ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

គ្រោះ​រាំង​ស្ងួត​ធ្វើ​ឲ្យ​មនុស្ស​ចំនួន​២​លាន​នាក់​ជួប​បញ្ហា​អសន្តិសុខ​ស្បៀង​នៅ​ប្រទេស​អង់ហ្គោឡា


រូបឯកសារ៖ បុរស​ពីរ​នាក់​កំពុង​យក​ឥដ្ឋ​មក​ប្រើ​ប្រាស់​ឡើង​វិញ​នៅ​ឯ​ព្រះវិហារ​បាក់​បែក​មួយ​ក្នុង​ក្រុង Lucapa ប្រទេស​អង់ហ្គោឡា។

តំបន់​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​អង់ហ្គោឡា កំពុង​ជួប​ប្រទះ​នូវ​គ្រោះ​រាំង​ស្ងួត​ដ៏​អាក្រក់​មួយ​ដែល​មិន​ធ្លាប់​មាន​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​កន្លង​មក​នេះ ដោយ​មាន​មនុស្ស​យ៉ាង​ហោច​ណាស់​២.៣០០.០០០ នាក់ ប្រឈម​នឹង​ហានិភ័យ​ដោយ​ទទួល​រង​ទុក្ខ​កង្វះ​អាហា​រូបត្ថម្ភ​។

មូលនិធិ​សម្រាប់​កុមារ​របស់​អង្គការ​សហ​ប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា តំបន់​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​អង់ហ្គោឡា កំពុង​ជួប​ប្រទះ​នូវ​គ្រោះ​រាំង​ស្ងួត​ដ៏​អាក្រក់​មួយ​ដែល​មិន​ធ្លាប់​មាន​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​កន្លង​មក​នេះ ដោយ​មាន​មនុស្ស​យ៉ាង​ហោច​ណាស់​២.៣០០.០០០ នាក់ ប្រឈម​នឹង​ហានិភ័យ​ដោយ​ទទួល​រង​ទុក្ខ​កង្វះ​អាហា​រូបត្ថម្ភ​ ដោយ​សារ​តែ​ពួក​គេ​មិន​អាច​ទទួល​បាន​អាហារ​គ្រប់​គ្រាន់។

កសិករ​ម្នាក់​អាយុ​៥៨​ឆ្នាំ ឈ្មោះ Eduardo Noukala កំពុង​ស្វះស្វែង​រក​ស្មៅ​និង​ទឹកឲ្យ​បាន​គ្រប់​គ្រាន់​សម្រាប់​គោ​ក្របី​ដែល​គ្រួសារ​របស់​លោក កំពុង​ពឹង​អាស្រ័យ​នា​ពេល​បច្ចុប្បន្ន​នេះ។

គ្រោះ​រាំង​ស្ងួត​ដ៏​អាក្រក់​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​លើ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​អង់ហ្គោឡា ដែលមិន​ធ្លាប់​មានក្នុង​ប៉ុន្មាន​ទសវត្សរ៍​នេះ បាន​បំផ្លាញ​ផល​ដំណាំ​របស់​លោក​ទាំង​ស្រុង។

រូបឯកសារ៖ ផែន​ទីបង្ហាញ​ទីតាំ​ងប្រទេស​អង់ហ្គោឡា។
រូបឯកសារ៖ ផែន​ទីបង្ហាញ​ទីតាំ​ងប្រទេស​អង់ហ្គោឡា។

ភ្លៀង​មិន​បាន​ធ្លាក់​ចាប់​តាំង​ពី​ខែ​វិច្ឆិកាឆ្នាំមុន ដែល​ធ្វើ​ឲ្យកសិករ​រាប់​ពាន់​នាក់​ដូច​ជា​លោក Noukala មិន​បាន​ទទួល​ផល​ដំណាំ និង​មាន​ក្តី​សង្ឃឹម​តិច​តួច។

លោក​បាន​និយាយ​ថា មាន​តែ​ព្រះ​ទេ​ដែល​ដឹង​អំពី​ទំហំ​នៃ​គ្រោះ​រាំង​ស្ងួត​នៅ​ឆ្នាំ​នេះ ពីព្រោះ​លោក​មិន​ដែល​បាន​ឃើញ​គ្រោះ​រាំង​ស្ងួត​បែប​នេះ​ទេ ពី​មុន​មក​ទេ។​

កសិករ​ចិញ្ចឹម​សត្វ​ពាហនៈ​ត្រូវ​បង្ខំ​ចិត្ត​ធ្វើដំណើរ​ជាមួយ​ហ្វូង​សត្វ​របស់​ពួក​គេ ៣​ខែ មុន​កាល​កំណត់​ដើម្បី​ស្វែង​រក​វាលស្មៅ​ពណ៌​បៃតង។

មាន​សត្វ​តិច​តួច​ប៉ុណ្ណោះ​ត្រូវ​គេ​រំពឹង​ថា​ នឹង​អាច​រស់​រាន​មាន​ជីវិត ខណៈ​ពេល​ដែល​សត្វ​ជា​ច្រើន​ពាន់​ក្បាល បាន​ងាប់​រួច​ទៅ​ហើយ។

មូល​និធិ​សម្រាប់​កុមារ​របស់​អង្គការ​សហប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា គ្រោះ​រាំង​ស្ងួត​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ជាង ២ លាន​នាក់​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​អង់ហ្គោឡា ជួប​ហានិភ័យ​ដោយ​អសន្តិសុខ​ស្បៀង។

លោក Asorio Setequele ជាកសិករ​ម្នាក់​ដែរ​និយាយ​ថា​ នៅ​ពេល​នេះ​ពួកគាត់ កំពុង​ជួប​គ្រោះ​អត់​ឃ្លាន​នៅ​ឯ​ផ្ទះ​ ហើយ​មិន​មាន​ទឹក​ប្រើ​ប្រាស់​ដោយ​សារតែ​គ្រោះ​រាំង​ស្ងួត​នេះ។

កុមារ​ដែល​ខ្វះ​អាហាររូបត្ថម្ភ ត្រូវ​បាន​ព្យាបាល​នៅ​ឯ​មន្ទីរ​ពេទ្យ​មួយ​ឈ្មោះ​ថា Ondjiva។

ប៉ុន្តែ​លោក​វេជ្ជបណ្ឌិត​ Daniel Ricardo ដែល​ជា​អ្នក​ឯក​ទេស​ខាង​អាហារូបត្ថម្ភ​ និយាយ​ថា អ្នក​ដែល​ជួប​គ្រោះ​អត់​ឃ្លាន​ភាគ​ច្រើន​កំពុង​ចុះ​ខ្សោយ​យ៉ាង​ខ្លាំង​ដែល​ធ្វើ​ឲ្យ​ពួកគេ​មិន​អាច​ធ្វើដំណើរ​ទៅ​ទទួលការ​ថែទាំ​សុខភាព​បាន។

លោក​និយាយ​ថា​ ស្ថានភាព​សុខភាព​នៃ​កុមារ​ទាំង​នោះ នឹង​កាន់​តែ​អាក្រក់​ជាង​មុន​ដោយសារតែ​គ្រោះ​រាំង​ស្ងួត​នេះ ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​មនុស្ស​មិន​ត្រឹម​លើ​ផ្នែក​អាហាររូបត្ថម្ភ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​មាន​ឥទ្ធិពល​ធំធេង​ទៅ​លើ​សុខភាព​របស់​កុមារ នៅ​កម្រិត​មូលដ្ឋាន​ទៀត​ផង។

ក្រុមជំនួយ​របស់​អង្គការ​ទស្សនៈ​ពិភពលោក ​ World Vision​ កំពុងតែ​ផ្តល់​អាហារ​ចំនួន​ ១១​ កុងតឺន័រ ​ដល់​កុមារ​កំពុង​ស្រេក​ឃ្លាន​ចំនួន​ ៣២.០០០ នាក់ ដែល​មាន​អាយុ​ក្រោម ៥ ឆ្នាំ នៅ​ទីក្រុង​ Cunene។

លោក​ Robert Bulten ​នាយក​កម្មវិធី​សង្គ្រោះ​បន្ទាន់​នៅ​ប្រទេស​អង់ហ្គោឡា​មាន​ការ​ព្រួយ​បារម្ភ​អំពី​តម្រូវ​ការ​ចាំ​បាច់​បំផុត​នេះ។

លោក Bulten បាន​ថ្លែង​ថា៖ «នេះ​មិន​ទាន់​គ្រប់​គ្រាន់​ទេ។ យើង​ត្រូវ​តែ​ស្វែង​រក​ធន​ធាន​ផ្សេង​ទៀត​ពី​អ្នក​ផ្គត់​ផ្គង់​ផ្សេងៗ ពីព្រោះ​យើង​មើល​ឃើញ​ថា​ ការ​ប្រមូល​ផល​បាន​ពី​វាល​ស្រែ​ក្នុង​រដូវ​កាល​នេះ យើង​រំពឹង​ថា យើង​នឹង​មាន​កុមារ​ដែល​ខ្វះ​អាហារូបត្ថម្ភ​យ៉ាង​ច្រើន យ៉ាង​ហោច​ណាស់​ការ​ប្រឈម​នេះ នឹង​កើត​មាន​រហូត​ដល់​រដូវ​កាល​ប្រមូល​ផល​ឆ្នាំ​ក្រោយ គឺ​នៅ​ខែមីនា»។

ប្រធានាធិបតីប្រទេស​អង់ហ្គោឡា លោក Joao Lourenco បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​តំបន់​នេះ​នៅ​ខែ​ឧសភា ហើយ​បាន​ទទួល​ស្គាល់​ថា​ ស្ថានភាព​នៅ​តំបន់​នេះ​មាន​សភាព​មិន​ល្អ។

រូបឯកសារ៖ ប្រធានា​ធិបតី​ Joao Lourenco នៃ​ប្រទេស​អង់ហ្គោឡា។
រូបឯកសារ៖ ប្រធានា​ធិបតី​ Joao Lourenco នៃ​ប្រទេស​អង់ហ្គោឡា។

លោក​បាន​និយាយ​ថា រដ្ឋាភិបាល​មិន​មែន​មិន​អើពើ​នឹង​បញ្ហា​នេះ​ទេ។ វត្តមាន​របស់​លោក​នៅ​ខេត្ត​ទាំង​ពីរ​នេះ គឺ​ជា​សញ្ញា​មួយ​បង្ហាញ​ថា រដ្ឋាភិបាល​កំពុង​តាម​ដាន​លើ​អ្វី​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​តំបន់​ស្ទើរ​តែ​ទាំង​អស់ នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​អង់ហ្គោឡា។

ប្រទេស​អង់ហ្គោឡា​បាន​សន្យា​ថា នឹង​ផ្ដល់​មូលនិធិ​ដល់​សេវា​សង្គ្រោះ​បន្ទាន់​របស់​ខ្លួន​ និង​កម្មវិធី​អភិវឌ្ឍន៍​សម្រាប់​រយៈ​ពេល​៤​ឆ្នាំ។

ខណៈ​ពេល​ដែល​ផែនការ​នេះ មាន​លក្ខណៈ​គួរ​ឲ្យ​សរសើរ​នោះ ក្រុម​អង្គការ​ផ្ដល់​ជំនួយ​និយាយ​ថា ការ​ប្ដេជ្ញា​ពឹង​ផ្អែក​លើ​ខ្លួន​ឯង​ធ្វើ​ឲ្យ​មាន​ការ​ពិបាក​កាន់​តែ​ខ្លាំង​ក្នុង​ការ​ទាក់​ទាញ​រក​ជំនួយ​មក​ជួយ​ដល់​ពលរដ្ឋ​អង់ហ្គោឡា ដែល​កំពុង​រង​ទុក្ខ​ដោយ​គ្រោះ​រាំង​ស្ងួត​នេះ៕

ប្រែសម្រួលដោយ នៀម ឆេង

XS
SM
MD
LG