ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​វិភាគ៖ ច្បាប់​ទូរគមនាគមន៍​ថ្មី​បង្ក​ការភ័យខ្លាច​និង​ព្រួយ​បារម្ភ

  • ម៉ែន​ គឹមសេង

នេះ​ជា​រូបថត​គេហទំព័រ​ Google Search ជា​ភាសា​ខ្មែរ។ សេចក្តី​ព្រាង​ច្បាប់​មួយ​ស្តី​អំពី​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​ដែល​ត្រូវ​បាន​លេច​ធ្លាយ​នៅ​ដើម​ឆ្នាំ​នេះ បាន​នាំ​ឲ្យ​មាន​ការ​បារម្ភ​កើន​ឡើង​ក្នុង​ចំណោម​សកម្មជន​សិទ្ធិ​មនុស្ស​ថា ច្បាប់​នេះ​អាច​នឹង​គំរាមកំហែង​ដល់​សេរីភាព​ការ​បច្ចេញ​មតិ​នៅ​កម្ពុជា។

សេចក្តី​ព្រាង​ច្បាប់​ទូរគមនាគមន៍​ថ្មី​កំពុង​តែ​បង្ក​ការ​ព្រួយ​បារម្ភ​នៅ​ក្នុងមជ្ឈដ្ឋាន​សង្គម​ស៊ីវិល​និង​អ្នក​ប្រើប្រាស់​ថា​នឹង​កាន់តែ​ធ្វើ​ឱ្យ​លំហរសេរីភាពដែល​តូច​ចង្អៀត​ស្រាប់និង​មាន​តែ​បន្តិច​បន្តួច​នៅ​ពេល​បច្ចុប្បន្ន​កាន់តែ​រួម​តូច​ទៀត។ ​

អ្នក​វិភាគ​បាន​ស្នើ​ឡើង​ថារដ្ឋាភិបាល​គួរ​តែ​បើក​ឱ្យ​មាន​ការ​ពិភាក្សា​ទូលំ​ទូលាយ​លើ​សេចក្តី ព្រាងច្បាប់​ស្តី​ពី​ទូរគមនាគមន៍នេះដើម្បី​ធានា​ដល់​ការបម្រើ​សេវា​កម្ម​ល្អ​សម្រាប់​អ្នក​ប្រើ​ប្រាស់​និង​ជៀសវាង​ការបកស្រាយ​មិន​ត្រឹម​ត្រូវ​ដែល​អាច​មានអ្នកយក​ច្បាប់​នេះ​មក​គាប​សង្កត់​អ្នក​ប្រើប្រាស់​និង​ប្រតិបត្តិករ​ខាងផ្នែក​ទូរគមនាគមន៍​នៅ​កម្ពុជា​នៅ​ក្នុង​ពេល​ខាងមុខ។ ​

លោក​ឱក សេរីសុភ័ក្រ​អ្នក​ឯកទេស​ខាងផ្នែក​អភិបាល​កិច្ច​និង​ជាវាគ្មិនប្រចាំ​ខែ​ក្នុង​កម្មវិធី​«អភិបាល​កិច្ច​ល្អ‍» របស់VOAបាន​ទទួលស្គាល់​ចំពោះ​កត្តា​ប្រឈម​ខាងផ្នែក​សន្តិសុខ​តាម​បណ្តាញ​អ៊ីនធឺណិត​និង​ទូរស័ព្ទ​ដែល​ប្រទេសកម្ពុជា​អាច​នឹង​ទទួលរង​ក្នុង​ពេល​ដែល​មាន​ការ​រីកចម្រើន​ខាងផ្នែក​បច្ចេកវិទ្យា​។ ប៉ុន្តែលោក​យល់​ថានេះ​មិន​មែន​ជា​ហេតុផ​ល​សមស្រប​ក្នុង​ការ​តាក់​តែង​ច្បាប់​មួយ​ដែល​មាន​លក្ខណៈ​តឹងរឹង​រហូត​ដល់​រឹតត្បិត​សិទ្ធិ​របស់​ពលរដ្ឋ​ទេ។

លោក​បាន​បន្ថែម​ថា៖​

«ព្រោះ​រដ្ឋ​បើ​យោង​តែ​លើ​បញ្ហា​សន្តិសុខ​សង្គម​សន្តិសុខ​ជាតិ​តែមួយ​ម៉ា​ត់​ហ្នឹង​យក​មក​អាច​ចោទ​អ្នក​ណា​ក៏បាន អាច​ចូល​ទៅ​មើល​របស់​អ្នក​ណា​ក៏បាន។ ដូច្នេះ​រឿង​ហ្នឹង​ជា​គ្រោះថ្នាក់​មួយ​គួរ​ឱ្យ​ព្រួយ​បារម្ភ​ណាស់‍»។​

ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បាន​បញ្ចប់​ការតាក់​តែង​ច្បាប់​ស្តីពី​ទូរគមនាគមន៍​នេះ​កាលពី​ថ្ងៃ​ទី​១៩​ខែ​មិថុនា​ឆ្នាំ​២០១៤។ នេះ​បើ​តាម​សេចក្តី​ព្រាងច្បាប់​ដែល​វីអូអេ​ទទួល​បាន។

សេចក្តីព្រាងច្បាប់​ថ្មី បាន​ផ្តល់​អំណាច​យ៉ាង​ទូលំ​ទូលាយ​ដល់​អង្គភាព​និយ័តករ​មួយ​ដែល​នឹង​ត្រូវ​បង្កើតឡើង​តាម​អំណាច​នៃ​ច្បាប់​នេះ​ហើយ​ម​ន្ត្រី​របស់​ស្ថាប័ន​នេះ​ដើរ​តួរ​ជា​មន្ត្រី​នគរបាល​យុត្តិធម៌​ដែល​អាច​ដកហូត​លិខិត​អនុញ្ញាត ឬអាជ្ញាបណ្ណ ប្តឹង​ទៅតុលាការ ​អង្កេត​មើល​អ្នក​ប្រើប្រាស់​និង​ប្រតិបត្តិករ​ទូរគមនាគមន៍​ជាដើម។

លោក​ឱក សេរីសុភ័ក្រ​បាន​បន្ថែម​ថា៖​

«ការឱ្យ​អំណាចពេញ​លេញ​ដោយ​អត់​មាន​ព្រំដែន​យ៉ាងនេះ​ទៅ ​អង្គភាព​និយ័តករ​ ខ្ញុំ​គិត​ថា​ធ្វើ​បែប​នេះ​មិន​ត្រឹមត្រូវ​ទេ‍»​។

លោកសុភ័ក្រ ​បានលើក​ឡើង​ដោយ​សំអាង​ថាប្រព័ន្ធ​តុលាការនៅ​កម្ពុជាគឺ​មិន​មាន​ភាព​ឯករាជ្យទេ​ដូច្នេះ​បើ​មាន​ការ​ចោទ​ប្រកាន់​ទៅតុលាការ​គឺ​ពិត​ជា​មនុស្ស​គ្រប់​រូប​អាច​មាន​ទោស​ទណ្ឌ។ លោក​សម្តែង​ការ​ព្រួយ​បារម្ភ​ថា​អាច​នឹង​មាន​ការ​ប្រើ​ប្រាស់​ច្បាប់​នេះ​ដើម្បី​រឹតត្បិត​ទៅ​លើ​អង្គការ​សង្គម​ស៊ីវិល​ដែល​រដ្ឋាភិបាល​មិន​ពេញ​ចិត្ត។

លោក​ថា​នៅកម្ពុជា​ពលរដ្ឋ​អត់​មាន​ការទុកចិត្ត​ទាល់​តែ​សោះ​ទៅលើ​អាជ្ញាធរ​របស់​រដ្ឋ។

«ដោយសារ​អត់​មាន​ការ​អត់​ទុក​ចិត្ត​ហ្នឹង​ហើយ​ ហើយ​នេះ​ជា​លក្ខណៈ​មួយ​នៃ​អភិបាល​កិច្ច​គឺ​បើ​សិន​ជា​អញ្ចឹង​ទេ​នាំ​ឱ្យ​មាន​ការ​សង្ស័យ​ថា​បើ​សិន​ជា​មាន​អំណាច​ទូលំ​ទូលាយ​បែបហ្នឹង​នឹង​មាន​ការ​បំពាន​ជាមិន​ខាន​ហើយ​នឹង​ធ្វើ​ឱ្យ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ លក្ខណៈ​ឯកជន​របស់​ប្រជា​ពលរដ្ឋ​ឬមួយ​របស់​ក្រុមហ៊ុន​រកស៊ី​ដែល​ត្រូវ​ទទួល​ធានា​បាន​នោះ​គឺ​អត់​លែង​បាន​ហើយ​នៅ​ពេល​ហ្នឹង​‍»។​

ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​នៃ គណបក្ស​កាន់​អំណាច​យល់​ថា​វា​ជាការ​ចាំបាច់​ត្រូវ​មាន​ច្បាប់​ដែល​តឹងរឹង​មួយ។​

លោក​ឈាង វុន ​ប្រធាន​គណៈកម្មការ​កិច្ច​ការ​បរទេស​និង​ព័ត៌មាន​នៃ​សភា​ជាតិ​បាន​បញ្ជាក់​ថា​ការមាន​ច្បាប់​ដែល​តឹង​រឹង​ប្រយោជន៍​ ដើម្បី​ថែ​រក្សា​សុវត្ថិភាព​និង​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​បាន​ល្អ។​

«ប្រសិន​បើ​គេ​យក​ទូរស័ព្ទ​ហ្នឹង​ប្រើ​ប្រាស់​នៅ ​ក្នុង​ការគំរាម​កំហែង​ធ្វើ​ភេរវកម្ម​មិន​ដឹង​ជា​ទៅរក​អាសយដ្ឋាន​គាត់​នៅ​ទីណា។ រឿង​នេះ​តូច​ទេ​ប៉ុន្តែ​បើ​មាន​គ្រោះថ្នាក់​គឺ​គ្រោះថ្នាក់​ដល់​ប្រទេស​ជាតិ‍»។​

មាត្រា​៧​នៃ​សេចក្តី​ព្រាងច្បាប់​ដែល​បាន​បែក​ធ្លាយ​ចេញ​ មក​បាន​ចែង​ថា​៖

«ដើម្បី​ធានា​ផល​ប្រយោជន៍​ សន្តិសុខ​ និង​ស្ថេរភាព​ជាតិ​ និង​របៀប​រៀបរយ​សាធារណៈ ​រដ្ឋ​មន្ត្រី​ក.ប.ទ.​ មាន​សិទ្ធិ​បញ្ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ដែល​ពាក់​ព័ន្ធ​ផ្ទេរ​ការ​គ្រប់​គ្រង​ប្រព័ន្ធ​ទូរគមនាគមន៍​មក​ ក.ប.ទ. ​ឬ​បំពាក់​គ្រឿង​សម្ភារៈ​បរិក្ខារ​ទូរគមនាគមន៍​បន្ថែម​ដែល​ចាំបាច់​សម្រាប់​ធានាការ​គ្រប់​គ្រង​ប្រតិបត្តិការ​ទូរគមនាគមន៍​ទាំងក្នុង​និង​ក្រៅ​ ប្រទេស​ផ្អែកតាម​ការសម្រេច​របស់​រាជរដ្ឋាភិបាល‍»។​

លោក​ស្រី​ចក់ សុភាព​នាយិការ​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជាយល់​ថា​សង្គម​ស៊ីវិល​អាច​ជា​គោល​ដៅ ​នៃ​ការយក​ច្បាប់​ដ៏​តឹងរឹង​នេះ មក​អនុវត្ត​ហើយ​ក៏ជា​ការបើកច្រក​មួយទៀតដើម្បី​ឱ្យ​រដ្ឋលូកដៃ​កាន់​តែ​ខ្លាំង​ចូលក្នុង​ការសន្ទនា​តាម​ទូរស័ព្ទ​របស់​ពលរដ្ឋ។​

«មាន​ចរន្ត​មួយ​ដែល​គ្រប់​គ្រង​លើ​ប្រព័ន្ធ​ទូរគមនាគមន៍ ​ដូច្នេះ​វា​អាច​នឹង​រាំងស្ទះ​ធ្វើ​ឱ្យ​យុវជន​ឬក៏​ពលរដ្ឋ​ទូទៅ​គាត់​មិន​ហ៊ាន​ក្នុង​ការ​បញ្ចេញ​មតិ​ព្រោះ​ ថា​នឹង​មាន​ការ​ឃ្លាំ​មើល​ឬ​ក៏​នឹង​មាន​ឧបករណ៍​ឬ​សម្ភារៈ​ដើម្បីតាម​ដាន​ស្តាប់​ការ​សន្ទនា​របស់​គាត់‍»។​

យ៉ាង​ណា​ក៏ដោយ​អ្នក​វិភាគ​យល់​ថា​ពេល​វេលា​នៅ មិន​ទាន់​យឺត​នៅ​ឡើយ​ក្នុងការ​កែប្រែ​សេចក្តី​ព្រាង​ច្បាប់​នេះ​ឱ្យ​បម្រើ​ផលប្រយោជន៍​មហាជន​ជាជាង​បំភ័យ​ពួកគេ​ដោយធានា​ឱ្យ​មាន​ការ​ចូលរួម​ពិភាក្សា​យ៉ាង​ទូលំទូលាយ​ពី​គ្រប់​ភាគីពាក់​ព័ន្ធក្នុង​នោះ​មាន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ផងដែរ។​

លោក​ ឱក សេរីសុភ័ក្រ​បញ្ជាក់​ថា៖​

«សេចក្តី​ព្រាង​ច្បាប់​ទូរគមនាគមន៍​នេះ​អត់​ទាន់​យឺ​តពេល​ទេ​ មានក៏​ មាន​ចុះ ​ហើយ​ធ្វើ​ឱ្យ​បើក​ចំហរ​ទៅ​កុំ​ឱ្យ​លាក់​លៀម​អញ្ចឹង​។ ហើយ​រៀបចំ ជា​តុមូល​ អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ដែល​ធ្វើ​ការ​វិនិយោគ ​នៅ​ក្នុ​ងហ្នឹង​គាត់​ឱ្យ​មតិរបស់​គាត់​ថា​តើ​អាច​មាន​សិទ្ធិ​ការពារ​អតិថិជន​របស់​គាត់​ហ្នឹង​គោរព​ជីវិត​ឯកជន​របស់​គាត់​យ៉ាងម៉េច​បាន។ ជជែក​គ្នា​ជាមួយ​នឹង​អង្គការ​សង្គម​ស៊ីវិល​ទៅ‍»។​

សេចក្តី​ព្រាងច្បាប់​នេះ​ក៏​មាន​ការ​បញ្ជាក់​ពី​ការធានា​ឱ្យ​មាន​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​ទីផ្សារ​ទូរគមនាគមន៍​ដែល​នឹង​ធានា​បាន​នូវ​តម្លៃ​ជាទីពេញ​ចិត្ត​ដល់​អ្នក​ប្រើ​ប្រាស់៕

XS
SM
MD
LG