ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​ជាច្រើន​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​បោក​គ្រាប់​បែក​អត្តឃាត​នៅ​តំបន់​បឹង​ឆាដ


ទិដ្ឋភាព​ពី​លើ​អាកាស​បង្ហាញ​ពី​ភូមិ Ngouboua បន្ទាប់​ភូមិ​នេះ​ត្រូវ​បាន​វាយប្រហារ​ដោយ​យោធា​បូកូហារ៉ាម (Boko Haram)​ កាលពី​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៥។
ទិដ្ឋភាព​ពី​លើ​អាកាស​បង្ហាញ​ពី​ភូមិ Ngouboua បន្ទាប់​ភូមិ​នេះ​ត្រូវ​បាន​វាយប្រហារ​ដោយ​យោធា​បូកូហារ៉ាម (Boko Haram)​ កាលពី​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៥។

មន្រ្តី​នានា​របស់​ប្រទេស​ឆាដ​ (Chad) បាន​ថ្លែង​ថា ជន​បោក​គ្រាប់​បែក​អត្តឃាត​ចំនួន​៣​នាក់​បាន​ធ្វើ​ការ​វាយប្រហារ​នៅ​ក្នុង​ផ្សារ​មួយ​ក្នុង​ប្រទេស​ឆាដ ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន​២៧​នាក់​។ ​

ការ​វាយប្រហារ​នេះ​បាន​កើត​មាន​ឡើង​នៅ​លើ​កោះ​មួយ​តាម​បណ្តោយ​ប៉ែក​ខាង​លិច​ឆ្នេរ​នៃ​តំបន់​បឹង​ឆាដ ដែល​តែងតែ​មាន​ផ្សារ​មួយ​ដំណើរការ​នៅ​ទី​នោះ​ជា​រៀងរាល់​សប្តាហ៍។​ ព្រំ​ប្រទល់​នៃ​ប្រទេស​នីហ្សេរីយ៉ា (Nigeria) ប្រទេស​កាមេរូន (Cameroon) និង​ប្រទេស​នីហ្សេ​ (Niger) សុទ្ធ​តែ​ស្ថិត​នៅ​ជាប់​នឹង​ឆ្នេរ​នៃ​តំបន់​បឹង​ឆាដ​នេះ។​

ជន​ដែល​ធ្វើ​ការ​វាយប្រហារ​នេះ​មិន​ទាន់​ត្រូវ​បាន​គេ​កំណត់​អត្តសញ្ញាណ​នៅ​ឡើយ​ទេ ក៏​ប៉ុន្តែ​អាជ្ញាធរ​បាន​កត់​ចំណាំ​នូវ​ក្រុម​សកម្មប្រយុទ្ធ​បូកូហារ៉ាម (Boko Haram) ដែល​បាន​ធ្វើ​ការ​បោក​គ្រាប់​បែក​នៅ​ក្នុង​តំបន់​នេះ​នា​ពេល​ថ្មីៗ​នេះ។ មាន​មនុស្ស​ចំនួន​៤៧​នាក់​បាន​ស្លាប់​នៅ​ក្នុង​ការ​បោក​គ្រាប់​បែក​អត្តឃាត​ចំនួន​២​គ្រាប់​កាល​ពី​ពាក់​កណ្តាល​ខែ​តុលា​កន្លង​មក​នេះ ដែល​បាន​ធ្វើ​ឲ្យ​មាន​ការ​ថ្កោលទោស​ពី​ទីភ្នាក់ងារ​ជន​ភៀស​ខ្លួន​របស់​អង្គការ​សហប្រជាជាតិ ខណៈ​ដែល​មនុស្ស​ជា​ច្រើន​ដែល​រស់​នៅ​តំបន់​បឹង​ឆាដ​គឺ​ជា​ជន​ភៀសខ្លួន។

មន្រ្តី​នានា​របស់​ប្រទេស​ឆាដ​ ដែល​បាន​ប៉ាន់ស្មាន​ថា​ មាន​ជន​ភៀស​ខ្លួន​ប្រមាណ​៦ម៉ឺន​នាក់​រស់​នៅ​ក្បែរ​កោះ​នានា​នៃ​តំបន់​បឹង​ឆាដ​នេះ បាន​ធ្វើ​ការ​ព្រមាន​ដល់​ប្រជាជនទាំងអស់​ឲ្យ​ប្រយ័ត្ន​ប្រយែង។ មន្ត្រី​ទាំង​នោះ​បាន​បន្ថែម​ថា រដ្ឋាភិបាល​កំពុង​តែ​ចាប់​ផ្តើម​ដាក់​កងកម្លាំង​យោធា​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​បូកូហារ៉ាម​នេះ។ ការ​បោក​គ្រាប់​បែក​របស់​ក្រុម​សកម្មប្រយុទ្ធ​នា​ពេល​បច្ចុប្បន្ន​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជា​ការ​វាយ​ប្រហារ​តបត​មក​វិញ​របស់​ក្រុម​នេះ។

អំពើ​ហិង្សា​នេះ​បាន​កើត​ឡើង​នៅ​ក្បែរ​ព្រំប្រទល់​ជាមួយ​នឹង​ប្រទេស​នីហ្សេរីយ៉ា ប្រទេស​កាមេរូន​ និង​ប្រទេស​នីហ្សេ​ នៅ​តាម​បណ្តោយ​ឆ្នេរ​នៃ​តំបន់បឹង​ឆាដ៕

XS
SM
MD
LG