ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទ្វីប​អឺរ៉ុប​ក្លាយជា​ចំណុច​កណ្ដាល​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ COVID-19


ទិដ្ឋភាព​ទីលាន St. Peter's Square ក្នុង​អំឡុងពេល​​ដែល​រដ្ឋាភិបាល​ហាមឃាត់​ប្រជាពលរដ្ឋ​មិន​ឲ្យ​ចេញ​ពី​ក្រៅ​ផ្ទះ ដើម្បី​ទប់ស្ដាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ១៩ ក្នុង​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២០។
ទិដ្ឋភាព​ទីលាន St. Peter's Square ក្នុង​អំឡុងពេល​​ដែល​រដ្ឋាភិបាល​ហាមឃាត់​ប្រជាពលរដ្ឋ​មិន​ឲ្យ​ចេញ​ពី​ក្រៅ​ផ្ទះ ដើម្បី​ទប់ស្ដាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ១៩ ក្នុង​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២០។

ទ្វីប​អឺរ៉ុប​ឥឡូវ​នេះ​ក្លាយជា​ចំណុច​កណ្ដាល​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ COVID-19 នៅ​ពេល​ដែល​វីរុស​ដែល​បង្ក​ឲ្យ​កើត​ជំងឺ​នេះ​បន្ត​រីក​រាលដាល។ ករណី​ឆ្លង​វីរុស​នេះ​ថ្មីៗ​នៅ​ក្នុង​ប្រទេស​ចិន ដែល​ជា​កន្លែង​ផ្ទុះ​ឡើង​ដំបូង​នៃ​វីរុស​នេះ​បាន​ចាប់ផ្ដើម​ធ្លាក់​ចុះ។

អាជ្ញាធរ​បាន​បញ្ជា​ឲ្យ​បិទ​អាជីវកម្ម​មិន​សំខាន់​នានា​នៅ​ក្នុង​តំបន់​ដែល​រងគ្រោះ​ខ្លាំង​ដោយសារ​វីរុស​នេះ​ក្នុង​ប្រទេស​អ៊ីតាលី ស្រប​ពេល​ដែល​ប្រទេស​នេះ​កំពុង​ប្រយុទ្ធ​នឹង​វីរុស​នេះ។

នាយករដ្ឋមន្ត្រី​អ៊ីតាលី​លោក Giuseppe Conte បាន​និយាយ​ថា៖ «នេះ​គឺ​ជា​វិបត្តិ​ដ៏​ពិបាក​បំផុត​នៅ​ក្នុង​សម័យកាល​ក្រោយ​សង្គ្រាម»។

ប្រទេស​អ៊ីតាលី​បាន​រាយការណ៍​ថា មាន​ករណី​ស្លាប់​ថ្មី​ដោយសារវីរុសនេះ​ចំនួន ៨០០ករណី​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ។

កន្លង​មក​មាន​ករណី​ឆ្លង​វីរុស​នេះ​ចំនួន ៥៣.៥៧៨ករណី​នៅ​ក្នុង​ប្រទេស​អ៊ីតាលី។ នេះ​បើ​យោង​តាម​មជ្ឈមណ្ឌល​ធនធាន​ព័ត៌មាន​អំពី​វីរុស​កូរ៉ូណា​នៃ​សាកល​វិទ្យាល័យ Johns Hopkins នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

ប្រទេស​គុយបា​បាន​បញ្ជូន​គ្រូពេទ្យ និង​គិលានុបដ្ឋាយិកា​ទៅ​ជួយ​ប្រទេស​អ៊ីតាលី​ទប់ទល់​នឹង​វីរុស​នេះ។

គណៈកម្មការ​របស់​សហភាព​អឺរ៉ុប​បាន​ធានា​ចំពោះ​ប្រទេស​អ៊ីតាលី​ថា ទោះបីជា​អ៊ីតាលី​នៅ​ជំពាក់​បំណុល​ក៏​ដោយ ក៏​ប្រទេស​នេះ​នៅតែ​អាច​ខ្ចី​ថវិកា​ដើម្បី​ដោះស្រាយ​ជាមួយ​នឹង​បញ្ហា​វីរុស​នេះ​បាន​ដែរ។

អ្នកស្រី Ursula von der Leyen ប្រធាន​គណៈកម្មការ​សហភាព​អឺរ៉ុប បាន​បញ្ជាក់​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​នឹង​កាសែត Corriere della Sera របស់​អ៊ីតាលី​ថា៖ «យើង​យល់​ថា គ្មាន​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​ណា​មួយ​ប្រឈម​នឹង​បញ្ហា​នេះ​តែ​ឯង​នោះ​ទេ។ វីរុស​នេះ​គ្មាន​ព្រំដែន ហើយ​សហភាព​អឺរ៉ុប​កាន់តែ​រឹងមាំ​ជាង​មុន នៅ​ពេល​ដែល​យើង​បង្ហាញ​សាមគ្គីភាព​ពេញលេញ»៕

XS
SM
MD
LG