ការប្រកាសរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ក្នុងការដាក់ប្រទេសស្ថិតក្នុងស្ថានភាពអាសន្ននេះ មានគោលបំណងចាប់ផ្ដើមការសាងសង់ជញ្ជាំងនៅតាមព្រំដែនអាមេរិកជាប់ប្រទេសម៉ិកស៊ិក ដែលសភាជាតិមិនបានអនុញ្ញាត។
តើការប្រកាសដាក់ប្រទេសជាតិក្នុងស្ថានភាពអាសន្ននេះ គឺជាការប្រើប្រាស់អំណាចនីតិប្រតិបត្តិដែលស្របច្បាប់ទេ ឬជាកលល្បិចមួយ ដើម្បីរំលងសភា?
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងប្រាប់ប្រជាជាតិថា ស្ថានភាពដែលមានវិបត្តិ បានបង្ខំរូបលោក ឱ្យធ្វើបែបនេះ។
«ដូច្នេះ យើងនឹងប្រឈមទល់នឹងវិបត្តិសន្តិសុខជាតិនៅតាមព្រំដែនភាគខាងត្បូងរបស់យើង។ យើងរងការញាំញីដោយគ្រឿងញៀន ការឈ្លានពានដោយក្រុមយូកូង និងការឈ្លានពានពីសំណាក់មនុស្សម្នា។ការណ៍នេះ មិនអាចទទួលយកបានទេ»។
សមាជិកសភាខាងគណបក្សប្រជាធិបតេយ្យ មានការខឹងសម្បា។
អ្នកស្រី Debbie Wasserman Schultz តំណាងរាស្ត្រ មកពីគណបក្សប្រជាធិបតេយ្យ មានប្រសាសន៍ថា៖
«យើងនឹងប្រើប្រាស់ឧបករណ៍គ្រប់បែបយ៉ាងដែលយើងមាន ដើម្បីតបតជាមួយលោកប្រធានាធិបតី អំពីការរំលោភបំពានអំណាចដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញនេះ»។
អ្នកស្រី Tammy Duckworth សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យ បានថ្លែងប្រាប់បណ្ដាញទូរទស្សន៍ ABC របស់អាមេរិកក្នុងសប្ដាហ៍នេះថា ៖
«លោកប្រធានាធិបតី កំពុងព្យាយាមដណ្ដើមអំណាចគ្រប់គ្រងថវិកាពីនីតិបញ្ញត្តិ។ ពួកយើង គឺជាស្ថាប័នដែលមានអំណាចស្នើគ្នាក្នុងការដឹកនាំប្រទេស»។
សមាជិកសភានិងសមាជិកព្រឹទ្ធសភាខ្លះខាងគណបក្សសាធារណរដ្ឋ ក៏កំពុងសម្ដែងការភ្ញាក់ផ្អើលផងដែរ។
ក្នុងសេចក្ដីថ្លែងការណ៍មួយ សមាជិកព្រឹទ្ធសភា លោក Thom Tillis មានប្រសាសន៍ថា លោកគ្មានជំនឿទេថា «ការប្រកាសស្ថានភាពជាតិមានអាសន្ននេះ គឺជាដំណោះស្រាយ» និងការធ្វើបែបនេះ នឹងបង្កើតករណីយុត្តិសាស្ត្រថ្មីមួយ ដែលប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យក្នុងពេលអនាគត «នឹងយកទៅប្រើប្រាស់ដើម្បីអនុវត្តរបៀបវារៈគោលនយោបាយជ្រុលនិយមរបស់ពួកគេ ដោយរំលងសិទ្ធិអំណាចរបស់សភា»។
លោក Steven Palazzo តំណាងរាស្ត្រខាងគណបក្សសាធារណរដ្ឋ មានប្រសាសន៍ថា៖
«លោកប្រធានាធិបតី កំពុងដាក់បញ្ហាសន្តិសុខរបស់ពលរដ្ឋអាមេរិកាំង នៅពីមុខបញ្ហានយោបាយគណបក្ស ហើយខ្ញុំគោរពការសម្រេចធ្វើបែបនេះទាំងស្រុង»។
តំណាងរាស្ត្រនិងសមាជិកព្រឹទ្ធសភាខ្លះខាងគណបក្សសាធារណរដ្ឋ ក៏ស្ងើចសរសើរវិធានការរបស់លោក ត្រាំផងដែរ។
លោក Steven Palazzo តំណាងរាស្ត្រខាងគណបក្សសាធារណរដ្ឋ មានប្រសាសន៍ថា៖
«ការការពារព្រំដែនអាមេរិក ការបញ្ឈប់ឧក្រិដ្ឋជន អ្នកដែលមានបណ្ដាញទាក់ទងនឹងភេរវជនដែលគេដឹង ការជួញដូរកុមារ និងឧក្រិដ្ឋកម្មគ្រឿងញៀន គឺគ្រឿងញៀនផ្ដាច់ផ្តិលជីវិត ដែលកំពុងឆ្លងចូលតាមព្រំដែនរបស់យើងដែលគេអាចលួចចូលបានជាដើម បើទាំងអស់នេះ មិនមែនជាបញ្ហាសន្តិសុខជាតិ ខ្ញុំមិនដឹងថា ស្អីទៅជាសន្តិសុខជាតិនោះទេ»។
គេជឿថានៅមានសំឡេងមតិភាគច្រើននៅក្នុងសភាទាំងពីរថ្នាក់ ក្នុងការលុបចោលការប្រកាសដាក់ប្រទេសក្នុងភាពអាសន្ននេះ ប៉ុន្តែគេរំពឹងថា លោក ត្រាំ នឹងបដិសេធ ឬ Veto វិធានការលុបចោលការប្រកាសរបស់លោកនេះ។ ហើយគេមិនជឿថានឹងមានសំឡេងមតិភាគច្រើននៅក្នុងសភាទាំងពីរថ្នាក់ក្នុងការលុបចោលការបដិសេធ ឬ Veto របស់ប្រធានាធិបតីនោះទេ។
តែទោះជាយ៉ាងនេះក្តី ក្រុមដែលធ្វើការងារខាងគោលនយោបាយសាធារណៈ កំពុងតតាំងនឹងសកម្មភាពរបស់លោក ត្រាំ។ គេរំពឹងថារដ្ឋកាលីហ្វ័រញ៉ា ក៏នឹងធ្វើដូច្នេះដែរ។
លោក Xavier Becerra រដ្ឋមន្ត្រីយុត្តិធម៌នៃរដ្ឋកាលីហ្វ័រញ៉ា មានប្រសាសន៍ប្រាប់បណ្ដាញទូរទស្សន៍ ABC ថា៖
«នេះមិនមែនជាវិបត្តិថ្ងៃ១១ ខែកញ្ញា ដែលយើងបានប្រឈមកាលពីឆ្នាំ២០០១ឯណា ហើយវាក៏មិនមែនជាព្រឹត្តិការណ៍ចាប់ពលរដ្ឋអាមេរិកាំងធ្វើចំណាប់ខ្មាំងរបស់ប្រទេសអ៊ីរ៉ង់ដែលយើងបានប្រឈមកាលពី១៩៧៩ដែរ»។
អ្នកប្រាជ្ញខាងច្បាប់មួយចំនួន ជឿថា ហេតុផលរបស់សេតវិមានក្នុងការប្រកាសស្ថានភាពជាតិមានអាសន្ននេះ នឹងមិនទទួលបានការជឿជាក់ខ្លាំងក្នុងតុលាការទេ៕
ប្រែសម្រួលដោយ សាយ មុន្នី