ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស​ហូឡង់​ចាប់​ខ្លួន​ជន​សង្ស័យ​បន្ទាប់​ពី​មាន​ការ​គំរាម​កំហែង​ពី​ការ​ធ្វើ​ភេរវកម្ម


ប៉ូលិស​ឈរ​នៅ​ពី​ក្រោយ​តំបន់​ដែល​មាន​ការ​ហ៊ុំព័ទ្ធ​នៅ​ក្នុង​ក្រុង Rotterdam កាលពី​ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ បន្ទាប់​ពី​ការ​ប្រគុំ​តន្ត្រី​ដោយ​ក្រុម​តន្ត្រី​អាមេរិកាំង។
ប៉ូលិស​ឈរ​នៅ​ពី​ក្រោយ​តំបន់​ដែល​មាន​ការ​ហ៊ុំព័ទ្ធ​នៅ​ក្នុង​ក្រុង Rotterdam កាលពី​ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ បន្ទាប់​ពី​ការ​ប្រគុំ​តន្ត្រី​ដោយ​ក្រុម​តន្ត្រី​អាមេរិកាំង។

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ពួក​ប៉ូលិស​ហូឡង់បាន​ចាប់ខ្លួន​ជន​ជាប់​សង្ស័យ​ម្នាក់​អាយុ២២ឆ្នាំ​ដោយ​មាន​ទាក់ទង​នឹងការ​ផ្តល់​តម្រុយ​មួយ​ពី​ពួក​ប៉ូលិស​អេស្ប៉ាញ​ដែល​ថា​ការ​វាយ​ប្រហារ​ភេរវកម្មមួយ​នៅ​ក្នុង​ការ​ប្រជុំ​តន្ត្រី​រ៉ុក​មួយ​នៅ​ក្នុងក្រុង Rotterdam មួយ​ថ្ងៃ​មុន​នេះ​អាច​កើត​មាន​បាន។​

បុរស​នេះ​បានត្រូវ​ចាប់​ខ្លួន​នៅ​ក្នុង​ការ​ឆ្មក់នៅ​ក្នុង​ខេត្ត Brabant នា​ប៉ែក​ខាង​ត្បូង​ប្រទេស​ដែល​នៅ​ទីនោះ​ពួក​ប៉ូលិស​ក៏​បាន​ឆែកឆេរ​ផ្ទះ​គាត់​ដែរ។​

ពួក​មន្ត្រី​នៅ​ក្នុង​ក្រុង Rotterdam បាន​លុបចោល​ការ​ប្រគុំ​តន្ត្រី​នេះ​នៅ​ថ្ងៃ​ពុធ​ដោយ​ពួក​តន្ត្រី​រ៉ុក​អាមេរិកាំង​ Allah-Las។​ អ្នក​ចាត់ចែង​ការ​ប្រគុំ​តន្ត្រី Rotown បាន​និយាយ​តាម​ Twitter ថា​កន្លែង​ប្រគុំ​តន្ត្រី​នេះ​ដែល​ជា​អតីត​កន្លែង​ស្តុក​គ្រាប់​ធញ្ញជាតិ​មួយ​ឈ្មោះ Maassilo បាន​ត្រូវ​ជម្លៀស។​ សេចក្តី​សម្រេច​លុបចោល​ការ​ប្រគុំ​តន្ត្រី​នេះ​បាន​ត្រូវ​ធ្វើឡើង​នៅ​ពេល​តិច​ជាង​មួយ​ម៉ោងមុន​ពេល​បើកទ្វារ​ឱ្យ​សាធារណជន​ចូល​មើល​ការ​ប្រគុំ​តន្ត្រី​នេះ។​

លោក Ahmed Aboutaleb អភិបាល​ក្រុង Rotterdam បាន​និយាយ​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​កាលពី​យប់ថ្ងៃ​ពុធ​ថា​ពួកប៉ូលិស​បាន​សាកសួរ​ចម្លើយ​អ្នក​បើក​ឡាន​ Van មួយ​គ្រឿង​មាន​ផ្ទុក​ធុង​ឧស្ម័ន​ដែល​បាន​ត្រូវ​រក​ឃើញ​នៅ​ជិត​កន្លែង​ប្រគុំ​តន្ត្រី​នេះ។ ​រថយន្ត​នេះ​មាន​ចុះ​បញ្ជី​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ។​

ក៏​ប៉ុន្តែ​ពួក​ប៉ូលិស​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​អ្នក​បើក​ឡាន​នេះ​ជា​ពលរដ្ឋ​អេស្ប៉ាញ និង​ជា​ជាង​ឡាន​ដែល «បាន​ពន្យល់​អំពី​ហេតុ​អ្វី​បាន​ជា​ធុង​ឧស្ម័ន​ទាំង​នេះ​ឋិត​នៅ​ក្នុង​រថយន្ត​នោះ»។ ពួក​ប៉ូលិស​និយាយ​ថា​គ្មាន​ការ​ទាក់ទិន​ជាក់លាក់​នឹង​ការ​គំរាម​កំហែង​នេះ​ទេ តែ​ថា​បុរស​នេះ​ប្រឈម​នឹង​ការ​សួរ​ចម្លើយ​ថែមទៀត​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

លោក Aboutaleb អភិបាល​ក្រុង Rotterdam បាន​និយាយ​ថា​ ពួក​ប៉ូលិស​អេស្ប៉ាញ​បាន​រាយការណ៍​អំពី​ការ​គំរាម​កំហែង​ភេរវកម្ម​នេះ​តែ​ប៉ុន្មាន​ម៉ោង​មុន​ពេល​ក្រុម​តន្ត្រី​នេះ​មក​ពី​រដ្ឋ​ California មាន​កំណត់​ឡើង​លើ​ឆាក​ហើយ​តម្រុយ​នេះហ្មត់ចត់​គ្រប់គ្រាន់​ស័ក្តិសម​នាំ​ឱ្យ​មាន​ការ​លុប​ចោល​ការ​ប្រគុំ​តន្ត្រី​នេះ៕

XS
SM
MD
LG