នៅថ្ងៃចន្ទនេះ ប្រធានាធិបតីចិនលោក Xi Jinping បានប្រាប់មេដឹកនាំនយោបាយ និងមេដឹកនាំអាជីវកម្មនៃបណ្ដាប្រទេសនានានៅទ្វីបអាហ្វ្រិកថា ការវិនិយោគរបស់របស់ចិននៅក្នុងទ្វីបអាហ្វ្រិកគឺធ្វើឡើងក្នុងគោលបំណងបង្កើនការអភិវឌ្ឍរបស់ទ្វីបនេះ។
ការលើកឡើងរបស់លោក Xi Jinping នៅឯពិធីបើកវេទិកាដែលធ្វើឡើងរាល់ ៣ ឆ្នាំម្ដង ស្ដីពីកិច្ចសហប្រតិបត្តិការចិនអាហ្វ្រិកនៅក្នុងទីក្រុងប៉េកាំង ប្រទេសចិននេះ មានគោលបំណងធានាចំពោះអ្នកតំណាងនានាមកពីទ្វីបអាហ្វ្រិកអំពីគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្មរបស់លោក ដែលផ្ដល់កម្ចីរាប់ពាន់លានដុល្លារអាមេរិកដល់បណ្ដាប្រទេសនៅទ្វីបអាស៊ី និងអាហ្វ្រិក ដើម្បីផ្គត់ផ្គង់ដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំរបស់ពួកគេ។
អ្នករិះគន់លើគម្រោងរបស់លោក Xi Jingping នេះ អះអាងថា បំណុលដ៏ច្រើនមហិមានេះអាចធ្វើឲ្យបណ្ដាប្រទេសទាំងនោះជំពាក់គុណប្រទេសចិន។
លោក Xi Jinping បាននិយាយយ៉ាងដូច្នេះថា៖ «ការវិនិយោគរបស់ចិននៅអាហ្វ្រិកធ្វើឡើងដោយគ្មានការពាក់ព័ន្ធនឹងនយោបាយនោះទេ។ ប្រទេសចិនមិនជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងនៃទ្វីបអាហ្វ្រិកនោះទេ ហើយក៏មិនដាក់កំហិតណាមួយលើទ្វីបអាហ្វ្រិកនោះដែរ»។
ប្រទេសចិនបានធ្វើយុទ្ធនាការបាញ់ឆ្ពោះទៅទ្វីបអាហ្វ្រិកក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយបានបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនជាមួយនឹងប្រទេសនានានៅទីនោះ។ លោក Xi Jingping បានសន្យាផ្ដល់កម្ចី និងជំនួយចំនួន ៦០ ពាន់លានដុល្លារអាមេរិក សម្រាប់ទ្វីបអាហ្វ្រិកនៅក្នុងវេទិកាកិច្ចសហប្រតិបត្តិការចិនអាហ្វ្រិកនេះកាលពីឆ្នាំ ២០១៥ ដែលកាលនោះធ្វើឡើងនៅក្នុងទ្វីបអាហ្វ្រិក៕