ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

ការ​ខក​ចិត្ត​​​ចំពោះ​​ការ​សម្រេចលើ​ការ​ស្លាប់​របស់​នាង Breonna Taylor បង្ក​ឲ្យ​ផ្ទុះ​បាតុកម្ម​នៅ​​អាមេរិក


ប៉ូលិសកំពុងរារាំងក្រុមបាតុករ បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការត្រូវបានប្រកាសលើករណីប៉ូលិសបាញ់សម្លាប់នាង Breonna Taylor នៅទីក្រុង Louisville រដ្ឋ Kentucky សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០។

ក្រុម​បាតុករ​ដែល​ខកចិត្ត និង​ខឹង​សម្បារ បាននាំ​គ្នា​ធ្វើ​បាតុកម្ម​តាម​ដង​ផ្លូវ​នានា​ទីក្រុង​ជា​ច្រើន​នៅទូទាំងសហរដ្ឋ​អាមេរិក ប្រឆាំង​នឹង​ការ​សម្រេច​មិន​ចោទ​ប្រកាន់មន្ត្រី​ប៉ូលិស​រដ្ឋ​ Kentucky ចំពោះ​ការ​ស្លាប់​របស់​នាង Breonna Taylor ដែលជាពលរដ្ឋ​អាមេរិក​ស្បែក​ខ្មៅម្នាក់។​

អំពើ​ហិង្សាបាន​កើត​ឡើងក្នុងបាតុកម្មនៅទីក្រុង Louisville ជា​ទីក្រុង​កំណើត​របស់​នាង Breonna Taylor ហើយ​ដែល​បានបណ្តាល​ឲ្យ​មានការ​ផ្ទុះ​អាវុធ និងបាន​បង្ក​ឲ្យ​មន្ត្រីប៉ូលិស​ពីរ​នាក់​រង​របួស​កាល​ពី​យប់​ថ្ងៃ​ពុធ។​

កន្លងម​ក ក្រុម​សកម្មជន តារា​ល្បីៗ និង​ពលរដ្ឋ​អាមេរិកាំង​ទូទៅ​ បាន​អំពាវនាវ​ឲ្យ​មាន​ការ​ដាក់​ទោស​[លើ​ជន​បង្ក​ទាំង​ឡាយ] ចាប់​តាំង​ពី​នាង Taylor ដែលជាបុគ្គលិក​សុខាភិបាល​ផ្នែក​សង្គ្រោះ​បន្ទាន់​ម្នាក់ ​ត្រូវ​បាន​បាញ់​ជា​ច្រើន​គ្រាប់​ដោយ​ប៉ូលិស​ស្បែក​ស​មួយ​ក្រុម ​ដែល​បាន​ចូល​ឆែកឆេរ​ផ្ទះ​របស់​នាង ក្នុង​អំឡុង​ប្រតិបត្តិការ​ស៊ើប​អង្កេត​ករណីគ្រឿងញៀន​មួយ ​កាល​ពី​មីនាកន្លងទៅ។

លោក Daniel Cameron ​អគ្គលេខាធិការ​យុត្តិធម៌ស្បែកខ្មៅ​ដំបូង​នៃ​រដ្ឋ Kentucky មក​ពី​គណបក្ស​សាធារណរដ្ឋ​ បាន​និយាយ​ថា ​ការ​ស៊ើប​អង្កេត​បង្ហាញ​ថា ទោះ​បីក្រុម​ប៉ូលិស​ពេល​នោះមានដីកា​ចូល​ឆែក​ផ្ទះ​ដោយ​មិន​បាច់​គោះ​ទ្វារ​ក្តី​ ក៏ពួក​គេបាន​ប្រកាស​ប្រាប់​ជា​មុន មុន​ពេល​ចូល​ផ្ទះ។

កាល​ពី​ថ្ងៃ​ពុធ​ គណៈវិនិច្ឆ័យ​មួយបាន​ប្ដូរ​មកចោទ​ប្រកាន់​មន្ត្រី​ប៉ូលិស​មួយ​រូប ​គឺ​លោក Brett Hankison ពី​បទ​បង្កគ្រោះ​ថ្នាក់​ដោយ​ធ្វេសប្រហែស ​ចំពោះ​ការ​ចាញ់​ចូល​ក្នុង​ផ្ទះ​មួយដែលមាន​មនុស្ស​នៅ​ក្នុង​នោះ ដែលស្ថិតនៅជាប់​ផ្ទះ​របស់នាង Taylor។

អគ្គមេបញ្ជាការ​ប៉ូលិសស្តីទីនៃ​ទីក្រុង Louisville លោក Robert Schroeder បាន​ឲ្យ​ដឹង​ថា មាន​ជនសង្ស័យ​ម្នាក់​កំពុង​ជាប់​ឃុំ បន្ទាប់​ពី​ប៉ូលិស​ពីរ​នាក់​ត្រូវ​បាន​បាញ់ឲ្យ​របួស កាល​ពី​យប់​ថ្ងៃ​ពុធ ប៉ុន្តែ​មិន​មាន​បញ្ជាក់​លម្អិត​ថា ​តើ​ជន​នោះបាន​ចួល​រួម​ក្នុង​បាតុកម្ម​ ឬ​អត់​នោះ​ទេ។ លោក​ថា ​មន្ត្រី​ប៉ូលិស​ទាំង​ពីរ​រំពឹង​ថា នឹង​បាន​ធូរ​ស្រាល ហើយ​ម្នាក់​ក្នុង​ចំណោម​នោះ ​ត្រូវ​វះ​កាត់។

ឈ្មោះ​របស់​នាង Breonna Taylor ព្រម​ជា​មួយ​លោក George Floyd បុរស​ស្បែក​ខ្មៅ​ម្នាក់ដែល​បាន​ស្លាប់​ក្នុង​សមត្ថកិច្ច​ប៉ូលិស​ក្រុង Minneapolis កាល​ពី​ខែឧសភា បាន​ក្លាយ​ជា​កម្លាំង​ជំរុញ​បាតកម្ម​ទាមទារ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​រើស​អើង​ពូជសាសន៍ និង​ការ​ទាមទារ​ឲ្យ​កំណែទម្រង់​ក្នុង​ស្ថាប័ន​ប៉ូលិស៕

XS
SM
MD
LG