ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានថ្លែងថា លោកនឹងមិនប្រើពាក្យជេរប្រទេចទៀតនោះទេ បន្ទាប់ពីលោកបាននិយាយទៅកាន់ព្រះជាម្ចាស់រួចមក។
លោក Duterte បានថ្លែងកាលពីល្ងាចថ្ងៃព្រហស្បតិ៍នៅក្នុងទីក្រុង Davao ដែលជាស្រុកកំណើតរបស់លោកថា ព្រះបាននិយាយទៅកាន់លោកនៅលើយន្តហោះក្នុងអំឡុងពេលលោកត្រឡប់ទៅពីដំណើរទស្សនកិច្ចនៅប្រទេសជប៉ុនវិញនាពេលថ្មីៗនេះ។
លោកបានថ្លែងថា មនុស្សនៅលើយន្តហោះជុំវិញលោកកំពុងតែសម្រាកនៅពេលដែលលោកបានឮសំឡេងនិយាយថា៖ «ប្រសិនបើអ្នកមិនឈប់ប្រើប្រាស់ពាក្យសម្តីអសុរោះនោះ យើងនឹងទម្លាក់យន្តហោះនេះភ្លាម»។
នៅពេលនោះលោក Duterte បានសួរថា៖ «តើអ្នកណាគេហ្នឹង»? ពេលនោះមានសំឡេងឆ្លើយតបថា៖ «យើងគឺជាព្រះជាម្ចាស់»។
ដោយសារតែលោកខ្លាចធ្លាក់យន្តហោះ មេដឹកនាំហ្វីលីពីនរូបនេះបានថ្លែងថា លោកបានសន្យាថាលោកនឹងឈប់ជេរប្រទេច។ លោកបានថ្លែងទៀតថា ពាក្យសន្យាទៅកាន់ព្រះជាម្ចាស់គឺជាពាក្យសន្យាទៅកាន់ពលរដ្ឋហ្វីលីពីន។
លោក Duterte ដែលល្បីល្បាញក្នុងការប្រើប្រាស់ពាក្យសម្តីជេរប្រទេចនៅពេលដែលលោកនិយាយសំដៅទៅលើជនដែលញៀនគ្រឿងញៀន និងអ្នកជួញដូរគ្រឿងញៀន ហើយលោកបានហៅមេដឹកនាំពិភពលោកដូចជាសម្តេច Pope Francis និងការហៅលោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ថា «អាកូនឆ្កែ» ឬការនិយាយឲ្យលោកអូបាម៉ា ចុះនរកជាដើម។
ទោះជាយ៉ាងនេះក្តី មានការប៉ាន់ប្រមាណថា ពាក្យសន្យានេះនៅមិនបានយូរនោះទេ។
នៅពេលដែលក្រុមអ្នកសារព័ត៌មានសួរថាតើ ពាក្យសន្យាទៅកាន់ព្រះជាម្ចាស់មានន័យថា លោកនឹងឈប់ប្រើពាក្យជេរប្រមាថទៅលើសហរដ្ឋអាមេរិក ឬសហភាពអឺរ៉ុបឬយ៉ាងណា។ លោកបានឆ្លើយតបថា៖ «វាអាស្រ័យទៅលើស្ថានភាពនៅពេលនោះ»៕