ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជីវកម្ម​លើ​អ៊ីនធឺណិត​កំពុង​រីក​ដុះដាល​ក្នុងចំណោម​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​​ឥណ្ឌូណេស៊ី​​


កម្មវិធី​លើទូរសព្ទ Tokopedia​ ដែល​ជា​ទីផ្សារ​លក់​ផលិតផល​លើ​អ៊ីនធឺណិត​មួយ ត្រូវ​បាន​ថត​ជាប់​កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ២០១៨។

ក្រសួង​ឧស្សាហកម្ម​ឥណ្ឌូណេស៊ី​បាន​ធ្វើការ​ប៉ាន់ស្មាន​ថា ឧស្សាហកម្ម​ផ្នែក​ឌីជីថល​នឹង​មាន​តម្លៃ​រហូត​ដល់​១០០ពាន់លានដុល្លារ ​ហើយ​ក្នុង​ឆ្នាំ​២០២០ រដ្ឋាភិបាល​រំពឹង​ថា​ក្រុមហ៊ុន​ទាំង​នោះ​នឹង​កើន​ឡើង​ដល់​១៣០​ពាន់​លាន​ដុល្លារ។

ដោយសារ​តែ​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​កើន​ឡើង​ដល់​ជាង​១៤០​លាន​នាក់ ឧស្សាហកម្មនៃ​ការ​ធ្វើ​អាជីវកម្ម​លើ​អ៊ីនធឺណិត​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី បាន​រីក​ចម្រើន​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បង្កើតបទបញ្ញត្តិ​បន្ថែម​ក្នុង​វិស័យ​នេះ។​

លោក​ Ignatius Untung ប្រធាន​សមាគម​អាជីវកម្ម​លើ​អ៊ីនធឺណិត​ឥណ្ឌូណេស៊ី បាន​និយាយ​ថា៖ «ក្រុម​ហ៊ុន​បង្កើត​ថ្មី​ដែល​មាន​តម្លៃ​លើស​ពី​មួយ​ពាន់​លាន​ដុល្លារ​គឺ​ជា​ឧស្សាហកម្ម​ថ្មី ដូច្នេះ​វា​រីក​ចម្រើន​លឿន​ណាស់។ អាជីវកម្ម​លើ​អ៊ីនធឺណិត​បាន​ចាប់​ផ្តើម​ផ្ទុះ​ខ្លាំង​កាល​ពី​ឆ្នាំ​២០១០ ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក ក្រុមហ៊ុន​មួយ​ចំនួនបាន​ក្លាយ​ជា​ក្រុម​ហ៊ុន​បង្កើត​ថ្មី​ដែល​មាន​តម្លៃ​ពាន់​លាន​ដុល្លារ»។

ក្រសួង​ឧស្សាហកម្ម​ឥណ្ឌូណេស៊ី​បាន​ធ្វើការ​ប៉ាន់ស្មាន​ថា ឧស្សាហកម្ម​ផ្នែក​ឌីជីថល​នឹង​មាន​តម្លៃ​រហូត​ដល់​១០០ពាន់លានដុល្លារ ​ហើយ​ក្នុង​ឆ្នាំ​២០២០ រដ្ឋាភិបាល​រំពឹង​ថា​ក្រុមហ៊ុន​ទាំង​នោះ​នឹង​កើន​ឡើង​ដល់​១៣០​ពាន់​លាន​ដុល្លារ។

ការ​បង្កើត​ក្រុម​ហ៊ុន​ថ្មីៗ​តម្លៃ​ពាន់​លាន​ដុល្លារ

លោក Untung ​បាន​និយាយ​ថា អតិថិជន​នៅ​ក្នុង​វិស័យអាជីវកម្ម​លើ​អ៊ីនធឺណិត​បន្ត​កើនឡើង ​ខណៈ​ដែល​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​បន្ត​កើន​ឡើង​ដូចគ្នា ទោះបី​ជា​កំណើន​នេះ​កើតឡើង​តែ​នៅ​ក្នុងទីក្រុង​ក៏ដោយ។ នៅ​ក្នុង​ទីផ្សារ​មួយ​ដែល​អំណោយផល​ខ្លាំង​គ្រប់គ្រាន់​សម្រាប់​ក្រុមហ៊ុន​ឌីជីថល​លូតលាស់ ប្រទេស​ឥណ្ឌូណេស៊ី​ អាច​បង្កើត​ក្រុម​ហ៊ុន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​បាន​មួយ​ចំនួន។

ក្នុង​ចំណោម​នោះ​ មាន​ក្រុមហ៊ុន Tokopedia​ ដែល​ជា​ទីផ្សារ​លក់​ផលិតផល​លើ​អ៊ីនធឺណិត​មួយ។ កាល​ពី​ឆ្នាំ​២០១៧ ក្រុមហ៊ុន​បង្កើត​ថ្មី​នេះបាន​ទទួលការ​វិនិយោគ​ដែល​មាន​តម្លៃ១​ពាន់​២រយ​លាន​ដុល្លារ​ពី​ក្រុមហ៊ុន Alibaba ដែល​ជា​ក្រុមហ៊ុន​លក់​ទំនិញ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ដ៏​ធំ​មួយ​ក្នុង​ប្រទេស​ចិន។

អ្នក​ស្រី Priscilla Anais នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Tokopedia បាន​និយាយ​ថា បរិមាណ​ទំនិញ​សរុប​ឬ​បរិមាណ​ទំនិញ​លក់​សរុប​តាម​ទីផ្សារ​បាន​កើន​ឡើង​បួន​ដង​កាលពី​ឆ្នាំ​ទៅមិញ។

អ្នកស្រី​បាន​និយាយ​ប្រាប់ VOA តាម​អ៊ីមែល​ថា៖

«ឥឡូវនេះ ​យើង​មាន​អ្នកប្រើប្រាស់​ជា​សកម្ម​រៀងរាល់​ខែ​ចំនួន​៩០លាន​នាក់​ជាង​ហើយ។ តួលេខនេះ​គឺ​ស្មើ​នឹង​៩៣​ភាគរយ​នៃ​ប្រជាពលរដ្ឋ​នៅ​តាម​ស្រុក​ទាំងអស់​ក្នុង​ឥណ្ឌូណេស៊ី»។

ប៉ុន្តែ​តម្លៃ​នៃ​ទីផ្សារ​លើ​អ៊ីនធឺណិត​ធំ​បំផុត​របស់​ឥណ្ឌូណេស៊ី​គឺ​នៅ​តែ​ទាប​ជាង​ក្រុមហ៊ុន Gojek ដែល​ជា​កម្មវិធី​ហៅ​យានជំនិះ​មួយ​។ ក្រុមហ៊ុន​ Gojek នេះ​ទទួល​បាន​ការ​វិនិយោគ​តម្លៃ​១ពាន់២រយ​លាន​ដុល្លារ​ពី​ក្រុម​ហ៊ុន​ផ្សេងៗ​មួយ​ចំនួន ​រួម​មាន​ក្រុម​ហ៊ុន Google​ និង​ក្រុមហ៊ុន Tencent។ ក្រុមហ៊ុន​បង្កើត​ថ្មី​របស់​ឥណ្ឌូណេស៊ី​មួយ​នេះ​មាន​តម្លៃ​៤ពាន់លាន​ដុល្លារ។ ក្រុមហ៊ុន​បង្កើត​ថ្មី​ដែល​ជោគជ័យ​ដទៃ​ទៀត​ មាន​ដូចជា​ក្រុមហ៊ុន​កក់​សំបុត្រ​យន្តហោះ​តាម​អ៊ីនធឺណិត Traveloka និង​ទីផ្សារ​លក់​ទំនិញ​លើ​អ៊ីនធឺណិត​ Bukalapak ជាដើម។​

កង្វះ​បទបញ្ញត្តិ

ទោះ​បី​ជា​សេដ្ឋកិច្ច​ឌីជីថល​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​រីក​លូតលាស់​ខ្លាំង​ ហើយ​វិស័យ​នេះ​បាន​ទទួល​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​យ៉ាងណា​ក៏​ដោយ ក៏​លោក Untung បាន​និយាយ​ថា ​គេ​នៅ​តែ​ត្រូវការ​បទបញ្ញត្តិ​ច្បាស់​លាស់​មួយ​។

លោក​បាន​និយាយ​ថា៖

«ឧទាហរណ៍​សម្រាប់​ការ​បង់​ប្រាក់​តាម​អ៊ីនធឺណិត ឬ​ក៏​កាបូប​លុយ​លើ​អ៊ីនធឺណិត (e-wallet) មាន​ក្រុមហ៊ុន​ខ្លះ​ដែល​មាន​កម្មវិធី​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​និង​មាន​អតិថិជន​រួច​ហើយ ​ប៉ុន្តែ​នៅ​ពេល​ដែល​ពួកគេ​ស្នើ​សុំ​ប្រើប្រាស់​កាបូប​លុយ​លើ​អ៊ីនធឺណិត ពួកគេ​ត្រូវ​បាន​បដិសេធ។ ប៉ុន្តែ​មាន​ក្រុមហ៊ុន​ខ្លះ​ទៀត​ដែល​មិន​មាន​កម្មវិធី​ផ្ទាល់​ខ្លួន​ទេ ​ប៉ុន្តែ​ទទួល​បាន​ការ​អនុញ្ញាត។ ដូច្នេះ​យើង​គួរ​តែ​បង្កើត​បទបញ្ញត្តិ​ឲ្យ​ច្បាស់​លាស់​មួយ ថា​តើ​ក្រុមហ៊ុន​ចាំបាច់​ត្រូវ​មាន​លក្ខខណ្ឌ​អ្វីខ្លះ»។

លោក​ Untung ក៏​បាន​លើកឡើង​អំពី​កម្មវិធី​ហៅ​ម៉ូតូឌុប​តាម​អ៊ីនធឺណិត​ផង​ដែរ​។ ម៉ូតូ​ឌុប​មាន​ប្រជាប្រិយ​ណាស់ ជាពិសេស​នៅ​ក្នុង​ទីក្រុង​ធំៗ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ដូចជា​នៅ​ទីក្រុង​ ហ្សាកាតា ​ដែល​តែង​តែ​មាន​ការ​កកស្ទះ​ចរាចរណ៍។ អតីត​រដ្ឋមន្រ្តី​ដឹកជញ្ជូន លោក Ignasius Jonan បាន​ចេញ​លិខិត​ជូន​ដំណឹង​មួយ​កាលពី​ឆ្នាំ២០១៥ ដើម្បី​ហាមឃាត់​មិន​ឲ្យ​ប្រើប្រាស់​កម្មវិធី​ហៅ​ម៉ូតូ​ឌុប​តាម​អ៊ីនធឺណិត​នោះ​ទេ​។

ប៉ុន្តែ​កាលពី​ខែ ធ្នូ ឆ្នាំ ២០១៥ លោក​ប្រធានាធិបតី​ Joko Widodo បាន​និយាយ​ថា ការ​ហៅ​យានជំនិះ​តាម​អ៊ីនធឺណិត​មិន​អាច​ត្រូវ​បាន​ហាមឃាត់​ទេ ​ដោយសារ​មាន​តម្រូវការ​ពី​ប្រជាជន។

លោក Untung បាន​និយាយ​ថា​៖

«ដោយសារ​តែ​មាន​ប្រជាជន​ជាច្រើន​ប្រើប្រាស់​កម្មវិធី​ហៅ​យាន​ជំនិះ​ឬ​ម៉ូតូឌុប​តាម​អ៊ីនធឺណិត អ្នកណា​អាច​ហាម​ឃាត់​វា​បាន​ឥឡូវនេះ?»

យោង​តាម​មូលនិធិ​ទីភ្នាក់ងារ​អតិថិជន​ឥណ្ឌូណេស៊ី (YLKI) ៨៤​ភាគរយ​នៃ​ប្រជាជន​រស់នៅ​ក្នុង​ទីក្រុង​ ហ្សាកាតា​ ប្រើប្រាស់​សេវាកម្ម​ដឹកជញ្ជូន​តាម​អ៊ីនធឺណិត។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ លោក Untung ​បាន​សរសើរ​ពី​គម្រោង​ផែន​ការ​របស់​អាជីវកម្ម​លើ​អ៊ីនធឺណិត​ដែល​បាន​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​បទបញ្ញត្តិ​របស់​រដ្ឋាភិបាល​លេខ ៧៤/២០១៧ ក្រោម​ការសម្រប​សម្រួល​របស់​ក្រសួង​សេដ្ឋកិច្ច។​

លោក Samuel Pangerapan អគ្គនាយក​នៃ​នាយកដ្ឋាន​កម្មវិធី​កុំព្យូទ័រ​នៃ​ក្រសួង​ទំនាក់ទំនង​និង​ព័ត៌មានវិទ្យា​បាន​និយាយ​ថា ​គម្រោង​ផែនការ​នោះ​ត្រូវ​បាន​រៀបចំ​ដើម្បី​ត្រៀម​សម្រាប់​ប្រព័ន្ធ​អេកូឡូស៊ី​មួយ ​ដែល​អាច​ផ្លាស់ប្ដូរ​ប្រទេស​នេះ​ឲ្យ​ទៅ​ជា​យុគសម័យ​សេដ្ឋកិច្ច​ឌីជីថល​មួយ។​

លោក​បាន​ថ្លែង​ប្រាប់ VOA ថា៖

«យើង​កំពុង​ដោះស្រាយ​បញ្ហា​នានា ដូចជា​ការ​ភ្ជាប់​អ៊ីនធឺណិត ហេដ្ឋារចនាសម្ព័ន្ធ​ដែល​អាច​ទ្រទ្រង់​ការ​ផ្លាស់ប្តូរ​ផ្នែក​ឌីជីថល និង​បទបញ្ញត្តិ​នានា។ លោក​ប្រធានាធិបតី Jokowi បាន​ណែនាំ​ឲ្យ​ពួកយើង​ធ្វើការ​សិក្សា​និង​ស្រាវជ្រាវ​ថា​តើ​អ្វី​ខ្លះ​ដែល​អាច​រំខាន​ដល់​សេដ្ឋកិច្ច​ឌីជីថល»។

ធនធាន​មនុស្ស​នៅ​តែ​ជា​បញ្ហា​

លោក Untung បាន​និយាយ​ថា​ បញ្ហា​ធំ​បំផុត​មួយ​ក្នុង​ចំណោម​បញ្ហា​ដទៃ​ទៀត ដែល​ក្រុមហ៊ុនអាជីវកម្ម​លើ​អ៊ីនធឺណិត​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​កំពុង​ជួប​ប្រទះ​នោះ​គឺ​ធនធាន​មនុស្ស​។ លោក​បាន​ប្រាប់ VOA​ ថា៖ «ការ​ផ្គត់​ផ្គង់​មាន​កម្រិត​ទាប​ ប៉ុន្តែ​តម្រូវការ​គឺ​ខ្ពស់​ខ្លាំង»។ លោក Untung បាន​បន្ថែម​ថា ​ក្រុមហ៊ុន​មួយ​ចំនួន​បាន​សម្រេចចិត្ត​ជួល​បុគ្គលិក​ជំនាញ​មកពី​ក្រៅ​ប្រទេស​ឬ​ក៏​ប្រើប្រាស់​សេវាកម្ម​ក្រុមហ៊ុន​ផ្សេងៗ​ដើម្បី​ប្រតិបត្តិ​អាជីវកម្ម​របស់​ខ្លួន។

លោក​បាន​និយាយ​ថា៖

«​ដូច្នេះ​យើង​បាន​ចាប់​ផ្តើម​គិត​ថា​ធ្វើ​យ៉ាង​ម៉េច​ ទើប​យើង​អាច​បង្កើន​ធនធាន​មនុស្ស​បាន។ សមាគម​កំពុង​ចង់​ចាប់​ផ្តើម​បង្កើត​សាលា​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​មួយ​ យើង​ក៏​ទាក់ទង​ជាមួយ​នឹង​សាកលវិទ្យាល័យ​នានា ​ហើយ​ប្រាប់​ទៅ​យុវជន​ជំនាន់​ក្រោយ​ថា​អាជីព​នៅ​ក្នុង​សេដ្ឋកិច្ច​ឌីជីថល​គឺ​អាច​ទៅ​រួច។ យុវជន​ជាច្រើន​នៅ​តែ​មិន​ទាន់​ដឹង​ថា​ ពួកគេ​ចង់​ធ្វើ​អ្វី​នោះ​ទេ ក្រោយ​ពី​រៀន​ចប់​ថ្នាក់​វិទ្យាល័យ។ ជនជាតិ​ឥណ្ឌូណេស៊ី​ជាច្រើន​នៅ​តែ​គិត​ថា​មុខរបរ​ជា​វេជ្ជបណ្ឌិត វិស្វករ ឬ​អ្នក​បើក​យន្តហោះ គឺ​ជា​ក្តី​សុបិន្ត​ដ៏​ធំ​បំផុត​របស់​ពួកគេ‍»។

លោក​ Pangerapan បាន​ធានា​ថា រដ្ឋាភិបាល​ក៏​នឹង​ដោះស្រាយ​បញ្ហា​កង្វះ​បុគ្គលិក​ជំនាញ​នេះ​ផង​ដែរ។ លោក​បាន​និយាយ​ថា៖​ «យើង​ពិត​ជា​ត្រូវ​ត្រៀម​កម្លាំង​ពលកម្មដែល​នឹង​អាច​ទប់ទល់​ការ​ផ្លាស់ប្តូរ​ផ្នែក​ឌីជីថល​បាន»។

លោក Untung ​ក៏​បាន​និយាយ​អំពី​សមាគម​អាជីវកម្ម​លើ​អ៊ីនធឺណិត​ដែល​ចាប់​ផ្តើម​គម្រោង​ផែន​ការ​មួយ​ក្នុង​ការ​ផ្តល់​ការ​ការពារ​ប្រសើរ​ជាង​មុន​ដល់​អ្នក​ប្រើប្រាស់។ គោល​ដៅ​ចុងក្រោយ​គឺ​ដើម្បី​ផ្តល់​ការ​បញ្ជាក់​ជា​ផ្លូវ​ការ​ដល់​ក្រុម​ហ៊ុន​អាជីវកម្ម​លើ​អ៊ីនធឺណិត​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី។

លោក​បាន​និយាយ​ថា៖

«ជា​ឧទាហរណ៍ អាជីវកម្ម​លើ​អ៊ីនធឺណិត​លំដាប់​កំពូល​មួយ ​មាន​ធនធាន​គ្រប់គ្រាន់ ​មាន​បុគ្គលិក​ដើម្បី​ដោះស្រាយ​នឹង​ការ​មិន​ពេញ​ចិត្ត​របស់​ភ្ញៀវ​ និង​អាច​ធានា​បាន​នូវ​សេវាកម្ម​ល្អ។ ហើយ​បន្ទាប់​មក​យើង​នឹង​ចាប់ផ្តើម​អប់រំ​អតិថិជន ឲ្យ​ប្រើប្រាស់​សេវាកម្ម​របស់​អាជីវកម្ម​លើ​អ៊ីនធឺណិត​ណា​ដែល​មាន​គុណភាព​ល្អ​ជាង​នេះ។ បន្ទាប់​មក​យើង​នឹង​ជំរុញ​លើកទឹកចិត្ត​ឲ្យ​ម្ចាស់​អាជីវកម្ម​កែ​សម្រួល​សេវាកម្ម​របស់​ខ្លួន​ឲ្យ​កាន់តែ​ប្រសើរ​ជាងមុន»។

លោក​បាន​បន្ថែម​ថា លោក​មាន​បំណង​នឹង​បង្កើត​កម្មវិធី​បណ្តុះបណ្តាល​មួយ​ដើម្បី​យក​វិញ្ញាបនបត្រ​ត្រឹម​ឆ្នាំ២០២០៕

ប្រែសម្រួល​ដោយ​កញ្ញា ទុំ​ ម្លិះ

XS
SM
MD
LG