ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ច​ចរចា​សន្តិភាព​អាហ្វហ្គានីស្ថាន​លើកទីពីរ​នឹង​ធ្វើ​នៅ​រាជធានី​ដូហា


រូបឯកសារ៖ ទិដ្ឋភាពទូទៅនៃកិច្ចចរចាសន្តិភាពរវាងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងក្រុមតាលីបង់ នៅរដ្ឋធានីដូហា ប្រទេសកាតា កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០។
រូបឯកសារ៖ ទិដ្ឋភាពទូទៅនៃកិច្ចចរចាសន្តិភាពរវាងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងក្រុមតាលីបង់ នៅរដ្ឋធានីដូហា ប្រទេសកាតា កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០។

មន្ត្រី​អាហ្វហ្គានីស្ថាន​និយាយ​ថា ​រដ្ឋាភិបាល​បាន​សម្រេច​ចិត្ត​រៀបចំ​កិច្ច​ចរចា​សន្តិភាព​ជុំទីពីរ​ ជា​មួយ​នឹង​ពួក​តាលីបង់​ក្នុង​រាជធានី​ដូហា​ ប្រទេសកាតា កន្លែង​តែមួយ​ដែល​កិច្ច​ប្រជុំ​លើកទីមួយ​ ត្រូវបាន​រៀបចំ។​

លោក ​Faridoon Khawzoon ​អ្នក​នាំពាក្យ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​អាហ្វហ្គានីស្ថាន​ដើម្បី​ការ​ផ្សះផ្សា​ជាតិ​ (AHCNR)​ គឺស្ថាប័ន​ដែល​ទទួល​ខុសត្រូវ​ផ្នែក​ត្រួត​ពិនិត្យ​កិច្ចចរចា​ បាន​និយាយ​ថា ​ការ​សម្រេច​ចិត្ត​នេះ​ធ្វើឡើង​ ដោយសារ​តែ​ការរឹត​បន្តឹង​លើ​ការ​ធ្វើដំណើរ​ទាក់ទង​នឹង​ជំងឺ​កូវីដ១៩។

ប្រទេស​មួយ​ចំនួន​បាន​ប្រកួត​ប្រជែង​ដើម្បី​ធ្វើ​ជា​អ្នក​រៀបចំ​កិច្ច​ចរចា​សន្តិភាព ​រួម​មាន​ន័រវែស​ និង​អាល្លឺម៉ង់។​

រាជធានី ដូហា ​ក៏ជា​ទីតាំង​មួយ​សម្រាប់​កិច្ច​ចរចា​រវាង​សហ​រដ្ឋ​អាមេរិក​និង​ពួក​តាលីបង់​ ដែល​បាន​នាំ​ឲ្យ​មាន​ការ​ចុះ​កិច្ច​ព្រមព្រៀងរវាង​ប្រទេស​ទាំង​ពីរ​ កាលពី​ខែកុម្ភៈ ​ឆ្នាំ​២០២០។ ​ពួក​តាលីបង់​បាន​រក្សា​ការិយាល័យ​នយោបាយ​មិន​ផ្លូវការ​មួយ ​ក្នុង​រាជធានី​ដូហា​ ជាច្រើន​ឆ្នាំមក​ហើយ។​

លោក​ Khawzoon​ បាន​និយាយ​ថា ​ថ្នាក់​ដឹកនាំ​ក្រុម​ប្រឹក្សា​ AHCNR ​បាន​អនុញ្ញាត​ឲ្យ​ក្រុម​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ចរចា​របៀប​វារៈ​របស់​កិច្ច​ពិភាក្សា​ជាមួយ​នឹង​ពួក​តាលីបង់។​

កាលពី​ជុំទី​មួយ​ភាគីទាំង​ពីរ​បាន​យល់ព្រម​លើ​ក្រម​សីលធម៌​សម្រាប់​កិច្ច​ចរចា។​ មុន​នឹង​មានការ​សម្រាក​រយៈពេល​បីសប្តាហ៍​ ភាគីទាំង​ពីរ​បាន​ចែក​រំលែក​របៀបវារៈ។​ កិច្ច​ពិភាក្សា​ត្រូវ​បានគេ​រំពឹង​ថា​ នឹង​បន្ត​ឡើង​វិញ​ នៅ​ថ្ងៃទី​៥ មករា ឆ្នាំ២០២១។​

ការិយាល័យ​របស់​ប្រធានាធិបតី​ Ashraf Ghani ក៏​បាន​បញ្ជាក់​ដែល​ថា​រាជធានី​ដូហា​ គឺជា​ទីតាំង​សម្រាប់​ការចរចា​ជុំ​ទីពីរ​ ដើម្បី​ឲ្យ​កិច្ច​ចរចា​នោះ​ចាប់​ផ្តើម​ឡើង​វិញ​ទាន់​ពេលវេលា។​ លោក Ghani បាន​ផ្តល់​យោបល់​ថា​កិច្ចចរចា​ជុំទីពីរ​ និង​កិច្ច​ចរចា​បន្ត​ទៀត​គួរ​តែរៀបចំ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។​

ពួក​តាលីបង់​មិន​ទទួល​ស្គាល់​ថា ​រដ្ឋាភិបាល​លោក​ Ghani​ ជា​រដ្ឋាភិបាលស្របច្បាប់ទេ​ ហើយ​បាន​ច្រាន​ចោល​សំណូមពរ​នោះ។​

អ្នក​ស្រី​ Najia Anwari ​អ្នក​នាំពាក្យ​ក្រសួង​កិច្ច​ការ​សន្តិភាព​ បាន​និយាយ​ថា ​ក្រុម​អ្នកចរចា​អាហ្វហ្គានីស្ថាន​កំពុង​បន្ត​ការ​ពិគ្រោះ​យោបល់​របស់​ខ្លួន​ ជាមួយ​នឹង​ផ្នែក​ផ្សេង​នៃ​សង្គមអាហ្វហ្គានីស្ថាន ​រួម​មាន​អ្នក​នយោបាយ​និង​សកម្មជន​សង្គម​ស៊ីវិល។​

កិច្ច​ចរចា​ជុំទីពីរ​នេះ​នឹង​ចាប់ផ្តើម​ នៅពេល​ដែល​ការ​អំពាវនាវឲ្យ​មាន​បទ​ឈប់បាញ់ ​ឬ​ការ​កាត់​បន្ថយ​អំពើ​ហិង្សា​មាន​ការ​ជឿនលឿន​ទៅមុខ។

អំពើ​ហិង្សា​បង្ក​ដោយ​ពួក​តាលីបង់​ប្រឆាំង​នឹង​កង​កម្លាំង​សន្តិសុខ​អាហ្វហ្គានីស្ថាន​បាន​កើន​ឡើង​ខ្ពស់​បំផុត​ ក្នុង​រយៈ​ពេល ​១០​ ឆ្នាំ​ បន្ទាប់ពី​ក្រុម​សកម្មប្រ​យុទ្ធ​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​នឹង​សហ​រដ្ឋ​អាមេរិក។​

កំណើន​អំពើ​ហិង្សា​នេះ ​គឺជា​ឧបសគ្គ​មួយ​សម្រាប់​កិច្ច​ចរចា​ជាមួយ​នឹង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន។​សហគមន៍​អន្តរជាតិ​ក៏ដូច​ជា​ប្រទេស​នានា​ក្នុង​តំបន់​ បាន​អំពាវនាវ​ឲ្យ​មាន​ការ​កាត់​បន្ថយ​អំពើ​ហិង្សា។​

លោក Michael Kugelma ​នាយករង​នៃ​កម្មវិធី​អាស៊ី​នៅ​មជ្ឈមណ្ឌល​ Wilson​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ​បាន​និយាយ​ថា ពួក​តាលីបង់​ចង់ប្រើ​អំពើហិង្សា​ជាយុទ្ធសាស្ត្រ​មួយ​ក្នុង​ការ​ចរចា។​

លោក​បាន​ប្រាប់​ VOA​ ថា៖ «ក្នុង​ន័យ​នេះ​ពួក​តាលីបង់​ចង់​បន្តហិង្សា ហើយ​បាន​សម្បទាន​បន្ថែម​ទៀត​ពី​ភាគី​ម្ខាង​ទៀត មុន​នឹង​ខ្លួន​យល់​ព្រម​ផ្តោត​លើ​បញ្ហា​អំពើ​ហិង្សា»។​

អ្នក​វិភាគ​ខ្លះ​ជឿ​ថា ​ពួក​តាលីបង់​នឹង​ស្ទាក់ស្ទើរ​ក្នុង​ការ​លះបង់​អំពើ​ហិង្សា​ដែល​ជា​ឧបករណ៍​ចរចា​ដ៏​មានឥទ្ធិពលបំផុត​ដែល​ពួក​គេ​ទាមទារ។​

លោក​ Rick Olson ​អតីត​អ្នក​តំណាង​ពិសេស​របស់​សហ​រដ្ឋ​អាមេរិក​សម្រាប់​អាហ្វហ្គានីស្ថាន​និង​ប៉ាគីស្ថាន​ បាន​ប្រាប់​ VOA​ ថា៖​ «ឥទ្ធិពល​តែ​ម្យ៉ាង​ដែល​ពួកគេ​មាន​ គឺការ​ប្រើ​ប្រាស់​ហិង្សា។ ​ពួក​គេ​មិន​មាន​ប្រជាប្រិយ​សោះ​ក្នុង​នយោបាយ»។​

ភាព​ស្ទាក់ស្ទើរ​របស់​ពួក​តាលីបង់​ក្នុង​ការ​លះបង់​អំពើ​ហិង្សា ​ក៏​ជាប់​ទាក់​ទង​នឹង​រចនា​សម្ព័ន្ធរបស់​ពួក​នេះដែរ។ បើ​យោង​តាម​លោក ​Andrew Watkins ​អ្នក​វិភាគ​ជាន់ខ្ពស់​សម្រាប់​អាហ្វហ្គានីស្ថាន​នៅ​ក្រុម​ដោះស្រាយ​វិបត្តិ​អន្តរជាតិឈ្មោះ ​International Crisis Group។

លោក​ប្រាប់​ VOA ថា៖ «ក្រុម​តាលីបង់​គឺជា​ក្រុម​បះបោរ​ដូច​ជា​ម៉ាស៊ីន​មួយ ​ដែល​ដំណើរការ​ដោយ​សារ​ការ​ប្រយុទ្ធ​គ្នា។ ​នៅពេល​ដែ​ល​ការ​ប្រយុទ្ធគ្នា​ចប់​ វា​ប្រហែល​ជា​ពិបាក​ក្នុង​ការ​បញ្ឆេះ​ម៉ាស៊ីន​ម្តង​ទៀត»៕​

ប្រែសម្រួល​ដោយទុំ ម្លិះ

XS
SM
MD
LG