សុនខ ឬ ឆ្កែចំនួន២៣ក្បាលនៅកសិដ្ឋានចិញ្ចឹមឆ្កែធ្វើម្ហូបនៅប្រទេសកូរ៉េខាងត្បូងត្រូវបានបញ្ជូនទៅមណ្ឌលគាំពារសត្វនៅស.រ.អា.នៅទីក្រុង អាឡិចសាន់ទ្រីយ៉ា (Alexandria) រដ្ឋ វឺជីនៀ (Virginia) ជិតរដ្ឋធានីវ៉ាស៊ីនតោន(Washington) ហើយសុនខទាំងនោះកំពុងរង់ចាំអ្នកយកទៅចិញ្ចឹមជាសត្វសំណព្វ។
វីអូអេភាសាចិនកុកងឺបានរាយការណ៍ថា សុនខទាំងនោះពីដើមឡើយត្រូវគេគ្រោងយកទៅសម្លាប់ធ្វើម្ហូប តែជាកុសលត្រូវបានសង្គ្រោះជីវិត។ សុនខទាំងនោះភាគច្រើនអាយុទើបតែបានប៉ុន្មានខែប៉ុណ្ណោះ ហើយបានកើតនៅកសិដ្ឋានចិញ្ចឹមសុនខសម្រាប់ធ្វើម្ហូប។ កសិដ្ឋាននោះស្ថិតនៅជាយក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
ជនជាតិកូរ៉េចាត់ទុកសាច់សុនខថាមានរសជាតិឆ្ងាញ់ ហើយប្រទេសនេះបរិភោគសុនខរវាងពី១២ម៉ឺនទៅ២០ម៉ឺនក្បាលក្នុងមួយឆ្នាំ នេះបើយោងតាមរបាយការណ៍នានា។តែកសិដ្ឋានចិញ្ចឹមសុនខសម្លាប់យកសាច់មួយនេះ បានសម្រេចចិត្តឈប់រកស៊ីមុខរបរនេះ ដែលជាឱកាសសម្រាប់សុនខទាំងនោះរួចជីវិតតាមរយៈការជួយសង្គ្រោះរបស់ក្រុមគាំពារសិទ្ធិសត្វឈ្មោះ Humane Society International៕