ការរឹតបន្តឹងការប្រើប្រាស់ទឹកត្រូវបានប្រកាសនៅទីក្រុងស៊ីដនី ដែលជាទីក្រុងធំជាងគេនៅប្រទេសអូស្រា្តលី ជាលើកដំបូងក្នុងរយៈពេលជិតមួយទសវត្សរ៍មកនេះ ដោយសារការធ្លាក់ចុះកម្រិតទឹក នៅក្នុងអាងស្តុកទឹកនៅទីក្រុង និងគ្រោះរាំងស្ងួតរយៈពេលវែង។ ពលរដ្ឋដែលបំពានបម្រាមនេះនឹងត្រូវផាកពិន័យជាប្រាក់១៥០ដុល្លារសហរដ្ឋអាមេរិក។
ទឹកភ្លៀងដែលបានហូរចូលក្នុងអាងស្តុកទឹកនៅទីក្រុងស៊ីដនីមានកម្រិតទាបបំផុតចាប់តាំងពីសង្រ្គាមលោកលើកទីពីរមក។ ចាប់ពីថ្ងៃសៅរ៍ទី១ ខែមិថុនា តទៅអ្នករស់នៅក្នុងទីក្រុងនេះនឹងប្រឈមនឹងការរឹតបន្តឹងនេះ ជាពិសេសគឺការប្រើទឹកនៅខាងក្រៅផ្ទះ។
ការបាញ់ទឹកស្រោចសួនច្បារនឹងត្រូវហាមឃាត់ ហើយវិធានការរឹតបន្តឹងនានាអាចដាក់ចេញជាបន្តបន្ទាប់។ រដ្ឋាភិបាលរដ្ឋ New South Wales បានប្រកាសថា ការដាក់ចេញវិធានការទប់ស្កាត់ឲ្យបានឆាប់រហ័សនឹងជួយសន្សំសំចៃទឹកនៅអំឡុងពេលគ្រោះរាំងស្ងួតធ្ងន់ធ្ងរជាប្រវត្តិសាស្រ្តនេះ។
ការិយាល័យឧតុនិយមអូស្ត្រាលីព្យាករណ៍ថា កម្រិតទឹកភ្លៀងនឹងធ្លាក់ចុះទាបក្រោមកម្រិតមធ្យម ហើយធាតុអាកាសនឹងឡើងកម្តៅខ្ពស់នៅបីខែបន្ទាប់ទៀតនេះ នៅស្ទើរគ្រប់ទីកន្លែងទូទាំងទ្វីប។
រដ្ឋមន្ត្រីក្រសួងធនធានទឹកនៅរដ្ឋ New South Wales លោកស្រី Melinda Pavey បានថ្លែងថា៖ «ដោយសារតែកម្រិតទឹកភ្លៀងហូរចូលក្នុងអាងស្តុកទឹកនៅពេលនេះមានកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ១៩៤០មក រដ្ឋាភិបាលបានសម្រេចថា ការចេញបម្រាមរឹតបន្តឹងការប្រើប្រាស់ទឹកនៅពេលនេះគឺជាវិធានកាល្អបំផុត។ ការព្យាការណ៍អាកាសធាតុដោយការិយាល័យឧតុនិយមមិនប្រាកដថា ត្រឹមត្រូវទាំងអស់ទេ ប៉ុន្តែយើងត្រូវរៀបចំផែនការទប់ទល់ ហើយខ្ញុំសូមឲ្យការព្យាករណ៍នេះខុសទៅចុះ»។
រដ្ឋ New South Wales រងគ្រោះរាំងស្ងួតចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៧មក។
អ្នកស្រី Catherine Port មកពីក្រុមហ៊ុនផ្គត់ផ្គង់ទឹក Sydney Water ដែលគ្រប់គ្រងដោយរដ្ឋាភិបាលបាននិយាយថា ក្រុមមន្រ្តីរបស់ក្រុមហ៊ុននឹងចុះទៅពិនិត្យនៅតាមតំបន់នានា ដើម្បីធានាឲ្យបានថា គ្មានការបំពានលើបម្រាមប្រើប្រាស់ទឹកនេះ។
អ្នកស្រី Catherine Port ថ្លែងថា៖ «ក្រុមហ៊ុនផ្គត់ផ្គង់ទឹក Sydney Water មានក្រុមការងារជាមន្រ្តីសហគមន៍ទឹក ដែលនឹងត្រូវចេញទៅត្រួតពិនិត្យការប្រើប្រាស់ទឹកនៅតាមសហគមន៍ដើម្បីធានាថា បម្រាមនេះត្រូវបានអនុវត្ត។ ការផ្អាកពិន័យជាប្រាក់គឺ២២០ដុល្លារអូស្រា្តលីសម្រាប់បុគ្គល និង៥៥០ដុល្លារអូស្ត្រាលីសម្រាប់អាជីវកម្ម»។
ទោះជាយ៉ាងណាក្តី ក្រុមអ្នករិះគន់បានទទូចថា ស្ថានភាពដែលកំពុងកើតឡើងនៅក្នុងទីក្រុងស៊ីដនីនាពេលនេះ មួយផ្នែកគឺបណ្តាលមកពីការរៀបចំផែនការមិនបានល្អ និងបរាជ័យនៃការចំរាញ់ទឹកយកមកប្រើប្រាស់ឡើងវិញ។
ការធា្លក់ចុះកម្រិតទឹកនៅក្នុងអាងស្តុកទឹកបានធ្វើឲ្យក្រុមអាជ្ញាធរចំណាយប្រាក់រាប់លានដុល្លារដើម្បីបង្កើតរោងចក្រចំរាញ់ទឹកប្រៃដើម្បីប្រើប្រាស់កាលពីខែមករា។ រោងចក្រនេះមានលទ្ធភាពអាចចំរាញ់ទឹកប្រៃដើម្បីផ្គត់ផ្គង់ការប្រើប្រាស់ទឹក១៥ភាគរយនៅក្នុងទីក្រុងស៊ីដនី ដែលមានប្រជាជនចំនួន៤លាន៦សែននាក់។
នៅតាមទីក្រុងតូចៗនៅរដ្ឋ New South Wales ដែលជារដ្ឋមានប្រជាជនរស់នៅច្រើនបំផុតក្នុងប្រទេសអូស្តា្រលី ក៏កំពុងប្រឈមនឹងវិបត្តិខ្វះទឹកប្រើប្រាស់នេះដែរ។
ពលរដ្ឋនៅក្រុង Tamworth ស្ថិតក្នុងបម្រាមរឹតបន្តឹងការប្រើប្រាស់ទឹកកម្រិតទី៤ ដែលហាមឃាត់មិនឲ្យមានការប្រើទឹកនៅខាងក្រៅផ្ទះ និងមិនឲ្យដាក់ឬចាក់បំពេញទឹកក្នុងហាងហែលទឹកជាដើម។ បម្រាមកម្រិតទី៥គឺជាការចាត់វិធានការបន្ទាន់។
អូស្រា្តលីគឺប្រទេសដែលមានអាកាសធាតុក្តៅស្ងួតបំផុតនៅក្នុងពិភពលោក៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា