ក្រុមអ្នកជំនាញធ្វើកិច្ចការប្រឆាំងនឹងជំងឺគ្រុនចាញ់ បានរកឃើញ ដោយភ្ញាក់ផ្អើលថា ថ្នាំប៉ារ៉ាសេតាម៉ុលសាមញ្ញ ជួយការពារតម្រង់នោមនៃអ្នកមានជំងឺគ្រុនចាញ់ធ្ងន់ធ្ងរបាន។ នេះបើយោងតាមសេចក្តីប្រកាសមួយចេញផ្សាយដោយអង្គភាពស្រាវជ្រាវឱសថក្នុងតំបន់ត្រូពិកនៃសាកលវិទ្យាល័យ Mahidol Oxford (Mahidol Oxford Tropical Medicine Research Unit) ហៅកាត់ MORU ដែលបានចេញផ្សាយកាលពីសបា្តហ៍មុន។
អ្នកសិក្សាស្រាវជ្រាវជាច្រើននាក់បានរកឃើញតាមការសិក្សាថ្មីមួយថា ការឲ្យថ្នាំប៉ារ៉ាសេតាម៉ុល ដល់អ្នកមានជំងឺគ្រុនចាញ់ធ្ងន់ធ្ងរ អាចធ្វើឲ្យអ្នកជំងឺទាំងនោះ ការពារដល់ការខូចខាតតម្រង់នោមបាន។ នេះបើយោងតាមសេចក្តីប្រកាសមួយចេញផ្សាយដោយអង្គភាពស្រាវជ្រាវឱសថក្នុងតំបន់ត្រូពិកនៃសាកលវិទ្យាល័យ Mahidol Oxford (Mahidol Oxford Tropical Medicine Research Unit) ហៅកាត់ MORU កាលពីសបា្តហ៍មុន។
លោក Arjen Dondorp សាស្រ្តាចារ្យនៃសាកលវិទ្យាល័យ Oxford និងជាប្រធានអង្គភាពស្រាវជ្រាវឱសថក្នុងតំបន់ត្រូពិកនៃសាកលវិទ្យាល័យ Mahidol Oxford ត្រូវបានស្រង់ប្រសាសន៍ក្នុងសេចក្តីប្រកាសនោះ តាមន័យដើមថា៖
«នេះជាការរកឃើញដែលមានសារសំខាន់មួយ ពីព្រោះការខូចតម្រង់នោមធ្ងន់ធ្ងរ គឺកើតមានជាទូទៅ ពោលគឺថាជារឿយៗ វាមានភាពស្មុគស្មាញនៅក្នុងអ្នកជំងឺដែលជាមនុស្សពេញវ័យ និងមានជំងឺគ្រុនចាញ់ធ្ងន់ធ្ងរ»។
លោកបានបន្ថែមថា៖
«ជាការភ្ញាក់ផ្អើលមួយ ដែលថ្នាំប៉ារ៉ាសេតាម៉ុលសាមញ្ញ និងមានតម្លៃថោក អាចការពារតម្រង់នោមរបស់អ្នកមានជំងឺគ្រុនចាញ់ធ្ងន់ធ្ងរ។ ហេតុដូចនេះ វាមានសក្តានុពលក្នុងការបន្ថយការស្លាប់បង្កដោយជំងឺគ្រុនចាញ់»។
ការសិក្សាស្រាវជ្រាវធ្វើឡើងកាលពីពេលថ្មីៗមួយនេះ បានរាយការណ៍ឲ្យដឹងថា ការផ្តល់កម្រិតថ្នាំប៉ារ៉ាសេតាម៉ុលទៀងទាត់មួយ អាចការពារតម្រង់នោមរបស់អ្នកជំងឺជាមនុស្សពេញវ័យ ដែលមានជំងឺគ្រុនចាញ់មួយប្រភេទ ជាប្រភេទជំងឺគ្រុនចាញ់ធ្ងន់ធ្ងរបំផុតឬហៅថា falciparum malaria។
ជារៀងរាល់ឆ្នាំ ជំងឺគ្រុនចាញ់ធ្ងន់ធ្ងរ បានបង្កឲ្យមនុស្សជិតកន្លះលាននាក់ស្លាប់នៅទូទាំងសាកលលោក។ ការខូចតម្រង់នោមខ្លាំងបានបង្កភាពស្មុគស្មាញកាន់តែខ្លាំងឡើង ដល់អ្នកមានជំងឺគ្រុន ចាញ់ធ្ងន់ធ្ងរ ដែលជាហេតុផលសំខាន់មួយនៃការស្លាប់។
ការខូចតម្រង់នោមខ្លាំងនេះ បានកើតឡើង៤០ភាគរយ លើមនុស្សពេញវ័យ និងយ៉ាងហោចណាស់១០ភាគរយទៅលើកុមារ ដែលមានជំងឺគ្រុនចាញ់ធ្ងន់ធ្ងរ ដោយវាបានសម្លាប់៤០ភាគរយនៃមនុស្សពេញវ័យទាំងនេះ និងពី១២ ទៅ២៤ភាគរយទៀតសម្រាប់កុមារ។
ការសិក្សាដែលបានរកឃើញពីសារសំខាន់នៃថ្នាំប៉ារ៉ាសេតាម៉ុល ដែលអាចការពារតម្រង់នោមអ្នកមានជំងឺគ្រុនចាញ់ធ្ងន់ធ្ងរនេះ ត្រូវបានធ្វើឡើងនៅក្នុងប្រទេស បង់ក្លាដេស (Bangladesh)។
លោក Arjen Dondorp សាស្រ្តាចារ្យនៃសាកលវិទ្យាល័យ Oxford ការរកឃើញថ្មីនេះ នឹងត្រូវយកទៅសាកល្បងទៅលើក្មេងៗជនជាតិអាហ្រ្វិក ដែលមានជំងឺគ្រុនចាញ់ធ្ងន់ធ្ងរនេះ។
VOA មិនទាន់អាចសុំការអធិប្បាយពី លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកូល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រ-បាណកសាស្រ្ត (National Center for Parasitology, Entomology and Malaria Control) ហៅកាត់ថា CNM នៅថ្ងៃអង្គារនេះបានទេ៕