កាំជ្រួចដ៏ស្រស់ស្អាតយ៉ាងច្រើនសន្ធឹកសន្ធាប់ត្រូវបានបាញ់ឡើងដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីនៅឯអាគារដែលខ្ពស់ជាងគេបំផុតនៅក្នុងពិភពលោកនៅក្នុងទីក្រុង Dubai ខណៈដែលមានផ្សែងយ៉ាងក្រាស់ចេញពីអគ្គិភ័យដែលបានឆាបឆេះសណ្ឋាគារដ៏ប្រណិតមួយនៅក្បែរនោះ។
មនុស្សរាប់ម៉ឺននាក់បានហ៊ោកញ្ជ្រៀវ និងស្រែកសាទរនៅកន្លែងបាញ់កាំជ្រួចដែលស្ថិតនៅអាគារ Burj Khalifa ខណៈពេលដែលក្រុមការងារពន្លត់អគ្គិភ័យកំពុងតែធ្វើការពន្លត់អគ្គិភ័យដែលបានឆាបឆេះសណ្ឋាគារ និងជាកន្លែងស្នាក់នៅដ៏ប្រណិតមួយដែលមាន៦៣ជាន់។ ប៉ុន្មាននាទីមុនពេលដែលកាំជ្រួចចាប់ផ្តើមបាញ់ឡើង គេមានលឺសូរសំឡេងផ្ទុះខ្លាំងៗប៉ុន្មានគ្រាប់ចេញពីក្នុងអាគារដែលកំពុងតែឆេះនោះ ដែលកើតឡើងនៅក្នុងផ្សែងដ៏ខ្មៅហើយក្រាស់នោះ។ គេនៅមិនទាន់ដឹងអំពីមូលហេតុនៃការផ្ទុះនោះនៅឡើយទេ។
យោងតាមការិយាល័យផ្សព្វផ្សាយរបស់ទីក្រុង Dubai មានមនុស្សយ៉ាងហោចណាស់ចំនួន១៤នាក់បានរងរបួសស្រាល ហើយជនរងគ្រោះម្នាក់ទៀតមានការគាំងបេះដូងដោយសារតែផ្សែង និងហ្វូងមនុស្សកកកុញក្នុងអំឡុងពេលជន្លៀសចេញកាលពីយប់ថ្ងៃព្រហស្បតិ៍។ សេចក្តីរាយការណ៍នោះបានបន្ថែមថា មានមនុស្សម្នាក់រងរបួសគួរសម តែមិនបានបញ្ជាក់ឲ្យបានលម្អិតនោះទេ។ ក្នុងចំណោមជនរងគ្រោះទាំងនោះពុំមានក្មេងតូចៗនោះទេ។
គេបានរំពឹងថា មនុស្សប្រមាណ១លាននាក់នឹងប្រមូលផ្តុំគ្នានៅជុំវិញអាគារ Burj Khalifa ដើម្បីមើលកាំជ្រួច៕