អាជ្ញាធរអេស្ប៉ាញកំពុងបើកការស៊ើបអង្កេតស្រាវជ្រាវបន្ទាប់ពីរថយន្តភេរវករពីរនាក់បានវាយប្រហារអ្នកដំណើរនៅក្រុងតំបន់ Barcelona ប្រទេសអេស្ប៉ាញបណ្តាលឲ្យស្លាប់មនុស្ស១៣នាក់ និងរបួសជាង១០០នាក់ទៀត។
ការភ័យរន្ធត់បានចាប់ផ្តើមកើតឡើងកាលពីថ្ងៃព្រហស្បតិ៍នៅពេលរថយន្តមួយគ្រឿងបានបុកមនុស្សម្នាលើមហាវិថីមួយឈ្មោះ Las Ramblas ក្នុងក្រុង Barcelona ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសទាំងនោះ។
អ្នកបើករថយន្តនោះបានចុះរត់គេចខ្លួន ហើយត្រូវអាជ្ញាធរកំពុងស្វែងរកចាប់ខ្លួន។ ប៉ូលិសបានចាប់ខ្លួនមនុស្សពីរនាក់កាលពីថ្ងៃព្រហស្បតិ៍ ម្នាក់ជាជនជាតិ ម៉ារ៉ុក និងម្នាក់ទៀតជាជនជាតិអេស្ប៉ាញ។
តែអាជ្ញាធរមិនទាន់បញ្ជាក់ច្បាស់ទេថាតើជនទាំងពីរនាក់នោះមានជាប់ទាក់ទងនឹងការវាយប្រហារភេរវកម្មនោះយ៉ាងម៉េចទេ។
ជនទី៣ត្រូវបានចាប់ខ្លួននៅថ្ងៃសុក្រនេះដែរនៅក្នុងក្រុង Ripoll។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Joaquim Forn៕