វ៉ាស៊ីនតោន៖ ការសិក្សាថ្មីមួយផ្ដល់ភ័ស្ដុតាងជាក់លាក់មួយថា ផ្សែងអ័ព្ទអូហ្សូន ដែលជាខ្យល់កខ្វក់ម្យ៉ាង ដែលភាគច្រើនមាននៅក្នុងទីក្រុងធំៗ ធ្វើឲ្យមានគ្រោះថ្នាក់ដល់សុខភាពសាធារណ:ជនយ៉ាងធ្ងន់ធ្ងរ។ ការសិក្សារកឃើញថា ទោះបីនៅក្នុងកម្រិតទាបក៏ដោយ ផ្សែងអ័ព្ទអូហ្សូន បង្កើនហានិភ័យនៃជំងឺហឺត ហើយនិងការរលាកប្រព័ន្ធដកដង្ហើម។ ផ្សែងអ័ព្ទអូហ្សូន និងខ្យល់កខ្វក់ ក៏នាំឲ្យមានជំងឺគាំងបេះដូង ហើយនិងជំងឺដាច់សរសៃដែរ។
លោកស្រី ឡរីន អាលបា (Lorene Alba) ទទួលរងគ្រោះដោយជំងឺហឺតយ៉ាងរ៉ាំរ៉ៃ អស់រយ:ពេលជិត២០ឆ្នាំហើយ។ លោកស្រីនិយាយថា ការរស់នៅក្នុងទីក្រុង ហើយជៀសវាងការកើតជំងឺហឺតមិនមែនជាការងាយស្រួលជានិច្ចនោះទេ។ លោកស្រីបន្តថា៖
«បើសិនជាថ្ងៃមួយ មានគុណភាពខ្យល់អាក្រក់នោះ ខ្ញុំមិនព្យាយាមធ្វើការនៅពេលថ្ងៃត្រង់ទេ។ ខ្ញុំខំព្យាយាមធ្វើអ្វីៗនៅពេលព្រឹក ឬនៅពេលល្ងាច។ ខ្ញុំពិតជាប្រុងប្រយ័ត្នថាតើខ្ញុំដើរនៅទីណាឲ្យឆ្ងាយពីផ្សែងរថយន្ដដឹកមនុស្ស។ ខ្ញុំខំព្យាយាមដើរជិតអគារ ជាជាងដើរជិតទីសម្រាប់អ្នកថ្មើរជើង»។
លោកស្រី ឡរីន មិនមែនតែម្នាក់ឯងទេ។ យោងទៅតាមសមាគមសួតអាមេរិកាំង (American Lung Association) មនុស្សជាង២០លាននាក់ ទទួលរងគ្រោះដោយជំងឺហឺតនៅក្នុងសរអា ហើយចំនួននេះអាចកើនឡើង។ លោកស្រីថ្លែងថា៖
«បរិដ្ឋានជាស្ថានភាពធំមួយ ដែលជំរុញ ឲ្យខ្ញុំទទួលរងជំងឺនេះ ជាពិសេសនៅថ្ងៃដែលគុណភាពខ្យល់មិនល្អ មកពីរថយន្ដដឹកមនុស្ស ផ្សែងអ័ព្ទ ខ្យល់កខ្វក់ វត្ថុទាំងអស់នេះ អាចជំរុញឲ្យខ្ញុំមានជំងឺហឺត»។
ការសិក្សាថ្មីដែលត្រូវបានធ្វើឡើង ដោយទីភ្នាក់ងារការពារបរិដ្ឋាន (Environmental Protection Agency) ហើយនិងសកលវិទ្យាល័យ (North Carolina) រកឃើញថា កម្រិតផ្សែងអ័ព្ទអូហ្សូនដែលរហូតមកដល់ពេលនេះ គេបានចាត់ទុកថា មានសុវត្ថិភាពនោះ តាមពិតទៅ គំរាមដល់សុខភាពរបស់សាធារណ:ជនយ៉ាងធ្ងន់ធ្ងរពិតមែន។
«ការសិក្សាថ្មីៗបំផុតអំពីអូហ្សូនប្រាប់យើងឲ្យដឹងថា កម្រិតទាបនៃអូហ្សូន អាចឲ្យគ្រោះថ្នាក់ជាក់ស្ដែង ដល់ការដកដង្ហើម»។
ការសិក្សារបស់ទីភ្នាក់ងារការពារបរិដ្ឋានអំពីផ្សែងអ័ព្ទអូហ្សូនកត់សម្គាល់ថា អ្នកដែលទទួលរងច្រើនជាងគេមានទាំង កុមារ មនុស្សវ័យចាស់ មនុស្សមានជំងឺសួតដូចជាជំងឺហឺត ហើយនិងអ្នកដែលធ្វើការឬហាត់ប្រាណនៅក្រៅផ្ទះ។ គេកំពុងតែធ្វើការសិក្សាថែមទៀត ដើម្បីវាយតម្លៃផលប៉ះពាល់យូរអង្វែងនៃអូហ្សូន ផ្សំជាមួយនឹងខ្យល់កខ្វក់ក្នុងទម្រង់ដទៃទៀត៕
ប្រែសម្រួលដោយ កង ស៊ីវន