ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានប្រសាសន៍ថា ជម្រើសក្នុងការប្រើកម្លាំងប្រឆាំងប្រទេសវ៉េណេស៊ុយអេឡា នៅមាននៅឡើយ ដោយលោកបានពណ៌នាស្ថានការណ៍នៅក្នុងប្រទេសនោះថា «មានភាពរញ៉េរញ៉ៃប្រកបដោយគ្រោះថ្នាក់»។
លោក ដូណាល់ ត្រាំ បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាននៅឯកន្លែងវាយកូនហ្គោលលំហែកាយរបស់លោកក្នុងរដ្ឋ New Jersey ថា៖
«យើងមានជម្រើសច្រើនសម្រាប់ប្រទេសវ៉េណេស៊ុយអេឡា រួមទាំងជម្រើសយោធាផង ប្រសិនបើចាំបាច់»។
លោក ដូណាល់ ត្រាំ និយាយថា លោក «នឹងមិនទាត់ចោល» ជម្រើសយោធាទេ។ លោកនិយាយបន្ថែមថា «ប្រាកដណាស់ នោះគឺជាជម្រើសដែលយើងអាចយកមកប្រើបាន»។
លោក ត្រាំ និយាយថា ប្រជាពលរដ្ឋនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា «កំពុងរងទុក្ខវេទនា និងជិតស្លាប់»។
លោកថ្លែងទៀតថា «យើងមានកងទ័ពនៅជុំវិញពិភពលោករួមទាំងកន្លែងដែលនៅឆ្ងាយៗផង ហើយប្រទេសវ៉េណេស៊ុយអេឡា មិននៅឆ្ងាយប៉ុន្មានទេ»។
ក្រសួងការពារជាតិអាមេរិក និយាយថា យោធាអាមេរិក បានត្រៀមខ្លួនរួចជាស្រេចក្នុងការគាំពារកិច្ចប្រឹងប្រែងទាំងឡាយណា ដើម្បីការពារពលរដ្ឋអាមេរិកាំង និងផលប្រយោជន៍ជាតិអាមេរិកនៅបរទេស។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក គឺលោក Mark Wright បាននិយាយថា ក្រសួងការពារជាតិអាមេរិក មានកាតព្វកិច្ច រៀបចំផែនការបម្រុងទុកជាមុន សម្រាប់វិធានការយោធាដែលអាចប្រើបាននៅជុំវិញពិភពលោក ហើយនិងមានកាតព្វកិច្ចផ្ដល់ជម្រើសទាំងនោះដល់ប្រធានាធិបតី។
ទោះជាយ៉ាងនេះក្តី មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ ដែលបាននិយាយដោយមានលក្ខខណ្ឌមិនឲ្យបញ្ចេញឈ្មោះ បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ក្រសួងការពារជាតិអាមេរិក មិនបានដឹងអំពីវិធានការយោធាណាមួយ ដែលអាមេរិកអាចនឹងប្រើនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា នោះទេ។
កាលពីយប់ថ្ងៃសុក្រ រដ្ឋមន្ត្រីការពារជាតិវ៉េណេស៊ុយអេឡាគឺលោក Vladimir Padrino បានថ្លែងប្រាប់ទូរទស្សន៍រដ្ឋនៃប្រទេសរបស់លោកថា អត្ថាធិប្បាយរបស់ប្រធានាធិបតីអាមេរិក គឺជា «សកម្មភាពឆ្កួតលីលា»។
អាជ្ញាធរវ៉េណេស៊ុយអេឡា បានចោទប្រកាន់សហរដ្ឋអាមេរិកតាំងពីយូរមកហើយ ពីបទរៀបចំផែនការឈ្លានពានប្រទេសវ៉េណេស៊ុយអេឡា។
ប៉ុន្តែ ក្រសួងការពារជាតិអាមេរិក បាននិយាយថា ពាក្យសម្ដីបញ្ឆិតបញ្ឆៀងរបស់រដ្ឋាភិបាលក្រុងការ៉ាកាស អំពីផែនការរបស់អាមេរិកក្នុងការឈ្លានពានវ៉េណេស៊ុយអេឡានោះគឺ «មិនសំអាងលើអ្វីឡើយ»៕