មន្រ្តីកម្ពុជាឱ្យដឹងថាសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិត្រូវបានបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យរួចហើយ។
សេចក្តីព្រាងច្បាប់នេះជាឯកសារគោលមួយ ដើម្បីអាចឈានទៅបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិមួយនៅកម្ពុជា ដែលអង្គការសង្គមស៊ីវិលចង់ឃើញស្ថាប័នមួយនេះដំណើរការដោយឯករាជ្យ និងបម្រើផលប្រយោជន៍សិទ្ធិមនុស្សពិតប្រាកដ។
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដែលជាស្ថាប័នរដ្ឋាភិបាល លោក កែវ រ៉េមី បានជួបអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា លោក វីទីត មុនតាប៊ន កាលពីថ្ងៃអង្គារ។ ភាគីទាំងពីរបានពិភាក្សាអំពីវឌ្ឍនភាពនៃស្ថានភាពសិទ្ធិមនុស្ស និងការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចេញផ្សាយកាលពីថ្ងៃអង្គារ។
មន្រ្តីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបញ្ជាក់ទៅអ្នករាយការណ៍ពិសេសថាសេចក្ដីព្រាងច្បាប់ស្ដីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិត្រូវបានបញ្ជូនទៅទីស្ដីការគណៈរដ្ឋមន្រ្ដី កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។
លោក ប៉ា ប៉ុណ្ណារ៉ាដា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ប្រាប់វីអូអេនៅថ្ងៃពុធថាគណៈកម្មាធិការបានសហការជាមួយការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទិ្ធមនុស្សប្រចាំកម្ពុជា(OHCHR) និងភាគីពាក់ព័ន្ធ ដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់នេះចំនួន៣២លើកមកហើយ។ លោកបន្ថែមថាបច្ចុប្បន្ននេះ គណៈកម្មាធិការសិទ្ធិមនុស្សកំពុងរង់ចាំសេចក្ដីជូនដំណឹងពីទីស្ដីការគណៈរដ្ឋមន្រ្ដីលើសេចក្តីព្រាងច្បាប់នេះ។
លោកបន្ថែមថាស្ថាប័នសិទ្ធិមនុស្សជាតិនេះនឹងត្រូវបង្កើតឡើងជាស្ថាប័នឯករាជ្យមួយ និងមានតួនាទីក្នុងការពិនិត្យរបាយការណ៍របស់អង្គការសហប្រជាជាតិ។
លោកថ្លែងថា៖ «ស្ថាប័នសិទ្ធិមនុស្សជាតិនេះពេលដែលយើងបង្កើតឡើងជាស្ថាប័នឯករាជ្យ។ ហើយយើងបង្កើតឡើងនេះគោលបំណងគឺជាធម្មតានៅក្នុងអង្គការសហប្រជាជាតិ គឺយើងមានរបាយការណ៍គេពិនិត្យទៅលើរបាយការណ៍ចំនួនបី។ ទីមួយរបាយការណ៍ពីរាជរដ្ឋាភិបាលកម្ពុជាដែលខាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដែលយើងតែងតែធ្វើដាក់ជូនទៅខាងអង្គការសហប្រជាជាតិ។ ទីពីរគឺរបាយការណ៍ពីស្ថាប័នជាតិសិទ្ធិមនុស្សដែលជាស្ថាប័នឯករាជ្យដែលរាយការណ៍អំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ ទីបីគឺរបាយការណ៍ផ្សេងៗដែលចេញពីខាងអង្គការសង្គមស៊ីវិលដែលធ្វើការងារក្នុងរឿងសិទ្ធិមនុស្ស»។
លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល ប្រាប់វីអូអេថាលោកនឹងជូនដំណឹងទៅសាធារណជនអំពីវឌ្ឍនភាពនៃសេចក្តីព្រាងច្បាប់នេះនៅពេលក្រោយ បន្ទាប់ពីក្រុមអ្នកជំនាញទីស្ដីការគណៈរដ្ឋមន្រ្ដីបញ្ចូលសេចក្ដីព្រាងច្បាប់នេះក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី។
ក្នុងការបង្កើតឱ្យមានស្ថាប័នសិទ្ធិមនុស្សជាតិនេះ អង្គការសង្គមស៊ីវិលមួយចំនួនក៏មានការព្រួយបារម្ភផងដែរអំពីឯករាជ្យភាពនៃស្ថាប័នមួយនេះ និងការបង្កើតឡើងក្នុងស្ថានភាពដែលសិទ្ធិមនុស្សកម្ពុជាមិនទាន់មានភាពល្អប្រសើរ ហើយអវត្តមានគណបក្សជំទាស់។
នាយិកានៃមជ្ឃមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) អ្នកស្រី ចក់ សុភាព ប្រាប់វីអូអេថាកន្លងមក អង្គការសង្គមស៊ីវិលបានអំពាវនាវឱ្យរដ្ឋាភិបាលបង្កើតស្ថាប័នសិទ្ធិមនុស្សថ្នាក់ជាតិនេះ ប៉ុន្តែអង្គការសង្គមស៊ីវិលក៏មានក្តីព្រួយបារម្ភដែរថាការបង្កើតស្ថាប័ននេះមិនអនុលោមទៅតាមគោលការណ៍ទីក្រុងប៉ារីសដែលធានានូវឯករាជ្យភាពនៃអង្គការសិទ្ធិមនុស្សថ្នាក់ជាតិ មានអភ័យឯកសិទ្ធិ និងមិនស្ថិតនៅក្រោមឥទ្ធិពលរបស់រដ្ឋាភិបាល។
អ្នកស្រីថ្លែងថា៖ «យើងមានក្តីព្រួយបារម្ភដោយសារយើងដឹងហើយថាកន្លងមកហ្នឹងគឺបន្ទាប់ពីយើងបោះឆ្នោតតាំងពី២០១៨មកហ្នឹង គឺយើងមានការចម្រូងចម្រាសផ្នែកនយោបាយហើយដែលតំណាងរាស្ត្រភាគច្រើនលើសលប់ហ្នឹងមានតែគណបក្សកាន់អំណាច ហើយដំណើរការនៃការជជែកពាក់ព័ន្ធនឹងការបង្កើតគណៈកម្មការសិទ្ធិមនុស្សថ្នាក់ជាតិដែលកន្លងមក គឺធ្វើឡើងដោយចម្រុះបានន័យថារវាងអង្គការសង្គមស៊ីវិលជាមួយរដ្ឋាភិបាលហ្នឹង ក៏វាមានភាពជាប់គាំងមួយចំនួនដែលការដាក់ដំណើរច្បាប់អីហ្នឹង គឺមានការយឺតយ៉ាវ។ ល។អ៊ីចឹងទៅ»។
អ្នកស្រីយល់ថាស្ថាប័នសិទ្ធិមនុស្សថ្នាក់ជាតិគួរតែដើរតួនាទីអនុលោមតាមគោលការណ៍ទីក្រុងប៉ារីស និងដើរតួនាទីសំខាន់ក្នុងការឃ្លាំមើល រាយការណ៍ និងស៊ើបអង្កេតករណីរំលោភបំពានសិទ្ធិមនុស្សដែលចាំបាច់សម្រាប់កម្ពុជា។
បើតាមអ្នកស្រី ចក់ សុភាព បើសិនស្ថាប័ននេះមិនបានដើរតាមគោលការណ៍ទាំងនេះទេ វាមិនមានអ្វីខុសប្លែកពីស្ថាប័នសិទ្ធិមនុស្សដែលមានស្រាប់នៅកម្ពុជាឡើយ។
ចំណែកលោក ស៊ឹង សែនករុណា អ្នកនាំពាក្យរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក ប្រាប់វីអូអេថាការបង្កើតសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនេះមិនទាន់មានការជជែកគ្នាឱ្យបានគ្រប់ជ្រុងជ្រោយពីគ្រប់ភាគីពាក់ព័ន្ធនៅឡើយ។
លោកថ្លែងថា៖ «អញ្ចឹងខ្ញុំគិតថាវាជារឿងមួយគួរមានការពិចារណានៅក្នុងអាចមានសំឡេងចូលរួមច្រើនពីគ្រប់ភាគីពាក់ព័ន្ធជាពិសេសខាងសំឡេងជំទាស់ហ្នឹងមានសិទ្ធិក្នុងការលើកឡើងនូវអ្វីដែលពួកគេមើលឃើញហើយអាចជជែកគ្នាទៅបានជាលទ្ធផលរួមមួយល្អប្រសើរថាហ្នឹងគួរតែមានការគិតគូរបែបហ្នឹង។ ប៉ុន្តែការសម្រេចយ៉ាងណាពីព្រោះមិនមែនជាសិទ្ធិសម្រេចអីខាងសង្គមស៊ីវិលទេ យើងបានថាត្រឹមតែជួយផ្ដល់នូវទស្សនៈទានជូនទៅខាងភាគីពាក់ព័ន្ធដែលគ្រោងនឹងបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិហ្នឹងបាទ!»។
លោកបន្តថានៅក្នុងបរិបទនេះ ពុំគួរមានការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនេះឡើងទេ ព្រោះការបង្កើតឡើងក្នុងពេលដែលមានការរិះគន់ពីមជ្ឈដ្ឋានផ្សេងៗ។
លោកថ្លែងថា៖ «ខ្ញុំយល់ថាស្ថាប័ននេះបើសិនជាបង្កើតឡើងដោយតាមគោលការណ៍ត្រឹមត្រូវបើយើងនិយាយពីកន្លងមកជាគោលការណ៍ក្រុងប៉ារីសអាហ្នឹងវាមាន ធ្វើម៉េចមានទាំងស្ថាប័នហ្នឹងវាឯករាជ្យ មនុស្សហ្នឹងក៏ជាមនុស្សធនធានដែលមនុស្សមានគុណសម្បត្តិ មានឯករាជ្យភាព ការគ្រប់គ្រងរបស់រដ្ឋអីជាដើមអាហ្នឹងខ្ញុំគិតថាវាជារឿងល្អប្រសើរ»។
គួរបញ្ជាក់ថាកាលពីខែសីហា ឆ្នាំ២០២១ អង្គការសិទ្ធិមនុស្សមួយចំនួនបានស្នើឱ្យរដ្ឋាភិបាលផ្តល់អាទិភាពលើការស្តារស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាឡើងជាមុនសិន មុនពេលដែលបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិឡើង ដើម្បីធានាថាការបង្កើតស្ថាប័ននេះនឹងផ្តល់អត្ថប្រយោជន៍ពិតប្រាកដក្នុងការលើកកម្ពស់និងការពារសិទ្ធិមនុស្ស ជាជាងបង្កើតឡើងដើម្បីគ្រាន់តែបំពេញទៅតាមការអះអាងប្តេជ្ញាចិត្តផ្នែកសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជា៕