ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ចាប់ផ្ដើម​ការ​ពិសោធន៍​វ៉ាក់សាំង​ការពារ​ជំងឺ COVID-19


ស្ត្រី​ម្នាក់​ដើរ​កាត់​រូប​ថត​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង នៅ​តាម​ដងផ្លូវ​ក្នុង​ប្រទេស​ចិន ដែល​ជា​កន្លែង​ផ្ទុះ​ជំងឺ​កូវីដ១៩ ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២០។
ស្ត្រី​ម្នាក់​ដើរ​កាត់​រូប​ថត​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង នៅ​តាម​ដងផ្លូវ​ក្នុង​ប្រទេស​ចិន ដែល​ជា​កន្លែង​ផ្ទុះ​ជំងឺ​កូវីដ១៩ ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២០។

ទិន្នន័យ​មួយ​ចំនួន​បាន​បង្ហាញ​ថា ប្រទេស​ចិន​បាន​ចាប់ផ្ដើម​ដំណាក់កាល​ដំបូង​នៃ​ការ​ពិសោធន៍​វ៉ាក់សាំង​ការពារ​មេរោគ​កូរ៉ូណា​ថ្មី ស្រប​ពេល​ដែល​អ្នក​វិទ្យាសាស្ត្រ​នានា​នៅ​លើ​ពិភពលោក​ស្វែង​រក​វិធី​ដើម្បី​ទប់ទល់​នឹង​មេរោគ​នេះ។

ការ​ចាប់ផ្ដើម​ពិសោធន៍​វ៉ាក់សាំង​របស់​ចិន​នេះ​បាន​ធ្វើ​ឡើង បន្ទាប់ពី​មន្ត្រី​សុខាភិបាល​សហរដ្ឋ​អាមេរិក​បាន​និយាយ​កាល​ពី​សប្ដាហ៍​មុន​ថា ពួកគេ​បាន​ចាប់ផ្ដើម​ការ​ពិសោធន៍​ដើម្បី​វាយ​តម្លៃ​លើ​វ៉ាក់សាំង​ដែល​អាច​ទៅ​រួច​មួយ​នៅ​ក្នុង​ទីក្រុង Seattle រដ្ឋ Washington។

កិច្ច​ប្រឹងប្រែង​របស់​ចិន​នេះ​បាន​ចាប់ផ្ដើម​កាល​ពី​ថ្ងៃ​ទី ១៦ ខែ​មីនា​កន្លង​ទៅ​នេះ គឺ​ក្នុង​ថ្ងៃ​តែ​មួយ​ដែល​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​អំពី​ការ​ពិសោធន៍​វ៉ាក់សាំង​នៅ​ទីក្រុង Seattle។ ការ​ពិសោធន៍​វ៉ាក់សាំង​របស់​ចិន​ត្រូវ​គេ​រំពឹង​ថា​នឹង​បន្ត​រហូត​ដល់​ចុង​ឆ្នាំ​នេះ។ នេះ​បើ​យោង​តាម​ទិន្នន័យ​ចុះ​ថ្ងៃ​ទី ១៧ ខែ​មីនា របស់​ការិយាល័យ​ចុះ​បញ្ជី​ពិសោធន៍​ថ្នាំ​ពេទ្យ​របស់​ប្រទេស​ចិន។

មន្ត្រី​មួយ​រូប​នៃ​គម្រោង​ដែល​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​ចិន​នេះ បាន​ប្រាប់​កាសែត AFP នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា៖ «ក្រុម​អ្នក​ស្ម័គ្រចិត្ត​ក្នុង​គម្រោង​ពិសោធន៍​វ៉ាក់សាំង​ការពារ​ជំងឺ COVID-19 ដំណាក់កាល​ទី​មួយ​នេះ បាន​ចាប់ផ្ដើម​ទទួល​ការ​ចាក់​វ៉ាក់សាំង​នេះ​រួច​ហើយ»។

អ្នក​ស្ម័គ្រចិត្ត​ចូលរួម​ចំនួន ១០៨ នាក់ អាយុ​ពី ១៨ ដល់ ៦០ ឆ្នាំ នឹង​ត្រូវ​ទទួល​ការ​ចាក់​វ៉ាក់សាំង​នេះ​ដែល​ចែក​ចេញ​ជា ៣ ក្រុម ដោយ​ទទួល​បាន​វ៉ាក់សាំង​នេះ​ក្នុង​បរិមាណ​ផ្សេងៗ​គ្នា។ ពួកគេ​ទាំង​អស់គឺ​ជា​ពលរដ្ឋ​នៃ​ទីក្រុង Wuhan ដែល​ជា​កន្លែង​ដែល​មេរោគ​នេះ​បាន​ផ្ទុះ​ឡើង​ដំបូង​បង្អស់​កាលពី​ចុង​ឆ្នាំ​មុន។

ស្រប​ពេល​ដែល​ជំងឺ COVID-19 នេះ បន្ត​ឆ្លង​រាលដាល​នៅ​ទូទាំង​ពិភពលោក ហើយ​រដ្ឋាភិបាល​នានា​បង្កើន​វិធានការ​ការពារ ក្រុមហ៊ុន​ឱសថសាស្ត្រ និង​មន្ទីរ​ពិសោធន៍​នានា​នៅ​ជុំវិញ​ពិភពលោក​កំពុង​ប្រឹងប្រែង​ពេញ​ទំហឹង​ដោយ​មិន​បង្អែរបង្អង់។

នៅ​ពេល​បច្ចុប្បន្ន​នេះ មិន​ទាន់​មាន​វ៉ាក់សាំង​ណា​មួយ ឬ​ក៏​ថ្នាំ​ពេទ្យ​ណា​មួយ​ដែល​មានការ​អនុម័ត​ផ្លូវការ​នៅ​ក្នុង​ការ​ព្យាបាល​ជំងឺ​នេះ​នៅ​ឡើយ​ទេ។ កន្លង​មក ជំងឺ COVID-19 នេះ​បាន​សម្លាប់​មនុស្ស​ជាង ១ ម៉ឺន ៣ ពាន់​នាក់​នៅ​ទូទាំង​ពិភពលោក។

សម្រាប់​ថ្នាំ​ពេទ្យ Remdesivirដែល​បង្កើត​ដោយ​ក្រុមហ៊ុន Gilean Sciences របស់​សហរដ្ឋ​អាមេរិក កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នៃ​ការ​ពិសោធន៍​នៅ​ទ្វីប​អាស៊ី ហើយ​គ្រូពេទ្យ​នៅ​ប្រទេស​ចិន​បាន​រាយការណ៍​ថា ថ្នាំ​ពេទ្យ​នេះ​បាន​បង្ហាញ​ពី​ប្រសិទ្ធភាព​នៅ​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ COVID-19 នេះ៕

XS
SM
MD
LG