ភាពយន្តឯកសារមួយដែលបង្ហាញពីគោលនយោបាយដ៏តឹងរ៉ឹងរបស់អូស្រ្តាលីលើការឃុំឃាំងជនស្វែងរកសិទ្ធិជ្រកកោននៅមណ្ឌលឃុំឃាំងនៅក្រៅប្រទេសត្រូវបានដាក់បញ្ចាំងកាលពីដើមខែឧសភា នៅទីក្រុង Melbourne។ ភាពយន្តឯកសារនេះផលិតដោយនាង Eva Orner ដែលជាម្ចាស់ជ័យលាភីពានរង្វាន់ Oscar។ អ្នកទស្សនាម្នាក់បានបញ្ចេញយោបល់ថា វាជា «សាច់រឿងនៃភាពអាម៉ាសដែលមានរយៈពេល៩០នាទី»។ ភាពយន្តនេះបង្ហាញពីការខឹងសម្បារ និងសោកនាដកម្មរបស់អ្នកជាប់ឃុំនៅជំរុំឃុំឃាំងដែលគ្រប់គ្រងដោយអូស្រា្តលី នៅលើកោះម៉ានូស (Manus) នៅក្នុងប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ និងនៅប្រទេសកោះសាធារណរដ្ឋណូរូ (Nauru) ដ៏តូចមួយនៅសមុទ្រប៉ាស៊ីហ្វិកខាងត្បូង។
ឈុតឆាកនៃ «ការប្រដេញចាប់អ្នកស្វែងរកសិទ្ធិជ្រកកោន» ធ្វើឲ្យពិភពលោកបានដឹងពីអាថ៌កំបាំងនៃជំរុំឃុំឃាំងដែលគ្រប់គ្រងដោយប្រទេសអូស្រ្តាលីនៅលើកោះម៉ានូស (Manus) ក្នុងប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ និងនៅលើប្រទេសកោះណូរូ (Nauru) ដ៏តូចមួយនៅតំបន់សមុទ្រប៉ាស៊ីហ្វិកខាងត្បូង។
ចំណុចសំខាន់នៃភាពយន្តនេះគឺ បង្ហាញពីឈុតឆាកដែលគេមិនដែលបានឃើញពីមុនមក ហើយឈុតឆាកទាំងនោះត្រូវបានគេលួចថតនៅក្នុងមណ្ឌលឃុំឃាំងទាំងនោះ។ ក្នុងខ្សែភាពយន្តនេះ អ្នកជាប់ឃុំបានពន្យល់ពីមូលហេតុដែលពួកគេស្វែងរកសិទ្ធិជ្រកកោន និងភាពអស់សង្ឃឹមឥតស្រាកស្រាន្តរបស់ពួកគេដែលត្រូវជាប់ឃុំនៅទីនោះ។
ប្រព័ន្ធផ្សព្វផ្សាយនានាត្រូវបានគេហាមឃាត់មិនឲ្យទៅទស្សនាជំរុំឃុំឃាំងទាំងនោះទេ ប៉ុន្តែនាង Eva Orner ផលិតករខ្សែភាពយន្តជនជាតិអូស្រ្តាលីដែលរស់នៅទីក្រុង Los Angeles និយាយថា នាងបានប្តេជ្ញាស្វែងរកវិធីដើម្បីបង្ហាញការពិតអំពីមណ្ឌលឃុំឃាំងនេះ។
នាងបាននិយាយថា «គេនិយាយថា យើងកំពុងធ្វើទណ្ឌកម្ម យើងមិនគោរពកាតព្វកិច្ចរបស់យើងនៅក្នុងអនុសញ្ញាស្តីពីជនភៀសខ្លួន ក៏ប៉ុន្តែរឿងនេះនៅតែបន្ត។ ខ្ញុំគិតថា ផ្នែកមួយនៃមូលហេតុនេះគឺដោយសារតែគោលនយោបាយនៃការលាក់កំបាំងការសម្ងាត់ ដែលរដ្ឋាភិបាលអូស្រា្តលីបានអនុវត្តនៅជំរុំឃុំឃាំងទាំងនោះអស់រយៈពេល១៥ឆ្នាំចុងក្រោយនេះ។ អ្នកកាសែត ម៉ាស៊ីនថតរូប ផលិតករភាពយន្ត មិនត្រូវបានអនុញ្ញាតឲ្យមាននៅទីនោះទេ ហើយខ្ញុំយល់ថា កត្តានេះហើយអាចជាផ្នែកមួយនៃមូលហេតុនាំឲ្យពលរដ្ឋអូស្រ្តាលីមិនអើពើនឹងបញ្ហានេះ ហើយមិនមានពលរដ្ឋណាម្នាក់បានដឹងពីរឿងនេះ។ ដូច្នេះ ខ្ញុំបេ្តជ្ញានឹងបង្ហាញពលរដ្ឋទូទៅ ថាតើមានអ្វីកើតឡើង ហើយប្រាក់កាសដែលពួកគេបានបង់ពន្ធត្រូវបានគេយកទៅធ្វើអ្វីខ្លះ»។
នាង Orner ដែលជាកូនស្រីរបស់ជនទេសន្តរប្រវេសន៍ជ្វីហ្វមកពីប្រទេសប៉ូឡូញ សង្ឃឹមថា ភាពយន្តរបស់នាងនឹងជំរុញទឹកចិត្តពលរដ្ឋអូស្រា្តលីទាមទារឲ្យមានការបបោះបង់គោលនយោបាយក្រៅប្រទេសមួយនេះ។
នាងបានរៀបរាប់ថា ការផលិតខ្សែភាពយន្ត «ការប្រដេញចាប់អ្នកស្វែងរកសិទ្ធិជ្រកកោន» ថាជាគម្រោងដ៏ពិបាកមួយក្នុងចំណោមគម្រោងពិបាកៗក្នុងជីវិតរបស់នាង ប៉ុន្តែនាងនិយាយថា វាពិតជាសំខាន់ណាស់ដើម្បីឲ្យពិភពលោកដឹងពីរបៀបដែលប្រទេសអូស្រា្តលីធ្វើបាបអ្នកជាប់ឃុំនៅក្នុងមណ្ឌលឃុំឃាំងនៅក្រៅប្រទេសនោះ។
នាងនិយាយថា «ជំរុំឃុំឃាំងទាំងនោះអាក្រក់ណាស់។ មនុស្សរស់នៅក្នុងភាពក្រីក្រគ្មានក្តីសង្ឃឹមនៅក្រោមតង់ដ៏កខ្វក់។ នេះជាប្រទេសតែមួយគត់នៅក្នុងពិភពលោកដែលឃុំខ្លួនកុមារ។ ស្រ្តី បុរស និងកុមារៗ ក៏មាននៅទីនោះ។ ស្រ្តី និងកុមារត្រូវបានគេរំលោភបំពានផ្លូវភេទ។ បុរសពីរនាក់បានស្លាប់ មែនទែនទៅ បុរសបីនាក់បានស្លាប់។ បុរសម្នាក់បានដុតខ្លួនឯងហើយក៏ស្លាប់នៅលើប្រទេសកោះ ណូរូ (Nauru) ក្នុងសប្តាហ៍នេះ។ បុរសម្នាក់ត្រូវបានអ្នកយាមធ្វើឃាតក្នុងពេលធ្វើកុបកម្ម ហើយបុរសម្នាក់ទៀតបានស្លាប់បន្ទាប់ពីគាត់បានកាត់ជើងរបស់គាត់ ហើយមិនបានទទួលការព្យាបាល និងបានធ្លាក់ខ្លួនឈឺដោយសារមេរោគចូលដល់សរសៃឈាម។ ខ្ញុំគិតថា ខ្ញុំមិនចាំបាច់និយាយច្រើនជាងនេះទៀតទេ»។
ក្រុមមន្រ្តីរបស់អូស្រា្តលីបានការពាររឿងរ៉ាវនៅជំរុំឃុំឃាំងនោះ ដោយបានអះអាងថា ក្រុមមន្រ្តីរបស់គាត់ជួយសង្គ្រោះជីវិតជនភៀសខ្លួនទៅវិញទេ ពីព្រោះពួកគាត់ជាអ្នកជួយបង្អាក់ និងជួយទប់ស្កាត់កុំឲ្យជនស្វែងរកសិទ្ធិជ្រកកោនប្រថុយជីវិតរបស់ពួកគេនៅលើសមុទ្រក្នុងការព្យាយាមចូលដល់ទឹកដីអូស្រ្តាលី។
កាលពីខែមុននេះ មណ្ឌលឃុំឃាំងនៅកោះ Manus ត្រូវបានតុលាការកំពូលរបស់ប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេថា ជាកន្លែងខុសច្បាប់ និងមិនស្របតាមរដ្ឋធម្មនុញ្ញ ហើយប្រកាសថា នឹងបិទនៅពេលណាមួយក្នុងពេលអនាគត នេះបើយោងតាមលោក Peter O'Neill នាយករដ្ឋមន្រ្តីរបស់ប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ