ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សណ្ដាប់​ធ្នាប់​សាធារណៈ​នៅ​កម្ពុជា​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​រឹតត្បិត


រូបឯកសារ៖ ប្រជាពលរដ្ឋ​ខេត្ត​កោះកុង ​ដែល​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​លោក​សមាជិក​ព្រឹទ្ធសភា ​លី​ យ៉ុងផាត់ ​ ត្រូវបានសមត្ថកិច្ចក្រុងចាប់ខ្លួន ខណៈពួកគេឡើង​មក​តវ៉ា​សុំ​ដំណោះ​ស្រាយ​ពី​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៧។ (អូន ឆេងប៉រ/VOA)
រូបឯកសារ៖ ប្រជាពលរដ្ឋ​ខេត្ត​កោះកុង ​ដែល​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​លោក​សមាជិក​ព្រឹទ្ធសភា ​លី​ យ៉ុងផាត់ ​ ត្រូវបានសមត្ថកិច្ចក្រុងចាប់ខ្លួន ខណៈពួកគេឡើង​មក​តវ៉ា​សុំ​ដំណោះ​ស្រាយ​ពី​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៧។ (អូន ឆេងប៉រ/VOA)

ខ្លឹមសារ​បឋម​នៃ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សណ្តាប់​ធ្នាប់​សាធារណៈ​នេះ​ គ្រប​ដណ្តប់​ទូលំទូលាយ​ទាំង​ការ​និយាយ​ស្តី ការ​ធ្វើ​ដំណើរ​និង​សោភ័ណ​សាធារណៈ​ជាដើម​ ដែល​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​ការ​រឹតត្បិត​យ៉ាង​ច្រើន​រាល់​សកម្មភាព​សាធារណៈ។​

ក្រសួង​មហាផ្ទៃ​បាន​តាក់តែង​សេចក្តី​ព្រាង​បឋម​នៃ​ច្បាប់​ស្ដីពី​សណ្ដាប់​ធ្នាប់​សាធារណៈ​ និង​បាន​ចែកចាយ​ទៅ​កាន់​បណ្ដា​រដ្ឋបាល​ខេត្ត​រាជធានី​ ដើម្បី​ប្រមូល​ធាតុ​ចូល​បន្ថែម។​ VOA ​ទទួល​បាន​ច្បាប់​ចម្លង​មួយ​នៃ​សេចក្ដី​ព្រាង​បឋម ​ដែល​មាន ​៨ ​ជំពូក​ ៤៨​ មាត្រា ​ដែល​ «បាន​ពិនិត្យ​កែ​សម្រួល​ចប់​នៅ​ថ្ងៃ​ទី១៦​ ខែ​មិថុនា ​ឆ្នាំ​២០២០»។​

មាត្រា១ ​នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ​ចែង​ថា៖​ «ច្បាប់​នេះ​មាន​គោល​បំណង​ធានា​ការ​គ្រប់គ្រង​សណ្ដាប់​ធ្នាប់​សាធារណៈ​ឱ្យ​មាន​របៀប​រៀប​រយ​ សោភ័ណ​ភាព​ អនាម័យ​ បរិស្ថាន​ភាព​ស្ងប់ស្ងាត់ ​សុវត្ថិភាព​សង្គម ​រក្សា​ប្រពៃណី​ជាតិ​ និង​សេចក្ដី​ថ្លៃ​ថ្នូរ​របស់​ប្រជា​ពលរដ្ឋ»។​ សេចក្ដី​ព្រាង​បឋម​ដែល​ផ្ដោត​ទៅ​លើ​ធាតុ​សំខាន់ ​៥​ រួមមាន​ សោភ័ណ​ភាព ​អនាម័យ ​ភាព​ស្ងប់​ស្ងាត់​ សុវត្ថិ​ភាព ​និង​សណ្ដាប់​ធ្នាប់។​

មាត្រា ​៦ ​ចែង​អំពី​ការ​ផ្ដល់​ «សិទ្ធិ​អំណាច» ​ដល់​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​ រួម​មាន​រដ្ឋបាល​ខេត្ត​រាជធានី​ ក្រុង​ ស្រុក ​ខណ្ឌ​និង​សាលា​ឃុំ-សង្កាត់ ​ក្នុង​ការ​គ្រប់​គ្រង​ធ្វើ​និយ័ត​កម្ម​លើ​ទីលំហ​សាធារណៈ​ ដែល​ត្រូវ​បាន​ផ្ដល់​និយម​ន័យ​ថា​ជា​ «ទីកន្លែង​ដែល​សាធារណ​ជន​អាច​មើល​ឃើញ​ចេញ​ចូល​បាន ​ឬ​អាច​ស្ដាប់​ឮ»។​ រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ទទួល​សិទ្ធិ​អំណាច​ក្នុង​ការ​ផ្ដល់​ច្បាប់​អនុញ្ញាត​រឹតត្បិត​ និង​បញ្ឈប់ ​សកម្មភាព​នានា​តាម​ទី​សាធារណៈ។​

បណ្ដា​សកម្មភាព​ដែល​ត្រូវ​ហាម​ឃាត់​ក្នុង​ទី​សាធារណៈ ​រួម​មាន​ការ​រស់​នៅ​តាម​ចិញ្ចើម​ផ្លូវ ការ​សុំទាន​ ការ​ប្រវាយ​ប្រតប់​ឈ្លោះ​ប្រកែក​ជេរ​ប្រមាថ​គ្នា ​ប្រព្រឹត្ត​អំពី ​«អាស» ​និង ​«សេព​សន្ថវៈ»​ ការ​ហាល​ ឬ​ព្យួរ​សម្លៀក​បំពាក់​ ការ​បង្ហូរ​ចោល​កាក​សំណល់ ​ការ​លក់ដូរ​នៅ​ទី​សាធារណៈ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ​និង​សូម្បី​តែ​ «ការ​ចារឹក​អក្សរ ការ​គូរ​គំនូរ​ការ​គូរ​និមិត្ត​សញ្ញា​ ការ​បាញ់​ថ្នាំ ​ការ​បិទ​ផ្សាយ​ព័ត៌មាន ​ឬ​ការ​ដាក់​តាំង​រូបភាព​ ដែល​មាន​ខ្លឹមសារ​ប៉ះ​ពាល់​ដល់​សោភ័ណ​ភាព​នៅ​ទី​សាធារណៈ»។​

មាត្រា​ ៣៧​ ចែង​អំពី​ការ​ហាម​ឃាត់​ «ការ​ចារឹក​អក្សរ​ការ​គូរ​គំនូរ​ ការ​គូរ​និមិត្ត​សញ្ញា​ ការ​បាញ់​ថ្នាំ​ ការ​បិទ​ផ្សាយព័ត៌មាន ​ឬ​ការ​ដាក់​តាំង​រូប​ភាព​ដែល​មាន​ខ្លឹម​សារ​ប៉ះពាល់​ដល់​វប្បធម៌ ​ប្រពៃណី​ជាតិ ​សាសនា»​ និង ​«ការ​ដាក់​បង្ហាញ ​ឬ​ចែក​ចាយ​នូវ​សំណេរ​ ឬ​រូប​ភាព​ ឬ​ប្រើ​ពាក្យ​សម្ដី​មាន​ខ្លឹម​សារ​ជេរ​ប្រមាថ​ តាម​បណ្ដាញ​ព័ត៌​មាន​សង្គម»។​

លោក​ អ៊ុក គឹមលេខ​ រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ​ ដែល​ទទួល​បន្ទុក​រៀបចំ​សេចក្តី​ព្រាង​នេះ​ បាន​បញ្ជាក់​ថា​សេចក្ដី​ព្រាង​ច្បាប់​បឋម​ ដែល ​VOA ​ទទួល​បាន​កាលពី​សប្ដាហ៍​មុន ​គឺ​ដូច​គ្នា​នឹង​សេចក្ដី​ព្រាង​ដែល​ក្រសួង​បាន​ផ្ញើ​ជូន​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ពិគ្រោះ​ពិភាក្សា​ផ្ដល់​ធាតុ​ចូល​បន្ថែម។​

«បាទ!​បាទ!​ហ្នឹង​ហើយ។​ ត្រូវហើយ!»

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហា​ផ្ទៃ​រូប​នេះ​បាន​ការពារ​ភាព​ចាំបាច់​នៃ​វត្តមាន​ច្បាប់​ស្ដីពី​សណ្ដាប់​ធ្នាប់​សាធារណៈ​នេះ​ ថា​ជា​ការ​រៀប​ចំ​ខ្លួន​ដើម្បី​ប្រទេស​កម្ពុជា​ក្លាយ​ជា​រដ្ឋ​ «ស៊ីវិល័យ​ជឿន​លឿន»។​

«ការ​រៀប​រៀង​ច្បាប់​នេះ​ មិន​មាន​លាត​សន្ធឹង​អ្វី​ទៅ​បិទ​សិទ្ធិ​សេរីភាព​ មិន​ឱ្យ​បញ្ចេញ​មតិ​បញ្ចេញ​យោបល់​អ៊ីចឹង​ទេ​ប្អូន​ នេះ​គ្រាន់​តែ​ឱ្យ​រៀប​រយ ​ធ្វើអី្វ​ឱ្យ​មាន​ជា​របៀប​រៀប​រយ​ មាន​សណ្ដាប់​ធ្នាប់ ​មាន​ច្បាប់​មាន​ទម្លាប់​ ចង់​និយាយ​អ៊ីចឹង​នេះ»។​

មាត្រា​ ៣៦ ​នៃ​សេចក្ដី​ព្រាង​ច្បាប់​បឋម​ខាង​លើ​ ចែង​អំពី​ការ​ស្លៀក​ពាក់​ គ្រប​ដណ្ដប់​កាយ​របស់​ពលរដ្ឋ​ទាំង​ពីរ​ភេទ​ ដែលបុរស​ហាម​មិន​ឱ្យ​ព្រលែង​ខ្លួន​ល្វែង​លើ​ ដោយ​មិន​ពាក់​អាវ ​និង​ហាម​មិន​ឱ្យ​«ស្លៀក​តែ​ខោ​ទ្រនាប់ ​បង្ហាញ​ផ្នែក​ខ្លះ​នៃ​កេរ​ភេទ»។​ សម្រាប់​ស្ត្រី ​មាត្រា​នេះ​ហាម​ «ស្លៀកពាក់​ខ្លី​ ខើច​លើ​ខើច​ក្រោម ​ឬ​ស្លៀក​ពាក់​ស្ដើង​មើល​ឃើញ​កេរ​ភេទ​ ឬ​ស្លៀក​ពាក់​បង្ហាញ​ផ្នែក​ខ្លះ​នៃ​កេរ​ភេទ។​

លោក ​អ៊ុក គឹមលេខ ​មន្រ្តី​ក្រសួង​មហាផ្ទៃ​ការពារ​មាត្រា​នេះ​ថា មិន​មែន​ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​នៃ​ការ​ស្លៀក​ពាក់​នោះ​ទេ។​ តែ​លោក​លើក​ឡើង​នូវ​ពាក្យ​ «ប្រពៃណី» ​និង ​«ទំនៀម​ទម្លាប់»​ ដោយ​មិន​បាន​បញ្ជាក់​ពី​និយម​ន័យ​ជាក់​ច្បាស់​ឡើយ។​

«ប្អូន​អ៊ី​ចេះ!​ មិន​ឱ្យ​វា​លេច​លើ​លេច​ក្រោម​ «ពេក» ​បាទ!​ ពាក្យ​ «ពេក»​ នេះ ​វា​មាន​កុំ​ឱ្យ​វា​អាក្រក់​មើល​ពេក​ណា​ប្អូន។​ យើង​ថែ​រក្សា​សណ្ដាប់​ធ្នាប់។ ​ច្បាប់​នេះ​មាន​គោល​បំណង​ថែ​រក្សា​សណ្ដាប់​ធ្នាប់​ប្រពៃណី ​ទំនៀម​ទម្លាប់​ ចង់​និយាយ​ថា​ បើ​ធ្វើ​អ្វី​វា​ខុស​ប្រពៃណី​ពេក​ យើង​ហាម​ឃាត់»។​

រូបឯកសារ៖ ស្រ្តី​ម្នាក់​និង​ព្រះសង្ឃ​មួយ​អង្គ​ ដើរកាត់​គំនរ​សម្រាម​ នៅ​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ២០១៨។ (ទុំ ម្លិះ/VOA)
រូបឯកសារ៖ ស្រ្តី​ម្នាក់​និង​ព្រះសង្ឃ​មួយ​អង្គ​ ដើរកាត់​គំនរ​សម្រាម​ នៅ​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ២០១៨។ (ទុំ ម្លិះ/VOA)

សកម្មភាព ហាម​ឃាត់​ផ្សេង​ទៀត​ រួម​មាន​ការ​ខាក​ស្តោះ​នៅ​តាម​ផ្លូវ​ ឬ​តាម​ទី​សាធារណៈ​ ការ​បន្ទោបង់​ក្រៅ​បង្គន់​អនាម័យ​ ការ​ចោល​សំរាម​ ឬ​ខ្មោច​សត្វ​ ការ​ដឹក​ជញ្ជូន​សំរាម​ជ្រុះ​រាយ​ប៉ាយ​តាម​ផ្លូវ​សាធារណៈ​ ការ​បូជា​សព​ ឬ​បញ្ចុះ​សព​នៅ​ទី​ហាម​ឃាត់​ ការ​សង់​រោងការ​រោងបុណ្យ ​ឬ​រោង​ពិធី​ផ្សេង​ទៀត​នៅ​ទី​សាធារណៈ​ ឬ​តាម​ដង​ផ្លូវ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច។​ ចំណែក​ការ​ជះ​ទឹក​បាញ់​ទឹក​ ស្រោច​ទឹក ឬ​ប៉ាត​ម្សៅ​នៅ​ទីសាធារណៈ ​ក៏​ត្រូវ​បាន​ហាម​ឃាត់​ដែរ។​

នៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​ដដែល​នេះ​ ក៏​មាន​ចែង​ផង​ដែរ​អំពី​ការ​រឹតត្បិត​ការ​ប្រើ​ឧបករណ៍​បំពង​សំឡេង​ កង​រំពង​ខ្លាំង​ រំខាន​ដល់​អ្នក​ដទៃ​ ដែល​រាល់​សំឡេង​បង្ក​ឱ្យ​ឮ​ខ្លាំង​ រំខាន​អ្នក​ដទៃ​ត្រូវ​បញ្ឈប់​ចាប់​ពី​ម៉ោង​ ១២​ថ្ងៃ​ត្រង់​ ដល់​ម៉ោង​២​រសៀល ​និង​ចាប់​ពី​ម៉ោង ​១០​យប់ ​ដល់​ម៉ោង​ ៥​ទៀប​ភ្លឺ។​

អនីតិជន​អាយុ​ក្រោម​ ១៨​ឆ្នាំ​ ទៀត​សោត​ នឹង​ត្រូវ​ហាម​ប្រាម​ពី​ការ​សេព​គ្រឿង​ស្រវឹង​ និង​ចូល​ក្លឹប​កម្សាន្ត​ រី​ឯ​ការ​លក់​ដូរ​គ្រឿង​ស្រវឹង​ ក៏​នឹង​ត្រូវ​ហាមឃាត់​ពី​ម៉ោង​ ១២​កណ្ដាល​អធ្រាត្រ​ ដល់​ម៉ោង ​៦​ព្រឹក។ ​នេះ​បើយោង​តាម​សេចក្តី​ព្រាង​ច្បាប់​ដដែល។

លោកស្រី​ ចក់​ សុភាព ​នាយិកា​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ បាន​លើក​ឡើង​ថា ​និយមន័យ​ទូលាយ​នៃ​ពាក្យ​ពេចន៍​ក្នុង​ពង្រាង​ច្បាប់​ស្ដីពី​សណ្ដាប់​ធ្នាប់​សាធារណៈ​នេះ​ ផ្ដល់​វិសាល​ភាព​ធំធេង​ដល់​ការ​អនុវត្ត​ជាក់​ស្ដែង។​ លោក​ស្រី​បន្ថែម​ថា បទ​ពិសោធន៍​នៃ​ការ​អនុវត្ត​កន្លង​មក​ នៅ​ពេល​ដែល​អាជ្ញាធរ​លើក​ឡើង​អំពី​ករណី​រក្សា​ «សណ្ដាប់​ធ្នាប់» ​និង​កែ​កុន​ «សោភ័ណ​ភាព» ​នៃ​ទីសាធារណៈតែង​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​នៃ​ការ​ជួបជុំ​និង​បញ្ចេញ​មតិ។​

«បើ​តាម​ការ​ពិនិត្យ​មើល​ត្រួសៗ ​នា​ពេល​បច្ចុប្បន្ន​នេះ ​យើង​ហាក់​ដូចជា​មាន​ក្ដីបារម្ភ​ចំពោះ​ការ​តាក់តែង​កន្លង​មក ​ដែល​មាន​ការ​លម្អិត​ខ្លាំង​ទៅ​លើ​សណ្ដាប់​ធ្នាប់។ ​ពាក្យ​ថា​ «សណ្ដាប់​ធ្នាប់» ​ហ្នឹង​យ៉ាង​ម៉េច?​ ហើយ​កន្លង​មក ​យើង​អង្កេត​ឃើញ​ជាក់​ស្ដែង​ខាង​អាជ្ញាធរ ​គាត់​តែងតែ​យក​ហេតុផល​ ដូចជា​ការ​រឹតត្បិត​ទៅ​លើ​ការ​ជួប​ជុំ​អ្វី​ជា​ដើម​ ឈរលើ​ហេតុផល​នៃការ​រក្សា​សណ្ដាប់ ធ្នាប់​សង្គម»។​

រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ​លោក​ អ៊ុក គឹមលេខ ​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​នឹង​ផ្តល់​ឱកាស​ដល់អង្គការ​សង្គម​ស៊ីវិល ​ក្នុងការ​ផ្ដល់​ធាតុ​ចូល​លើ​សេចក្ដី​ព្រាង​ច្បាប់​នេះ។​

លោកស្រី​ ចក់ សុភាព​ មាន​ប្រសាសន៍​ថា លោកស្រី​នឹង​ផ្តល់​អនុសាសន៍​ពាក់​ព័ន្ធ​ ដើម្បី​ជា​ការ​រួម​ចំណែក​មិន​ឲ្យច្បាប់​នេះ​ប៉ះ​ពាល់​ដល់​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ។​

លោក​ស្រី​បន្ថែម​ថា៖​ «ប៉ុន្តែ​ សំខាន់​វា​ស្ថិត​នៅ​លើ​ឆន្ទៈ​របស់​រដ្ឋាភិបាល​ ដែល​លោក​ ដូច​ខ្ញុំ​បាន​គូស​បញ្ជាក់ ​គឺ​យើង​ត្រូវ​មើល​ទៅ​លើ​ចេតនា​នៃ​ច្បាប់​ថា​ តើ​ដើម្បី​ផល​ប្រយោជន៍​សាធារណ​ជន​ទូទៅ​ ឬ​ក៏​ធ្វើ​ឡើង​ក្នុង​ចេតនា​ក្នុង​ការ​រឹតបន្តឹង»។​

ខណៈ​មាត្រា​នៃ​សេចក្ដី​ព្រាង​ច្បាប់​ខាង​លើ​នឹង​ផ្ដល់​អំណាច​ដល់​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ការ​ផ្ដល់​ ឬ​មិន​ផ្ដល់​ការ​អនុញ្ញាត​ដល់​បណ្ដា​អាជីវកម្ម​តូច​ធំ​លក់​ដូរ​ ក្នុង​ទី​សាធារណៈ​នោះ​ លោក​ ចាន់ ពន្លឺ​ អ្នក​លក់ដូរ​ភេសជ្ជៈ​ចម្រុះ​មុខ​លើ​រទេះ​រ៉ឺម៉ក​ សណ្ដោង​ដោយ​ម៉ូតូ​ មិន​សូវ​សម្ដែង​ការ​ភ្ញាក់​ផ្អើល​ប៉ុន្មាន​ទេ​ អំពី​វត្តមាន​នៃ​ច្បាប់​ថ្មី​នេះ។​

អាជីវករ​វ័យ​ ៣០​ឆ្នាំ ​ដែល​កំពុង​លក់​ដូរ​នៅ​ក្បែរ​របង​វត្ត​បទុមវតី​ ក្នុង​ខណ្ឌ​ដូនពេញ ​រាជ​ធានី​ភ្នំពេញ នេះ​លើក​ឡើង​ថា៖ «វា​លើ​តែ​ការ គេ​ដឹក​នាំ​ទេ។​ យើង​អត់ ដឹង​ទេ បើ​គេ​ថា​ឱ្យ​យើង​ចេញ​ យើង​ចេញ។​ បើ​គេ​ថា​ឱ្យ​យើង​នៅ​យើង​នៅ។ ​ ការ​រកស៊ី​តែ​ប៉ុណ្ណឹង​ទេ។ វា​ដូច​ថា​មាន​យប់​មាន​ថ្ងៃ។​ ថ្ងៃ​ណា​គេ​ឱ្យ​បិទ​ យើង​អាច​នឹង​បិទ។ ​ថ្ងៃ​ណា​គេ​ឱ្យ​បើក​ យើង​អាចនឹង​បើក។​ បើ​យើង​គិត​ថា​យើងខ្លាំង​ជា​មួយ​គេ​ យើង​ទៅ​អត់​រួច​ទេៗ»។​

លោក ​អ៊ុក គឹមលេខ​ រដ្ឋ​លេខាធិការ​ក្រសួង​មហា​ផ្ទៃ​បន្ថែម​ថា​ ក្រសួង​និង​រដ្ឋាភិបាល​គ្រោង​តាក់​តែង​ច្បាប់​នេះ​ឱ្យ​រួច​រាល់​ និង​ដាក់​ឱ្យ​ប្រើប្រាស់​ត្រឹម​ដំណាច់​ឆ្នាំ ​២០២០​នេះ​ ឬ​ក៏​នៅ​ដើម​ឆ្នាំ​ ២០២១ ​ខាង​មុខ។​

ទាក់ទង​នឹង​ការ​ដាក់​ទោស​ទណ្ឌ​វិញ​មាត្រា​ ៤២​ ចែង​ថា​ជន​ណា​រារាំង​បង្ក​ឧបសគ្គ​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ការ​អនុវត្ត​ច្បាប់​នេះ​ ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ និង​ឬ​មន្រ្តី​ទទួល​បន្ទុក​សណ្តាប់​ធ្នាប់​សាធារណៈ ជននោះ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ១​ថ្ងៃ​ ទៅ​៦​ថ្ងៃ ​និង​ពិន័យ​ជា​ប្រាក់​ពី​ ១០​ម៉ឺន​រៀល​ទៅ ​៥០​ម៉ឺន​រៀល។​

ចំណែក​មាត្រា​ ៤៣ ​ចែង​ថា ​ក្នុង​ការ​បំពេញ​មុខងារ​បើ​មន្រ្តី​ថ្នាក់​ក្រោម​ជាតិ​ ឬ​និង​មន្រ្តី​ទទួល​បន្ទុក​សណ្តាប់​ធ្នាប់​សាធារណៈ​ ដែល​រំលោភ​អំណាច​ដោយ​ចេតនា​ ដូច​មាន​ចែង​ក្នុង​ច្បាប់​នេះ​ ​មន្ត្រី​នោះ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ​៦​ខែ​ទៅ​ ១​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី ​១០​ម៉ឺន​រៀល​ទៅ​ ៨០​ម៉ឺន​រៀល។​ ក្នុង​ករណី​ការ​រំលោភ​អំណាច​នេះ​នៅ​តែ​ប្រព្រឹត្ត​សា​ជាថ្មី​ទៀត​ ក្នុង​រយៈ​ពេល​ ១២​ខែ​ ការ​ផ្តន្ទាទោស​ខាង​លើ​ត្រូវ​គុណ​ទ្វេ​ដង៕

XS
SM
MD
LG