ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ផលិតករ​ខ្សែភាពយន្ត​ឯកសារ​ស្វែងរក​និយមន័យ​នៃ​យុត្តិធម៌


សាស្ត្រាចារ្យ នូវ លក្ខិណា និង​ស្ត្រី​បីនាក់នៃ​ខ្សែភាពយន្ត​ឯកសារ "Daze of Justice" នៅ​វត្ត​ព្រះពុទ្ធ​មួយ​កន្លែង។ (រូបភាព​ផ្តល់​ឲ្យលោក Michael Siv)
សាស្ត្រាចារ្យ នូវ លក្ខិណា និង​ស្ត្រី​បីនាក់នៃ​ខ្សែភាពយន្ត​ឯកសារ "Daze of Justice" នៅ​វត្ត​ព្រះពុទ្ធ​មួយ​កន្លែង។ (រូបភាព​ផ្តល់​ឲ្យលោក Michael Siv)

ខ្សែភាពយន្ត​ឯកសារ​«‍ភាព​វិលវល់​នៃ​យុត្តិធម៌» បង្ហាញ​ពី​រឿងរ៉ាវ​របស់​ស្ត្រី​ជន​រងគ្រោះ​នៃ​របប​ខ្មែរ​ក្រហម ដែល​រស់នៅ​សហរដ្ឋ​អាមេរិក ក្នុង​ដំណើរ​ស្វែងរក​ចម្លើយ​ទៅ​លើ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​ពួក​ខ្មែរ​ក្រហម។

យុត្តិធម៌​ដល់​អ្នក​ដែល​រួចរស់​រានមាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម​ពិតជា​ពិបាក​សម្រេច​បាន ហើយ​អ្នក​ទាំង​នេះ​មិន​ទាំង​ដឹង​ថា យុត្តិធម៌​មាន​ន័យ​ពិត​ប្រាកដ​យ៉ាង​ដូច​ម្តេច​ទេ​សម្រាប់​ពួក​គេ។ នេះ​បើ​យោង​តាម​លោក ម៉ៃឃើល ស៊ីវ (Michael Siv) អ្នក​ផលិត​ខ្សែភាពយន្ត​ឯកសារ​មួយ​ដែល​មាន​ចំណង​ជើង​ថា «‍ភាព​វិលវល់​នៃ​យុត្តិធម៌»។

តាមរយៈ​ការ​ផលិត​ខ្សែភាពយន្ត​ឯកសារ​«‍ភាព​វិលវល់​នៃ​យុត្តិធម៌» លោក ម៉ៃឃើល ស៊ីវ បាន​ស្វែងរក​និយមន័យ​នៃ​យុត្តធម៌​សម្រាប់​ជន​រងគ្រោះ​នៃ​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ជា​ប្រទេស​កំណើត​របស់​លោក។

លោក ម៉ៃឃើល ស៊ីវ បាន​ភៀសខ្លួន​មក​រស់នៅ​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​នាម​ជា​ជនភៀសខ្លួន​នៅ​ដើម​ទសវត្សរ៍​១៩៨០ ជាមួយ​នឹង​ម្តាយ​របស់​លោក។

ខ្សែភាពយន្ត​ឯកសារ​ដែល​មាន​រយៈពេល​៦៩នាទី​នេះ ត្រូវបាន​ចាក់​បង្ហាញ​ជូន​សាធារណជន​ជា​លើក​ដំបូង​នៅ​ក្នុង​ព្រឹត្តិការណ៍​ផ្សព្វផ្សាយ​ព័ត៌មាន​អាស៊ីអាមេរិកាំង ដែល​បាន​ប្រារព្ធ​ឡើង​ចាប់ពី​ថ្ងៃទី១០រហូត​ដល់​ថ្ងៃទី២០ ខែ​មីនា​កន្លង​ទៅ​នេះ នៅ​ទីក្រុង​សាន់ហ្រ្វាន់ស៊ីស្គូ និង​ទីក្រុង​អ៊ុកឡែន រដ្ឋ​កាលីហ្វ័រញ៉ា។

ខ្សែភាពយន្ត​ឯកសារ​«‍ភាព​វិលវល់​នៃ​យុត្តិធម៌» បង្ហាញ​ពី​រឿងរ៉ាវ​របស់​ស្ត្រី​ជន​រងគ្រោះ​នៃ​របប​ខ្មែរ​ក្រហម ដែល​រស់នៅ​សហរដ្ឋ​អាមេរិក ក្នុង​ដំណើរ​ស្វែងរក​ចម្លើយ​ទៅ​លើ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​ពួក​ខ្មែរ​ក្រហម។

ស្ត្រី​ទាំង​បី​នាក់​នេះ​បាន​ធ្វើ​កស្សិណសាក្សី​នៅ​តុលាការ​ខ្មែរក្រហម នៅ​ទីក្រុង​ភ្នំពេញ ដោយ​បាន​ប្រឈម​មុខ​នឹង​មេដឹកនាំ​ជាន់​ខ្ពស់​ខ្មែរក្រហម ដែល​ត្រូវ​បាន​តុលាការ​កាត់ទោស​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ និង​កំពុង​ប្រឈម​នឹង​បទ​ចោទ​ប្រកាន់​អំពី​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍ ដែល​រឿង​ក្តី​នេះ​កំពុង​ដំណើរការ​នៅ​ឡើយ។

លោក ម៉ែឃើល ស៊ីវ បាន​ប្រាប់ VOA ថា ខ្សែភាពយន្ត​ឯកសារ​នេះ​ត្រូវបាន​ផលិត​ឡើង​ដើម្បី​ឧទ្ទិស​ដល់​អ្នក​រួចរស់រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម​ទាំង​អស់ ហើយ​ថា​ខ្សែភាពយន្ត​ឯកសារ​នេះ​ គឺជា​ដំណើរ​នៃ​ការ​ស្វែងរក​យុត្តិធម៌​ដែល​មិន​មាន​និយមន័យ​ពិតប្រាកដ។

«‍តើ​អ្វី​ទៅ​ជា​យុត្តិធម៌? នៅ​ពេល​ដែល​ខ្ញុំ​បាន​ចាប់​ផ្តើម​តាមដាន​ដំណើរ​ស្វែង​រក​យុត្តិធម៌​របស់​ជន​រងគ្រោះ ខ្ញុំ​មិន​ដឹង​ថា​អ្វី​ទៅ​ជា​យុត្តិធម៌​នោះ​ទេ។ ដូច្នេះ គោលបំណង​របស់​ខ្ញុំ​គឺ​ចាប់យក​អត្ថន័យ​នៃ​យុត្តិធម៌ តាមរយៈ​ការ​យល់ឃើញ​របស់​ជន​រស់រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម»។

នៅ​ប្រទេស​កម្ពុជា មាន​ការ​ជជែក​ដេញ​ដោល​គ្នា​អំពី​បរាជ័យ​នៃ​តុលាការ​ខ្មែរ​ក្រហម​ក្នុង​ការ​សម្រេច​បាន​យុត្តិធម៌​មួយ​ដ៏​ពេញលេញ។ តុលាការ​ខ្មែរ​ក្រហម​នាំ​យក​មេដឹកនាំ​ជាន់​ខ្ពស់​មួយ​ចំនួន​តូច រួម​មាន នួន ជា ខៀវ សំផន អៀង សារី និង​ភរិយា​របស់​លោក​គឺ​លោកស្រី អៀង ធីរិទ្ធ ដែល​អ្នក​ទាំងពីរ​បាន​ទទួល​មរណៈភាព និង​ កាំង ហ្គេចអ៊ាវ និង​ជន​សង្ស័យ​មួយ​ចំនួន​ទៀត​សម្រាប់​សំណុំ​រឿង​ទី៣ និង​ទី៤ របស់​តុលាការ ខណៈ​ដែល​ជន​ដៃដល់​នៃ​អំពើ​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម​មាន​ចំនួន​ច្រើន។

សម្រាប់​រូប​លោក និង​ទាំង​ជន​រស់រាន​មាន​ជីវិត​នៅ​ក្នុង​ខ្សែភាពយន្ត​ឯកសារ​នេះ យុត្តិធម៌​មិនមាន​ចម្លើយ​ពិត​ប្រាកដ​នោះ​ទេ។

«‍ហេតុដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្រើ​ពាក្យ​«ភាពវិលវល់​នៃ​យុត្តិធម៌‍» ដោយសារ​តែ​ការ​ស្វែង​រក​យុត្តិធម៌​នេះ​នឹង​បន្តទៅ​មុខ​រហូត ក្នុង​ដំណើរ​ជីវិត​របស់​យើង»។

ខ្សែភាពយន្ត​នេះ​ចាប់ផ្តើម​ឡើង​ដោយ​រៀបរាប់​ពី​ជីវិត​របស់​ស្ត្រី​ខ្មែរ​បី​នាក់ ដែល​បាន​រួចរស់​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម។ លោក ម៉ៃឃើល ស៊ីវ បាន​ឲ្យ​ដឹង​ថា រឿងរ៉ាវ​នៃ​អំពើ​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម​មិន​មែន​និយាយ​ត្រឹម​តែ​ពី​ជន​ដៃដល់ និង​ជន​រួច​រស់រាន​មាន​ជីវិត​នោះ​ទេ។

«‍សារ​នៃ​ខ្សែភាពយន្ត​ឯកសារ​នេះ​គឺថា អំពើ​ប្រល័យ​ពូជសាសន៍ ឬ​សង្គ្រាមមិន​ត្រឹមតែ​ប៉ះពាល់​ដល់​មនុស្ស​ជំនាន់​ដែល​ឆ្លង​កាត់​សង្គ្រាម​តែ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ប៉ះពាល់​ដល់​មនុស្ស​ជំនាន់​ក្រោយ ដូច​ជា​រូប​ខ្ញុំ និង​ក្មេងៗ​ជំនាន់​ក្រោយ​ខ្ញុំ ដូចជា​កូន​ប្រុស​ខ្ញុំ ឬ​ចៅៗ​របស់​ខ្ញុំ​ដែរ»។

ការ​ស្វែងរក​ការពិត

ក្នុង​វ័យ​៣ ឬ៤ឆ្នាំ លោក ម៉ៃឃើល ស៊ីវ ប្អូន​ប្រុស​របស់​លោក និង​ឪពុកម្តាយ​របស់​លោក បាន​រត់គេច​ពី​អំពើ​ប្រល័យ​របស់​ខ្មែរ​ក្រហម​ទៅកាន់​ជំរុំ​នៅ​តាម​ព្រំដែន​ខ្មែរ​ថៃ។ លោក​បាន​ឲ្យ​ដឹង​ថា ឪពុក​របស់​លោក​បាន​ប្រាប់​ម្តាយ​របស់​លោក ឲ្យ​នាំ​លោក ម៉ៃឃើល ស៊ីវ ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​កម្ពុជា ទៅ​កាន់​សហរដ្ឋ​អាមេរិក។ ម្តាយ​របស់​លោក​បាន​ផ្ញើ​ប្អូន​ប្រុស​របស់​លោក ជាមួយ​នឹង​ប្អូន​ជីដូន​មួយ​របស់​គាត់។

លោក Michael Siv អ្នក​ផលិត និង​ដឹកនាំ​ខ្សែភាពយន្ត​ឯកសារ "Daze of Justice"។ (រូបភាព​ផ្តល់​ឲ្យ​ដោយលោក Michael Siv)
លោក Michael Siv អ្នក​ផលិត និង​ដឹកនាំ​ខ្សែភាពយន្ត​ឯកសារ "Daze of Justice"។ (រូបភាព​ផ្តល់​ឲ្យ​ដោយលោក Michael Siv)

បច្ចុប្បន្ន​នេះ លោក ម៉ៃឃើល ស៊ីវ ស្ថិត​ក្នុង​វ័យ​ជាង​៣០ឆ្នាំ។ នៅ​ពេល​ដែល​លោក​ធំដឹង​ក្តី លោក​មិនដែល​មាន​បំណង​ស្វែង​រក​ការពិត​នៃ​រឿងរ៉ាវ ដែល​បាន​កើត​ឡើង​នៅ​ក្នុង​គ្រួសារ​របស់​លោក​ទេ។

លោក​បាន​ឲ្យ​ដឹង​ថា៖​«‍នៅ​សហរដ្ឋ​អាមេរិក ម្តាយ​របស់​ខ្ញុំ​មិនដែល​និយាយ​អំពី​អតីតកាល​របស់​គាត់​ឲ្យ​ខ្ញុំ​បាន​ដឹង​នោះ​ទេ ដោយសារ​តែ​វា​ពោរពេញ​ដោយ​ភាព​ឈឺចាប់ និង​ខ្លោច​ផ្សារ​សម្រាប់​គាត់»។

លោក ម៉ៃឃើល ស៊ីវ មិន​ទាំង​ដឹង​ថា លោក​នៅ​មាន​ឪពុក និង​ប្អូន​ប្រុស​ដែល​នៅ​រស់រាន​មាន​ជីវិត​នៅ​ប្រទេស​កម្ពុជា​នោះ​ទេ រហូត​ដល់​ពេល​លោក​មាន​អាយុ​២៤ឆ្នាំ នៅ​ពេល​ដែល​លោក​បាន​ផលិត​ខ្សែភាពយន្ត​ឯកសារ​អំពី​ជន​ភៀស​ខ្លួន (Refugee) នៅ​ប្រទេស​កម្ពុជា។ នៅ​ពេល​នោះ លោក​ក៏​បាន​សម្រេច​ចិត្ត​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កម្ពុជា។ លោក​បាន​ដឹង​ថា ឪពុក​របស់​លោក​បាន​ចាប់ផ្តើម​មាន​គ្រួសារ​មួយ​ទៀត នៅ​ពេល​ដែល​គ្រួសារ​របស់​លោក​រស់នៅ​ក្នុង​ជំរុំ​ព្រំដែន​ខ្មែរ​ថៃ។ ឪពុក​របស់​លោក​បាន​សម្រេច​ចិត្ត​រៀបការ​ជាមួយ​នឹង​ស្ត្រី​ម្នាក់​ផ្សេង​ទៀត​នៅ​ជំរុំ ហើយ​សព្វថ្ងៃ​នេះ​មាន​កូន​ចំនួន​ប្រាំបី​នាក់។

លោក ម៉ៃឃើល ស៊ីវ តក់ស្លុត នៅ​ពេល​ដែល​លោក​បាន​ដឹង​ថា ប្អូន​ប្រុស​របស់​លោក​រស់នៅ​ក្នុង​ភូមិ​ជាមួយ​គ្នា​នឹង​ឪពុក​របស់​លោក ក៏​ប៉ុន្តែ​អ្នក​ទាំង​ពីរ​មិន​ស្គាល់​គ្នា​ទេ។

លោក​ ម៉ៃឃើល ស៊ីវ បាន​ឲ្យ​ដឹង​ថា៖ «‍រឿង​នេះ​វា​មិន​គួរ​ឲ្យ​ជឿ​ទេ ហើយ​ខ្ញុំ​ក៏​មិន​ដឹង​ថា ​វា​កើត​ឡើង​ដោយ​សារ​មូល​ហេតុ​អ្វី​ដែរ។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​យល់​ថា រឿងរ៉ាវ​ទាំង​នេះ​មិនមែន​សុទ្ធ​តែ​កើត​ឡើង​ដោយ​សារ​សង្គ្រាម​នោះ​ទេ។ ក៏​ប៉ុន្តែ ឪពុក​របស់​ខ្ញុំ​បាន​និយាយ​ថា៖ រឿង​ហ្នឹង​កើត​ឡើង​ដោយ​សារ​តែ​សង្គ្រាម។ ដូច្នេះ កុំ​បន្ទោស​គាត់។ កុំ​បន្ទោស​ម្តាយ​ខ្ញុំ។ ខ្ញុំ​គួរតែ​បន្ទោស​ខ្មែរ​ក្រហម»។

យ៉ាងណា​ក៏ដោយ លោក ម៉ៃឃើល ស៊ីវ បាន​ដឹង​ថា ឪពុកម្តាយ​របស់​លោក និង​ជន​រស់រាន​មាន​ជីវិត​ដទៃ​ទៀត មិន​អាច​លុប​ចោល​អតីតកាល​របស់​ពួក​គេ​បាន​ទេ។ លោក​ថា៖ «‍រឿង​នេះ​នឹង​នៅ​ដិតដាម​នៅ​ក្នុង​ជីវិត​របស់​ពួក​គាត់។ ពួកគាត់​នឹង​បន្ត​ស្វែងរក​យុត្តិធម៌ និង​ការពិត​រហូត»។

រឿងរ៉ាវ​សម្រាប់​មនុស្ស​គ្រប់​ជំនាន់

នៅ​ក្នុង​ខ្សែភាពយន្ត​ឯកសារ​មួយ​នេះ លោក ម៉ៃឃើល ស៊ីវ បាន​បញ្ចូល​សាច់រឿង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ទៀត។ លោក​បាន​មាន​ឱកាស​ជួប​ជាមួយ​នឹង​កូន​ប្រុស​របស់​ជន​ដៃ​ដល់​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ចំពោះ​អំពើ​សាហាវ​ព្រៃផ្សៃ​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​«‍ស-២១»​ឬ​គុក​ទួលស្លែង។

ភេង គឺជា​កូន​ប្រុស​របស់ កាំង ហ្គេចអ៊ាវ ហៅ ឌុច។ លោក ភេង បាន​ចូលរួម​ក្នុង​ខ្សែភាពយន្ត​ឯកសារ​នេះ ដើម្បី​ស្វែងរក​ការពិត​អំពី​ឪពុក​របស់​លោក ដែល​ត្រូវបាន​តុលាការ​ខ្មែរ​ក្រហម​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​កាល​ពី​ឆ្នាំ​២០១០។

លោក ម៉ៃឃើល ស៊ីវ បាន​ឲ្យ​ដឹង​ថា៖ «‍ភេង បាន​ចូលរួម​ក្នុង​ខ្សែភាពយន្ត​ឯកសារ​នេះ ដើម្បី​ព្យាយាម​ស្វែងយល់​ថា​ឪពុក​របស់​គាត់​ជា​មនុស្ស​បែប​ណា។ ប៉ុន្តែ ដំណើរ​ស្វែងរក​ការពិត​នេះ​ពោរពេញ​ដោយ​ភាព​ច្របូក​ច្របល់​សម្រាប់​ ភេង នៅ​ពេល​ដែល​គាត់​បាន​ទៅ​ស្តាប់​អង្គសវនាការ​របស់​តុលាការ​ខ្មែរ​ក្រហម​ជាមួយ​នឹង​ជន​រស់រាន​មាន​ជីវិត​ដទៃ​ទៀត»។

លោក​បាន​បន្ថែម​ទៀត​ថា៖ «‍ភេង មិន​បាន​សម្លាប់​នរណា​ម្នាក់​ទេ ក៏​ប៉ុន្តែ ឪពុក​របស់​គាត់​បាន​សម្លាប់​មនុស្ស។ សំណួរ​របស់​ខ្ញុំ​គឺថា តើ​កូន​ប្រុស​របស់​ជន​ដៃដល់​ដ៏​សាហាវ​ម្នាក់​អាច​នឹង​ប្រឈម​នឹង​ការ​ពិត​នេះ​ដោយ​របៀប​ណា? តាម​ពិត​ទៅ គ្មាន​នរណា​ម្នាក់​និយាយ​អំពី​រឿងរ៉ាវ​របស់ ភេង នោះ​ទេ ហើយ​ក៏​មិន​ដឹង​ថា​តើ​ជីវិត​របស់​គាត់​ធំដឹង​ក្តី​ក្នុង​នាម​ជា​កូន​របស់​ជន​ដៃដល់​ម្នាក់​នេះ​ជួប​នឹង​ការ​លំបាក​ដល់​កម្រិត​ណា​ដែរ»។

ក្រោយ​ពី​បាន​បញ្ចប់​ខ្សែភាពយន្ត​ឯកសារ​«‍ភាពវិលវុល​នៃ​យុត្តិធម៌»​នេះ​មក លោក ម៉ៃឃើល ស៊ីវ បាន​ស្វែង​យល់​ដឹង​ថា ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម​គឺជា​ប្រវត្តិសាស្ត្រ​របស់​មនុស្ស​គ្រប់​ជំនាន់​ទាំង​អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​ក្រៅ​ប្រទេស​កម្ពុជា៕

XS
SM
MD
LG