អង្គការជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិនិងប្រទេសថៃបានប្រកាសបើកជំរំជនភៀសខ្លួន ខាវ អ៊ី ដាង (Khao I Dang) ឡើងវិញ ដើម្បីអប់រំពីវិបត្តិជនភៀសខ្លួននៅក្នុងតំបន់ និងទាក់ទាញទេសចរណ៍ផងដែរ។ ជំរំនេះត្រូវបើកទ្វារឡើងវិញក្រោយរយៈពេលជាង២ទសវត្សរ៍ បន្ទាប់ពីជនភៀសខ្លួនខ្មែររាប់ម៉ឺននាក់ដែលគេចខ្លួនពីសង្គ្រាមត្រូវគេបញ្ជូនទៅតាំងទីលំនៅក្នុងប្រទេសទី៣។ នេះបើតាមការបញ្ជាក់ឲ្យដឹងរបស់អង្គការជនភៀសខ្លួន UNHCR។
ជំរំ ខាវ អ៊ី ដាង ដែលស្ថិតនៅក្នុងទឹកដីថៃ ជាប់ព្រំដែនកម្ពុជាថៃ ត្រូវបានបើកទ្វារឡើងវិញកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ ដើម្បីបញ្ជាក់អំពីការទទួលខុសត្រូវ និងការឆ្លើយតបចំពោះវិបត្តិជនភៀសខ្លួនក្នុងតំបន់ឥណ្ឌូចិន។ លោក James Lynch តំណាងអង្គការជនភៀសខ្លួន UNHCR ប្រចាំតំបន់អាស៊ីអាគ្នេយ៍បានថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃអង្គារថា៖
«ជំរំ ខាវ អ៊ី ដាង បានរំឭកពីភាពសោកសង្រេងនៃការទទួលជនភៀសខ្លួនរបស់ប្រទេសថៃ និងការទទួលខុសត្រូវរួមពីសហគមន៍អន្តរជាតិ នៅពេលដែលមានកំណើនខ្លាំងនៃវិបត្តិជនភៀសខ្លួនក្នុងតំបន់ឥណ្ឌូចិន»។
ជំរំនេះបានបើកទ្វារកាលពីឆ្នាំ១៩៧៩ ក្រោយពេលមានសង្គ្រាមស៊ីវិលក្នុងប្រទេសកម្ពុជានិងរបបខ្មែរក្រហមត្រូវបានផ្តួលរំលំ។ ជំរំនេះបានទទួលពលរដ្ឋខ្មែរ១សែន៤ម៉ឺននាក់ឲ្យស្នាក់នៅមុនពេលចេញដំណើរទៅកាន់ប្រទេសទី៣ ដូចជាសហរដ្ឋអាមេរិក ប្រទេសកាណាដា អឺរ៉ុប ឬវិលត្រឡប់ទៅប្រទេសកម្ពុជាវិញនោះ។ ជំរំនេះបានបិទទ្វារកាលពីឆ្នាំ១៩៩៣ ក្រោយពេលដែលកម្ពុជាមានការចរចាសន្តិភាព និងចាប់ផ្តើមមានការបោះឆ្នោត ដែលរៀបចំដោយអ.ស.បលើកដំបូងដែលកម្ពុជាពេលនោះចាប់ផ្តើមមានស្ថិរភាព។
លោក ណុប ប៊ុន ថន ដែលកំពុងរស់នៅក្នុងរដ្ឋ North Carolina ធ្លាប់រស់នៅក្នុងជំរំ ខាវ អ៊ី ដាងមុនចេញមកស.រ.អា នៅឆ្នាំ១៩៨២។ លោកចាត់ទុកថា ការបើកជំរំឡើងវិញ ដើម្បីការអប់រំជាការប្រសើរ។
«ខ្ញុំដឹងថា វាជាអំពើដ៏ល្អមួយប្រសិនបើការបើកនេះ បើកដោយការជួយផ្តល់ពីអ.ស.ប.មក ដើម្បីបង្ហាត់បង្រៀនដល់ពិភពលោក ព្រោះការរៀបចំរបស់អ.ស.ប. ពេលនោះល្អមែនទែន មានម្ហូបអាហារ មានទឹកផឹក ប្រជាជនមានសេរីភាពក្នុងជំរំ វាគ្រាន់តែគ្មានសេរីភាពចេញមកក្រៅ តែនៅក្នុងជំរំមានសេរីភាព»។
លោកថ្លែងថា លោកនឹងធ្វើដំណើរទៅមើលជំរំដែលលោកធ្លាប់រស់នៅនោះ បើសិនជាលោកមានឱកាសទៅស្រុកខ្មែរនៅពេលអនាគត។
«ខ្ញុំប្រាកដជាជឿជាក់ថា ខ្ញុំមានភាពរអាក់រអួលក្នុងចិត្ត រំភើបច្រើន បើសិនជាខ្ញុំបានទៅឃើញជំរំហ្នឹងម្តងទៀត ដូចកាលដែលខ្ញុំទៅស្រុកខ្មែរជាលើកដំបូងអញ្ចឹង»។
លោក ញ៉ឹក ប៊ុនឆៃ ជាអតីតអ្នកតស៊ូនៅជាយដែនម្នាក់ និងបច្ចុប្បន្នជាប្រធានគណបក្សខ្មែររួបរួមជាតិដែលធ្លាប់ចេញចូលក្នុងជំរំ ខាវ អ៊ី ដាង ទាំងមុនបិទ និងក្រោយពេលបិទទ្វារ បានថ្លែងប្រាប់ VOA ថា ការបើកជំរំខាវ អ៊ី ដាង ឡើងវិញគឺវាអាចជួយឲ្យគេយល់ដឹងថា ជីវិតរស់នៅក្នុងជំរំរបស់ជនភៀសខ្លួនទាំងចំណុចល្អនិងចំណុចមិនល្អ។
«ចំណុចល្អគឺគេអាចបង្ហាញអំពីបញ្ហាដែលជំរំជនភៀសខ្លួនតាមព្រំដែនអំពីការលំបាក ដើម្បីកុំឲ្យវាកើតមានក្នុងប្រទេសផ្សេងៗ ដោយសារវាលំបាកដែរ ការណ៍ដែលរស់នៅក្នុងជំរំ មិនមានរស់នៅស្រួលប៉ុន្មានទេ។ នេះចំណុចអវិជ្ជមាន ហើយចំណុចវិជ្ជមានហ្នឹងគឺដូចខ្ញុំថា អញ្ចឹងគឺសម្រាប់ពាក់ព័ន្ធរឿងទេសចរណ៍ ពាក់ព័ន្ធរឿងការអភិវឌ្ឍ អញ្ចឹងទៅគេអាចទទួលបានជំនួយអី ដើម្បីមកកសាងតាមជំរំៗ»។
ការបើកជំរំថ្មីដែលត្រូវគេអនុញ្ញាតឲ្យអ្នកទេសចរណ៍ចូលទស្សនានេះ មានការគាំទ្រពីកាកបាទក្រហមអន្តរជាតិ ICRC និងអ.ស.ប. ផ្នែកជនភៀសខ្លួនអ.ស.ប. ហើយនឹងក្រសួងរុក្ខាប្រមាញ់ប្រទេសថៃ ដែលគ្រប់គ្រង និងចាត់ចែងទីតាំងជំរំនេះផងដែរ៕