ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈ​កម្មការ​ទន្លេ​មេគង្គ នឹង​ពិនិត្យ​ឡើង​វិញ​នូវ​ភាពស្រដៀង​គ្នា​ក្នុង​ការ​វាយតម្លៃ​ផល​ប៉ះពាល់​នៃ​គម្រោង ប៉ាក់ បេង និង​ប៉ាក់ ឡាយ


រូបឯកសារ៖ ផែនទី​ទំនប់​វារី​អគ្គិស​នី​ ​ប៉ាក់ ឡាយ នៅក្នុង​ប្រទេសឡាវ។
រូបឯកសារ៖ ផែនទី​ទំនប់​វារី​អគ្គិស​នី​ ​ប៉ាក់ ឡាយ នៅក្នុង​ប្រទេសឡាវ។

បន្ទាប់ពី​មាន​ការលើក​ឡើង​របស់​ភាគី​ពាក់ព័ន្ធ​នៃ​ភាពស្រដៀង​គ្នា​ក្នុង​ការ​ប្រើប្រាស់​ទិន្នន័យ និង​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​ខាង​បរិស្ថាន និង​សង្គម​ឆ្លងដែន​រវាង​ទំនប់​វារី​អគ្គិសនី​ប៉ាក់ ឡាយ​ និង​ប៉ាក់​បេង​នោះ​ គណៈកម្មការ​ទន្លេ​មេគង្គ​ (Mekong River Commission) បាន​បង្ហាញ​ជំហរ​ត្រៀម​ពិនិត្យ​ឡើងវិញ​នូវ​ភាពស្រដៀង​គ្នា ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៃ​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​ទាំងឡាយ​​ នៅ​មុន​ពេល​ម្ចាស់​គម្រោង​ដែល​ជា​ក្រុមហ៊ុន​​ចិន​កសាង​ទំនប់​វារីអគ្គិសនី​ប៉ាក់ ឡាយ។

​នៅថ្ងៃទី​ពីរ​នៃ​វេទិកា​តំបន់​របស់​ភាគី​ពាក់ព័ន្ធ​លើក​ទីប្រាំ​ ​ដើម្បី​ពិគ្រោះ​យោបល់​គ្នា​ជាមុន​ ​ចំពោះ​ការ​អភិវឌ្ឍ​ទំនប់​វារី​អគ្គិស​នី​ ​ប៉ាក់ ឡាយ​ ​ដែល​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​គណៈកម្មការ​ទន្លេ​មេគង្គ ហៅ​កាត់​ថា​ ​(MRC)​ ​នៅ​ទីក្រុង​វៀងចន្ទន៍ ​កាលពី​សប្តាហ៍​មុន​ ​អ្នកចូលរួម​វេទិកាមួយ​ចំនួន​បាន​ផ្តើម​ចោទ​សួរ​ពី​ភាព​ស្រដៀង​គ្នា​នៃការ​វាយ​តម្លៃ​ផល​ប៉ះពាល់​ខាង​សង្គម​ ​និង​បរិស្ថាន​ឆ្លងដែន​របស់​គម្រោង​ ​ប៉ាក់ ឡាយ​ ​ទៅនឹង​គម្រោង​ ​ប៉ាក់ បេង។​

ការ​ចោទសួរ​ពីភាព​ស្រដៀង​គ្នា​នៃ​ការវាយ​តម្លៃផល​ប៉ះពាល់​ខាង​សង្គម​ ​និង​បរិស្ថាន​ឆ្លង​ដែន​ ក៏​ដូច​ជា​ផល​ប៉ះពាល់​ផ្សេង​ទៀត​នោះ​ ​កើត​មាន​ឡើង​ ក្រោយ​ពី​មាន​ការអំពាវនាវ​ពី​អង្គការ​សង្គម​ស៊ីវិល​ដែល​ជា​អ្នកតស៊ូ​មតិការ​ពារ​ទន្លេមេគង្គ​ឲ្យមានការ​បញ្ឈប់​ដំណើរ​ការ​ពិគ្រោះ​យោបល់ នៅ​ពេល​មាន​ការ​ចម្លង​យក​ឯកសារ​បញ្ជាក់​ពី​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់ឆ្លង​ដែននានា របស់​គម្រោង​ប៉ាក់​បេង​ មកប្រើ​ក្នុង​គម្រោង​ ​ប៉ាក់ ឡាយ​ ​ដែល​មានសមត្ថ​ភាព​អាច​ផលិត​ថាមពល​អគ្គិសនី​ចំនួន​ ​៧៧០​មេហ្គា​វ៉ាត់។​

រូបឯកសារ៖ រូបភាពនៃគម្រោងសាងសង់ទំនប់វារីអគ្គីសនីថ្មីរបស់ឡាវ ឈ្មោះប៉ាក់ បេង(Pak Beng)។ (រូបថតដោយ Pak Beng hydropower project)
រូបឯកសារ៖ រូបភាពនៃគម្រោងសាងសង់ទំនប់វារីអគ្គីសនីថ្មីរបស់ឡាវ ឈ្មោះប៉ាក់ បេង(Pak Beng)។ (រូបថតដោយ Pak Beng hydropower project)

អ្នក​ចូលរួម​ក្នុងវេទិកា​តំបន់​ដើម្បី​ពិគ្រោះ​យោបល់​ជាមុន​ចំពោះ​ការ​អភិវឌ្ឍន៍​គម្រោង​សាង​សង់​ទំនប់​វារី​អគ្គិសនី​ប៉ាក់ឡាយ​បាន​ចោទ​សួរ​ពីភាព​ដូចគ្នា​នៃ​ការ​វាយ​តម្លៃ​ផលប៉ះ​ពាល់​ខាង​សង្គម​ និង​បរិស្ថាន​ឆ្លងដែន​ និង​ផលប៉ះពាល់​ដែល​អាច​កើត​មាន​ផ្សេង​ទៀត​រវាង​គម្រោង​ទំនប់​វារី​អគ្គិសនី​ប៉ាក់​ បេង​ និង​គម្រោង​ទំនប់​វារីអគ្គិសនី​ប៉ាក់​ ឡាយ។​ អ្នក​ចូល​រួម​ដដែល​នោះ​ ក៏​បាន​ចោទសួរ​ថា​ តើ​អាច​នឹង​មាន​ភាព​ប្រសើរ​ឡើង​វិញ​ទេ​ ប្រសិនបើ​មាន​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​នៃការ​វាយតម្លៃ​លើ​ផល​ប៉ះពាល់​ឆ្លងដែន​របស់​គម្រោង​ទាំង​ពីរ។​

លោក​ ​Truong Hong Tien​ ​នាយក​ផ្នែកគ្រប់​គ្រង​បរិស្ថាន​នៃ​លេខាធិការដ្ឋាន​របស់​គណៈកម្មការ​ទន្លេមេគង្គ​បាន​បញ្ជាក់​តប​ថា​ ការ​ពិនិត្យ​ឡើង​វិញ​នៃ​របាយការណ៍​ផ្សេងៗ​ទាក់ទិន​ការ​វាយតម្លៃផល​ប៉ះពាល់​នេះ​ នឹង​ត្រូវ​ធ្វើឡើង​ក្នុងរយៈពេល​ពីរ បី​ទៅ​ប្រាំមួយ​ខែ​ខាងមុខ។​

​លោកបានថ្លែង​ជា​ភាសា​អង់​គ្លេស​ និង​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរថា៖​

«យើង​នឹង​ពិនិត្យ​ឡើងវិញ​នូវ​របាយការណ៍​ទំនប់​ប៉ាក់ ឡាយ​ ​រួច​ហើយ​នឹង​ធ្វើការ​ប្រៀបធៀប​ជាមួយ​ទំនប់​ប៉ាក់​ បេង»។​

មាន​ការ​ចោទ​សួរ​អំពី​ការ​ប្រើប្រាស់​ទិន្នន័យនានា​ សម្រាប់​ការ​អនុវត្តន៍​ទំនប់​វារី​អគ្គិសនី​ប៉ាក់ ឡាយ​ តែ​មិន​មាន​ការ​បកស្រាយ​ពី​គណៈកម្មការ​ទន្លេមេគង្គ​ ដោយ​គណៈកម្មការ​នេះ​ បាន​ប្រាប់​អ្នក​ចូលរួម​ក្នុង​វេទិកា​ថា​ គណៈកម្មការ​នឹង​កត់​ត្រា​ទុក​សំណួរ​ទាំងនេះ។ តំណាង​ក្រុមហ៊ុន​ដែល​ជា​អ្នក​អភិវឌ្ឍន៍​ទំនប់​ប៉ាក់ ឡាយ ក៏​មិន​មាន​ការ​ថ្លែង​បញ្ជាក់​អ្វី​មួយ​នោះ​ឡើយ។

នៅ​ថ្ងៃ​ដំបូង​នៃ​ការ​ចាប់ផ្តើម​វេទិកា​តំបន់​លើក​ទីប្រាំ​របស់​គណៈកម្មការ​ទន្លេមេគង្គ​នេះ​ អង្គការ​ ​Save the Mekong ដែល​ធ្វើការ​លើ​កិច្ច​គាំពារ​ធនធាន​ធម្មជាតិ​ក្នុង​ទន្លេ​មេគង្គ​ បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ ដោយ​បាន​ថ្លែងចោទ​ប្រកាន់ថា​ ​គម្រោង​ទំនប់​វារី​អគ្គិសនី​ប៉ាក់ ឡាយ​ ខ្វះ​ការ​វាយ​តម្លៃ​ឆ្លងដែន​ដែល​អាច​ជឿទុក​ចិត្ត​បាន​ ​ហើយ​ថា​មាន​ការ​ចម្លង​ឯកសារ​ផ្សេងៗ​ទាក់ទិន​ការ​វាយ​តម្លៃ​លើផល​ប៉ះពាល់​ពី​គម្រោង​ទំនប់វារី​អគ្គិសនី​ប៉ាក់​បេង។​

​អង្គការ​ ​Save the Mekong ​បាន​អះអាង​ថា​ មួយផ្នែកធំ​នៃ​របាយការណ៍​អំពី​ការ​វាយ​តម្លៃ​ផល​ប៉ះ​ពាល់​សង្គម​ និង​បរិស្ថាន​ ត្រូវ​បាន​ចម្លងយ៉ាងសាមញ្ញ​ចេញ​ពីការ​វាយតម្លៃ​ស្រដៀង​គ្នា​ ពី​របាយ​ការណ៍​របស់​ទំនប់​ប៉ាក់ ​បេង​ ដែលបានធ្វើ​ឡើង​តាំងពី​ឆ្នាំ​២០១៥។

​សេចក្តី​ប្រកាស​របស់​អង្គការ​នេះ​ដែល​បាន​ចេញផ្សាយ​កាល​ពី​ថ្ងៃ​ទី២០​ ខែកញ្ញា​ គឺ​ចំថ្ងៃ​បើក​វេទិកា​តំបន់​របស់​គណៈកម្មការ​ទន្លេមេគង្គ​បាន​បញ្ជាក់​តាមន័យ​ដើម​ថា៖​

«ជា​លទ្ធផល​របាយការណ៍​គម្រោង​ប៉ាក់ ឡាយ​ គឺ​មិន​ត្រឹមត្រូវ​ ហើយ​ចាស់​មិន​អាច​ប្រើ​ការ​បាន​ ជា​មួយ​ទិន្នន័យ​និង​ឯកសារ​យោង​នានា​ធ្វើ​ឡើង​តាំង​ពីមុន​ឆ្នាំ​២០១១។​ ​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​របស់​ទំនប់​ប៉ាក់បេង​ ​ក៏​មាន​ការ​វិភាគ​និង​ទិន្នន័យ​មិន​គ្រប់គ្រាន់​ ដែល​បង្ក​ឲ្យ​មាន​សំណួរ​ជា​ច្រើន​ចំពោះ​ភាព​គ្រប់​គ្រាន់​នៃ​ព័ត៌មាន​ ដែល​អាច​ពឹង​ផ្អែក​បាន​ដើម្បី​ជម្រាប​ពីដំណើរ​ការ​ពិគ្រោះ​យោបល់​ជា​មុន​នោះ»។

អង្គការ Save the Mekong​ ​បាន​បញ្ជាក់​បន្ថែម​ក្នុង​សេចក្តី​ប្រកាស​របស់​ខ្លួន​តាម​ន័យ​ដើម​ថា៖«យ៉ាង​ហោច​ណាស់​៩០ភាគរយ​នៃផ្នែក​និយាយ​ពី​លក្ខខណ្ឌ​សង្គម​ជា​ច្រើន​ នៃ​ទំនប់​ប៉ាក់ ​ឡាយ​ ត្រូវ​បាន​ចម្លងដោយ​ផ្ទាល់​ពីការ​វាយតម្លៃ​ទំនប់​ប៉ាក់ បេង​ ​ក្នុង​នោះ​មានរូបថត​ តារាង​ផ្សេងៗ​ និង​អត្ថបទ»។

យ៉ាងណា​ក៏​ដោយ​ ក្រោយ​ការ​បិទ​បញ្ចប់​វេទិកា​តំបន់​លើកទីប្រាំ​ស្តី​ពី​ការ​ពិគ្រោះ​យោបល់​ជាមុន​ចំពោះ​ទំនប់​ប៉ាក ឡាយ​នោះ​ គណៈកម្មការ​ទន្លេមេគង្គ​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​បញ្ជាក់​ អំពី​ការ​លើក​ឡើងរបស់​ភាគី​ពាក់​ព័ន្ធ​មួយ​ចំនួន​ ដែល​បាន​កត់​សម្គាល់ថា​ «ផ្នែកខ្លះ​នៃ​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​ខាងសង្គម​ និងបរិស្ថាន​ឆ្លងដែន​និង​ផល​ប៉ះពាល់​ដែល​អាច​កើត​មាន​បន្ថែម​របស់​គម្រោង​ប៉ាក់​ ឡាយ​ ហាក់​ដូចជា​ស្រដៀង​គ្នា​នឹង​ការ​វាយតម្លៃ​ផល​ប៉ះពាល់​ទាំង​ឡាយ​របស់​ទំនប់​ប៉ាក់ បេង»។​

គណៈ​កម្មការ​ទន្លេមេគង្គ​ក៏បាន​បង្ហាញ​ពីឆន្ទៈ​ នៃការ​ពិនិត្យ​ឡើង​នូវ​ភាពស្រដៀង​គ្នា​ទាំងនោះ។

សេច​ក្តី​ប្រកាស​របស់​គណៈកម្មការ​ទន្លេមេគង្គ​ ដែល​បាន​ចែកជូន​បណ្តាញព័ត៌មាន​តាម​សារ​អេឡិចត្រូនិច​ឬ​អ៊ីម៉ែល​បាន​សរសេរក្នុង​ន័យ​ដើម​ថា៖

«លេខាធិការដ្ឋាន​គណៈកម្មការ​ទន្លេមេគង្គ​នឹង​ពិនិត្យ​វិសាលភាព​នៃ​ភាព​ស្រដៀង​គ្នា​ក្នុងការ​វាយ​តម្លៃ​ទាំង​ឡាយ​រវាង​ទំនប់​វារី​អគ្គិសនី​ប៉ាក់​ ឡាយ​ និង​ទំនប់​វារីអគ្គិសនី​ប៉ាក់​ បេង​ ព្រម​ទាំង​ឲ្យ​ដឹង​ពី​ឱកាស​ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​វាយ​តម្លៃ​នានា ដោយ​មាន​រាប់​បញ្ចូល​ទិន្នន័យ​និង​ព័ត៌មាន​ថ្មីៗ។ លេខាធិការដ្ឋាន​នឹង​ចងក្រង​ការ​រក​ឃើញ​ទាំងឡាយ​នៅ​ក្នុង​របាយ​ការណ៍​ពិនិត្យ​ឡើង​វិញ​ខាង​បច្ចេកទេស​ និង​ផ្តោត​កា​រយក​ចិត្ត​ទុក​ដាក់​ជាពិសេស​ថា​ តើ​ចំណុច​ខ្វះខាត​ទាំងនេះ​ នឹង​ប៉ះពាល់​លើ​ការ​វាយតម្លៃ​គម្រោង​ដែល​សម​ហេតុផល​និង​ត្រឹមត្រូវ​យ៉ាង​ដូចម្តេច​នោះ»។​

គម្រោង​ប៉ាក់​ ឡាយ​ គឺ​ស្ថិត​នៅ​ចម្ងាយ​ជិត​៤០០គីឡូម៉ែត្រ​តាម​ខ្សែ​ទឹក​ពី​គម្រោង​ប៉ាក់​ បេង​ និង​ប្រហែល​ជា​១៩០គីឡូម៉ែត្រ​តាម​ផ្លូវ​គោក។ ទោះ​បី​ជា​យ៉ាងណា​ក៏​ដោយ​ បើ​មើល​ទៅ​លើ​ផល​ប៉ះពាល់​ឆ្លង​ដែន និង​ផល​ប៉ះ​ពាល់​ដែល​អាច​កើត​មាន​បន្ថែម​ទៀត​នោះ​ គម្រោង​ទាំងពីរ​ស្ថិតក្នុង​តំបន់​ស្រដៀង​គ្នា​នៃ​ទន្លេ​ដែល​មាន​ប្រវែង​ជាង​៤០០០គីឡូម៉ែត្រ។​

ការ​រៀបចំ​វេទិកា​តំបន់​លើក​ទីប្រាំ​សម្រាប់​ភាគីពាក់​ព័ន្ធ​ស្តីពី​ការ​ពិគ្រោះ​យោបល់​ជា​មុន​នៃ​គម្រោងប៉ាក់ ឡាយ​ ​នេះ​បាន​ធ្វើ​ឡើង​ ប្រមាណ​ជា​ពីរ​ខែ​ ក្រោយ​ហេតុការណ៍​បាក់​ទំនប់ ​Xe-Pian Xe-Namnoy​ក្នុង​ខេត្ត​ ​Attapeu​ ​ប្រទេស​ឡាវ​ ​ដែល​ស្ថិតនៅក្បែ​ព្រំដែន​ប្រទេស​កម្ពុជា។​ ​មនុស្ស​ជា​ច្រើន​នាក់ត្រូវបាន​សម្លាប់​ និងប្រមាណ​៧​ពាន់​នាក់​ត្រូវ​បាន​បង្ខំ​ឲ្យ​ចាក​ចេញ​ពី​លំនៅ​ដ្ឋានក្រោយ​ពី​មាន​ហេតុការណ៍​បាក់​ទំនប់​វារីអគ្គីសនី​ដ៏​មហន្តរាយ​នេះ។​ ​ការ​បាក់​ទំនប់នេះ​ ជាការបាក់​ទំនប់លើក​ទីពីរ​នៅ​ប្រទេស​ឡាវ​ ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ។​

ក្រៅ​ពី​ផែន​ការ​សង់​ទំនប់​វារី​អគ្គិសនី ​ប៉ាក់ ឡាយ​ ​នៅ​លើ​តួ​មេ​ទន្លេ​មេគង្គ​ក្រោមនោះ​ ​ប្រទេស​ឡាវ​ កំពុង​សាង​សង់​ទំនប់​វារីអគ្គិសនី​មួយ​ចំនួន​នៅ​លើ​តួ​មេ​ទន្លេ​មេគង្គ​ក្រោម​ដដែល ​ក្នុង​នោះ​មាន​ទំនប់​សាយ៉ា​ប៊ូរី​ ​(Xayaburi)​ ​និង​ ​ដន សាហុង​ ​(Don Sahong)​ ​ដែល​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ផល​ប៉ះពាល់​លើ​ធន​ធាន​ទឹក​ ​និង​ត្រី​។

ប្រទេស​ឡាវ​គ្រោងសាងសង់​ទំនប់​ជាង​១៤០​ នៅ​លើ​ទន្លេមេគង្គ​ ​ក្នុង​នោះ​មាន​ចំនួនប្រាំ​គឺស្ថិត​លើ​តួមេ​នៃទន្លេ​នេះ៕​

XS
SM
MD
LG