ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Google​ បង្រៀន​ពី​របៀប​ស្វែងរក​ទិន្នន័យ​តាម​អ៊ីនធឺណិត


នេះ​ជា​រូបថត​គេហទំព័រ​ Google Search ជា​ភាសា​ខ្មែរ។ សេចក្តី​ព្រាង​ច្បាប់​មួយ​ស្តី​អំពី​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​ដែល​ត្រូវ​បាន​លេច​ធ្លាយ​នៅ​ដើម​ឆ្នាំ​នេះ បាន​នាំ​ឲ្យ​មាន​ការ​បារម្ភ​កើន​ឡើង​ក្នុង​ចំណោម​សកម្មជន​សិទ្ធិ​មនុស្ស​ថា ច្បាប់​នេះ​អាច​នឹង​គំរាមកំហែង​ដល់​សេរីភាព​ការ​បច្ចេញ​មតិ​នៅ​កម្ពុជា។ (ស៊ុយ ហ៊ាមខេមរា/វីអូអេ)
នេះ​ជា​រូបថត​គេហទំព័រ​ Google Search ជា​ភាសា​ខ្មែរ។ សេចក្តី​ព្រាង​ច្បាប់​មួយ​ស្តី​អំពី​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​ដែល​ត្រូវ​បាន​លេច​ធ្លាយ​នៅ​ដើម​ឆ្នាំ​នេះ បាន​នាំ​ឲ្យ​មាន​ការ​បារម្ភ​កើន​ឡើង​ក្នុង​ចំណោម​សកម្មជន​សិទ្ធិ​មនុស្ស​ថា ច្បាប់​នេះ​អាច​នឹង​គំរាមកំហែង​ដល់​សេរីភាព​ការ​បច្ចេញ​មតិ​នៅ​កម្ពុជា។ (ស៊ុយ ហ៊ាមខេមរា/វីអូអេ)

ក្រុម​អ្នក​ជំនាញ​របស់​ក្រុមហ៊ុន​ហ្គូហ្គល​ (Google)​ ដែល​ជាក្រុមហ៊ុន​បម្រើ​សេវាកម្ម​ទិន្នន័យ​តាម​ប្រព័ន្ធ​អ៊ីនធឺណេត​ដ៏ធំ​មួយ​របស់​សហ​រដ្ឋ​អាមេរិក​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​មួយ​ដល់​អ្នក​យក​ព័ត៌មាន​ អ្នក​សរសេរ​ប្លក់​និង​និស្សិត​កម្ពុជា​ប្រមាណ​ជាង​១០០​នាក់។

វគ្គសិក្សា​រយៈ​ពេល​មួយ​កំណាត់​ថ្ងៃ​នេះ​ផ្តោត​លើ​របៀប​ប្រើប្រាស់​ និង​ទាញ​យក​អត្ថប្រយោជន៍ពី​អ៊ីធឺណេតដោយ​ប្រើប្រាស់​ឧបករណ៍​ស្វែង​រក​ទិន្នន័យ​របស់ហ្គូហ្គល​ (Google)។

​អ្នក​ចូល​រួម​ភាគ​ច្រើន​គឺជា​អ្នក​យក​ព័ត៌មាន​មក​ពី​ស្ថាប័ន​វិទ្យុ​ កាសែតនិង​ទូរទស្សន៍។ ​

​អ្នក​ស្រី អេមី គុនរ៉ូចប៉ាន់នីយ៉ា​ (Amy​ Kunrojpanya) ​គឺ​ជា​ប្រធាន​ផ្នែក​ទំនាក់​ទំនង​និង​កិច្ចការ​សាធារណៈ​របស់ Google​ ប្រចាំប្រទេស​ឥណ្ឌូនេស៊ី​មហាតំបន់​ទន្លេ​មេគង្គ និង​អាស៊ី​ប៉ាស៊ីហ្វិក។

អ្នក​ស្រី​បញ្ជាក់​ថា​ក្រុម​ការងារ​របស់​ហ្គូហ្គល​ចង់ឃើញ​អ្នក​យក​ព័ត៌មាន​មកពី​ស្ថាប័ន​នានា​ក្នុង​ប្រទេស​កម្ពុជា និង​អ្នក​ដែល​ធ្វើ​ការ​ពាក់ព័ន្ធលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​យល់​ដឹង​ពី​របៀប​ប្រើប្រាស់​ឧបករណ៍​ស្រាវជ្រាវរក​ព័ត៌មានលើ​ហ្គូហ្គលដោយ​មាន​ប្រសិទ្ធភាព។

​«យើង​ធ្វើ​ការ​បង្រៀន​ពី​របៀប​ប្រើប្រាស់​ហ្គូហ្គល​នៅជុំវិញ​ពិភព​លោក។ ​វាជា​ការ​បង្រៀន​សាកល​ វា​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោល​ដៅ​ធានាក្រុម​អ្នក​យក​ព័ត៌មាន ឬ​អ្នក​ដែល​ធ្វើ​ការ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាច​រៀន​និង​យល់​ដឹង​ពី​ការប្រើប្រាស់​ឧបករណ៍​ស្វែងរក​ព័ត៌មាននៅលើ​ហ្គូហ្គលឲ្យ​មាន​ប្រសិទ្ធភាព។​ ​ខ្ញុំ​សង្ឃឹមថាពួកគេ​អាច​យក​អ្វីៗ​ទៅ​អនុវត្ត​នៅ​កន្លែងធ្វើការ​របស់​ពួក​គេ»។​

​ក្នុង​រយៈពេល​ជាង​៤​ម៉ោង​នៃ​វគ្គ​បណ្ដុះបណ្ដាល​នេះក្នុង​អ្នក​ជំនាញ​របស់​ហ្គូហ្គល​បាន​បង្រៀន​អ្នក​ចូលរួមពី​ចំនុច​សំខាន់ៗ​ដូចជារបៀប​នៃ​ការ​ស្វែងរក​ព័ត៌មាន​តាម​ហ្គូហ្គល​ដោយ​ពាក្យ​គន្លឹះ ​និង​ពាក្យ​បញ្ជា​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​អាច​រកឃើញ​ព័ត៌មាន​រហ័ស និង​ជាក់​លាក់​ជាងការ​ស្វែង​រក​តាមធម្មតា។

ការ​ស្វែង​រក​ព័ត៌មាន​ជា​រូបភាព​ ការប្រើប្រាស់​ Google Map ​សម្រាប់​បង្ហាញ​ពី​ទីតាំង ​ឬ​សម្រាប់​អ្នក​សារព័ត៌មាន​បង្ហាញហេតុការ​ណ៍​អ្វី​មួយ​កំពុង​កើត​ឡើង​ដោយ​រូបភាព​ ការ​ទាញយក​អតិថិជន​លើ​YouTube ​ជា​ដើម។ ​ក្រៅពី​នេះ​ក៏មាន​ការ​បង្ហាញ​ពី​របៀប​នៃ​ការរក្សា​សុវត្ថិភាព​នៅ​លើ​បណ្ដាញ​អ៊ីនធឺណេត។

លោក​តាំង ​វីតា​អ្នក​យក​ព័ត៌មាន​នៃកាសែតភ្នំពេញ​ប៉ុស្តិ៍ដែល​បាន​ចូល​រួម​ក្នុង​វគ្គបណ្ដុះបណ្តាលនេះនិយាយ​ថា ​លោក​បាន​យល់​ដឹង​ពី​គន្លឹះនិង​វិធីសាស្រ្ត​ងាយស្រួល​ ក្នុង​ការ​ស្វែង​រក​ព័ត៌មាន​នៅ​លើ​ហ្គូហ្គលរហ័សនិង​មាន​ប្រសិទ្ធភាព​ជាង​មុន។

«ខ្ញុំ​គិត​ថា​ខ្ញុំ​នឹង​យក​វា​ទៅ​អនុវត្ត​មួយ​ចំនួន​ក្នុង​ការ​ងាររបស់​ខ្ញុំ​ ហើយ​វា​អាច​ជួយ​ឲ្យ​ការងារ​របស់​យើង​ងាយស្រួល ​និង​មាន​ប្រសិទ្ធភាព​ជាងមុន»។​

​លោក​ហុង ​ម៉េង​ជំនួយ​ការ​អ្នក​គ្រប់គ្រងព័ត៌មាន​តាម ​Online ​នៃ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​និយាយ​ថា​លោក​បានយល់​ដឹង​បន្ថែមឧបករណ៍​ថ្មី​មួយ​ចំនួន​របស់​ហ្គូហ្គលដែល​ពី​មុន​មក​លោក​មិនធ្លាប់​បាន​ដឹង​ ក៏​ដូចជា​របៀប​រក្សា​សុវត្ថិភាពនៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត។​

«ហ្គូហ្គល​គេបាន​ដាក់​ឧបករណ៍​មួយ​ចំនួន​ឲ្យ​យើង​ប្រើប្រាស់​ក៏ប៉ុន្តែ​យើង​អត់ដឹងឥឡូវ​យើង​បានដឹង​ហើយ​ដូចជា​ការ​ស្វែងរក​ព័ត៌មាន​ឲ្យ​មាន​ប្រសិទ្ធភាព​ និង​ការ​រក្សា​សុវត្ថិភាព​របស់​យើង​ជាដើម»។​

​សេង​ វណ្ណៈ​និស្សិតឆ្នាំ​ទី​២ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​សារគមនាគមន៍នៃ​សកលវិទ្យាល័យ​ភូមិន្ទ ភ្នំពេញ បាន​ទទួល​ស្គាល់​ថាលោក​បាន​រៀន​សូត្រ​ពី​រៀប​ស្វែង​រក​រូបភាព​ និងទិន្នន័យឯកសារ​ដែល​មាន​ប្រយោជន៍​សម្រាប់​ការ​សិក្សា​របស់​លោក៕

XS
SM
MD
LG