ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទទូច​ឲ្យ​រដ្ឋាភិបាល​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​អង្គការ


រូបឯកសារ៖ ប្រជា​ពលរដ្ឋ​នាំ​គ្នា​តវ៉ា​ប្រឆាំង​នឹង​ការអនុម័ត​ច្បាប់​អង្គការ គ្រាដែល​សមាជិក​សភា​គណបក្ស​ប្រជាជន អនុម័ត​ច្បាប់​អង្គការ​នោះ។ (នៅ វណ្ណារិន/VOA)
រូបឯកសារ៖ ប្រជា​ពលរដ្ឋ​នាំ​គ្នា​តវ៉ា​ប្រឆាំង​នឹង​ការអនុម័ត​ច្បាប់​អង្គការ គ្រាដែល​សមាជិក​សភា​គណបក្ស​ប្រជាជន អនុម័ត​ច្បាប់​អង្គការ​នោះ។ (នៅ វណ្ណារិន/VOA)

ច្បាប់​ស្តីពី​​ «សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល‍» ​ដែល​មាន​៩ជំពូក​ និង​៣៩​មាត្រា​ ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋ​សភា​ជាតិ​ កាលពី​ខែ​កក្កដា​ ឆ្នាំ​២០១៥ បន្ទាប់​ពី​មាន​ការ​តវ៉ា​តាំង​ពី​ឆ្នាំ​២០១៣​មក។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​ប្រទេស​កម្ពុជា​ ទទូច​ឲ្យ​រដ្ឋាភិបាល​ជំរុញ​ឲ្យ​មាន​វិសោធនកម្ម​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ឬ​ហៅថា​ (LANGO) ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​យល់​ថា​ មាន​លក្ខណៈ​រឹត​ត្បិត​ និង​ចរិត​ដាក់​គំនាប​ច្រើន​ជាង​សម្រប​សម្រួល និង​បង្កើន​ទំនាក់​ទំនង​ជាមួយ​រដ្ឋ​អំណាច។

ច្បាប់​ស្តីពី​ «សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល‍» ​ដែល​មាន​៩ជំពូក​ និង​៣៩​មាត្រា​ ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋ​សភា​ជាតិ​ កាលពី​ខែ​កក្កដា​ ឆ្នាំ​២០១៥ បន្ទាប់​ពី​មាន​ការ​តវ៉ា​តាំង​ពី​ឆ្នាំ​២០១៣​មក។ ការ​តវ៉ា​ប្រឆាំង​នឹង​សេចក្តី​ព្រាងច្បាប់​នេះ​បាន​ធ្វើ​ឡើង​ជា​បន្ត​បន្ទាប់​ពី​សំណាក់​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​ ដែលធ្វើ​ការ​ជំរុញ​ឲ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស និង​ការ​អភិវឌ្ឍ​សង្គម​នៅ​កម្ពុជា។

លោក ​កន សាវាង្ស អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត​ និង​តស៊ូ​មតិ​នៃ​អង្គការ​ខុមហ្វ្រែល បាន​ថ្លែង​ថា​ ចាប់​តាំងពី​ការ​ដាក់​ឲ្យ​ប្រើប្រាស់​ច្បាប់​នេះ​ អង្គការ​សមាគម​បាន​បន្ថយ​សកម្មភាព​របស់​ខ្លួន​ ឬ​ខ្លះ​ទៀត​ត្រូវបាន​បិទ​ ដោយសារ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ។

«ពី​មុន​មក​ យើង​អាច​ធ្វើ​សកម្មភាព​ជាច្រើន​ ប៉ុន្តែ​នៅ​ក្រោយ​ច្បាប់​នេះ​ចេញ​ យើង​ឃើញ​ថា​ អង្គការ​មួយ​ចំនួន​ត្រូវបាន​បិទ ត្រូវបាន​មាន​ការ​លើក​ឡើង​ពាក់​ព័ន្ធ​ជាមួយ​នឹង​សកម្មភាព​រឿង​នយោបាយ​ផ្សេងៗ»។

លោក​ កន សាវាង្ស​ បន្ថែម​ថា​ មាន​មាត្រា​សំខាន់ៗ​ចំនួន​៩​ ដែល​តម្រូវ​ឲ្យ​មាន​ការ​កែ​សម្រួល​ ហើយ​មាត្រា​មួយ​ក្នុង​ចំណោម​មាត្រា​ទាំង​៩នេះ​ គឺ​មាត្រា​២៤ គួរ​តែ​លុប​ចោល​តែ​ម្តង ព្រោះ​មាត្រា​នេះ​ចែង​មិន​ច្បាស់​អំពី​អព្យាក្រឹតភាព​រវាង​អង្គការ​សមាគម​ និង​គណបក្ស​នយោបាយ។

ច្បាប់ស្តីពី​«សមាគម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល‍» ​ដែល​មាន​ភាសា​ស្រពិច​ស្រពិល បាន​ផ្តល់​ឲ្យ​រដ្ឋាភិបាល​នូវ​អំណាច​យ៉ាង​ច្រើន​ដើម្បី​បិទ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ឬ​សមាគម ដែល​ខកខាន​មិន​បាន​ធ្វើ​ទៅ​តាម​ការ​ចុះ​បញ្ជី​ និង​តម្រូវ​ការ​តឹងរ៉ឹង ​ឬ​ដែល​គេ​ថា​ ធ្វើឲ្យ​ប៉ះពាល់​ដល់​សន្តិភាព​សាមគ្គី​ភាព​ជាតិ​ ឬ​វប្បធម៌​ជាដើម។

រដ្ឋាភិបាល​កម្ពុជា​លើក​ឡើង​ថា ​ច្បាប់​នោះ​នឹង​រារាំង​អំពើ​ភេរវកម្ម​ និង​ការ​លាង​លុយ​កខ្វក់។​ យ៉ាងណា​មិញ ច្បាប់​សមាគម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នេះ​ មាន​ភាព​ចម្រូង​ចម្រាស​យ៉ាង​ខ្លាំង ដោយ​គេ​ឃើញ​សហភាព​អឺរ៉ុប ​អង្គការ​សហ​ប្រជាជាតិ​ និង​សហ​រដ្ឋ​អាមេរិក​ ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍​សំខាន់ៗ​ទាំងអស់ ​បាន​និយាយ​ប្រឆាំង​នឹង​ច្បាប់​នេះ។​ អង្គការ​មិន​រក​កម្រៃ​ជា​ច្រើន​ផ្សេង​ទៀត​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បោះបង់​ច្បាប់​នេះ​ចោល។

រូបឯកសារ៖ លោក ​ស៊ឹង​ សែនករុណា ​មន្ត្រី​អង្គការ​អាដហុក ​ចេញ​មក​អង្កេត​ការណ៍​នៅ​ឯ​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍ ​កាលពីល្ងាច​ថ្ងៃទី០៧​ ខែឧសភា ​ឆ្នាំ២០១៨ ​ពេល​ដែល​លោក​និពន្ធ​នាយក​ កៃ ​គឹមសុង ​ត្រូវ​បាន​បណ្ដេញ​ចេញ ​ជុំវិញ​ការ​ចេញ​ផ្សាយ​អត្ថបទ​អំពី​ទំនាក់​ទំនង​របស់​ម្ចាស់​ថ្មី​នៃ​កាសែត​មួយ​នេះ ​ទៅ​នឹង​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន។ ​(ហ៊ុល រស្មី/VOA)​
រូបឯកសារ៖ លោក ​ស៊ឹង​ សែនករុណា ​មន្ត្រី​អង្គការ​អាដហុក ​ចេញ​មក​អង្កេត​ការណ៍​នៅ​ឯ​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍ ​កាលពីល្ងាច​ថ្ងៃទី០៧​ ខែឧសភា ​ឆ្នាំ២០១៨ ​ពេល​ដែល​លោក​និពន្ធ​នាយក​ កៃ ​គឹមសុង ​ត្រូវ​បាន​បណ្ដេញ​ចេញ ​ជុំវិញ​ការ​ចេញ​ផ្សាយ​អត្ថបទ​អំពី​ទំនាក់​ទំនង​របស់​ម្ចាស់​ថ្មី​នៃ​កាសែត​មួយ​នេះ ​ទៅ​នឹង​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន។ ​(ហ៊ុល រស្មី/VOA)​

លោក ​ស៊ឹង សែនករុណា​ អ្នកនាំពាក្យ​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ (Adhoc) ប្រាប់ VOAនៅ​ថ្ងៃ​សុក្រ​នេះ​ថា ច្បាប់​ស្តីពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​មាន​ចេតនា​ដាក់​ឲ្យ​អង្គការ​សមាគម​ស្ថិត​ក្រោម​ចំណុះ​ក្រសួង​មហាផ្ទៃ​ ជាជាង​កិច្ច​សហការ។

«មាត្រា​មួយ​ចំនួន​ហ្នឹង​ គឺ​បាន​ចាត់​ទុក​សមាគម​ និង​អង្គការ​សង្គម​ស៊ីវិល​ ក្រៅ​រដ្ឋាភិបាល​យើង​ហ្នឹង​ ជា​លក្ខណៈ​ស្ថាប័ន​ចំណុះ​ឲ្យ​ក្រសួង​មហាផ្ទៃ​ ដែល​មិន​មែន​ជា​ដៃ​គូ​សហការ​នោះ​ឡើយ​ក្នុង​រឿង​ហ្នឹង»។

កថាខណ្ឌទី​១ នៃ​មាត្រា​៩​ បាន​ចែង​ថា​៖ «សមាគម​ ឬ​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​នឹង​ក្លាយ​ជា​នីតិបុគ្គល​ ចាប់​ពី​ថ្ងៃ​ដែល​ក្រសួង​មហាផ្ទៃ​ បាន​ចុះ​បញ្ជី។ ក្រសួង​មហាផ្ទៃ​ត្រូវ​ចម្លង​ឯកសារ​ចុះ​បញ្ជី​សមាគម​ និង​អង្គ​ការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុកនេះ​ ទៅ​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ​តាម​ការ​ចាំបាច់»។

កថាខណ្ឌ​ទី​២ នៃ​មាត្រា​ដដែល​បាន​សរសេរ​ថា៖ «សមាគម​ ឬ​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​ស្រុក​ ដែល​មិន​បាន​ចុះ​បញ្ជី​ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​សកម្មភាព​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ឡើយ»។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​បាន​ធ្វើ​សេចក្តី​វិភាគ​លើ​ច្បាប់​នេះ បាន​ជំទាស់​នឹង​មាត្រាទី៩​ ដោយ​ពួក​គេ​បាន​ស្នើ​ឲ្យ​កែ​កថាខណ្ឌ​ទី​១នៃមាត្រា​នេះ​ថា៖ ​«សមាគម​ អង្គការ​ជាតិ​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ​រួច​ហើយ អាច​ធ្វើ​សកម្មភាព​របស់​ខ្លួន​ដោយ​សេរី​ ដោយ​មិន​ចាំបាច់​សុំ​អនុញ្ញាត​ពី​អាជ្ញាធរ​ណាមួយ​ជា​មុន​នោះ​ទេ លើក​លែង​តែ​មាន​ច្បាប់​ផ្សេង​ដែល​ចែង​ពី​នេះ»។

នៅត្រង់​កថាខណ្ឌ​ទី​២​ នៃ​មាត្រា​ដដែល​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ស្នើ​សុំ​ឲ្យ​កែ​តាម​ន័យ​ដើម​ថា៖ «សមាគម​ ឬ​អង្គការ​ក្នុង​ស្រុក​ ទោះ​ជា​បាន​ចុះបញ្ជី​ ឬ​មិនបាន​ចុះបញ្ជី​គួរតែ​មាន​សិទ្ធិ​ធ្វើ​សកម្មភាព​ដោយ​សេរី​ ដើម្បី​ប្រយោជន៍​សហគមន៍ និង​សង្គម​របស់​ពួក​គេ។ តែ​សមាគម​ អង្គការ​ដែល​មិន​បាន​ចុះ​បញ្ជី​ ដើម្បី​ក្លាយ​ជា​នីតិបុគ្គល​ នឹង​មិន​អាច​ទទួល​បាន​ការ​លើក​លែង​ពន្ធ​មួយ​ចំនួន​ពី​រដ្ឋ​ ដូចជា​ពន្ធ​នាំចូល​ឡើយ»។

លោក ​អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ (Licadho) កត់​សម្គាល់​ថា នៅ​មុន​រដ្ឋាភិបាល​សម្រេច​ដាក់​ឲ្យ​ប្រើប្រាស់​ច្បាប់​ដ៏​ចម្រូង​ចម្រាស​នេះ រដ្ឋាភិបាល​បាន​អះ​អាង​ថា​ នឹង​ពិនិត្យ​ច្បាប់​នេះ​ឡើង​វិញ​ ប្រសិន​បើ​វា​បង្ក​ការ​លំបាក​ដល់​អង្គការ​សមាគម​នានា។

លោក​បន្ត​ថា ​ទន្ទឹម​ពេល​អនុវត្ត​ច្បាប់​នេះ​ រដ្ឋាភិបាល​ក៏បាន​ចេញ​លិខិត​ស្នាម​មួយ​ចំនួន ផ្តល់​សិទ្ធិ​សេរី​ភាព​ឲ្យ​អង្គការ​សមាគម​ឲ្យ​ធ្វើ​សកម្មភាព​ដោយ​មិន​ចាំ​បាច់​ជូន​ដំណឹង​ដល់​អាជ្ញាធរ។ ទោះ​ជា​យ៉ាង​ណា​ក្តី អាជ្ញាធរ​មូលដ្ឋាន​មិន​ធ្វើ​តាម​លិខិត​ស្នាម​នោះ​ទេ។ លោក​លើក​ឡើងថា​ មាន​តែ​បន្ថយ​ឥទ្ធិពល​ច្បាប់​នេះ​ទេ ទើប​អាច​ធ្វើ​ឲ្យ​លំហរ​សេរីភាព​សម្រាប់​អង្គការ​ស៊ីវិល​បាន​រីក​ធំ​ឡើង​វិញ។

«បើ​អ៊ីចឹង​ បើ​សិន​ជា អា​ច្បាប់​ហ្នឹង​ មាន​ការ​កែប្រែ​ មាន​ការ​បើក​ចំហរ​ អាហ្នឹង​វា​ប្រសើរ​ជាជាង​លិខិត​បទដ្ឋាន​ចេញ​ហើយ​ ប៉ុន្តែ​ការ​អនុវត្ត វា​អត់​មាន​ប្រសិទ្ធភាព»។

ក្រុម​អ្នក​រិះគន់​ ដែល​ជា​អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ​កម្ពុជា​ បាន​លើក​ឡើង​កាលពី​ពេល​កន្លងមក​ថា​ ច្បាប់​ថ្មីៗ​ ដែល​រដ្ឋាភិបាល​បាន​រៀបរៀង​ឡើង​នា​ពេល​ចុងក្រោយ​នេះ​ គឺ​មាន​គោល​ដៅ​ធ្វើ​ឲ្យ​ប្រាកដ​ថា​ គណបក្ស​កាន់​អំណាច​មិន​បាត់បង់​សំឡេង​គាំទ្រ​ច្រើន ​ដូច​កាល​បោះឆ្នោត​នៅ​ឆ្នាំ​២០១៣​នោះ​ទេ។ ច្បាប់​ទាំង​នោះ​ រួម​មាន​ច្បាប់​តុលាការ ច្បាប់​បោះឆ្នោត​ និង​ច្បាប់​ស្តីពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​នេះ​ជាដើម។

ក្រុម​អ្នក​រិះគន់​យល់ថា​ ការ​បង្កើត​ច្បាប់​ស្តី​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​នេះ​ធ្វើ​ឡើង​គឺ​ដោយ​សារ​គណបក្ស​កាន់​អំណាច​មើល​ឃើញ​ថា​ អង្គការ​សមាគម​មួយ​ចំនួន​ដែល​ធ្វើ​ការ​ក្នុង​វិស័យ​នយោបាយ​ ​បាន​ទទួល​ថវិកា​ពី​បរទេស​ ដែល​បង្ក​ឲ្យ​មាន​ក្តី​បារម្ភ​ថា​ ចលនា​ប្រឆាំង​នឹង​រដ្ឋាភិបាល​អាច​នឹង​ផ្ទុះឡើង​នៅ​ពេល​ណា​មួយ។ ក្រុម​អ្នក​រិះគន់​បន្ត​ថា រដ្ឋាភិបាល​កម្ពុជា​បាន​មើល​ឃើញ​ថា អង្គការ​សមាគម​មួយ​ចំនួន​មាន​ទំនោរ​គាំទ្រ​ប្រទេស​មហាអំណាច​នៅ​លោក​ខាង​លិច​ ដែល​ការណ៍​នេះ​មិនបាន​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ពេញ​ចិត្ត​នោះ​ទេ។

នៅ​ត្រង់​មាត្រា​២៥​នៃ​ច្បាប់​ស្តីពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ បាន​តម្រូវ​ឲ្យ​អង្គការ​សមាគម​ ផ្តល់​នូវ​របាយ​ការណ៍​បូក​សរុប​សកម្មភាព​ការងារ និង​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ឆ្នាំ​មួយ​ច្បាប់ ​ទៅ​ឲ្យ​ក្រសួង​មហាផ្ទៃ​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ មិន​ឲ្យ​ហួស​ពី​ដំណាច់​ខែកុម្ភៈ​នៃ​ឆ្នាំ​បន្ទាប់។ ក្រុម​អង្គការ​សង្គម​ស៊ីវិល ក៏បាន​បង្ហាញ​ការ​ជំទាស់​នឹង​កំណត់​នេះ​ ហើយ​បាន​ទាមទារ​ឲ្យ​លុប​ចោល​មាត្រា​នេះ​ចោល​ផងដែរ។

លោក​មេធាវី​ជើង​ចាស់​មួយរូប​ដែល​តែង​តែ​ការពារ​ក្តី​ពាក់​ព័ន្ធ​នឹង​សិទ្ធិមនុស្ស​ ​សុក សំអឿន​ ថ្លែង​ថា ច្បាប់​ស្តី​ពី​សមាគម​និងអង្គការ​មិន​មែន​រដ្ឋាភិបាល​នេះ ​ក្នុង​ទម្រង់​បច្ចុប្បន្ន​អ្នក​ធ្វើ​ការ​នៅ​ក្នុង​អង្គការសមាគម​យល់​ថា​ខ្លួន​មិន​សូវ​មាន​សេរីភាព​គ្រប់គ្រាន់ ហើយ​ងាយ​នឹង​ត្រូវ​រដ្ឋាភិបាល​បិទ​ ឬ​យក​កំហុស​ណា​មួយ។

រូបឯកសារ៖ លោក សុក សំអឿន មេធាវី​ឯករាជ្យ (ឆ្វេង) និង​លោក គឹម សន្តិភាព​ (ស្តាំ) អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​នៅក្នុង​បន្ទប់​ផ្សាយ​របស់ VOA នៅ​រាជធានី​ភ្នំពេញ​នៅថ្ងៃ​ពុធទី ២៥ ខែឧសភា ឆ្នាំ២០១៦។ (លឹម សុធី/VOA)
រូបឯកសារ៖ លោក សុក សំអឿន មេធាវី​ឯករាជ្យ (ឆ្វេង) និង​លោក គឹម សន្តិភាព​ (ស្តាំ) អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​នៅក្នុង​បន្ទប់​ផ្សាយ​របស់ VOA នៅ​រាជធានី​ភ្នំពេញ​នៅថ្ងៃ​ពុធទី ២៥ ខែឧសភា ឆ្នាំ២០១៦។ (លឹម សុធី/VOA)

ម៉្យាង​ទៀត​លោក​ថា កន្លង​មក​ច្បាប់​នេះ​មាន​ការ​អនុវត្ត​តឹង​តែង​ បើ​ទោះ​បី​ជា​ពាក្យ​ពេចន៍​ច្បាប់​មាន​ភាព​ទូលំ​ទូលាយ។

លោក​ សុក សំអឿន​ បញ្ជាក់​ថា លោក​មិន​ទាន់​អាច​វាយ​តម្លៃ​ថា ការ​ពិគ្រោះ​របស់​រដ្ឋាភិបាលជាមួយ​អង្គការ​សង្គម​ស៊ីវិល​នៅ​ថ្ងៃ​ចន្ទខាង​មុខ ​នឹង​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន​ឬ​យ៉ាង​ណា​នោះ​ទេ ប៉ុន្តែ​លោក​សង្ឃឹម​ថា «ខ្មែរ​អាច​និយាយ​ស្តាប់​គ្នា​បាន»។

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ នាយ​ឧត្តម​សេនីយ៍​ខៀវ សុភ័គ​ មាន​ប្រសាសន៍​ថា​ ក្រសួង​មិន​ទាន់​ដឹង​ថា​ នឹង​ពិចារណា​ធ្វើ​វិសោធនកម្ម​លើ​បទ​បញ្ញត្តិ​ ឬ​មាត្រា​ណា​នៅ​ឡើយ​ទេ​ ដោយ​រង់​ចាំ​ប្រមូល​យោបល់​ពី​សមាគម​និងអង្គការ​មិន​មែន​រដ្ឋាភិបាល​ជា​មុន​សិន។

នៅ​ថ្ងៃ​ចន្ទ​ខាង​មុខ​នេះ​ ក្រសួង​មហាផ្ទៃ​នឹង​មាន​កិច្ច​ពិគ្រោះ​យោបល់​ជាមួយ​តំណាង​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​អំពី​សំណើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល។ ក្រុម​អង្គការសង្គម​ស៊ីវិល​មួយ​ចំនួន​ លើក​ឡើង​នៅ​មុន​កិច្ចពិគ្រោះ​យោបល់​នេះ​ថា ច្បាប់​ដ៏​ចម្រូងចម្រាស​នេះ​ ត្រូវ​តែ​មាន​ការ​កែសម្រួល ដើម្បី​សម្រួល​ដល់​ប្រតិបត្តិការ​របស់​សង្គម​ស៊ីវិល៕

XS
SM
MD
LG