ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាហ្វ្រិក​ខាងកើត​មាន​សេវាកម្ម​បញ្ញើ​ប្រាក់​ងាយស្រួល​ជាងមុន


សន្តិសុខ​ម្នាក់​ដើរ​កាត់​រូប​លុយ​ដុល្លារ​សហរដ្ឋ​អាមេរិក​នៅ​ខាង​មុខកន្លែង​ប្តូរ​លុយក្នុង​ទីក្រុង​ Nairobi កាលពី​ថ្ងៃទី​២៣ កក្កដា ឆ្នាំ ២០១៥។

ក្រុមហ៊ុន​អន្តរជាតិ​មួយ​ដែល​ផ្តល់​សេវាកម្ម​ផ្ទេរប្រាក់​បាន​ចាប់ផ្តើម​បើក​ឲ្យ​ប្រើ​សេវា​ផ្ញើប្រាក់​តាម​អ៊ិនធឺណិត​សម្រាប់​ជនជាតិអាហ្វ្រិក​ដើម្បី​ជួយ​សម្រួល​ឲ្យ​មាន​ភាពងាយ​ស្រួល​ជាងមុន​ក្នុង​ការ​ផ្ញើ​និង​ទទួល​ប្រាក់។ ក្រុម​អ្នកវិភាគ​និយាយ​ថា​ ក្រុមហ៊ុន​ផ្ទេរ​ប្រាក់ WorldRemit នឹង​ជួយ​កាត់​បន្ថយ​តម្លៃ​ផ្ញើប្រាក់​និង​ជួយ​ជំរុញ​ដល់​ផ្នែក​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច​របស់​អាហ្វ្រិក។

ប្រទេស​អាហ្វ្រិក​បាន​ក្លាយ​ជា​ប្រទេស​រីកចម្រើន​ផ្នែកទីផ្សារ​ផ្ទេរប្រាក់​សម្រាប់​ក្រុមហ៊ុន​ដែល​ផ្តល់​សេវា​ផ្ញើប្រាក់​នានា​ ដូច​ទៅ​នឹង​ការ​រីកលូតលាស់​ផ្នែក​ទូរគមនាគមន៍​ និង​សេដ្ឋកិច្ច​ដែរ។

ក្រុមហ៊ុន​ WorldRemit ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ផ្ទេរប្រាក់​ដែល​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​ នាពេល​ថ្មីៗ​នេះ​បាន​ចាប់ផ្តើម​ផ្សព្វផ្សាយ​សេវាកម្ម​ផ្ទេរប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល​ថ្មី​មួយ​នៅក្នុង​ប្រទេស​អាហ្វ្រិក​ខាងកើត​ចំនួន៤។ ក្រុមហ៊ុន​នេះ​បាន​ផ្តល់​សេវាកម្ម​ផ្ទេរប្រាក់​យ៉ាង​ហោចណាស់​ចំនួន១ពាន់៦រយលានដុល្លារ​នៅក្នុង​ទ្វីបអាហ្វ្រិក​ជា​រៀងរាល់​ឆ្នាំ។

លោក Ismail Ahmed សហស្ថាបនិក​និង​ជា​នាយកក្រុមហ៊ុន WorldRemit បាន​ប្រាប់​VOA អំពី​ការ​វិវត្ត​នៃ​សេវាកម្ម​ផ្ទេរប្រាក់​នៅក្នុង​ទ្វីបអាហ្វ្រិក​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ។ លោក Ismail Ahmed បាន​ថ្លែង​ដូច្នេះ​ថា៖ «ពេល​យើង​ចាប់ផ្តើម​បម្រើ​សេវាកម្ម​ផ្ទេរប្រាក់​ដំបូង​ពេលនោះ​ គឺ​ទាំង​ការ​ទទួល​និង​ផ្ញើប្រាក់​ ៩៩ភាគរយ​គឺ​ជា​លុយ​សុទ្ធ។

ប៉ុន្តែ​នៅ​ថ្ងៃនេះ​មាន​ការវិវត្ត​យ៉ាង​ឆាប់​រហ័ស​ ហើយ​ក្នុង​រយៈពេល​ពីរបីឆ្នាំ​ទៀត​ យើង​គិត​ថា​ជាង៥០ទៅ៦០ភាគរយ​នៃ​ការ​ផ្ទេរប្រាក់​អន្តរជាតិ​នឹង​ប្តូរ​ពី​លុយសុទ្ធ​ដែល​មាន​ជា​យូរ​មក​ហើយ​ ទៅ​ជា​ការផ្ទេរ​តាម​ប្រព័ន្ធឌីជីថល​ជំនួស​វិញ។ ហេតុដូច្នេះ​ហើយ​បាន​ជា​សេវាកម្ម​ផ្ទេរប្រាក់​របស់​យើង​មាន​ការ​វិវត្ត​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈពេល​ពីរបីឆ្នាំ​មក​នេះ»។

លោកAhmed និយាយ​ថា​បន្ទាប់​ពី​បាន​ប្តូរ​ទៅ​ជា​ប្រព័ន្ធឌីជីថល​មក​ ថ្លៃសេវា​ផ្ញើប្រាក់បាន​ធ្លាក់​ចុះ​ ហើយ​ការត្រួតពនិត្យ​លើ​ការផ្ទេរប្រាក់​នេះ​កាន់​តែ​ងាយស្រួល​ជាងមុន។
លោកIsmail Ahmedបាន​ថ្លែង​បន្ត​ថា៖​«វា​កាន់​តែ​មាន​ភាពងាយស្រួល​សម្រាប់​អាជីវកម្ម​និង​អតិថិជន​ដើម្បី​ផ្ញើប្រាក់​ទាំងនៅ​ក្នុង​និង​ក្រៅ​ប្រទេស។ វា​កាន់​តែ​ងាយស្រួល​ជាងមុន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ហរិញ្ញវត្ថុ ពីព្រោះ​ថា​ការ​ធ្វើ​ប្រតិបត្តិការ​តាមប្រព័ន្ធឌីជីថល​អាច​ជួយ​ឲ្យ​មាន​ការ​ត្រួតពិនិត្យ​លើ​ការ​ផ្ញើ បើ​ធៀប​ទៅ​នឹង​ការ​ប្រើ​លុយសុទ្ធ​ដែល​គ្មាន​ការ​ត្រួតពិនិត្យ​នោះ»។


លោក​ Gerrishon Ikiara សាស្រ្តាចារ្យ​ផ្នែកកិច្ចការ​សេដ្ឋកិច្ច​អន្តរជាតិ​នៅ​សាកល​វិទ្យាល័យ​ណៃរ៉ូប៊ី​បាន​ថ្លែង​ថា​ ការ​ផ្ញើប្រាក់​តាម​ប្រព័ន្ធឌីជីថល​នឹង​ជួយ​ជំរុញ​ដល់​វិស័យ​ពាណិជ្ជកម្ម​ក្នុង​ទ្វីបអាហ្វ្រិក។ ប៉ុន្តែ​ត្រូវ​ចងចាំ​ថា​ប្រទេស​មួយ​ចំនួន​នៅ​មាន​ការខ្វះខាត​ផ្នែកហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន។ លោកសាស្រ្តចារ្យ Gerrishon Ikiara បាន​ថ្លែង​ថា៖ «ជា​ការ​ពិត​ ឧបសគ្គ​ចម្បង​គឺ​កម្រិត​នៃ​ហេដ្ឋារចនាសម្ព័ន្ធ ​ពីព្រោះ​ថា​បើ​ប្រទេស​មួយ​គ្មាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ ដូចជា​ប្រព័ន្ធអគ្គសនី​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ទូរ​គមនាគមន៍នោះ​ វា​នឹង​បង្ក​ការ​លំបាក»។

ធនាគារពិភពលោក​បាន​ប្រកាស​ថា​កាល​ពី​ឆ្នាំ២០១៧​ទឹកប្រាក់​ចំនួន​៣៧ពាន់៨រយ​លានដុល្លារ​ត្រូវ​បាន​ផ្ញើ​ទៅ​ប្រទេស​នៅក្នុង​ទ្វីអាហ្វ្រិក​តាមរយៈ​សេវាផ្ញើប្រាក់។ ឆ្នាំនេះ​គេ​រំពឹង​ថា​ចំនួន​ទឹកប្រាក់​ដែល​ត្រូវ​បាន​ផ្ញើ​នឹង​កើនឡើង​ដល់ទៅ៣៩ពាន់លានដុល្លារ៕

ប្រែសម្រួល​ដោយ ស៊ូ ពេជ្រចិន្តា

XS
SM
MD
LG