ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​បោះ​ឆ្នោត​នៅ​កុងហ្គោចង់​មាន​ការផ្លាស់​ប្តូរ​ភ្លាមៗ


រូបឯកសារ៖ បុរសម្នាក់សម្លឹងមើលបដាឃោសនាបោះឆ្នោតនៅក្រុង Kinshasa ប្រទេសកុងហ្គោ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨។ 
រូបឯកសារ៖ បុរសម្នាក់សម្លឹងមើលបដាឃោសនាបោះឆ្នោតនៅក្រុង Kinshasa ប្រទេសកុងហ្គោ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨។ 

បេក្ខជន​ប្រធានាធិបតី​ទាំងអស់​នៅ​ក្នុង​សាធារណ​រដ្ឋ​ប្រជា​ធិបតេយ្យ​កុង​ហ្គោ​សន្យា​ថា​​ នឹង​ដោះ​ស្រាយ​បញ្ហា​សេដ្ឋកិច្ច​ដ៏​ទន់​ខ្សោយ​ របស់​ប្រទេស​នេះ​ហើយ​​ពង្រីក​ការ​ផ្តល់​ផល​ប្រយោជន៍​ពី​ទ្រព្យសម្បត្តិ​ធម្មជាតិ​ដ៏ច្រើន​របស់​ប្រទេស​នេះ​ឲ្យ​បាន​​ដល់​ប្រជាជន​របស់​ខ្លួន។

លោក ​Landu Kumbakidioko ​មិន​ខ្វល់​ថា​ អ្នកណា​ឈ្នះការ​បោះឆ្នោតនៅថ្ងៃ​ទី​២៣​ ខែ​ធ្នូ​ដែល​មាន​ការ​ប្រកួត​ប្រជែង​គ្នា​យ៉ាង​ក្តៅ​គគុក​នោះទេ។​ អ្នក​កាត់សក់​នៅ​ទីក្រុង Kinshasa ​រូប​នេះ​គ្រាន់តែ​ចង់​បាន​អ្វីដែល​បេក្ខជន​កំពូលៗ​បាន​សន្យា​ប៉ុណ្ណោះ​គឺ​ ជីវភាពរស់នៅ​ប្រសើរ​ជាង​មុន​ ក្នុង​ប្រទេស​សម្បូរ​ធនធាន​ដែលមាន​អត្រា​អត់​ការងារ​ធ្វើខ្ពស់​និង​កង្វះ​ធ្ងន់ធ្ងរ​នូវ​សេវា​សាធារណៈ​ជាមូលដ្ឋាន។

នៅក្នុង​សង្កាត់​របស់​លោក​ដែល​នៅចម្ងាយ​មិនឆ្ងាយ​ពី​ចំណុច​កណ្តាល​នៃទីក្រុង​ Kinsahsa ​ ​ផ្លូវថ្នល់​ខូច​ក្រហេងក្រហូង ​ទឹកលូ​ហូរ​តាមផ្លូវ​ ហើយ​ថាមពល​អគ្គិសនី ​និង​និង​ទឹក​ប្រើប្រាស់​មាន​តិចតួច។ ​

លោក​ Landu ​យក​ថ្លៃឈ្នួល​៥​ដុល្លារ​សម្រាប់​សេវាកាត់​សក់​ និង​កោររោម​ បើលោក​អាច​រក​បាន។

លោក​បាន​ប្រាប់​វីអូអេ​ថា ​ភ្លើង​អគ្គិ​សនី​ដាច់​រៀង​រាល់ថ្ងៃ​ នៅ​ម៉ោង​ប្រហែល​១០​ ហើយ​ដាច់​រហូតដល់​ម៉ោង​៥ ​ឬ​ម៉ោង៨​យប់។ ​លោក​និយាយ​ថា​ វាបង្ក​ការ​លំបាក​ ហើយ​លោក​ចង់​ឲ្យមាន​ភ្លើង​ទៀងទាត់។​

ប៉ុន្តែ​លោក​គិត​ថា លោកមាន​សំណាង​ណាស់​ដែល​មាន​ការងារ​ធ្វើ។​ ​

អតិថិជន​របស់​លោក​ភាគច្រើន​គ្មាន​ការងារ​ធ្វើ​ទេ ​ហើយ​ពួក​គេ​អង្គុយ​ជជែង​គ្នា​លេង​នៅក្នុង​ហាង​របស់​លោក​ពេញ​មួយ​ថ្ងៃ។​ ចំនួន​អ្នក​អត់ការ​ងារ​ធ្វើត្រូវ​បានប៉ាន់​ប្រមាណ​ថា​ មាន​ប្រហែល​៤៦% ។ ​ទោះជាយ៉ាង​ណាក្តី​ស្ថិតិ​គួរឲ្យ​ទុកចិត្តបាន​លំបាក​រក​នៅក្នុង​ប្រទេស​មួយ​ដែល​ទីផ្សារ​ងងឹត​ត្រូវ​បាន​ទប់​ស្កាត់។​

វីអូអេ​បាន​សួរ​ក្រុម​គាំទ្រ​បេក្ខជន​ប្រធានាធិបតី​ទាំងសង​ខាង​ ថា​តើពួក​គេ​នឹង​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ខាង​សេដ្ឋកិច្ច​យ៉ាង​ដូច​ម្តេច?

លោក ​Andre-Alain Atundu ​ អ្នកនាំ​ពាក្យ​របស់​ក្រុម​ដឹកនាំ​ចម្រុះ​ បាន​និយាយ​ថា ​ បេក្ខជន​ប្រធានាធិបតី​គណបក្ស​ប្រឆាំង​លោក​ Emmanuel Ramazani Shadary ​ចង់​បង្កើន​ការ​ចំណាយ​របស់​រដ្ឋាភិបាល​និង​ផ្លាស់ប្តូរ​ពី​សេដ្ឋកិច្ច​ដែល​ពឹង​ផ្អែកលើ​ធនធាន​ធម្មជាតិ។​

«គំនិត​សំខាន់​របស់​លោក​គឺ បង្កើត​ឱ្យ​មាន​ពហុ​សេដ្ឋកិច្ច​បើក​ចំហ។​ ​យើង​និយាយ​ថា សេដ្ឋកិច្ច​របស់​យើង ផ្អែក​លើ​រ៉ែទង់​ដែង​ និង​រ៉ែផ្សេងៗ។ ​យើង​ចង់ឱ្យ​សេដ្ឋកិច្ច​មាន​ភាព​ចម្រុះ»។​

បេក្ខជន​គណបក្ស​ប្រឆាំង​លោក ​Martin Fayulu ​ដែលជា​អ្នក​ជំនួញ​ម្នាក់​ និង​ជា​អតីត​នាយក​ប្រតិបត្តិក្រុមហ៊ុន​ប្រេង​បាន​ប្រាប់​វីអូអេ​ថា លោក​គ្រោង​នឹង​ដឹកនាំ​ប្រទេស​ដ៏​ធំនេះ​ដូចការ​ដឹកនាំ​អាជីវកម្ម​របស់​លោក​ដែល​ទទួល​បាន​ជោគជ័យដោយ​ធ្វើឱ្យ​ប្រទេស​នេះ​កាន់តែ​ទាក់ទាញ​វិនិយោគិន។​

«យើង​ចង់​លើក​កម្ពស់​ភាពក្រីក្រ​របស​់ប្រជា​ជន​កុងហ្គោ។​ យើង​ចង់​ផ្តល់​ការងារ​ដល់​ពួក​គេ។ ​យើង​ចង់​ឱ្យ​ប្រជាជន​មើល​ឃើញ​ថា​ ប្រទេស កុង​ជា​គោល​ដៅ​ធ្វើ​ជំនួញ​ ​និង​ជាគោល​ដៅ​ដំបូងគេ​ ដែល​ជា​ជម្រើស​ទីមួយ។ ​បន្ទាប់មក ​យើង​បង្កើត​វាតាម​របៀប​ដែល​អ្នក​ហៅថា ​«ទំនាក់ទំនង»​នៅ​ចំណុច​កណ្តាលហើយ​ថា ​តើគ្នា​យើង​ពិភាក្សា​របៀប​ណា​ដើម្ប​ីគ្រប់គ្រង​ប្រទេស»។​ ​

ម្ចាស់​ហាង​កាត់សក់​រូប​នេះ​យល់ថា ​បញ្ហា​នានា​មាន​លក្ខណៈ​សាមញ្ញ​ទេ។​ លោក Kumbakidioko ​បាន​ត្អូញត្អែរ​អំពី​បញ្ហា​កង្វះ​សេវា​ជាមូលដ្ឋាន ​ ដូច​ជា​អត្រា​ខ្វះ​ការ​ងារ​ធ្វើ​មាន​ច្រើន​ ​ ហេដ្ឋា​រចនា​សម្ព័ន្ធ​អត់​ថយ។ ​លោក​និយាយ​ថា ​លោកធុញទ្រាន់​នឹង​ការ​បំភ្លេច​ពាក្យ​សន្យា​ខាង​នយោបាយ និង​អំពី​ពុករលួយ​ជាច្រើន។​ លោក​និយាយ​ថា ​លោក​គ្រាន់តែ​ចង់ឱ្យ​អ្នក​នយោបាយ​ផ្តល់ឱ្យ​ប្រជា​ពល​រដ្ឋនូវ​សេវា​កម្ម​មូលដ្ឋាន​ដែល​ពួក​គេ​សម​នឹង​ទទួល​បាន​។ ហើយ​ប្រសិន​បើ​បរាជ័យ​នោះ ​លោក ​Kumbakidioko ​និយាយ​ថា លោក​អាច​នឹងធ្វើ​អ្វីម្យ៉ាង​ក្នុង​ពិភព​នយោបាយ​ដ៏ច្របូក​ច្របល់​នេះ។

លោក​និយាយ​ថា លោក​ចូលចិត្ត​នយោបាយ​ហើយ​ប្រហែល​ជាថ្ងៃ​ណា​មួយ ​ប្រសិន​បើលោក​មាន​ឱកាស ​ លោក​នឹងចាប់​យក​អាជីព​នយោបាយ។​ ​

ប៉ុន្តែ​សម្រាប់​ឥឡូវនេះ ​ នៅពេល​ដែល​លោក​កំពុង​កោរ​រោម​លើ​បំពង់ក​អតិថិជន មិន​ឲ្យ​សល់​មួយ​សសៃ​នោះ ​លោក​នៅ​តែ មាន​បំណង​ចង់​ធ្វើ​ជា​អ្នក​កាត់សក់។​ លោក​និយាយ​ថា ​នយោបាយ​របស់​ប្រទេស​កុងហ្គោ​បោក​ប្រាស់​ពេក​ហើយ៕

ប្រែសម្រួល​ដោយពិន ស៊ីសុវណ្ណ

XS
SM
MD
LG