ្នឹង​តើ​ជា​ទម្រង់​យ៉ាង​ម៉េច?​ ​ហើយ​យើង​គួរ​តែរៀបចំ​គ្នា​ឲ្យ​មាន​ការ​សង្កេត​ការណ៍​ពី​អង្គការ​សង្គម​ស៊ីវិល​ ក៏ដូច​ជា​ការ​ព្រមព្រៀង​គ្នា​ឲ្យ​មាន​អ.ស.ប.​ជាអ្នក​សង្កេត​ការណ៍​ផង​ដែរ។​ ពិនិត្យ​មើល​រឿង​ហ្នឹង​សិន​ យ៉ាង​ហោច​ណាស់​ក៏​បាន​ប៉ុណ្ណឹង​សិន​ដែរ​ មុន​នឹង​ចេញ​ជា​លទ្ធផល​បឋម។ ​តែយើង​មាន​ការ​សោកស្តាយ​ត្រង់​ថា ​គ.ជ.ប.​ធ្វើ​អញ្ចឹង​ ដូច​ជា​ធ្វើ​ឲ្យ​ដំណើរ​ការ​ខិតខំ​ហ្នឹង​ វាទៅ​ជា​មាន​ការ​ស្រុត​ចុះ​ទៅ​វិញ»។​

លោក​ធន់ សារ៉ាយ​អះអាង​ថា​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅតែ​ទទូច​ឲ្យ​គណបក្ស​ ទាំង​ពីរ​បន្ត​ជជែក​គ្នា ​មុន​ពេលប្រកាស​លទ្ធផល​ជា​ផ្លូវការ​ចុងក្រោយនៅថ្ងៃ​ទី៨​ ខែ​កញ្ញា​ខាង​មុខ​ដើម្បី​បញ្ជៀស​បញ្ហា​បាតុកម្ម​ ឬ​អំពើ​ហិង្សា​ណា​មួយ​ដែល​អាច​កើត​ឡើង។​

លោក​និយាយថា៖​ «ដូច្នេះ​យើង​ឃើញ​ថា​ គួរតែ​មាន​ការ​បន្ត​បើក​ទ្វារ​ក្នុង​ការ​ជជែក​គ្នា​នេះ​បន្ត​ទៀត ​ព្រោះ​យើង​ចេះ​តែ​បារម្ភ​ថា​ ប្រសិន​បើ​គណបក្ស​ទាំង​ពីរ​បិទ​ទ្វារ​ មិន​មាន​ការ​ជជែក​គ្នា​ នោះ​ការប្រទូស​សារ៉ាយ​គ្នា​នឹង​អាច​កើត​មាន​នៅ​ពេលដ៏​ខ្លី​ខាង​មុខ។​ នេះ​ជា​បញ្ហាមួយ​ដែល​គ្រោះថ្នាក់​ដល់​សង្គម​យើង​ទាំង​មូល ​ដល់​ប្រទេស​យើង​ទាំងមូល ​ដែល​យើង​ព្រួយ​បារម្ភ​ទាំង​អស់​គ្នា»។​

លោក​បណ្ឌិត​ពុទ្ធា ​ហង្ស​ នាយក​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​និចហ្វិច​ បាន​អះអាង​ដែរ​ថា​ នេះ​ជា​ការ​ភ្ញាក់ផ្អើល​ដោយ​ការ​ប្រកាស​លទ្ធផល​នេះ​ត្រូវ​បាន​ធ្វើឡើង​ នៅពេល​ការ​ចរចា​កំពុង​បន្ត។​

លោក​ថ្លែងថា៖​ «អ្វីដែល​សង្គម​ស៊ីវិល​បារម្ភ​នោះ​គឺត្រង់ថា ​កំដៅ​នយោបាយ​នៅ​មាន​នៅ​ឡើយ​ ហើយពុំ​ទាន់​បាន​ដោះស្រាយ​ភាព​មិន​ប្រក្រតី​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​គ្នា​រវាង​គណបក្ស​នយោបាយ​ទាំង​ពីរ​នៅ​ឡើយ។​ អញ្ចឹង​យើង​បារម្ភ​ថា ​ក្រោយ​ការ​ប្រកាស​លទ្ធផល​អាច​នឹង​មាន​ព្រឹត្តិ​ការណ៍​អី​កើត​ឡើង​ដោយ​សារ​ការ​មិនអស់​ចិត្ត​រវាង​គណបក្ស​នយោបាយ។ ​អញ្ចឹង​បើសិន​ជា​បញ្ហា​មួយ​ចំនួន​ធំ​ត្រូវ​បាន​ដោះស្រាយ​តាម​រយៈ​បណ្តឹង​ឬ​ក៏​ភាព​មិន​ប្រក្រតី​ដែល​មាន​ការ​ចោទ​ប្រកាន់​គ្នា ​យ៉ាង​ហោច​ណាស់​ក៏​អាច​មាន​ការ​កាត់​បន្ថយ​កំដៅ​នយោបាយ​ផង​ដែរ​ បាទ»។​

គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​អះអាង​ថា​ ខ្លួន​ជា​អ្នក​ឈ្នះ​ក្នុង​ការ​បោះឆ្នោត ​បាន​គំរាម​ធ្វើ​បាតុកម្ម​អហិង្សា​ ទាមទារ​ឲ្យ​មាន​ការ​ផ្តល់​យុត្តិធម៌​ក្នុង​ការ​បោះឆ្នោត​ប្រសិន​បើ​ការ​ចរចា​មិន​ត្រូវគ្នា​អំពី​ការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​និង​ការ​ចូល​រួម​របស់​អ.ស.ប.​ក្នុង​គណៈ​កម្មាធិការ​ឯករាជ្យ​មួយ​នោះ។​

លោក​ទេព នីថា​ អគ្គលេខា​ធិការ​នៃ​គណៈ​កម្មាធិការ​ជាតិរៀបចំ​ការ​បោះ​ឆ្នោត​ បាន​អះអាង​ថា​ ដោយ​សារ​គ.ជ.ប.​មិន​អាច​មាន​លទ្ធភាព​ និង​សមត្ថ​កិច្ច​បង្កើត​ គណៈ​កម្មការ​ដូច​ដែល​គណបក្ស​ជំទាស់​ចង់​បាន ហើយ​មិនអាច​រង់ចាំ​បាន​បន្ត​ទៀត​បាន​នោះ​ នោះ​គ.ជ.ប.​សម្រេច​ចិត្ត​ប្រកាស​លទ្ធផល​នេះ​ដើម្បី​កុំឲ្យ​លើស​កាល​កំណត់​យូរ​ត​ទៅ​ទៀត។​

លោក​និយាយថា៖​ «អញ្ចឹង​ទេ ​គ.ជ.ប.​មាន​តែ​ងាក​ទៅ​អនុវត្ត​តាមច្បាប់​ដែល​ខ្លួន​មាន​ភារកិច្ច​ និង​ប្រតិទិន ​មិន​អាច​ពន្យារ​បាន​ទេ។​ ហើយសុំ​ជម្រាប​ថា​ គ.ជ.ប.​ដើម្បី​ដោះស្រាយនេះ​ គ.ជ.ប.​បាន​ជំរុញ​ការ​ផ្សាយ​លទ្ធផល​នៃ​ការ​បោះឆ្នោត​បណ្តោះ​អាសន្ន​គឺលទ្ធផល​បណ្តោះ​អាសន្ន​តាម​ប្រតិទិន​ត្រូវ​ផ្សាយ​នៅ​ថ្ងៃទី​១០​ខែ​សីហា​ តែ​យើង​រុញ​ពីរ​ថ្ងៃ​ដើម្បី​រង់ចាំ​គណៈ​កម្មាធិការ​នេះ​ តែ​ចេញ​អត់​រួច។​ អញ្ចឹង​ហើយ​គ.ជ.ប.​គ្មាន​ជម្រើស​អី​ផ្សេង​ក្រៅពី​អនុវត្ត​តួនាទី​របស់​ខ្លួន​តាម​ប្រតិទិន​ទេ»។​

លោក​អះអាង​ថា​ បណ្តឹង​ពីរ​ប្រភេទ​ទាក់ទង​នឹង​ការ​ឃោសនា​បោះឆ្នោត​ និង​ បណ្តឹង​ទាក់​នឹង​ការ​បោះឆ្នោត​ ការ​រាប់​សន្លឹក​ឆ្នោត ​ជា​ដើម​ត្រូវ​បាន​ដោះស្រាយ​ ហើយ​ ហើយ​បើ​គណបក្ស​នយោបាយ​មិន​អាច​ទទួល​យក​បាន​ទេ​ គេ​មាន​ពេល​៧២​ម៉ោង​ដើម្បី​ប្តឹង​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ។​

លោក​ធន សារ៉ាយ​អះអាង​ថា​ មក​ដល់​ពេល​នេះ​ អ្នក​នយោបាយ​នៅ​មាន​ពេល​បន្ត​ចរចា​គ្នា ​មុន​ពេល​ការ​ប្រកាស​លទ្ធផល​ស្ថាពរ​នៅ​ថ្ងៃទី៨ ​ខែ​កញ្ញា​ខាង​មុខ។​ លោក​ថ្លែងថា ​សហគមន៍​អន្តរជាតិ​មួយ​ចំនួន​នៅ​តែ​ទទូច​ឲ្យ​មាន​ការ​បន្ត​ចរចា​គ្នា​ស្ងាត់ៗ​ដើម្បី​រក​ដំណោះ​ស្រាយ។​ លោក​បាន​បន្ត​ថា ​ភាគី​ទាំងពីរ​មិន​ត្រូវ​ខិតខំ​រក​លេស​ដើម្បី​យក​ប្រៀប​រៀង​ខ្លួន​សម្រាប់​បក្ស​ខ្លួន​ទេ​ តែ​ត្រូវ​គិត​ពី​បញ្ហា​ជាតិ​ជា​ធំ។​

លោក​បាន​អះអាង​ថា ​កាលពី​ឆ្នាំ​២០០៣​ មានការ​ជាប់​គាំង​នយោបាយ ​ដូចគ្នា​នេះ​ដែរ​ ​គឺបន្ត​ជិតមួយឆ្នាំ​ដើម្បី​បង្កើត​រដ្ឋ​សភា​ និង​រដ្ឋាភិបាល។​ លោក​សារ៉ាយ​បន្ត​ថា​ ពេល​នេះ​ក៏​អាច​ពន្យារ​ពេល​បន្តិច​ដើម្បី​ចរចាគ្នា​រក​ដំណោះ​ស្រាយ​ដែល​មាន​ភាព​ស្រុះ​ស្រួល​ និង​ស្ងប់ចិត្ត​ទាំងអស់​គ្នា​បាន​ដែរ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG