ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump រិះគន់​ពួកមន្ត្រី​ដែល​បាន​ពិភាក្សា​អំពី​ការ​ដក​លោក​ចេញ​ពី​តំណែង


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​ការ​ប្រមូលផ្តុំ​មួយ​នៅ​ក្នុង​ក្រុង El Paso រដ្ឋ Texas កាលពី​ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump​ កាល​ពី​ថ្ងៃ​ចន្ទ​បាន​លើក​ឡើង​ថា​ ក្រុមមន្ត្រី​ពង្រឹង​ការ​អនុវត្ត​ច្បាប់​មាន​ជាប់ពាក់ព័ន្ធ​នឹង​សកម្មភាព​ក្បត់ជាតិ​នៅ​ពេល​ដែល​ពួកគេ​ជំរុញ​ឲ្យ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​កាល​ពី​ឆ្នាំ២០១៧ ដើម្បី​ដក​លោក​ចេញ​ពី​តំណែង​ ខណៈ​បើក​ការស៊ើបអង្កេត​មួយ​ប្រឆាំង​នឹង​រូប​លោក។

លោក Trump បាន​និយាយ​រិះគន់​អតីត​នាយក​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធស្តីទី​លោក Andrew McCabe ​អ្នក​ដែល​បាន​ប្រាប់​ទៅ​សារព័ត៌មាន CBS នៅក្នុង​កម្មវិធី​មួយ​ដែល​មាន​រយៈ៦០នាទី​កាល​ពី​ថ្ងៃអាទិត្យ​ ដែល​នៅ​ក្នុង​កម្មវិធី​នោះ​លោក​ និង​អនុរដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​លោក Rod Rosenstein ​បាន​ពិភាក្សា​គ្នា​អំពី​ការ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ទី២៥​ដែល​នឹង​អនុញ្ញាត​ឲ្យ​អនុប្រធានាធិបតី និង​ក្រុម​សំឡេង​ភាគច្រើន​នៃ​សមាជិក​គណៈរដ្ឋមន្ត្រី​១៥នាក់​អាច​ប្រកាស​ថា​ ប្រធានាធិបតី​អសមត្ថភាព​ដោះស្រាយ​ការងារ​ក្នុង​នាម​ជា​ប្រធានាធិបតី​ និង​អនុញ្ញាត​ឲ្យ​អនុប្រធានាធិបតី​ធ្វើ​ជា​ប្រធានាធិបតី​ស្តីទី​បាន។

លោក McCabe បាន​និយាយ​ថា​វា​ប្រហែល​ជា​បទឧក្រិដ្ឋ​នៅ​ពេល​លោកTrump បាន​បណ្តេញ​លោក James Comey​ នាយក​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ​កាល​ពី​ខែ​ឧសភាឆ្នាំ២០១៧ ដែល​នៅពេល​នោះ​លោក Comey​ កំពុង​ដឹកនាំ​ការស៊ើបអង្កេត​របស់​ទីភ្នាក់ងារ​នៅក្នុង​ទំនាក់ទំនង​រវាង​យុទ្ធការ​បោះឆ្នោត​របស់​លោក Trumpជាមួយ​នឹង​ប្រទេស​រុស្ស៊ី​នៅ អំឡុងពេល​បោះឆ្នោត​ប្រធានាធិបតី​កាលពី​ឆ្នាំ២០១៦។ នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​លោក Trump បាន​និយាយ​ថា​លោក​សម្រេចចិត្ត​បណ្តេញ​លោក Comey ចេញ​ពី​តំណែង​នៅពេល​ដែល​លោក​គិត​អំពី​បញ្ហា​រុស្ស៊ី។

លោក McCabe ដែល​ក្រោយ​មក​ត្រូវ​បាន​ដកចេញ​ពី​តំណែង​បន្ទាប់​ពី​មប្រើ​ការងារ​ឲ្យ​ទីភ្នាក់ងារ FBI អស់​រយៈពេល២១ឆ្នាំ​នោះ​បាន​និយាយ​ថា «ការ​លើក​ឡើង​អំពី​វិសោធនកម្ម​នេះ​គឺ​ថា​ ប្រសិន​បើ​ប្រធានាធិបតី​បាន​រារាំង​ដល់​ក្រសួងយុត្តិធម៌​នៅក្នុង​ដំណើរ​ការស៊ើបអង្កេត​ បាន​បណ្តេញ​នាយក FBI ដើម្បី​ធ្វើ​ឲ្យ​ប៉ះពាល់​ ឬ​ឈាន​ទៅ​ដល់​បិទ​ការ​ស៊ើបង្កេត​អំពី​ការជ្រៀតជ្រែក​របស់​រុស្ស៊ី​ដែល​ប្រហែល​ជា​បាន​គាំទ្រ​ដល់​យុទ្ធនាការ​របស់​លោក​នោះ​ ក្នុង​នាម​ជា​អ្នកស៊ើបការ​សម្ងាត់​ម្នាក់​ អ្នក​ត្រូវ​តែ​សួរ​ខ្លួន​ឯងថា​ ហេតុអ្វី​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ធ្វើ​ដូច្នេះ?»

XS
SM
MD
LG