ប្រទេសអូស្ត្រាលីនិងនូវែលសេឡង់បានបញ្ជូនយន្តហោះស៊ើបការណ៍នៅថ្ងៃចន្ទនេះទៅវាយតម្លៃការខូចខាតនៅកោះTonga ដែលបណ្តាលមកពីការផ្ទុះភ្នំភ្លើងនៅក្រោមបាតសមុទ្រនិងដែលបានបណ្តាលឲ្យមានរលកយក្សស៊ូណាមិ និងបានធ្វើឲ្យកោះក្នុងមហាសមុទ្រប៉ាស៊ីហ្វិកនេះគ្របដណ្តប់ដោយផេះភ្នំភ្លើង។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison បានសន្យាផ្តល់ជំនួយដល់កោះ Tonga ឲ្យបានឆាប់រហ័សទៅតាមលទ្ធភាពដែលអាចធ្វើបាន ក៏ប៉ុន្តែ បាននិយាយថា ផេះពីបន្ទុះភ្នំភ្លើងនោះ បានធ្វើឲ្យរំខានដល់ការប្រឹងប្រែងផ្តល់ជំនួយសង្គ្រោះ។
លោកនាយករដ្ឋមន្ត្រី Morrison បានប្រាប់ស្ថានីយ៍វិទ្យុ 2GB នៅថ្ងៃចន្ទនេះថា «មានបញ្ហាប្រឈមជាច្រើននៅទីនោះ ដោយមានផេះនិងការរំខានដល់ការទាក់ទង ហើយយើងកំពុងធ្វើការជាមួយគ្នាដើម្បីទទួលជំនួយឲ្យបានច្រើនដល់កោះ Tonga ដែលយើងអាចធ្វើទៅបាន»។
ការិយាល័យឧតុនិយមរបស់អូស្ត្រាលីបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters នៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលនៅថ្ងៃចន្ទនេះថា «មិនមានសកម្មភាពភ្នំភ្លើងនៅពេលបច្ចុប្បន្ននេះទេ ហើយថាភ្នំភ្លើងលែងបញ្ចេញផេះទៀតហើយ»។ សេចក្តីថ្លែងការណ៍នោះ បានបញ្ជាក់ទៀតថា ផេះភ្នំភ្លើងដែលបានទៅដល់រដ្ឋ Queensland នៃប្រទេសអូស្ត្រាលី ជាផេះដែលនៅសេសសល់ពីការផ្ទុះលើកមុនទេ។
រដ្ឋមន្ត្រីទទួលបន្ទុកមហាសមុទ្រប៉ាស៊ីហ្វិកនៃប្រទេសអូស្ត្រាលីលោក Zed Seselja បាននិយាយថា របាយការណ៍មុនដំបូងបានប្រាប់ឲ្យដឹងថា មិនមានការខូចខាតធំដុំទេហើយថា ចំណតយន្តហោះ Tonga ទំនងជានៅមានស្ថានភាពល្អទេ ប៉ុន្តែមានការខូចខាតច្រើនដល់ផ្លូវថ្នល់និងស្ពាន។
លោក Seselja បាននិយាយទៀតថា អូស្រ្តាលី កំពុងទាក់ទងជាមួយសហរដ្ឋអាមេរិក នូវែលសេឡង់ បារាំង និងប្រទេសផ្សេងៗទៀតដើម្បីសម្របសម្រួលការឆ្លើយតបនេះ៕