ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទំនប់​ដនសាហុង​ភ្ជាប់បណ្តាញអគ្គិសនីទៅកម្ពុជា


រូបឯកសារ៖ សំណង់ទំនប់វារីអគ្គិសនីដនសាហុង
រូបឯកសារ៖ សំណង់ទំនប់វារីអគ្គិសនីដនសាហុង

ទំនប់​វារី​អគ្គិសនី​ដនសាហុង​នៅក្នុង​ប្រទេស​ឡាវ​បាន​ចាប់​ផ្តើម​ដំណើរការហើយ​ ​ ​ហើយ​នៅ​សប្តាហ៍​នេះ​បាន​ភ្ជាប់​បណ្តាញ​អគ្គិសនី​ទៅ​ប្រទេស​កម្ពុជា​នៅ​ពេល​ដែល​ប្រទេស​នេះ​បង្កើន​ការ​នាំចូល​អគ្គិសនី​បន្ទាប់​ពី​មាន​ការ​ដាច់ភ្លើង​កាល​ពីឆ្នាំ​មុន។​ នេះបើ​យោង​តាម​មន្ត្រី​កម្ពុជា។​

ទំនប់​ដនសាហុង​ដែល​ត្រូវ​បាន​សាងសង់​ដើម្បី​ផលិត​អគ្គិសនី​កម្លាំង​២៦០​មេហ្គាវ៉ាត់​គឺ​ជា​ទំនប់​ទី​២​ដែល​ចាប់​ផ្តើម​ប្រតិបត្តិការ​នៅ​លើ​ដង​ទន្លេ​មេគង្គ​ក្រោម​រយៈ​ពេល​ប្រាំ​មួយ​ខែ​ ​បន្ទាប់​ពី​មាន​ការ​ប្រឆាំង​ជា​ច្រើន​ឆ្នាំ​ពី​សកម្មជន​បរិស្ថាន។​ ​ទំនប់​វារី​អគ្គិសនី​សាយ៉ាបូរី​ដែល​មាន​កម្លាំង​១២៨៥ មេហ្គាវ៉ាត់​នៅ​ប្រទេសឡាវ​បាន​ចាប់​ផ្តើម​ផ្គត់​ផ្គង់​ថាមពល​ដល់​ប្រទេស​ថៃកាល​ពី​ខែ​តុលា។​

លោក ​Victor Jona ​អគ្គនាយក​ថាមពល​នៅ​ក្រសួង​រ៉ែ​និង​ថាមពល​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ​ថា​ ការ​ត​ភ្ជាប់នេះ​ធ្វើ​កាល​ពីថ្ងៃ​អង្គារ។ ​លោក​បាន​មាន​ប្រសាសន៍​ថា៖

«ទំនប់​ដនសាហុង​មាន​សមត្ថភាពផលិត​ថាមពល​១៩៥​មេហ្កាវ៉ាត់ ​ហើយ​ក្រុមហ៊ុន​អគ្គិសនីកម្ពុជា​នឹង​ទិញ​ថាមពល​នេះ​ទាំងអស់»។​

លោក​បាន​បន្ថែម​ទៀត​ថា ​កម្លាំង​ថាមពល​ពេញ​គឺ​មាន​នៅរដូវ​វស្សា​ប្រចាំ​ឆ្នាំ​ដែល​ចាប់​ផ្តើម​ពីខែ​មេសា ​ហើយ​នៅ​រដូវ​ប្រាំង​បច្ចុប្បន្ន​កម្លាំង​ផលិត​មាន​តិច​ជាង។​

ទឹក​ទន្លេ​មេគង្គ​ក្រោម​បាន​ជួប​ប្រទះ​គ្រោះ​រាំងស្ងួត​កាល​ពីឆ្នាំមុន​ ហើយ​ផ្នែក​ជា​ច្រើន​នៅ​តាម​ដង​ទន្លេ​មេគង្គ​មាន​កម្ពស់​ទឹក​ទាប​ជាង​កម្រិត​ទឹក​ធម្មតា​នៅ​រដូវ​ប្រាំង។​

លោក ​Victor Jona​ បាន​និយាយ​ថា ​តម្លៃ​អគ្គីសនី​ប្រទេស​កម្ពុជា​ទិញ​ពីទំនប់​វារីអគ្គិសនី​ដនសាហុង​ដែល​នៅ​ចម្ងាយ​ប្រហែល​២​គីឡូម៉ែត្រ​ពី​ព្រំដែនខាង​ជើង​ក្នុង​ប្រទេស​ឡាវ​គឺ​ជាង​៧​សេន​ដុល្លារ​ក្នុង​មួយ​គីឡូវ៉ាត់។​

លោក​បាន​បន្ថែម​ថា ​កិច្ច​ព្រម​ព្រៀង​នេះ​នឹង​មាន​រយៈ​ពេល​៣០​ឆ្នាំ។​

លោក​បាន​មាន​ប្រសាសន៍ថា៖

«យើង​ទិញ​អគ្គិសនី​នេះ​ដើម្បី​ផ្គត់ផ្គង់​តម្រូវ​ការ​របស់​យើង​ដែល​កើន​ឡើង​ពីមួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ចន្លោះ​ពី​១៨%​ទៅ​២០%»។​

ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ​មុន​មាន​ការដាច់​ចរន្ត​អគ្គិសនី​ដ៏​អាក្រក់​បំផុត​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ព្រោះ​មាន​ការ​ប្រើ​ប្រាស់​អគ្គិសនី​កើន​ឡើងដោយសារ​ផ្នែក​សំណង់​ហើយ​នឹង​ការ​វិនិយោគ​របស់​ចិន។​ ក្រុម​មន្រ្តី​បាន​និយាយ​ថា ​ កង្វះ​អគ្គិសនី​ក៏​បណ្តាល​មក​ពី​ទឹក​មាន​កម្រិតទាប​នៅ​ទំនប់​វារីអគ្គិសនី​នៅ​ទូទាំង​ប្រទេស។​ ក្រុមហ៊ុន​អគ្គិសនី​កម្ពុជា​បាន​ឱ្យ​ដឹង​ថា​ ប្រទេស​កម្ពុជា​ប្រើប្រាស់​ថាមពល​វារីអគ្គិសនី​ប្រហែល​៤៨%​នៃ​ផលិត​កម្ម​អគ្គិសនី​ក្នុង​ស្រុក។

ស្ថិតិការ​ប្រើប្រាស់​អគ្គិសនី​របស់​រដ្ឋ​បាន​ឱ្យ​ដឹង​ថា ​ ដោយសារ​តម្រូវ​ការកើន​ឡើង​យ៉ាង​ឆាប់​រហ័ស ក្នុង​ប្រទេស​ ​ប្រទេស​កម្ពុជា​បាន​ទិញ​អគ្គិសនី​ប្រហែល​២៥%​នៃ​ការ​ផ្គត់ផ្គង់​អគ្គិសនី​របស់ខ្លួន​កាល​ពីឆ្នាំ​មុន​ដោយ​ភាគ​ច្រើន​ទិញ​ពី​ប្រទេស​វៀតណាម​និង​ថៃ៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG