ក្រសួងការពារជាតិប្រទេសកូរ៉េខាងត្បូងបានប្រាប់ឲ្យដឹងថា ប្រទេសកូរ៉េខាងជើងទំនងជាសម្រេចបានជោគជ័យនូវបច្ចេកវិទ្យាដ៏សំខាន់នៅក្នុងកម្រិតមួយ ដែលអាចធ្វើឲ្យឧបករណ៍នុយក្លេអ៊ែរតូចអាចដាក់នៅក្បាលអាវុធមីស៊ីលបាន។
ក្រសួងបានប្រកាសព័ត៌មាននេះនៅក្នុងឯកសារស ដែលបានចេញផ្សាយនៅថ្ងៃអង្គារនេះ។ ឯកសារនោះបានប្រាប់ឲ្យដឹងថា ប្រទេសកូរ៉េខាងជើងមិនបានបង្ហាញពីសមត្ថភាពនុយក្លេអ៊ែរតូចនៅឡើយទេ។
ក្រសួងបានប្រាប់ឲ្យដឹងថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានទទួលសារធាតុ Plutonium ក្នុងកម្រិតមួយដែលអាចធ្វើអាវុធបានចំនួន៤០គីឡូក្រាមពីការចម្រាញ់ឥន្ធនៈនុយក្លេអ៊ែរ។ រដ្ឋាភិបាលទីក្រុងសេអ៊ូលនិយាយថា ប្រទេសកូរ៉េខាងជើងកំពុងធ្វើការលើកម្មវិធីសម្រិតសម្រាំងសារធាតុអ៊ុយរ៉ានីយ៉ូមកម្រិតខ្ពស់។
ប្រទេសកូរ៉េខាងជើងត្រូវបានគេជឿជាក់ថា មានសមត្ថភាពអភិវឌ្ឍកាំជ្រួចមីស៊ីល ដែលអាចបាញ់ដល់ដីគោករបស់សហរដ្ឋអាមេរិក។ កូរ៉េខាងជើងបានធ្វើការសាកល្បងបាញ់កាំជ្រួចមីស៊ីលប្រតិបត្តិការឆ្ងាយជាបន្តបន្ទាប់។
ទីភ្នាក់ងារសារព័ត៌មាន Yonhap នៃប្រទេសកូរ៉េខាងជើង បានដកស្រង់សម្តីមន្រ្តីក្រសួងការពារប្រទេសដែលមិនបញ្ចេញឈ្មោះមកចុះផ្សាយថា ប្រទេសកូរ៉េខាងជើង ត្រូវបានគេជឿជាក់ថា បានបង្កើនចម្ងាយនៃការបាញ់កាំជ្រួចមីស៊ីលពី៧ពាន់គីឡូម៉ែត្រទៅដល់១ម៉ឺនគីឡូម៉ែត្រ ក៏ប៉ុន្តែទីភ្នាក់ងារសារព័ត៌មាននោះបានប្រាប់ឲ្យដឹងទៀតថា គ្មានភស្តុតាងណាបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងមានកាំជ្រួចមីស៊ីលបែបនោះដើម្បីប្រតិបត្តិការនោះទេ៕